ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ បានដាក់លក្ខខណ្ឌចំនួន៣ ដើម្បីបិទបញ្ចប់សង្គ្រាម ខណៈដែលសង្គ្រាមអាមេរិក និងអ៊ីស្រាអែល រួមគ្នាវាយប្រហារអ៊ីរ៉ង់ ចូលដល់ថ្ងៃទី១៣ ហើយនៅពេលនេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters លក្ខខណ្ឌចំនួន៣ ពីប្រទេសអ៊ីរ៉ង់ រួមមាន៖
- ទី១ ការទទួលស្គាល់សិទ្ធិស្របច្បាប់នៃប្រទេសអ៊ីរ៉ង់
- ទី២ ផ្ដល់សំណងជួសជុលការខូចខាត
- និងទី៣ ធានាយ៉ាងរឹងមាំពីអន្តរជាតិប្រឆាំងនឹងការឈ្លានពានជាថ្មីណាមួយនាពេលអនាគតពីសហរដ្ឋអាមេរិក លើប្រទេសអ៊ីរ៉ង់។
នៅក្នុងការបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម X ប្រធានាធិបតី Pezeshkian បានអះអាងដែរថា រូបលោកបានបើកកិច្ចពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី និងប៉ាគីស្ថាន។
សាររបស់លោក Pezeshkian រៀបរាប់ថា អ៊ីរ៉ង់ប្ដេជ្ញាចំពោះសន្តិភាពក្នុងតំបន់ តែមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់សង្គ្រាមដែលបង្កឡើងដោយរបប Zionist និងសហរដ្ឋអាមេរិក លុះត្រាមានការទទួលស្គាល់សិទ្ធិស្របច្បាប់ដល់ប្រទេសអ៊ីរ៉ង់ ដែលអ៊ីរ៉ង់ទាមទារសំណងជួសជុលការខូចខាត និងការធានាយ៉ាងរឹងមាំពីអន្តរជាតិជាផ្លូវការថាសហរដ្ឋអាមេរិក មិនអាចបង្កការឈ្លានពានអ៊ីរ៉ង់ បានឡើយ។
តែនៅពេលជាមួយគ្នានេះ ប្រធានាធិបតី ដូណាល់ ត្រាំ អះអាងថា សង្គ្រាមនៅអ៊ីរ៉ង់ គឺអាមេរិកបានឈ្នះទៅហើយ គ្រាន់តែមិនទាន់ចប់តែប៉ុណ្ណោះ។
លោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកបានឈ្នះសង្គ្រាមនៅអ៊ីរ៉ង់ ហើយ ប៉ុន្តែនឹងនៅបន្តការប្រយុទ្ធដើម្បីបោសសម្អាតនៅនាទីចុងក្រោយ។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters លោក ត្រាំ បានបញ្ជាក់ថា អាមេរិកបានទទួលបានជ័យជម្នះពិតហើយ ដែលការពិត អាមេរិកឈ្នះតាំងពីប៉ុន្មានម៉ោងដំបូងម្ល៉េះ ព្រោះអាមេរិកសម្លាប់បានកំពូលមេដឹកនាំអ៊ីរ៉ង់ ទៅហើយ។
លោក ត្រាំ បានបន្តអះអាងថា សហរដ្ឋអាមេរិកសឹងតែបានកម្ទេចអ៊ីរ៉ង់ទាំងស្រុងហើយ ប៉ុន្តែមិនទាន់ចង់ចាកចេញទៅវិញឆាប់ពេកនោះទេ គឺត្រូវនៅសម្រេចគោលដៅថែមទៀត ហើយឱ្យដាច់ស្រេច។
លោក ត្រាំ ថាសហរដ្ឋអាមេរិក មិនចង់ត្រឡប់ទៅវាយអ៊ីរ៉ង់ វិញទៀតនោះទេ។ ដូច្នេះ អាមេរិកត្រូវសម្រេចឱ្យបាននូវបេសកកម្មរបស់ខ្លួន។ អ៊ីរ៉ង់មិនត្រឹមចាញ់ប្រៀបលើសមរភូមិនោះទេ តែអ៊ីរ៉ង់បានកំពុងបរាជ័យលើសមរភូមិការទូតទៀតផង។
ប្រភពព័ត៌មានផ្សេងៗទៀតពីទ្វីបអឺរ៉ុប និយាយថា មីស៊ីលអ៊ីរ៉ង់ បានបំផ្លាញទីតាំងយុទ្ធសាស្ត្រអ៊ីស្រាអែលច្រើនទីតាំងណាស់ដែរ មានរោងចក្រចម្រាញ់ប្រេងកាតហៃហ្វា ទីតាំងកម្មវិធីស្រាវជ្រាវអាវុធបរមាណូ Dimona ជាដើម។ ក្រៅពីនេះ ប្រទេសអ៊ីរ៉ង់ បានបាញ់មីស៊ីលតម្រង់ទៅលើទីតាំងរ៉ាដា ប្រព័ន្ធដេញបាញ់មីស៊ីលអាមេរិកាំងជាច្រើនកន្លែងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហ្សកដានី គុយវ៉ែត កាតារ អូម៉ង់ បារ៉ែន និងអ៊ីរ៉ាក់។
សារព័ត៌មានអង់គ្លេស The Independent ផ្សាយថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ថា ប្រធានាធិបតី ត្រាំ មានអារម្មណ៍ថាលោកវាយតម្លៃខុសលើប្រទេសអ៊ីរ៉ង់ មុនពេលសម្រេចបញ្ជាឲ្យវាយប្រហារតាមអ៊ីស្រាអែល។
សមាជិកសភាអាមេរិកាំងខ្លះចាត់ទុកសង្គ្រាមជាមួយក្រុងតេហេរ៉ង់ ជាសង្គ្រាមតាមជម្រើស War of Choice ហើយលោក ត្រាំ ក៏បានថ្លែងដែរថា បើលោកមិនវ៉ៃមុន អ៊ីរ៉ង់នឹងបាញ់កាំជ្រួចដាក់សហរដ្ឋអាមេរិក។ ប៉ុន្តែអ្នកជំនាញយោធា និងអង្គការសហប្រជាជាតិ និយាយថា ក្រុងតេហេរ៉ង់ គ្មានគ្រាប់មីស៊ីលបាញ់ដល់ទឹកដីសហរដ្ឋអាមេរិកទេ។
កាលពីថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញដំណោះស្រាយមួយទាមទារឱ្យអ៊ីរ៉ង់ បញ្ឈប់ការវាយប្រហារលើក្រុមប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែក្ស។
នៅក្នុងដំណោះស្រាយនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមិនបានលើកឡើងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ នោះទេ បែរជាចេញសេចក្ដីសម្រេចថ្កោលទោសអ៊ីរ៉ង់ ទៅវិញ។
ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តដោយការគាំទ្រ ១៣សំឡេង និងអនុបវាទ ២សំឡេង ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង ១៥ បានទាមទារឱ្យអ៊ីរ៉ង់ បញ្ឈប់ជាបន្ទាន់រាល់ការវាយប្រហារទៅលើប្រទេសបារ៉ែន គុយវ៉ែត អូម៉ង់ កាតារ អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម និងហ្សកដានី។
ដំណោះស្រាយនេះក៏បានថ្កោលទោសអ៊ីរ៉ង់ ដែលបានកំពុងរាំងខ្ទប់ បង្កឧបសគ្គ ឬជ្រៀតជ្រែកការធ្វើចរាចរតាមផ្លូវទឹកឆ្លងកាត់តាមច្រកសមុទ្រ Hormuz។
រដ្ឋមន្ត្រីកិច្ចការបរទេសរុស្ស៊ី Sergei Lavrov ថ្លែងកាលពីថ្ងៃពុធ ទី១១ ខែមីនា ថា តើហេតុអ្វីក៏គ្មានប្រទេសអារ៉ាប់តំបន់ឈូងសមុទ្រណាមួយរិះគន់សហរដ្ឋអាមេរិក ដែលបញ្ជាការដ្ឋានកណ្ដាលកងទ័ពអាមេរិកាំងបាញ់កាំជ្រួច Tomahawk guided missile ចំសាលារៀនក្មេងស្រីដោយច្រឡំនៅក្នុងប្រទេសអ៊ីរ៉ង់ នោះផង?
នៅរដ្ឋធានីវ៉ាស៊ីនតុន វិញ សមាជិកសភាខាងបក្សសាធារណរដ្ឋ កំពុងខ្វែងគំនិតគ្នាមិនចង់គាំទ្រសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលចំណាយ ១ពាន់លានដុល្លារក្នុងមួយថ្ងៃនោះតទៅទៀតទេ ខណៈពលរដ្ឋខ្លួនខឹងសម្បានឹងសាំងឡើងថ្លៃ ព្រមទាំងអតិផរណាផងនោះ។
ប៉ុន្តែជាការកត់សម្គាល់ ចិន និងរុស្ស៊ី ដែលជាសម្ពន្ធភាពអ៊ីរ៉ង់ បែរជាបានបោះឆ្នោតអនុបវាទនាំឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានសិទ្ធិចេញសេចក្ដីសម្រេចថ្កោលទោសអ៊ីរ៉ង់ ព្រោះការបោះឆ្នោតអនុបវាទរបស់ប្រទេសអចិន្ត្រៃយ៍មិនមានអនុភាពរាំងខ្ទប់ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខបានឡើយ។
តាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ បើប្រទេសណាមួយនៃសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បោះឆ្នោតជំទាស់ ឬវេតូ គឺជាការរាំងខ្ទប់សេចក្ដីសម្រេច ឬដំណោះស្រាយ ឬ Resolution នៃក្រុមប្រឹក្សាសន្តិសុខ។
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani បានបរិហារថា ការអនុម័តដំណោះស្រាយនេះ ដោយចោទថាក្រុមប្រឹក្សាសន្តិសុខកំពុងតែក្លាយជាអាយ៉ងសហរដ្ឋអាមេរិក៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

