28.8 C
Phnom Penh

ប៉ាគីស្ថាន និង​ចិន បង្ហាញ​ផែនទី​សន្តិភាព​ប្រាំ​ចំណុច ខណៈ​លោក ត្រាំ កំពុង​សិក្សា​ពី​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ីរ៉ង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចំ​ពេល​ដែល​សង្គ្រាម​បាន​រីក​រាលដាល​ទូទាំង​តំបន់​មជ្ឈិមបូព៌ា ដែល​ឈាន​ទៅ​ដល់​ការ​បិទ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ជា​ការ​ដាក់​សម្ពាធ​ទៅ​លើ​សហរដ្ឋ​អាមេរិក និង​ទីផ្សារ​ពិភពលោក​នៅ​ពេលនេះ ប្រទេស​ពីរ​បាន​លេច​មុខ​ដោយ​ជំរុញ​ឱ្យ​មាន​ការ​ស្ដារ​សន្តិភាព​តំបន់​មជ្ឈិមបូព៌ា​ឡើងវិញ។

ចិន និង​ប៉ាគីស្ថាន ត្រូវ​បាន​គេ​ដឹង​ថា​បាន​បញ្ចេញ​សេចក្តី​ថ្លែងការណ៍​រួម ដោយ​បាន​បង្ហាញ​ផែនទី​ចំនួន ៥​ចំណុច ដើម្បី​ស្ដារ​សន្តិភាព និង​ស្ថិរភាព​នៅ​តំបន់​មជ្ឈិមបូព៌ា ចំ​ពេល​សង្គ្រាម​អាមេរិក​រួម​ដៃ​នឹង​អ៊ីស្រាអែល វាយប្រហារ​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់។

តែ​ជាមួយ​គ្នា​នេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក កំពុង​សិក្សា​ពី​ការ​ដក​ទ័ព​អាមេរិក​ចេញពី​មជ្ឈិមបូព៌ា ដែល​ជា​ការ​បញ្ជាក់​ពី​ការ​បញ្ចប់​សង្គ្រាម​របស់​សហរដ្ឋ​អាមេរិក។

បើ​តាម​លោក ត្រាំ គឺ ២ ឬ ៣​សប្ដាហ៍​ខាងមុខ​នេះ លោក​សម្រេច​បញ្ចប់​សង្គ្រាម​នៅ​អ៊ីរ៉ង់ ដោយ​លោក​ចាត់ទុក​ថា​គោលដៅ​អាមេរិក​បាន​ជោគជ័យ​ហើយ​ក្នុង​ការ​កម្ទេច​រោងចក្រ​នុយក្លេអ៊ែរ រោងចក្រ​ផលិត​មីស៊ីល និង​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់។

យ៉ាងណា បើ​តាម​សារព័ត៌មាន Pakistan Today ចុះផ្សាយ​កាលពី​ថ្ងៃទី​៣១ ខែ​មីនា ផែនទី​សន្តិភាព​ទាំង ៥​ចំណុច​នោះ​រួម​មាន ការ​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ភ្លាមៗ ការ​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​អនុវត្ត​ភាព​អត់ធ្មត់ ដើម្បី​ទប់ស្កាត់​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​បន្ថែម​ទៀត។

ទន្ទឹម​នឹង​នេះ ក៏​មាន​ការ​ជំរុញ​ឱ្យ​ភាគី​ទាំងអស់​សង្កត់​ធ្ងន់​លើ​សារសំខាន់​នៃ​ការទូត និង​ការ​សន្ទនា​ដោយ​គោរព​អធិបតេយ្យភាព។

ផែនការ​សន្តិភាព​រៀបរៀង​ដោយ​ប្រទេស​ចិន និង​ប៉ាគីស្ថាន ក៏​អំពាវនាវ​ឱ្យ​គោរព​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​ធានា​សុវត្ថិភាព​ផ្លូវ​ដឹកជញ្ជូន​សកល ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។ ចំណុច​ចុងក្រោយ គឺជា​ការ​គាំទ្រ​តួនាទី​សំខាន់​របស់​អង្គការ​សហប្រជាជាតិ ក្នុង​ការ​ដឹកនាំ​ក្របខ័ណ្ឌ​អន្តរជាតិ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជា​សកល​ដើម្បី​ធានា​សន្តិភាព​យូរ​អង្វែង។

គំនិត​ផ្ដួចផ្ដើម​ផែនការ​សន្តិភាព​របស់​ចិន និង​ប៉ាគីស្ថាន នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ប៉ាគីស្ថាន លោក Ishaq Dar ទៅ​កាន់​ទីក្រុង​ប៉េកាំង ដែល​លោក​បាន​ជួប​ជាមួយ​ប្រមុខ​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​សន្តិសុខ​ដែល​កាន់តែ​ធ្ងន់ធ្ងរ និង​តម្រូវការ​សម្រាប់​សកម្មភាព​អន្តរជាតិ។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ប៉ាគីស្ថាន ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ថា បើ​សង្គ្រាម​នៅតែ​បន្ត វា​អាច​ប៉ះពាល់​ដល់​មិន​ត្រឹមតែ​តំបន់​ទេ ប៉ុន្តែ​សេដ្ឋកិច្ច និង​ថាមពល​ពិភពលោក​ផង​ដែរ។

លោក​រដ្ឋមន្ត្រី​ការបរទេស​ទាំង​ពីរ​រូប​បាន​រំលឹក​ថា ដំណោះស្រាយ​ណា​មួយ​ត្រូវ​គោរព​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ឯករាជភាព​ជាតិ​របស់​រដ្ឋ​ទាំងអស់ រួម​ទាំង​អ៊ីរ៉ង់ និង​ប្រទេស​នៅ​តំបន់​ឈូងសមុទ្រ ហើយ​ត្រូវ​ផ្អែកលើ​ការ​យល់ព្រម​ទៅវិញ​ទៅមក មិនមែន​ការ​បង្ខិតបង្ខំ​ឡើយ។

ប៉ាគីស្ថាន និង​ចិន ក៏បាន​សង្កត់​ធ្ងន់​លើ​វិស័យ​មនុស្សធម៌ ដោយ​អំពាវនាវ​ឱ្យ​គោរព​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​បញ្ឈប់​ភ្លាមៗ​នូវ​ការ​វាយប្រហារ​លើ​ប្រជាជន​ស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​មិនមែន​យោធា ដូចជា តំបន់​ថាមពល រោងចក្រ​បម្លែង​ទឹក​សមុទ្រ​សម្រាប់​ទឹកស្អាត និង​តំបន់​ថាមពល​នុយក្លេអ៊ែរ។

សេចក្តី​ថ្លែងការណ៍​បាន​ព្រមាន​ថា ការ​វាយប្រហារ​លើ​គោលដៅ​បែប​នេះ អាច​បង្ក​គ្រោះមហន្តរាយ​បរិស្ថាន និង​រំខាន​សេវា​សំខាន់ៗ​សម្រាប់​ប្រជាជន​រាប់​លាន​នាក់។

ផែនការ​នេះ​ក៏​ផ្ដោត​លើ​សន្តិសុខ​ពាណិជ្ជកម្ម​តាម​សមុទ្រ ជាពិសេស​តាមរយៈ​ច្រក​សមុទ្រ Hormuz ដែល​ជា​ចំណុច​សំខាន់​សម្រាប់​ការ​ផ្គត់ផ្គង់​ថាមពល​ពិភពលោក ដោយ​អំពាវនាវ​ឱ្យ​មាន​ការ​ការពារ​នាវា​ពាណិជ្ជកម្ម និង​ធានា​ការ​ឆ្លងកាត់​ដោយ​សុវត្ថិភាព។ ពួកគេ​បាន​ព្រមាន​ថា ការ​រំខាន​ក្នុង​ច្រក​នេះ អាច​បង្ក​វិបត្តិ​ថាមពល​សកល និង​ប៉ះពាល់​ដល់​ទីផ្សារ​អន្តរជាតិ។

ជា​ចុងក្រោយ ផែនការ​សន្តិភាព​នេះ​គាំទ្រ​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពហុភាគី​ក្រោម​ក្របខ័ណ្ឌ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​បង្កើត​ក្របខ័ណ្ឌ​សន្តិភាព​យូរ​អង្វែង​ស្រប​តាម​ច្បាប់​អន្តរជាតិ។

លោក​រដ្ឋមន្ត្រី​ការបរទេស​ទាំង​ពីរ ក៏បាន​សង្កត់​ធ្ងន់​លើ​គោលការណ៍​សន្តិសុខ​សមូហភាព ការ​សន្ទនា និង​កិច្ចសហប្រតិបត្តិការ ខណៈ​ព្រមាន​ប្រឆាំង​នឹង​សកម្មភាព​ឯកតោភាគី​ដែល​អាច​បំផ្លាញ​បទដ្ឋាន​អន្តរជាតិ។

ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ប៉ាគីស្ថាន ទីក្រុង​ប៉េកាំង អះអាង​ពី​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ជាមួយ​ប៉ាគីស្ថាន ដោយ​ពិពណ៌នា​ទំនាក់ទំនង​ថា​ជា​ដៃគូ​គ្រប់​កាលៈទេសៈ ហើយ​ភាគី​ទាំង​ពីរ​បាន​យល់ព្រម​បន្ត​ទំនាក់ទំនង​ជិតស្និទ្ធ​លើ​ស្ថានភាព​នៅ​សង្គ្រាម​អ៊ីរ៉ង់ និង​ជំរុញ​សន្តិភាព។

ជាមួយ​គ្នា​នេះ ប៉ាគីស្ថាន កំពុង​មាន​តួនាទី​កាន់តែ​សំខាន់​ក្នុង​នាម​ជា​អ្នក​សម្រុះសម្រួល ខណៈ​ការ​ទំនាក់ទំនង​ដោយ​ប្រយោល​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​តេហេរ៉ង់ កំពុង​បន្ត​តាមរយៈ​ការ​ផ្លាស់ប្ដូរ​សារ​គ្នា​ទៅវិញ​ទៅមក។

សង្គ្រាម​នៅ​អ៊ីរ៉ង់ នេះ បាន​ចាប់ផ្តើម​ប៉ះពាល់​ដល់​ទីផ្សារ​ថាមពល និង​ពាណិជ្ជកម្ម​សកល បង្ក​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ផ្គត់ផ្គង់ និង​អស្ថិរភាព​សេដ្ឋកិច្ច។

ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់ ប្រចាំ​ប៉ាគីស្ថាន បាន​ស្វាគមន៍​ការ​ចូលរួម​របស់​ទីក្រុង​អ៊ីស្លាម៉ាបាដ ដោយ​ចាត់ទុក​ថា​ជា​ជំហាន​វិជ្ជមាន​ក្នុង​ការ​កាត់បន្ថយ​ភាព​តានតឹង។

គំនិត​ផ្ដួចផ្ដើម​រួម​នេះ​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ទៅ​រក​ការទូត ក្នុង​ពេល​ដែល​ភាព​តានតឹង​យោធា​កើន​ឡើង​ខ្ពស់ ហើយ​ភាព​ជោគជ័យ​របស់​ការទូត នឹង​អាស្រ័យ​លើ​ឆន្ទៈ​របស់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ចូលរួម​សន្ទនា និង​ផ្តល់​អាទិភាព​ដល់​ស្ថិរភាព​រយៈពេល​វែង។

យ៉ាងណា មក​ទល់​ពេលនេះ ផែនការ​សន្តិភាព​ទាំង ៥​ចំណុច​របស់​ប៉ាគីស្ថាន និង​ចិន មិន​ទាន់​ទទួល​បាន​ប្រតិកម្ម​ជា​ផ្លូវការ​ជា​វិជ្ជមាន ឬ​អវិជ្ជមាន​ពី​ភាគី​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ នោះ​ទេ។

កាល​ពី​ពេល​ថ្មីៗ​នេះ អ៊ីរ៉ង់​ក៏​ត្រូវ​បាន​គេ​ដឹង​ថា បាន​បដិសេធ​ចំពោះ​ផែនការ​សន្តិភាព ១៥​ចំណុច​របស់​លោក ដូណាល់ ត្រាំ ផង​ដែរ ហើយ​បាន​ដាក់​លក្ខខណ្ឌ​តបត​សម្រាប់​សហរដ្ឋ​អាមេរិក​បំពេញ​វិញ។

ទីក្រុង​តេហេរ៉ង់ បាន​ឱ្យ​ដឹង​ថា ខ្លួន​នឹង​មិន​អនុញ្ញាត​ឱ្យ​អាមេរិក កំណត់​ពេលវេលា​សម្រាប់​បញ្ចប់​សង្គ្រាម​នោះ​ទេ ហើយ​ថា​ខ្លួន​នឹង​បញ្ចប់​ការ​ប្រយុទ្ធ​នៅ​ពេល​ខ្លួន​សម្រេច​ចិត្ត​ថា​លក្ខខណ្ឌ​របស់​ខ្លួន​ត្រូវ​បាន​គោរព។ អ៊ីរ៉ង់​ក៏បាន​សង្កត់​ធ្ងន់​ថា ខ្លួន​នឹង​បន្ត​ការពារ​ជាតិ និង​ប្រយុទ្ធ​ដល់​ពេល​ដែល​លក្ខខណ្ឌ​របស់​ខ្លួន​ត្រូវ​បាន​បំពេញ។

ផែនទី​សន្តិភាព​របស់​ចិន និង​ប៉ាគីស្ថាន ធ្វើ​ឡើង​ខណៈ​អ៊ីរ៉ង់ ទាមទារ​ឱ្យ​បញ្ឈប់​ការ​វាយប្រហារ ការ​ធ្វើ​ឃាត​ថ្នាក់​ដឹកនាំ ការ​បង្កើត​យន្តការ​ធានា​ថា​សង្គ្រាម​មិន​ត្រូវ​កើតឡើង​វិញ​ម្តង​ទៀត ការ​ទូទាត់​សំណង​ខូចខាត​ដោយសារ​សង្គ្រាម បញ្ចប់​សង្គ្រាម​នៅ​គ្រប់​ទីកន្លែង និង​សម្រាប់​ក្រុម​តស៊ូ​ប្រដាប់​អាវុធ​អ៊ីរ៉ង់​ទាំងអស់ និង​ការ​ទទួលស្គាល់​សិទ្ធិ​អ៊ីរ៉ង់ ក្នុង​ការ​គ្រប់គ្រង​ច្រក​សមុទ្រ​ហ័រមូស។

មន្ត្រី​មួយ​រូប​បាន​កត់សម្គាល់​ថា លក្ខខណ្ឌ​ទាំងនេះ​ជា​ការ​បន្ថែម​ទៅ​លើ​ការ​ទាមទារ​មុន ដែល​ទីក្រុង​តេហេរ៉ង់ បាន​ដាក់​ជូន​ក្នុង​អំឡុង​ការ​ចរចា​ជុំ​ទី​ពីរ​នៅ​ទីក្រុង​ហ្សឺណែវ ដែល​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល បាន​បើក​ការ​វាយប្រហារ​ឈ្លានពាន​ចូល​ទឹកដី​អ៊ីរ៉ង់ នៅ​ថ្ងៃទី​២៨ ខែ​កុម្ភៈ។

អ៊ីរ៉ង់ បាន​ប្រាប់​ទៅ​អន្តរការី​ទាំងអស់​ដែល​ធ្វើ​សកម្មភាព​ដោយ​សុច្ឆន្ទៈ​ថា ការ​ឈប់​បាញ់​ណា​មួយ​អាច​កើតឡើង គឺ​អាស្រ័យ​លើ​ការ​ទទួលយក​លក្ខខណ្ឌ​ទាំងអស់​របស់​ខ្លួន។ មន្ត្រី​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា «គ្មាន​ការ​ចរចា​ណា​មួយ​នឹង​ត្រូវ​ធ្វើឡើង​មុន​ពេល​លក្ខខណ្ឌ​ត្រូវ​បាន​គោរព» ហើយ​ប្រតិបត្តិការ​ការពារ​ជាតិ​របស់​អ៊ីរ៉ង់ នឹង​បន្ត​រហូត​ដល់​លក្ខខណ្ឌ​ត្រូវ​បាន​បំពេញ។

មន្ត្រី​ម្នាក់​នោះ​បាន​បន្ថែម​ថា ទី​បញ្ចប់​នៃ​សង្គ្រាម​នឹង​កើតឡើង​នៅ​ពេល​ដែល​អ៊ីរ៉ង់ សម្រេច​ចិត្ត​ថា​គួរតែ​បញ្ចប់ មិនមែន​លោក ត្រាំ ជា​អ្នក​កំណត់​ឡើយ។

ក្រោយ​មក អ្នកនាំពាក្យ​សេតវិមាន អ្នកស្រី Karoline Leavitt បាន​អះអាង​ថា កិច្ចចរចា​ជាមួយ​អ៊ីរ៉ង់ នៅតែ​បន្ត​កើតឡើង ហើយ​បាន​ផ្តល់​នូវ​ផ្លែផ្កា​មួយ​ចំនួន​ពី​ការ​ចរចា​នេះ។ លោកស្រី​បាន​និយាយ​ថា នេះ​ជា​ការ​ឆ្លើយតប​ចំពោះ​សំណួរ​អំពី​ការ​ដែល​អ៊ីរ៉ង់ បដិសេធ​សំណើ​របស់​សហរដ្ឋ​អាមេរិក។

អ្នកស្រី Leavitt ក៏បាន​បញ្ជាក់​ថា ផែនការ​សន្តិភាព ១៥​ចំណុច​របស់​សហរដ្ឋ​អាមេរិក កំពុង​លេច​ចេញ​ជា​សាធារណៈ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ប៉ុន្តែ​អ្នកស្រី​ក៏បាន​ព្រមាន​កុំ​ឱ្យ​ស្រង់​យក​សេចក្តី​រាយការណ៍​នៃ​ផែនការ​ទាំងនេះ​ពី​ប្រភព​អនាមិក។

កាលពី​ថ្ងៃ​អង្គារ ទីក្រុង​វ៉ាស៊ីនតោន បាន​បញ្ជូន​ផែនការ​សន្តិភាព​ទៅ​អ៊ីរ៉ង់ បន្ទាប់ពី​លោក ត្រាំ បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា សង្គ្រាម​ប្រមាណ​មួយ​ខែ​ស្ទើរតែ​ត្រូវ​បាន​បញ្ចប់​ហើយ។ លោក ត្រាំ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ការិយាល័យ Oval ថា ការ​ចរចា​ឥឡូវ​នេះ​កំពុង​បន្ត និង​កន្លង​មក អ៊ីរ៉ង់​បាន​ផ្តល់​អំណោយ​មួយ​មក​ដល់​ថ្ងៃ​នេះ។

លោក​បាន​ពិពណ៌នា​ថា វា​ជា​អំណោយ​ដ៏​ធំ និង​មាន​តម្លៃ​សំខាន់ ហើយ​មាន​ន័យ​ថា «យើង​កំពុង​ដោះស្រាយ​ជាមួយ​ថ្នាក់​ដឹកនាំ​ថ្មី​នៃ​ប្រទេស​អ៊ីរ៉ង់ ហើយ​ថា​មាន​ភាព​ត្រឹមត្រូវ និង​ទុកចិត្ត​គ្នា។»

លោក ត្រាំ មិន​បាន​ពន្យល់​បន្ថែម​ទេ ប៉ុន្តែ​បាន​សម្គាល់​ថា វា​ស្ថិត​ក្នុង​ការ​ទាក់ទង​ជាមួយ​នឹង​ច្រក​សមុទ្រ Hormuz ដែល​អ៊ីរ៉ង់ បាន​បិទ​ភាគច្រើន ដើម្បី​ឆ្លើយតប​ការ​វាយប្រហារ​របស់​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល។

ការ​បិទ​ច្រក​សមុទ្រ Hormuz បាន​បណ្តាល​ឲ្យ​តម្លៃ​ថាមពល​សកល​កើន​ឡើង​ខ្ពស់​ជា​សកល៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស