32 C
Phnom Penh

ពលរដ្ឋ​ជិត ១០០​នាក់​ត្រូវ​ជាប់​ឃុំ​ដោយ​បទ​ចោទ​ប្រកាន់​ពេញ​និយម​នៅ​កម្ពុជា ពាក់ព័ន្ធ​ការ​បញ្ចេញមតិ​អំពី​បញ្ហា​ព្រំដែន​និង​សង្គម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) រាយការណ៍​ថា​គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ ក្នុង​រាជធានី-ខេត្ត​ទាំង ២៥ មាន​ពលរដ្ឋ​ខ្មែរ​ជិត ១០០​នាក់ (៧៦​នាក់) មាន​អាយុ​ចន្លោះ​ពី ២០​ឆ្នាំ​ទៅ ៧៨​ឆ្នាំ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ដោយសារ​ការ​បញ្ចេញមតិ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ព្រំដែន ព្រមទាំង​បញ្ហា​សង្គម​ផ្សេងៗ។

អង្គការ​លីកាដូ បាន​ចេញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ កុម្ភៈ ដោយ​ដាក់​ចំណងជើង​ថា «២០២៥ គឺជា​ឆ្នាំ​ដ៏​អាប់អួរ​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ» ព្រោះ​អាជ្ញាធរ​ភាគច្រើន​ប្រើប្រាស់​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ដើម្បី​ចោទប្រកាន់​លើ​ពលរដ្ឋ​ទាំងនោះ ដែល​បទ​ចោទ​នេះ​អាច​នឹង​ឱ្យ​ពួកគេ​ជាប់​ពន្ធនាគារ​រហូត​ដល់ ២​ឆ្នាំ។

ជាង​នេះ​ទៀត អាជ្ញាធរ​ក៏បាន​ប្រើប្រាស់​បទ​ចោទ​ដែល​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ​ផង​ដែរ រួម​មាន បទ​ចោទ «រួម​គំនិត​ក្បត់» និង​បទ «ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ» ខណៈ​ពលរដ្ឋ​ចំនួន ១០​នាក់​ដែល​រង​នូវ​បទ​ចោទ​នេះ នឹង​ត្រូវ​ប្រឈម​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០​ឆ្នាំ ឬ ១៥​ឆ្នាំ បើ​រក​ឃើញ​ថា​មាន​ទោស។

ប្រភព​ដដែល លើកឡើង​ថា ក្នុង​ចំណោម​ពលរដ្ឋ​ទាំង ៧៦​នាក់ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ យ៉ាងតិច​មាន​ពលរដ្ឋ​ជាង ៣០​នាក់ (៣៣​នាក់) មាន​ទំនាក់ទំនង​ជាមួយ​នឹង​គណបក្ស​ជំទាស់ ក្នុង​នោះ​ក៏​មាន​មន្ត្រី​មកពី​គណបក្ស​ជំទាស់​ដែល​ជាប់ឆ្នោត​ចំនួន ៦​នាក់​ផង​ដែរ។ លើស​ពី​នេះ ក៏​មាន​ជា​អ្នក​សារព័ត៌មាន​ចំនួន ៣​នាក់ និង​អនុប្រធាន​សហជីព​មួយ​រូប​ថែមទៀត។

អង្គការ​លីកាដូ បញ្ជាក់​ថា ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​នគរបាល​ស្លៀកពាក់​ស៊ីវិល​ចូល​ទៅ​ចាប់​ខ្លួន ខណៈ​ពេល​ដែល​ពួកគេ​កំពុង​នៅ​ក្នុង​ផ្ទះ ចម្ការ កន្លែង​ធ្វើការ និង​នៅ​ទី​សាធារណៈ ហើយ​ភាគច្រើន​នៃ​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំងនោះ គឺ​ពុំ​បាន​ដឹង​ពី​មូលហេតុ ឬ​ដឹង​ពី​ដីកា​ចាប់​ខ្លួន​នោះ​ឡើយ។

ប្រភព​ខាងលើ អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា គោរព និង​ការពារ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ទាំងអស់​ក្នុង​ការ​បញ្ចេញមតិ​របស់​ពួកគេ មិន​ថា​ជា​ការ​លើកឡើង​ដោយ​ផ្ទាល់ ឬ​លើកឡើង​តាមរយៈ​បណ្ដាញ​សង្គម​នោះ​ទេ។

ជាង​នេះ​ទៀត អាជ្ញាធរ​ក៏​ត្រូវ​តែ​បញ្ឈប់​ការ​ចាប់​ខ្លួន ការ​ចោទប្រកាន់ និង​ការ​ឃុំ​ខ្លួន​ចំពោះ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម អ្នក​សារព័ត៌មាន និង​សកម្មជន​នយោបាយ​ផង​ដែរ ដោយ​គ្រាន់តែ​បញ្ចេញមតិ​របស់​ពួកគេ​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ជាបន្តបន្ទាប់​រហូត​មក។

ជុំវិញ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ទិន្នន័យ​សង្គម​ស៊ីវិល បាន​បង្ហាញ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចាប់តាំងពី​ឆ្នាំ​២០២៤ មក រដ្ឋាភិបាល​បាន​ចាប់​ឃុំ​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សហជីព សិស្ស​និស្សិត សកម្មជន​ការពារ​បរិស្ថាន និង​ពលរដ្ឋ​សាមញ្ញ​ដាក់​ពន្ធនាគារ​ជា​ហូរហែ ក្នុង​នោះ​អ្នក​ខ្លះ​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​រហូត​ដល់​ទៅ​ពីរ​ដង​ឯណោះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គម្រោង​យុត្តិធម៌​ពិភពលោក World Justice Project (WJP) បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​នីតិរដ្ឋ​របស់​ប្រទេស​ទាំង ១៤៣ នៅ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០២៥ កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១១ ប៉ុន្តែ​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​១៤១ ក្នុង​ចំណោម​ប្រទេស​ទាំង ១៤៣ នៅ​លើ​ពិភពលោក៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស