27 C
Phnom Penh

ចិន​អំពាវនាវ​ឱ្យ​ភាគី​ទាំងអស់​ចរចា​គ្នា ខណៈ​អ៊ីរ៉ង់ ទាមទារ​ឱ្យ​ចិន ថ្កោលទោស​សហរដ្ឋ​អាមេរិក​និង​អ៊ីស្រាអែល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) អំពាវនាវ​ដល់​ភាគី​ទាំងអស់​ចាប់​យក​ឱកាស​ដើម្បី​ចរចា​រក​សន្តិភាព​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក វ៉ាង យី (Wang Yi) បាន​ថ្លែង​ដូច្នេះ​នៅ​ពេល​លោក​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក Abbas Araqchi កាលពី​ថ្ងៃ​អង្គារ ទី​២៤ ខែ​មីនា នេះ។

តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ចិន លោក វ៉ាង យី បាន​ប្រាប់​លោក Araqchi ថា ការ​ចរចា​តែងតែ​ប្រសើរ​ជាង​ការ​ប្រយុទ្ធ​គ្នា។ លោក វ៉ាង យី ទទូច​ថា​រាល់​បញ្ហា​ដែល​មិន​យល់ស្រប​ហ្នឹង គួរតែ​ត្រូវ​បាន​ដោះស្រាយ​ដោយ​ការ​សន្ទនា និង​ចរចា មិន​ត្រូវ​ឆ្លងកាត់​សង្គ្រាម​នោះ​ទេ។

ចំណែក​លោក Araqchi បាន​ឆ្លើយតប​ទៅ​កាន់​លោក វ៉ាង យី ដោយ​លើកឡើង​អំពី​ស្ថានភាព​នៅ​តំបន់​មជ្ឈិមបូព៌ា។ ប្រមុខ​ការទូត​អ៊ីរ៉ង់ បន្ត​ថា ការ​រំពឹង​ទុក​របស់​អ៊ីរ៉ង់ គឺ​ភាគតិច​ណាស់។ លោក​ពន្យល់​លោក វ៉ាង យី ថា អាមេរិក​ចង់បាន​បទ​ឈប់​បាញ់ តែ​សម្រាប់​អ៊ីរ៉ង់ គឺ​ត្រូវការ​បញ្ចប់​សង្គ្រាម។

លោក Araqchi បាន​ទាមទារ​ឱ្យ​ចិន ថ្កោលទោស​ការ​ឈ្លានពាន​របស់​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល យ៉ាង​ខ្លាំង។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី បាន​លើកឡើង​ថា​ពិភពលោក​ត្រូវ​ស្ថិត​ក្រោម​ច្បាប់​អន្តរជាតិ ហើយ​ត្រូវ​គោរព​អធិបតេយ្យភាព​ដោយ​មិន​ត្រូវ​ប្រើប្រាស់​កម្លាំង​ទ័ព​ឈ្លានពាន​នោះ​ទេ។

ការ​ជំរុញ​របស់​ប្រមុខ​ការទូត​ចិន ធ្វើឡើង​ស្រប​ពេល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ ទី​២៤ ខែ​មីនា ថា សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ឱ្យ​មាន​ភាព​រីកចម្រើន​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ចរចា​បញ្ចប់​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ រួម​ទាំង​ការ​ទទួល​បាន​សម្បទាន​ធំ​មួយ​ពី​ទីក្រុង​តេហេរ៉ង់។

តែ​ជាមួយ​គ្នា​នេះ មាន​សេចក្តី​រាយការណ៍​ថា រដ្ឋការ​លោក ដូណាល់ ត្រាំ បាន​បញ្ជូន​សំណើ​ដំណោះស្រាយ​ចំនួន ១៥​ចំណុច​ទៅ​កាន់​អ៊ីរ៉ង់ ហើយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ អះអាង​ថា​ខ្លួន​កំពុង​សិក្សា​សំណើ​របស់​សហរដ្ឋ​អាមេរិក។

កាសែត​អាមេរិក New York Times បាន​រាយការណ៍​ថា រដ្ឋការ​លោក ត្រាំ បាន​បញ្ជូន​សំណើ ១៥​ចំណុច​ទៅ​អ៊ីរ៉ង់ ដើម្បី​បញ្ចប់​សង្គ្រាម។

លោក ត្រាំ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ឯ​សេតវិមាន​ថា អាមេរិក​កំពុង​និយាយ​ជាមួយ​មេដឹកនាំ​ម្នាក់​នៃ​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នេះ។ លោក ត្រាំ បាន​គូស​បញ្ជាក់​ថា ឥឡូវ​នេះ​កំពុងតែ​ចរចា ហើយ​មាន​ភាព​រីកចម្រើន​ទៀត​ផង។

ការ​ចរចា​អ៊ីរ៉ង់-អាមេរិក ក្នុង​ពេល​សង្គ្រាម រំពឹង​ថា​នឹង​ប្រព្រឹត្ត​ទៅ​លើ​ទឹកដី​នៃ​ប្រទេស​ប៉ាគីស្ថាន។

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក Shehbaz Sharif បាន​ប្រកាស​ថា ប្រទេស​របស់​លោក​មាន​បំណង​ជា​ខ្លាំង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចចរចា​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

លោក Shehbaz Sharif បាន​បន្ថែម​ថា ប្រសិនបើ​មាន​ការ​យល់ព្រម​ពី​សំណាក់​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ គឺ​ប៉ាគីស្ថាន មាន​កិត្តិយស និង​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​សម្របសម្រួល​កិច្ចចរចា​ដ៏​មាន​អត្ថន័យ និង​ឈាន​ទៅ​រក​ការ​បញ្ចប់​ជម្លោះ​ដ៏​គ្រោះថ្នាក់​នេះ។

ទោះជា​បែប​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់ បាន​ស្រង់​សម្ដី​អ្នកនាំពាក្យ​កងទ័ព​នៃ​កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់ ដោយ​ចំអក​ថា ជា​ការពិត សហរដ្ឋ​អាមេរិក​កំពុងតែ​ចរចា​ជាមួយ​ខ្លួនឯង​តែ​ម្នាក់​ឯង គឺ​ភាគី​អ៊ីរ៉ង់ មិន​បាន​ដឹង​ឮ​អ្វី​នោះ​ទេ។

នៅ​ថ្ងៃ​ពុធ​ទី​២៥ ខែ​មីនា នេះ លោក Ebrahim Zolfaqari អ្នកនាំពាក្យ​ទីបញ្ជាការ​កណ្តាល​នៃ​កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់ បាន​និយាយ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដោយ​ចំអក​ថា៖ «តើ​កម្រិត​នៃ​ការ​តស៊ូ​របស់​អ្នកឯង​បាន​ឈាន​ដល់​ដំណាក់កាល​និយាយ​ចរចា​តែ​ជាមួយ​ខ្លួនឯង​មែន​ឬ? ហើយ​មនុស្ស​ដូចជា​ពួក​ជា​កងទ័ព គ្មាន​ថ្ងៃ​អាច​ត្រូវរ៉ូវ​ជាមួយ​អ្នក​ឈ្លានពាន​នោះ​ទេ។»

លោក Zolfaqari ព្រមាន​ថា តម្លៃ​ថាមពល​ប្រេងឥន្ធនៈ​នឹង​មិន​អាច​វិលត្រឡប់​ដូច​ដើម​ជាដាច់ខាត បើ​ទីក្រុង​វ៉ាស៊ីនតោន មិន​ទទួលស្គាល់​ឯករាជភាព​នៃ​ប្រទេស​អ៊ីរ៉ង់។

ជាមួយ​គ្នា​នេះ កងកម្លាំង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់ បាន​អះអាង​ថា ខ្លួន​បាន​បើក​ការវាយប្រហារ​មីស៊ីល​ជុំ​ថ្មី​ទី​៨០ ប្រឆាំង​អ៊ីស្រាអែល និង​បាន​វាយប្រហារ​ថែមទៀត​ទៅ​លើ​មូលដ្ឋាន​កងទ័ព​អាមេរិក នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

មក​ដល់​ពេលនេះ សង្គ្រាម​សហរដ្ឋ​អាមេរិក​រួម​ដៃ​ជាមួយ​អ៊ីស្រាអែល វាយប្រហារ​លើ​អ៊ីរ៉ង់ មាន​រយៈពេល ២៦​ថ្ងៃ​ហើយ។

បណ្ដាញ​ផ្សាយ​ព័ត៌មាន​អ៊ីរ៉ង់ Iran International បាន​ចុះផ្សាយ​ថា កង​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក នៅតែ​បន្ត​បើក​ការវាយប្រហារ​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់ ជាពិសេស​គឺ​កង​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល វាយប្រហារ​ទៅ​លើ​រដ្ឋធានី​តេហេរ៉ង់ ស្ទើរ​ពេញ​មួយ​យប់​នៅ​យប់​ថ្ងៃ​អង្គារ ទី​២៤ ខែ​មីនា រហូត​ដល់​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែ​មីនា នេះ ដោយ​វាយ​សំដៅ​ទៅ​ទីតាំង​យុទ្ធសាស្ត្រ​នៃ​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស