មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ព្រមានចាប់ខ្លួន និងដកតំណែងមន្ត្រីដែលនៅតែបន្តលួចនាំទំនិញថៃ ចូលក្នុងប្រទេសកម្ពុជា ក្នុងពេលព្រំដែនបន្តបិទនៅឡើយ ព្រោះទង្វើនេះបានធ្វើឱ្យប្រទេសថៃ មើលងាយកម្ពុជា។
តាមរយៈអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ខៀវ កាញារីទ្ធ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២០ មីនា នេះថា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានស្នើឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្ចាត់ចោលមន្ត្រី និងឈ្មួញដែលនៅតែបន្តលួចនាំទំនិញថៃ ចូលក្នុងប្រទេសកម្ពុជា ក្នុងពេលដែលព្រំដែនកំពុងបន្តបិទនៅឡើយ។
លោក ហ៊ុន សែន អះអាងថា ការធ្វើបែបនេះនឹងធ្វើឱ្យអ្នកជិតខាង ជាពិសេសប្រទេសថៃ មើលងាយកម្ពុជាថាខ្មែរអត់ទំនិញថៃ មិនបាន ហើយបើរូបលោកនៅធ្វើជានាយករដ្ឋមន្ត្រីដូចពេលមុន លោកមិនបាច់ស្នើរដ្ឋាភិបាលទេ គឺចេញបញ្ជាឱ្យចាប់ខ្លួន ឬដកតំណែងមន្ត្រីទាំងនោះតែម្តង។
មេដឹកនាំបក្សកាន់អំណាចរូបនេះ គំរាមទៅកាន់មន្ត្រីរដ្ឋាភិបាលគ្រប់ៗគ្នាថា សូមកុំគិតថា «ឆ្មាមិននៅ កណ្តុរឡើងរាជ្យឱ្យសោះ»។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអភិបាលខេត្តស្ទឹងត្រែង ទម្លាយពីការនាំចូលទំនិញថៃ នៅតែបន្តហូរចូលប្រទេសកម្ពុជា ដោយឆ្លងកាត់តាមប្រទេសឡាវ ក្នុងពេលដែលព្រំដែនកម្ពុជា-ថៃ កំពុងបន្តបិទនៅឡើយ។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានអះអាងក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី១៧ ខែមីនា នេះថា កម្ពុជាមិនអាចហាមឃាត់ទំនិញថៃ ដែលហូរតាមច្រកប្រទេសឡាវ បានទេ ដោយសារតែកម្ពុជាជាប់ក្រោមកាតព្វកិច្ចរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
លោកថា ទោះបីមានការបិទព្រំដែនផ្ទាល់ជាមួយប្រទេសថៃ ក៏ដោយ ក៏ទំនិញមួយចំនួនរបស់ប្រទេសថៃ នៅតែបន្តហូរចូលមកទីផ្សារកម្ពុជាដដែល ដោយឆ្លងកាត់តាមប្រទេសឡាវ រួចហូរចូលតាមច្រកព្រំដែនក្នុងខេត្តស្ទឹងត្រែង របស់ប្រទេសកម្ពុជា។
ជុំវិញបញ្ហានេះ កាសែតថៃ ខៅស៊ុត បានចុះផ្សាយបែបចំអកឱ្យកម្ពុជា កាលពីថ្ងៃទី១៩ មីនា នេះថា ផលិតផលថៃ ប្រហែលជាពិបាកទ្រាំពេកហើយ ព្រោះទំនិញទាំងនេះត្រូវបន្តចូលទៅប្រទេសកម្ពុជា តាមប្រទេសឡាវ បើទោះជាមានការធ្វើពហិការជាបន្តបន្ទាប់ក៏ដោយ។
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា បានហាមប្រាមការនាំចូលបន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈពីប្រទេសថៃ ជាកំហិត ខណៈប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏បានប្រកាសបញ្ឈប់ការនាំចូលមុខទំនិញយុទ្ធសាស្ត្រពីប្រទេសថៃ ផងដែរ ដូចជា អគ្គិសនី អ៊ីនធឺណិត ប្រេងឥន្ធនៈ និងឧស្ម័ន រួមទាំងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ ថែមទៀត។
ចាប់តាំងពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែឧសភា រហូតឈានដល់ការបិទព្រំដែននៅថ្ងៃទី២៤ ខែមិថុនា និងបង្កទៅជាសង្គ្រាមទាំងពីរលើកនៅខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋខ្មែរបានប្រកាសរៀងៗខ្លួនដោយពហិការឈប់ប្រើផលិតផលដែលនាំចូលពីប្រទេសថៃ ទាំងអស់៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

