ប្រធានចារកម្មឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសដោយកងយន្តហោះចម្បាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ខណៈសង្គ្រាមចូលដល់សប្ដាហ៍ទី៦។
កងកម្លាំងឆ្មាំបដិវត្តន៍នៃប្រទេសអ៊ីរ៉ង់ បានប្រកាសថា ការវាយប្រហារតាមផ្លូវអាកាសនៅថ្ងៃទី៦ ខែមេសា បានសម្លាប់ប្រមុខចារកម្មប្រចាំកងកម្លាំងរបស់ខ្លួន។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានប្រកាសនៅលើបណ្ដាញ Telegram អំពីដំណឹងមរណភាពឧត្ដមសេនីយ៍ Majid Khademi ដែលជាប្រធានអង្គភាពចារកម្មនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ នេះបើតាមការស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters)។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានឱ្យដឹងថា លោក Khademi ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើរដ្ឋធានីតេហេរ៉ង់ ដែលបណ្តាថ្នាក់ដឹកនាំអ៊ីរ៉ង់ កំពុងរស់នៅក្រោមការលាក់ខ្លួនពីការវាយប្រហារដោយកងទ័ពអាកាសអ៊ីស្រាអែល នៅបន្តលាក់ខ្លួនក្នុងទីសុវត្ថិភាព តែអ៊ីស្រាអែល នៅតែបន្តតាមបាញ់សម្លាប់ពួកគេម្តងមួយៗ។
នៅទីក្រុងតែលអាវីវ ពលរដ្ឋអ៊ីស្រាអែល ក៏បានធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំរបស់គេដែរ ដោយសារតែពលរដ្ឋត្រូវរត់ចូលជ្រកក្នុងទីតាំងការពារគ្រាប់ក្រោមដីសឹងតែរាល់ថ្ងៃពីការបាញ់កាំជ្រួចផងដែរនោះ។
ចាប់តាំងពីសង្គ្រាមនៅថ្ងៃទី២៨ ខែកុម្ភៈ ថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ រួមទាំងឧត្ដមសេនីយ៍ ត្រូវបានសម្លាប់ជាបន្តបន្ទាប់ ក្រោមការវាយប្រហារតាមផ្លូវអាកាសពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្នុងនោះរួមមានទាំងមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ លោក Ali Larijani លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ គឺឧត្ដមសេនីយ៍ Mohammad Pakpour និងរដ្ឋមន្ត្រីការពារជាតិ លោក Aziz Nasirzadeh រួមទាំងឧត្ដមសេនីយ៍ជាច្រើនទៀតមានជិត ៥០នាក់។
ជាមួយគ្នានេះ ប្រតិបត្តិការពិសេសមួយសង្គ្រោះពីឡុតអាមេរិកម្នាក់ដែលបាត់ខ្លួន បានជោគជ័យពីការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកុម្ម៉ង់ដូអាមេរិក និងកងកម្លាំងអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ពីឡុតអាមេរិកម្នាក់ដែលបាត់ខ្លួនក្រោយយន្តហោះចម្បាំង F-15E មួយគ្រឿងត្រូវបានបាញ់ទម្លាក់នៅលើប្រទេសអ៊ីរ៉ង់ ត្រូវបានជួយសង្គ្រោះចេញពីទឹកដីអ៊ីរ៉ង់ ដោយជោគជ័យហើយ។
វរសេនីយ៍ឯកម្នាក់នេះ គឺជាអាកាសយានិកម្នាក់ក្នុងចំណោមអាកាសយានិកអាមេរិកាំងពីរនាក់នៃយន្តហោះចម្បាំង F-15E ដែលត្រូវបានទ័ពអ៊ីរ៉ង់ បាញ់ទម្លាក់។
តាមបណ្ដាញផ្សាយព័ត៌មានអាមេរិកាំងមួយចំនួន ដូចជា NPR, CNN, The Hill, NBC, CNBC នៅថ្ងៃទី៦ មេសា នេះ កងទ័ពអ៊ីរ៉ង់ ក៏បានបាញ់ទម្លាក់យន្តហោះចម្បាំងអាមេរិកាំង ច្រើនគ្រឿងណាស់ដែរក្នុងប្រតិបត្តិការសង្គ្រោះអាកាសយានិកនោះ ដែលយន្តហោះមួយគ្រឿងៗតម្លៃយ៉ាងតិច ១០០លានដុល្លារ។
ប្រភពព័ត៌មានបានបញ្ជាក់អំពីយន្តហោះដឹកជញ្ជូនយោធា C-130 ចំនួន ២គ្រឿង និងឧទ្ធម្ភាគចក្រ Black Hawk ចំនួន ២គ្រឿងនៃកងទ័ពសហរដ្ឋអាមេរិក ត្រូវបានកងកម្លាំងអ៊ីរ៉ង់ កម្ទេចចោល។
ទន្ទឹមនឹងនេះ កងទ័ពអ៊ីរ៉ង់ ក៏បានបញ្ជាក់ថា ដ្រូនអ៊ីស្រាអែល ប្រភេទ Hermes-900 និងដ្រូនអាមេរិកាំង MQ-9 ក៏ត្រូវបានបាញ់ទម្លាក់នៅក្នុងខេត្ត Isfahan ផងដែរ ខណៈយន្តហោះចម្បាំង A-10 មួយគ្រឿងដែលជួយគាំទ្រប្រតិបត្តិការនោះ រងការបាញ់ប្រហារដូចគ្នា បានធ្លាក់នៅប្រទេសគុយវ៉ែត ប៉ុន្តែពីឡុតផ្តាច់កៅអីចេញពីយន្តហោះទាន់ពេលវេលា ហើយក្រោយមកត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។
លោក ត្រាំ អះអាងថា ពុំមានទាហានអាមេរិកណាម្នាក់បានបាត់បង់ជីវិត ឬរងរបួសធ្ងន់ធ្ងរក្នុងប្រតិបត្តិការសង្គ្រោះនោះឡើយ លើកលែងពីឡុតម្នាក់នោះរងរបួស។
សារព័ត៌មានអាមេរិកាំងបានផ្សាយរាល់ថ្ងៃអំពីទាហានអាមេរិកាំងស្លាប់ និងរបួស ថាចាប់ពីដើមខែមេសា មក ទាហាន ១៣នាក់ស្លាប់ របួស ៣៦០នាក់ រីឯប្រភពខ្លះថាទាហានរបួសពី ៣៦៥ ទៅ ៧០០នាក់។
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi នៅថ្ងៃចន្ទនេះ បាននិយាយថា ការគំរាមកំហែងពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលថានឹងវាយប្រហាររោងចក្រផលិតថាមពល និងស្ពាននានានៅក្នុងប្រទេសអ៊ីរ៉ង់ គឺអាចត្រូវចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម។
លោក Gharibabadi បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា ការគំរាមរបស់លោកប្រធានាធិបតីអាមេរិក ថាកម្ទេចទីតាំងថាមពលរោងចក្រអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ ប្រៀបបាននឹងការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មលើមនុស្សជាតិ។
តំណាងរាស្ត្រអាមេរិកាំង Seth Moulton និងសេដ្ឋវិទូអាមេរិកាំង ជាបេក្ខជនទទួលរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ច សាស្ត្រាចារ្យ Paul Krugman និយាយប្រាប់ទូរទស្សន៍ MSNOW កាលពីថ្ងៃអាទិត្យ ទី៥ ខែមេសា ដូចគ្នាថា អ្វីដែលលោកប្រធានាធិបតីអាមេរិកាំងនិយាយចេញពីមាត់លោក គឺបង្ហាញអំពីចេតនាដឹកនាំការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ហើយស្នើឲ្យសភាលើកយកកំណែទម្រង់រដ្ឋធម្មនុញ្ញមាត្រា២៥ លែងឲ្យលោក ដូណាល់ ត្រាំ ដឹកនាំប្រទេស។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ឈប់មុខតំណែងមុខនាទីនាយទាហានថ្នាក់ឧត្ដមសេនីយ៍ ឧត្ដមនាវី មេបញ្ជាការកងទ័ពជិត ១០រូប ពីព្រោះជំទាស់នឹងបទបញ្ជាខុសរដ្ឋធម្មនុញ្ញ និងខុសច្បាប់អន្តរជាតិ។
កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បានគំរាមកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលរបស់អ៊ីរ៉ង់ ឱ្យខ្ទេចគ្មានសល់ ដោយទាមទារឱ្យទីក្រុងតេហេរ៉ង់ ឱនក្បាលទទួលយកការទាមទាររបស់លោក គឺត្រូវបើកច្រកសមុទ្រហ័រមូស (Hormuz) ឡើងវិញ។
លោក ត្រាំ ប្រកាសថាលោកបានទុកពេលឱ្យអ៊ីរ៉ង់ ដល់ត្រឹមម៉ោង ៨យប់ថ្ងៃចន្ទ ម៉ោងនៅសហរដ្ឋអាមេរិក ឬត្រូវម៉ោង ៧ព្រឹកថ្ងៃអង្គារ ហើយបើគ្មានកិច្ចព្រមព្រៀងទេនោះ លោក ត្រាំ ថាអ៊ីរ៉ង់នឹងរងការវាយកម្ទេចដូចនៅឋាននរក។
មន្ត្រីជាន់ខ្ពស់ក្រុងតេហេរ៉ង់ ប្រាប់ក្រុងវ៉ាស៊ីនតុន ថា អ៊ីរ៉ង់មិនមែនគ្រាន់តែជាប្រទេសមួយនោះទេ អ៊ីរ៉ង់ ជាអរិយធម៌មានអាយុជាង ៣ពាន់ឆ្នាំ។ ច្រកសមុទ្រហ័រមូស បិទចំពោះតែប្រទេសឈ្លានពានប៉ុណ្ណោះ មិនបិទសម្រាប់ប្រទេសដទៃទេ។
នៅថ្ងៃចន្ទ ទី៦ ខែមេសា នេះ អ៊ីរ៉ង់ត្រៀមនឹងឆ្លើយតបសំណូមពរក្រុងវ៉ាស៊ីនតុន វិញ ដែលស្នើឲ្យមានបទឈប់បាញ់គ្នា ៤៥ថ្ងៃ ហើយបដិសេធមិនបើកច្រកហ័រមូស តាមការគំរាមពីក្រុងវ៉ាស៊ីនតុន ឡើយ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

