42.2 C
Phnom Penh

លោក ជាម យៀប​ ៖ រដ្ឋាភិបាល​​មាន​​តម្លាភាព​​ពេញ​​លេញ មិន​​ចាំបាច់​មាន​​ច្បាប់​​ស្តី​ពី​​សេរីភាព​ទទួល​ព័ត៌មាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមា​ជិក​សភាមួយ​រូប​មក​ពី​គណបក្សប្រជា​​ជន​កម្ពុជា​កំពុង​កាន់​អំណាច​របស់​លោកនាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បានថ្លែង​នៅ​សន្និសីទ​កាល​ពី​ថ្ងៃ​សុក្រ​ ដើម្បី​ពិភាក្សា​អំពី​តម្រូវ​ការ​ច្បាប់​ស្ត្ី​ពី​សេរី​ភាព​​ទទួល​ព័ត៌មាន​ថា រដ្ឋាភិបាល​ធ្វើ​ការងារ​របស់​ខ្លួន​ទាំង​អស់​ដោយ​មាន​តម្លា​ភាព​ពេញ​លេញ ។

​លោក ជាម យៀប បាន​សួរ​បន្ទាប់ពី​ថ្លែង​សុន្ទរកថា​នៅ​អង្គ​សន្និសីទ​នេះ​ថា​ “ តើ​​គេ​លាក់​ព័ត៌មាន​នៅ​កន្លែង​​ណា​ក្នុង​​រដ្ឋាភិបាល​?”។

លោក​ ជាម យៀប មាន​ប្រសា​សន៍​បន្ត​ថា“ មិន​មាន​ការ​បិទបាំង​ព័ត៌មាន​​អំពី​​ថវិកា​របស់​រដ្ឋា​ភិបាល​ទេ”។

លោក​បាន​អះអាងថា “ ព័ត៌មាន​តែ​មួយ​គត់​ដែល​បិទបាំង​នោះគឺ​ព័ត៌មាន​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​”។

មាន​ប្រសាសន៍នៅ​ថ្ងៃទី​២នៃ​អង្គ​សន្និសីទ​ដែល​រៀបចំ​ដោយអង្គការ​យូណេស្កូ និង​ស្ថាន​ទូត​ស៊ុយ​អែតនោះ លោក ជាម យៀប បាន​មាន​ប្រសា​សន៍នៅ​ក្នុ​ង​សុន្ទរកថា​ដែល​បាន​​ត្រៀម​​ទុក​​របស់​លោក​ថា ច្បាប់​ស្តីពី​សេរី​ភាព​​ទទួល​ពព័ត៌​មាន​គឺ​ “ សំខាន់ណាស់” ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ច្បាប់ដែលមាន​ស្រាប់​នោះ ធានាពី​បរិយាកាស​បើក​ចំហ​​ទាំង​ស្រុង​​របស់​រដ្ឋាភិបាលរួច​ទៅ​ហើយ​។

ដោយ​លើក​ឡើង​​ពី​មាត្រាមួយ​ចំនួន​ក្នុង​រដ្ឋ​ធម្មនុញ្ញ ដែល​ចែង​យ៉ាង​ច្បាស់​ពី​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​ច្បាប់​សារព័ត៌មាន​​ឆ្នាំ​១៩៩៥ ដែល​អនុវត្ត​ចំពោះ​តែ​អ្នក​សារ​ព័ត៌មាន​នោះ លោក ជាម យៀប បាន​មាន​ប្រសាសន៍ថា ច្បាប់​បែ​បនេះ​បាន​ឆ្លុះ​បញ្ចាំង​រួច​ទៅ​ហើយ​ពី​បរិយាកាស​ដែល​ប្រជា​ពល​រដ្ឋមាន​សេរី​ភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពីរ​ដ្ឋា​ភិបាល។

លោក ជាម យៀប ក៏បាន​មាន​ប្រសាសន៍​ផងដែរថា​ ការយឺតយ៉ាវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ពិចារ​ណាពីច្បាប់​ស្តី​ពី​សេរី​ភាព​​ទទួល​ព័ត៌មាន​ ដែល​កំពុង​ដំណើរ​ការ​ចាប់​តាំង​ពី​ឆ្នាំ​២០០៤មកនោះ គឺ​ដោយសារ​តែ​ពេល​វេលាមិនគ្រប់​គ្រាន់ និងខ្វះ​ធនធាន​។

លោក​ ជាម យៀប បាន​មាន​ប្រសា​សន៍​ដោយ​ធ្វើ​ការ​ប្រៀប​ធៀប​ថា “ យើង​​​មាន​​​ទន្សាយ​បី​ក្បាល​នៅ​ក្នុង​ទ្រុង​មួយ​ ហើយខ្ញុំ​មាន​ព្រួញ​តែមួយ​ប៉ុណ្ណោះ ហើយ​​គេ​ឲ្យ​ខ្ញុំ​​បាញ់​ទន្សាយ​បី​ក្បាលនោះ​ដោយ​ប្រើ​ព្រួញ​តែ​មួយ​ដើម គឺ​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ”។

ទោះ​ជា​យ៉ាងណា លោក ជាម យៀប បាន​​ចាកចេញ​ពី​សន្និសីទនេះ ទៅ​ចូលរួម​កិច្ច​ប្រជុំ​​មួយ​កាលពី​​ថ្ងៃសុក្រ​នៅ​រដ្ឋ​សភា ​ដើម្បី​អនុ​ម័ត​​ច្បាប់​មួយ​​សម្រាប់​​ដាក់​​ទោស​​ជន​ណា​ដែល​​បដិសេធ​​ថា គ្មាន​ឧក្រិដ្ឋ​កម្ម​របស់​ខ្មែរ​ក្រហម។

ច្បាប់នេះ​ត្រូវ​បាន​ព្រាង​រយៈពេល​បួន​ថ្ងៃ​ ​បន្ទាប់​ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​សប្តាហ៍នេះ​បាន​ស្នើ​ឲ្យ​រដ្ឋ​សភាប្រកាស​ដាក់ឲ្យ​ប្រើ​ច្បាប់​នេះ​ ជា​ការ​ប្រតិកម្ម​ចំពោះ​​ពាក្យ​សម្តី​​មួយ​ចំនួន​ដែល​គេ​ចោទ​ថា ​លោក កឹម សុខា មេដឹក​នាំ​គណបក្ស​ប្រឆាំង​ ​បាន​និយាយ​។

រដ្ឋ​សភា ដែលលើសលប់ដោយ​សមាជិក​គណបក្ស​ប្រជា​ជន​កម្ពុជា​នោះ នឹងធ្វើការ​​ពិភាក្សា​ដេញដោល​ និង​​អនុម័ត​​ច្បាប់​នេះ​នៅ​ថ្ងៃ​សុក្រ​​សប្តាហ៍ក្រោយ​​ដោយ​គ្មាន​ការ​សង្ស័យ​ឡើយ។

នៅ​សន្និសីទនោះ លោកស្រី អាននេ ឡេ​ម៉ៃ​ស្ត្រេស (Anne Lemaistres) នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​យូណេស្កូ បាន​មាន​ប្រសាសន៍ថា ប្រទេស​កម្ពុជា​មាន​ក្រប​ខណ្ឌ​ច្បាប់​រួច​ហើយ​ក្នុង​ការ​អនុម័ត​ច្បាប់​ស្តី​ពី​សេរីភាព​​ទទួល​ព័ត៌មាន​នេះ​ ប៉ុន្តែ​ការ​អនុម័ត​​ច្បាប់​​នេះ​បាន​ជាប់​គាំង​ចាប់តាំង​ពី​ព្រាង​កាល​ពី​ឆ្នាំ​២០០៧​មកម្លេ៉ះ។

លោកស្រី ឡេម៉ៃស្ត្រេស ​មាន​ប្រសាសន៍​ថា “ ខ្ញុំគិត​ថា ​រដ្ឋាភិបាល​មិន​​មាន​បំណង​​ [​អនុ​ម័ត​ច្បាប់នេះ​ទេ]។​តាម​ពិត​ យើង​​មាន​ច្បាប់​បែប​​​នេះ​ច្រើន​ណាស់​ ដែល​បាន​អូស​បន្លាយ​​ពេល​រាប់​ឆ្នាំ​ ហើយ​ខ្ញុំ​គិត​ថា មាន​ការ​ខ្វះ​ឆន្ទៈ​នយោបាយ​តែ​ម្តង”។

លោកស្រី ឡេម៉ៃស្ត្រេស ​មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​​ធម្មតា​ចង់ដឹង​ព័ត៌មាន​មូល​ដ្ឋាន​​ដែលនឹង​ប្រាប់​ពួកគាត់​អំពី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ខ្លួនដូច​ជា តម្លៃ​ក្នុង​ការ​ធ្វើ​សំបុត្រ​កំណើត​ផ្លូវ​ការ​ ឬ​​ពី​បញ្ហាដី​ធ្លី​នៅ​ក្នុង​ឃុំ​សង្កាត់​របស់​ខ្លួន​​ដែល​អាច​ប៉ះពាល់​ដល់​ការ​ធ្វើ​​ស្រែ​ចម្ការ​របស់​ខ្លួន​។

លោកស្រី​ ឡេម៉ៃស្ត្រេស​ ​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ [ព័ត៌មាននេះ] គួរ​ត្រូវ​ផ្សព្វ​ផ្សាយ​ ហើយ​ងាយ​ទទួលបាន​ និង​ស្វែង​រក។ អ្វី​ដែល​​ធ្វើ​ឲ្យ​ប៉ះពាល់​​ធ្ងន់​​ធ្ងរ​ដល់​ជំនឿ​ទុក​ចិត្ត​រវាង​រដ្ឋា​ភិបាល​និង​ប្រជា​ពលរដ្ឋ​នោះ​គឺ [នៅពេល​ដែលប្រជា​ពល​រដ្ឋ​]​ មិន​ដឹង​ ហើយ​ពួកគាត់​គិត​​ថា ព័ត៌មាន​នេះ​បិទបាំ​ង​មិន​ឲ្យ​ពួកគាត់​ដឹង​”។

លោក ប៉ា ងួនទៀង នាយក​មជ្ឈមណ្ឌល​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ ជា​អ្នក​រៀបចំ​សន្និ​សីទរួម​គ្នា បាន​មាន​ប្រសាសន៍ថា​ ពេល​មាន​ច្បាប់​ស្តី​ពី​សេរីភាព​​ទទួល​ព័ត៌មាន​នេះ ​គណៈ​កម្មាធិការ​​ឯករាជ្យ​មួយ​ត្រូវ​បង្កើត​ឡើង​​ ដើម្បី​ធានាថា រដ្ឋាភិបាល​គោរពតាម​ច្បាប់​នេះ​ ប្រសិន​បើ​ត្រូវ​បាន​អនុម័តនោះ។

លោក ប៉ា ងួនទៀង បាន​មាន​ប្រសាសន៍​ថា “ នៅពេលដែលរដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​នយោបាយ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​​បែ​បនេះ​នោះ​ គឺ​ដោយ​សារ​អំពើ​ពុក​រលួយ ឬ​ការ​គ្រប់​គ្រង​ដែលគ្មាន​តម្លាភាព ឬ​ដោយ​សារ​អភិ​បាលកិច្ច​មិន​ប្រកបដោយ​លទ្ធិប្រជា​ធិបតេយ្យ​​នោះ​ ត្រូវ​មាន​ គណៈកម្មាធិការ​ឯករាជ្យ​មួយ​ដើម្បី​ដោះ​ស្រាយ​សំណើ​​ឲ្យ​មាន​[ច្បាប់​ស្តី​ពី​សេរី​ភាព​​ទទួល​ព័ត៌មាន​]​នេះ” ទើបបាន៕
ប្រែសម្រួល​ដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស