42 C
Phnom Penh

អត្ថបទ​ស៊ើបអង្កេត៖ រដ្ឋាភិបាល​ជួល​ដី​ក្នុង​តំបន់​អង្គរ​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​កាន់កាប់​៥០​ឆ្នាំ បន្ទាប់ពី​ជម្លៀស​ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​ចេញពី​លំនៅឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អត្ថបទ​ដោយ៖ ហាស់ សាន

រដ្ឋាភិបាល​បាន​ជម្លៀស​ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក្រោម​លេស​ថា ដើម្បី​កុំ​ឱ្យ​ប្រាសាទ​អង្គរ​ត្រូវ​គេ​ដក​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ (UNESCO)។

ផ្ទុយទៅវិញ គេ​បាន​រក​ឃើញ​ថា តំបន់​ទេសចរណ៍​មួយ​នេះ រាជរដ្ឋាភិបាល​បាន​ជួល​ដី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឱ្យ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​ល្បែង​ស៊ីសង​ណាហ្គា​ខប (Naga Corp.) រយៈពេល ៥០​ឆ្នាំ ហើយ​ដាក់​ឈ្មោះ​ថាAngkor Lake of Wonder ដែល​ប្រែ​ថា បឹង​អង្គរ​អច្ឆរិយ ឬ​សួន​ទឹក​អង្គរ​អច្ឆរិយ ក្រោម​ទុន​វិនិយោគ​ប្រមាណ​ជាង ៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (៣៥០​លាន​ដុល្លារ​អាមេរិក)

មុន​នឹង​ដក​ខ្លួន​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី មេដឹកនាំ​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​ជួល​ដី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឱ្យ​ទៅ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​ល្បែង​ស៊ីសង​ណាហ្គា​ខប (Naga Corp.) សម្រាប់​ធ្វើការ​វិនិយោគ​រយៈពេល ៥០​ឆ្នាំ ដែល​ត្រូវ​បាន​លាក់បាំង​ពី​ប្រជាពលរដ្ឋ​រហូត​ដល់​ពេល​នេះ។

ក្រុមហ៊ុន ណាហ្គា​វើលដ៍ (Naga World)

ការ​ជួល​ដី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ឱ្យ​ទៅ​ក្រុមហ៊ុន​ចិន​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ធ្វើឡើង​ពី​លើ​ការ​ឈឺចាប់ និង​ក្រោម​ទឹកភ្នែក​រាប់​លាន​តំណក់​របស់​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​គ្រួសារ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បណ្តេញ​ចេញពី​លំនៅឋាន​ដោយ​បង្ខំ​ទាំង​អយុត្តិធម៌​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០២២ មក។

គេ​នៅ​មិន​ទាន់​ភ្លេច​ទេ​ចំពោះ​ចំណាត់ការ​រាជរដ្ឋាភិបាល​ក្រោម​កណ្ដាប់ដៃ​ដែក​របស់​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន ដែល​បាន​បណ្តេញ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ ឱ្យ​ទៅ​រស់នៅ​ទីតាំង​ថ្មី​ដែល​ឃ្លាត​ឆ្ងាយ​ពី​លំនៅឋាន​ចាស់​របស់​ពួកគេ​ប្រមាណ ៣០​គីឡូម៉ែត្រ ក្រោម​ហេតុផល​ថា ប្រាសាទ​អង្គរវត្ត​នឹង​ត្រូវ​ដក​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ ប្រសិនបើ​ប្រជាពលរដ្ឋ​នៅតែ​បន្ត​តាំង​ទីលំនៅ​ក្នុង​តំបន់​នេះ​ជា​បន្ត​ទៅ​ទៀត។

តាម​ពិត ការ​អះអាង​របស់​លោក ហ៊ុន សែន ត្រូវ​គេ​រក​ឃើញ​ថា សុទ្ធតែ​ជា​ពាក្យ​ភូតភរ​កុហក​បោកប្រាស់​ប្រជាពលរដ្ឋ ដើម្បី​យក​តំបន់​នេះ​ទៅ​ជួល​ឱ្យ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​ណាហ្គា​ខប ធ្វើការ​វិនិយោគ​តែប៉ុណ្ណោះ។ សាជីវកម្ម Naga Corp. ជា​ក្រុមហ៊ុន​ល្បែង​ស៊ីសង​កាស៊ីណូ ដែល​ធ្វើ​អាជីវកម្ម​ខាង​សណ្ឋាគារ តំបន់​កម្សាន្ត សាល​លេង​ល្បែង ដែល​ចុះបញ្ជី​ពាណិជ្ជកម្ម​ជា​ក្រុមហ៊ុន​ភាគហ៊ុន ស្តុក នៅ​ក្រុង​ហុងកុង ប៉ុន្តែ​មាន​ប្រភព​ពី​ប្រទេស​ម៉ាឡេស៊ី។

លោក ចេន លីប គង់ (Chen Lip Keong) ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​បាន​ទទួល​អនិច្ចកម្ម​ក្នុង​វ័យ ៧៥​ឆ្នាំ​ដោយសារ​រោគាពាធ កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៣។

ស្ថាបនិក​ក្រុមហ៊ុន​នេះ គឺ​វេជ្ជបណ្ឌិត ឆេន លិប គឹង (Chen Lip Keong) សញ្ជាតិ​ម៉ាឡេស៊ី។ បនល្បែង និង​សណ្ឋាគារ​នៅ​ក្រុង​ភ្នំពេញ​មាន​ឈ្មោះ​ថា ណាហ្គា​វើលដ៍ (Naga World) ទទួល​បាន​សិទ្ធិ​ផ្ដាច់មុខ​ធ្វើ​អាជីវកម្ម​ដល់​ឆ្នាំ​២០៤៥។ រីឯ​សិទ្ធិ​ផ្ដាច់មុខ​រកស៊ី​ល្បែង​ស៊ីសង លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​រហូត​ដល់​ឆ្នាំ​២០៦៥។ បណ្ឌិត ឆេន លិប គឹង ចូល​សញ្ជាតិ​ខ្មែរ ហើយ​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​ឲ្យ​លោក ហ៊ុន សែន។

គម្រោង​អភិវឌ្ឍន៍​ដែល​ដេញ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញពី​ផ្ទះសម្បែង ដីធ្លី ឈ្មោះ Angkor Lake of Wonder ដែល​ហៅ​កាត់​ថា ALOW ឬ​សួន​ទឹក​អង្គរ​អច្ឆរិយ នឹង​ត្រូវ​លេច​ចេញ​ជា​រូបរាង​នៅ​អំឡុង​ឆ្នាំ​២០២៥ ក្រោម​ទុន​វិនិយោគ​ប្រមាណ​ជាង ៣០០​លាន​ដុល្លារ​អាមេរិក (៣៥០​លាន​ដុល្លារ​អាមេរិក) ក្នុង​ដំណាក់កាល​ដំបូង​របស់​ក្រុមហ៊ុន​ល្បែង​ស៊ីសង​ណាហ្គា​ខប និង​ក្រុមហ៊ុន​ចិន ដែល​រាជរដ្ឋាភិបាល​បាន​ជួល​ដី​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​ខេត្ត​សៀមរាប ជិត ១០០​ហិកតារ (៧៥​ហិកតារ) រយៈពេល ៥០​ឆ្នាំ ឱ្យ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ធ្វើការ​វិនិយោគ។

ក្រៅពី​ក្រុមហ៊ុន​ធំ​ទាំង​ពីរ​នេះ គេ​រក​ឃើញ​ថា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​ចំនួន​របស់​ក្រុមហ៊ុន​ខាងលើ​នេះ បាន​នាំគ្នា​សម្រុក​ជួល​ដី​ពី​រដ្ឋាភិបាល​ខ្មែរ​នៅ​តំបន់​នោះ​ដែល​គិត​សរុប​ប្រមាណ​ជា ៣០០​ហិកតារ​ឯណោះ ទាំង​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​ទីតាំង​ផ្សេង​ទៀត​ដែល​នៅ​ក្បែរៗ​នោះ។

ដំណឹង​អំពី​គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​សម្រាក និង​កម្សាន្ត​បញ្ចូល​គ្នា អង់គ្លេស​ហៅ​ថា Integrated Resorts (IR) ធ្លាយ​ចេញ​ច្បាស់​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០២០។ គេ​សង្ឃឹម​ថា​នឹង​ប្រសិទ្ធនាម​ក្រុង​ថ្មី​នោះ​ថា ទីក្រុង​ចិន-សៀមរាប (Siem Reap China Town) ដូច​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង នា​ពេល​អនាគត។

អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ប៊ុន ណារិទ្ធ

ទាក់ទិន​នឹង​ការ​ជួល​ដី​នៅ​តំបន់​អង្គរ​នេះ អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ប៊ុន ណារិទ្ធ បាន​ចេញ​សុន្ទរកថា​មួយ​ស្ដីពី «គម្រោង​គ្រប់គ្រង​ធនធាន​ដែល​មាន​ស្រាប់​សម្រាប់​ការ​អភិរក្ស និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ និង​តំបន់​សៀមរាប» កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៣ កន្លងទៅ។

បើ​យោង​តាម​សុន្ទរកថា​នេះ គេ​អាច​បញ្ជាក់​បាន​ថា គម្រោង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​អង្គរ គឺ​បាន​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០១៣ មក​ម្ល៉េះ។ ជាង​នេះ​ទៀត ក្រុមហ៊ុន​ណាហ្គា​ខប បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​គម្រោង​នេះ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា Naga Corp ចាប់តាំងពី​ឆ្នាំ​២០២០ មក​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទម្លាយ​ឯកសារ​សម្ងាត់​របស់​ក្រុមហ៊ុន​ណាហ្គា​ខប (Naga Corp) ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ស្ដីពី​ការ​ជួល​តំបន់​រមណីយដ្ឋាន​អង្គរ​ដល់​សារព័ត៌មាន The Cambodia Daily ឲ្យ​ដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា កិច្ចព្រមព្រៀង​ជួល​ដី​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ឱ្យ​ទៅ​ក្រុមហ៊ុន​ណាហ្គា​ខប (Naga Corp) និង​ក្រុមហ៊ុន​ចិន​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ប្រែ​ក្លាយ​តំបន់​ប្រាសាទ​អង្គរវត្ត ឱ្យ​ទៅ​ជា​តំបន់​ទេសចរណ៍​គ្មាន​ល្បែង​ក្នុង​ទឹកដី​ប្រាសាទ​បុរាណ​មួយ​នេះ​ទៅ​ថ្ងៃ​អនាគត។

ឯកសារ​សម្ងាត់​នោះ បង្ហាញ​ថា ក្រុមហ៊ុន​ណាហ្គា​ខប (Naga Corp) បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន ជួល​ដី​ទំហំ ៧៥​ហិកតារ​នៅ​ភាគ​ខាងត្បូង​ប្រាសាទ​អង្គរវត្ត ដែល​មាន​ចម្ងាយ​ត្រឹមតែ ៥០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​តំបន់​២ ដែល​ជា​តំបន់​ក្រហម ក្នុង​តម្លៃ​ក្រោម ១​ដុល្លារ គឺ ០,៦០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង ១​ម៉ែត្រ​ការ៉េ ហើយ​តម្លៃ​ជួល​នេះ នឹង​កើន​ឡើង ៥​ភាគរយ​រៀងរាល់ ៥​ឆ្នាំ​ម្តង ប៉ុន្តែ​ការ​ជួល​នេះ​មិន​ត្រូវ​បាន​បង់​ថ្លៃ​ឈ្នួល​ទេ​ក្នុង​រយៈពេល ៧​ឆ្នាំ​ដំបូង ដោយ​គិត​ចាប់ពី​ពេល​ដែល​ចុះ​កិច្ចព្រមព្រៀង។

សេចក្តី​រាយការណ៍​នោះ​បញ្ជាក់​ថា ការ​វិនិយោគ​នេះ​មាន​គោលដៅ​ប្រែ​ក្លាយ​តំបន់​ប្រាសាទ​អង្គរវត្ត​ទៅ​ជា​វិស័យ​ទេសចរណ៍​មិន​មាន​ល្បែង ដែល​នឹង​ត្រូវ​ផ្សារភ្ជាប់​ជាមួយ​ទីក្រុង​ភ្នំពេញ ដោយ​ប្រែ​ក្លាយ​ទៅ​ជា​វិស័យ​ទេសចរណ៍​ល្បែង ដែល​ក្រុមហ៊ុន​ទាំង​ពីរ​ខាងលើ​នេះ​សម្រេច​ដាក់​ឈ្មោះ​ថា តំបន់​ទេសចរណ៍​ភ្លោះ​កម្ពុជា ដែល​គេ​រំពឹង​ថា នឹង​ក្លាយ​ជា​និមិត្តសញ្ញា​ទេសចរណ៍​ដ៏​ល្បីល្បាញ​របស់​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ។

ក្រុមហ៊ុន​ណាហ្គា​ខប (Naga Corp) បាន​បញ្ជាក់​ក្នុង​សេចក្តី​រាយការណ៍​របស់​ខ្លួន​ថា ក្រុមហ៊ុន​មាន​ចក្ខុវិស័យ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​ទីក្រុង​ភ្នំពេញ​ទៅ​ជា​តំបន់​ទេសចរណ៍​ល្បែង ដោយ​ពឹង​ផ្អែក​ទៅ​លើ​បនល្បែង​ស៊ីសង​ណាហ្គា​វើលដ៍ ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន ខណៈ​ខេត្ត​សៀមរាប នឹង​ត្រូវ​ប្រែ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​មិន​មាន​ល្បែង ដោយ​ពឹង​ផ្អែក​លើ​ប្រាសាទ​អង្គរវត្ត​ដែល​មាន​ឈ្មោះ​ថាAngkor Lake of Wonder ឬ​សួន​ទឹក​អង្គរ​អច្ឆរិយ ដែល​ត្រូវ​បាន​កសាង​ឡើង​នៅ​ទីនោះ ដើម្បី​ប្រែ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ភ្លោះ​ទាំង​ពីរ​នេះ​ឱ្យ​ទៅ​ជា​តំបន់​ទេសចរណ៍​លំដាប់​ពិភពលោក ក្នុង​ការ​ទាក់ទាញ​ឱ្យ​ភ្ញៀវ​បរទេស​មក​ចូល​លេង​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​ភាព​រីករាយ និង​បទពិសោធន៍​ពី​ភាព​ល្បីល្បាញ​នៃ​ប្រាសាទ​អង្គរវត្ត​ផង និង​បាន​ឃើញ​ពី​ការ​រីក​លូតលាស់​នៃ​អគារ​ដ៏​ស្កឹមស្កៃ និង​ទំនើប​នៃ​ក្រុមហ៊ុន​ល្បែងស៊ីសង​ណាហ្គា​ខប​ក្នុង​ទីក្រុង​ភ្នំពេញ​ផង​ដែរ។

ឯកសារ​សម្ងាត់​នោះ​បញ្ជាក់​ថា ក្រុមហ៊ុន​ទាំង​ពីរ​មាន​គម្រោង​អភិវឌ្ឍ​នូវ​វិធីសាស្ត្រ​ក្នុង​ការ​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ប្រទេស​កម្ពុជា តាម​មធ្យោបាយ​សម្បូរ​បែប ដែល​ក្រុមហ៊ុន​នឹង​កសាង​ជា​ផ្លូវ​គមនាគមន៍​ត​ភ្ជាប់​ពី​ខេត្ត​សៀមរាប ទៅ​ទីក្រុង​ភ្នំពេញ តាម​ផ្លូវ​អាកាស​ផង តាម​ដង​ទន្លេសាប​ភ្ជាប់​ទៅ​ទន្លេមេគង្គ​ផង និង​តាម​ផ្លូវគោក​ផង​ដែរ ហើយ​នឹង​ធ្វើ​ឱ្យ​តំបន់​ប្រាសាទ​បុរាណ​មួយ​នេះ និង​រាជធានី​ភ្នំពេញ កាន់តែ​នៅ​ជិត​គ្នា ហើយ​ក៏​កាន់តែ​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ចង់​ទៅ​មើល​ប្រាសាទ​អង្គរវត្ត និង​ចង់​ទៅ​ទស្សនា​រាជធានី​ភ្នំពេញ ដើម្បី​ទទួល​ការ​កម្សាន្ត​បែប​ទេសចរណ៍​ល្បែង​ដែល​មាន​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​រង់ចាំ​ទទួល​ស្វាគមន៍​នៅ​ទីនោះ។

សេចក្តី​រាយការណ៍​ខាង​ក្រុមហ៊ុន​ណាហ្គា​ខប (Naga Corp) អះអាង​ថា ភ្ញៀវ​ទេសចរ​នឹង​កាន់​តែ​មាន​ភាព​សប្បាយ​រីករាយ​តាមរយៈ​នៃ​ការ​ទស្សនា​សំណង់​បុរាណ​នៃ​ប្រាសាទ​អង្គរវត្ត​ផង និង​ទស្សនា​សួន​ទឹក​អង្គរ​អច្ឆរិយ​ផង ដែល​ជា​មធ្យោបាយ​ក្នុង​ការ​បង្កើន​ប្រាក់ចំណូល​ដល់​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​លើ​វិស័យ​មួយ​នេះ​ថែម​មួយ​កម្រិត​ទៀត។

ក្រុមហ៊ុន​ណាហ្គា​ខប (Naga Corp) បាន​រៀបរាប់​ថា ធាតុ​ផ្សំ​ដ៏​សំខាន់​របស់​សួន​ទឹក​អង្គរ​អច្ឆរិយ ដែល​ខ្លួន​នឹង​កសាង​ឡើង គឺ​មាន​ដូចជា សណ្ឋាគារ​ស្ថិត​នៅ​ចំ​កណ្តាល​ផ្ទៃដី ៧៥​ហិកតារ រំលេច​ពី​រចនាបថ​វប្បធម៌​ខ្មែរ​តែ​មួយ​គត់ ដែល​នៅ​ចំ​កណ្តាល​សួនច្បារ​រុក្ខសាស្ត្រ​វប្បធម៌​ដ៏​ខៀវស្រងាត់ និង​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ប្រឡាយ​បុរាណ​ដែល​មាន​ឈ្មោះ​ថា គ្រែន ខែនណល (Grand Canal) ជា​លក្ខណៈ​ពិសេស​តែ​មួយ​គត់ ដើម្បី​ឆ្លុះបញ្ចាំង​ពី​វប្បធម៌​នៃ​ការ​រស់នៅ​ជាមួយ​ធម្មជាតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

ក្រៅពី​សណ្ឋាគារ​ដែល​ពោរពេញ​ទៅ​ដោយ​រចនាបថ​វប្បធម៌​ខ្មែរ ក៏​មាន​ទីក្រុង​ចិន ក្នុង​ទឹកដី​ខេត្ត​សៀមរាប ផង​ដែរ ហៅថា Siem Reap China Town ដែល​មាន​ភោជនីយដ្ឋាន ហាង​ស្រា កន្លែង​កម្សាន្ត​សម្បូរ​បែប កន្លែង​ស្តាប់​តន្ត្រី ខណៈ​ការ​កម្សាន្ត​ពេល​រាត្រី​នឹង​រៀបចំ​ឱ្យ​មាន​ភាព​រស់​រវើក​តាម​ដងផ្លូវ ដែល​មាន​ការ​សម្ដែង​ផ្សេងៗ ដូចជា ក្រុម​សម្ដែង​កាយសម្ព័ន្ធ ក្រុម​សម្ដែង​សៀក​រហស្សកម្ម រួម​ទាំង​ការ​បង្ហាញ​ទឹក​ទិដ្ឋភាព​នៃ​ការ​បាញ់​ទឹក(Water Show) ដែល​មាន​ការ​រៀបចំ​កែច្នៃ​ជាច្រើន​ប្រភេទ​ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​មួយ​ចំនួន​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ពិត​មែន​តែ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​ល្បែង​ស៊ីសង​ណាហ្គា​ខប ឈរឈ្មោះ​ចុះ​កិច្ចព្រមព្រៀង​ជួល​ដី​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ពី​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​បន្ត​ដឹកនាំ​ដោយ​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ក៏ដោយ ប៉ុន្តែ​ធាតុ​ពិត​ជាក់ស្តែង កូនៗ​របស់​លោក ហ៊ុន សែន ដូចជា​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​នៅ​ពេលនេះ និង​អ្នកស្រី ហ៊ុន ម៉ាណា ជាដើម សុទ្ធតែ​មាន​ភាគហ៊ុន​ធំ​នៅ​ក្នុង​ការ​វិនិយោគ​ទាំងអស់​នេះ ព្រោះ​ថា​បើ​គ្មាន​ភាគហ៊ុន​ពី​ពួកគេ​ទេ លោក ហ៊ុន សែន ក៏​មិន​ប្រើ​វិធានការ​ក្នុង​នាម​រាជរដ្ឋាភិបាល និង​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​តំបន់​អង្គរ​ឱ្យ​ទៅ​រស់នៅ​កន្លែង​ផ្សេង​ដែរ។

គួរ​រំឭក​ថា ផែនការ​នាំ​ក្រុមហ៊ុន​ចិន​មក​បង្កើត​មហា​គម្រោង​អភិវឌ្ឍន៍​ជា​របៀប​បង្កើត​ទីក្រុង​ចិន China Town មាន​តាំង​ពី​ដើម​ទសវត្សរ៍​១៩៩០ តាមរយៈ​ការ​ស្នើ​ពី​ភាគី​ចិន មក​នាយករដ្ឋមន្ត្រី​ទី​១ នៃ​រាជរដ្ឋាភិបាល​មាន​នាយករដ្ឋមន្ត្រី​ពីរ​នាក់ គឺ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប៉ុន្តែ​មេ​គំនិត​គ្រា​នោះ​ជា​កូនប្រុស​របស់​មហា​បុរស​ចិន ដេង ស្ហាវភិង (Deng Xiaoping) ដែល​សម្លឹង​ចង់​ធ្វើ​ទីក្រុង​ចិន ក្នុង​ខេត្ត​កណ្តាល ហើយ​នាំ​ពលរដ្ឋ​ចិន ចេញ​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាងតិច​មួយ​លាន​នាក់។ គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​នាយករដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន បាន​ជំទាស់​ដាច់អហង្ការ​គ្រា​នោះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ជួល​ដី​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​ល្បែង​ស៊ីសង​ណាហ្គា​ខប ដើម្បី​ធ្វើការ​អភិវឌ្ឍ​នៅ​ពេលនេះ គេ​នៅ​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​បន្ត​មក​លោក ហ៊ុន ម៉ាណែត ផ្សព្វផ្សាយ​ពី​ការ​ជួល​តំបន់​ប្រាសាទ​បុរាណ​មួយ​នេះ​ជា​សាធារណៈ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ឮ​នៅឡើយ​ទេ ព្រោះ​ថា​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់​ដឹង​នោះ គឺ​ថា តើ​ក្រុមហ៊ុន​ឯកជន​ជាក់លាក់​មួយ​ណា​បាន​ជួល​តំបន់​នេះ ហើយ​ជួល​ក្នុង​តម្លៃ​ប៉ុន្មាន ទីតាំង​ដី​ជួល​នោះ​ស្ថិត​ក្នុង​ចំណុច​ណា​នៃ​តំបន់​ប្រាសាទ​អង្គរវត្ត និង​កិច្ចសន្យា​ជួល​នោះ​មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ ជាដើម។

ក្រៅពី​នេះ​ទៀត នៅ​ពេល​ដែល​រដ្ឋាភិបាល​សម្រេច​ជួល​ដី​ក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​ឱ្យ​ក្រុមហ៊ុន​ឯកជន​បែប​នេះ ក៏​ត្រូវ​តែ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ពី​ផល​ប៉ះពាល់​ទៅ​លើ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ដែរ ដើម្បី​ឱ្យ​ដឹង​ថា តើ​ក្រុមហ៊ុន​ឯកជន​ទាំងនោះ​បាន​ផ្តល់​ដំណោះស្រាយ ដូចជា សំណង ជាដើម ថា​មាន​ដូចម្តេច​ខ្លះ​ចំពោះ​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ ប៉ុន្តែ​រដ្ឋាភិបាល​បែរ​ជា​រក្សា​គម្រោង​អភិវឌ្ឍន៍​នេះ​ជា​សម្ងាត់​រហូត​ដល់​ពេលនេះ​ទៅ​វិញ។

រូបភាព​នៃ​ព្រលាន​យន្តហោះ​របស់​ក្រុមហ៊ុន​ចិន Union Development Group (UDG) ក្នុង​ខេត្ត កោះកុង។ (រូបថត​វីអូអេ)

ក្រៅពី​ការ​ធ្វើ​សម្បទាន​ដី​រាប់​ម៉ឺន​ហិកតារ លក់​រ៉ែ​នៅ​តំបន់​ភ្នំ កាប់​បំផ្លាញ​ព្រៃឈើ​រាប់​លាន​ហិកតារ និង​ការ​កាត់​ទឹកដី​នៅ​តាម​បណ្តោយ​ព្រំដែន​តាម​កិច្ចព្រមព្រៀង​ខុស​ច្បាប់​ឲ្យ​បរទេស​ជិតខាង​រាប់​មិន​អស់​នោះ លោក ហ៊ុន សែន ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​ជួល​ដី​ក្នុង​តំបន់​អភិរក្ស ឧទ្យាន​ជាតិ និង​ដី​សាធារណៈ​របស់​រដ្ឋ​នានា ឱ្យ​ទៅ​ក្រុមហ៊ុន​បរទេស​ជា​ហូរហែ​ដោយ​គ្មាន​តម្លាភាព​ថែម​ទៀត ដូចជា ការ​ជួល​ដី​ឧទ្យាន​ជាតិ​បុទុមសាគរ​ក្នុង​ខេត្ត​កោះកុង ឱ្យ​ទៅ​ក្រុមហ៊ុន​ចិន Union Development Group (UDG) ក្នុង​ទំហំ​ដី ៣​ម៉ឺន ៦​ពាន់​ហិកតារ (៣៦០០០​ហិកតារ) រយៈពេល ៩៩​ឆ្នាំ និង​ការ​ចុះ​កិច្ចព្រមព្រៀង​ឱ្យ​ក្រុមហ៊ុន​ចិន កាន់កាប់​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្ត​សៀមរាប រយៈពេល ៥៥​ឆ្នាំ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​នូវ​ការ​ខ្ចី​បំណុល​ពី​រដ្ឋាភិបាល​ចិន ដោយ​គ្មាន​តម្លាភាព​បន្ត​ទៀត និង​ការ​ទទួល​បាន​នូវ​ការ​ជួយ​ជ្រោមជ្រែង​អំណាច​លោក ហ៊ុន ម៉ាណែត ពី​រដ្ឋាភិបាល​ចិន ទៅ​ថ្ងៃ​មុខ ជាដើម។ នេះ​គេ​មិន​ទាន់​គិត​ដល់​រឿង​បាត់​ទឹកដី​សន្ធឹកសន្ធាប់​ទៅ​ប្រទេស​យៀកណាម​ផង។

ចំណែក​ឯ​ក្រុម​អ្នកវិភាគ​ដាក់​ការ​សង្ស័យ​ថា ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​តំបន់​អង្គរ ឱ្យ​ទៅ​រស់នៅ​ឃុំ​រុនតាឯក ស្រុក​បន្ទាយស្រី និង​នៅ​ឃុំ​ពាក់ស្នែង ស្រុក​អង្គរធំ កាលពី​ចុង​ឆ្នាំ​២០២២ កន្លង​ទៅ ទំនង​ជា​លោក ហ៊ុន សែន ធ្វើឡើង​ក្នុង​ចេតនា​បោស​សម្អាត​ប្រជាពលរដ្ឋ​ទាំងនោះ​ជំនួស​ក្រុមហ៊ុន​ប៉ុណ្ណោះ។ បើ​ដូច្នេះ​មែន គឺ​លោក ហ៊ុន សែន និង​បក្ខពួក​តែប៉ុណ្ណោះ​ដែល​បណ្តោយ​ខ្លួន​ឲ្យ​ចិន ប្រើ​ដៃ​ធ្វើ​បាប​ខ្មែរ។

ប្រភព​ដដែល​លើកឡើង​ថា ការ​ធ្វើ​បែប​នេះ គឺ​មាន​ផល​ប្រយោជន៍​ចំពោះ​ក្រុមហ៊ុន​ទាំងនោះ​យ៉ាង​ខ្លាំង ដូចជា អាច​បញ្ចៀស​បាន​នូវ​ការ​ដោះស្រាយ​សំណង​ធ្ងន់ធ្ងរ​រវាង​ក្រុមហ៊ុន​ឯកជន​នោះ​ដោយ​ផ្ទាល់​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​រង​នូវ​ផល​ប៉ះពាល់​ពី​គម្រោង​នេះ​ផង ហើយ​ក៏​ដើម្បី​បញ្ចៀស​ប្រតិកម្ម​តវ៉ា​ពី​ប្រជាពលរដ្ឋ​ផង​ដែរ។

លើស​ពី​នេះ​ទៀត ក៏​ជា​វិធីសាស្ត្រ​អាច​រក្សា​ការណ៍​សម្ងាត់​នូវ​គម្រោង​ជួល​ដី​ក្នុង​តំបន់​នេះ​បាន​ជិត​ល្អ​ថែម​ទៀត។ ការ​ព្យាយាម​បញ្ចៀស​ប្រតិកម្ម​ពី​ពលរដ្ឋ​នោះ ពីព្រោះ​មាន​ឧទាហរណ៍​នៅ​ប្រទេស​ភូមា និង​ប្រទេស​ឥណ្ឌូនេស៊ី រួច​ទៅ​ហើយ ដែល​ពលរដ្ឋ​គេ​បាន​ងើប​តវ៉ា​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ចិន ក្នុង​តំបន់​គេ​រស់នៅ​ជាមួយ​នឹង​ធម្មជាតិ។

នៅ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ប្រើ​ឋានៈ​នាយករដ្ឋមន្ត្រី​ប្រកាស​ថា ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​តំបន់​អង្គរ ឱ្យ​ទៅ​រស់នៅ​តំបន់​រុនតាឯក នេះ គឺ​ដើម្បី​កុំ​ឱ្យ​ប្រាសាទ​អង្គរ​ត្រូវ​គេ​ដក​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​ការពារ​ដោយ​អង្គការ​យូណេស្កូ​ប៉ុណ្ណោះ ខណៈ​ប្រជាពលរដ្ឋ​មិន​មាន​ការ​តវ៉ា​នោះ​ទេ ដោយ​ផ្អែក​ថា នេះ​គឺជា​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល។

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា។

ចាប់តាំងពី​ចុង​ឆ្នាំ​២០២២ មក លោក ហ៊ុន សែន បាន​ចាត់​វិធានការ​ជា​បន្តបន្ទាប់​ក្នុង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​តំបន់​អង្គរ ដោយ​ការ​សម្របសម្រួល​ផ្តល់​សំណង​បន្តិចបន្តួច ដូចជា ការ​ផ្តល់​ដី​ថ្មី​ទំហំ ២០​ម៉ែត្រ​គុណ​នឹង ៣០​ម៉ែត្រ ឱ្យ​ទៅ​ប្រជាពលរដ្ឋ​ដែល​ព្រម​ចាកចេញ​ជាដើម ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ប្រើ​ដំណោះស្រាយ​ផ្តល់​សំណង​នេះ លោក ហ៊ុន សែន ក៏​បាន​គំរាម​ដែរ​ថា បើ​ពលរដ្ឋ​ណា​មិន​ទទួល​យក​ការ​សម្របសម្រួល​ពី​រដ្ឋាភិបាល លោក​នឹង​ប្រើ​កងកម្លាំង​ប្រដាប់​អាវុធ​បណ្តេញ​ពួកគេ​ចេញពី​លំនៅឋាន​ដោយ​មិន​ផ្តល់​សំណង​អ្វី​ទាំងអស់។ ភាសា​ហ្នឹង ខ្មែរ​ធ្លាប់​ឮ​ក្នុង​សម័យ​ខ្មែរក្រហម​ក្រោយ​ថ្ងៃ​ជ័យជម្នះ​នៃ​ពួក​ទ័ព​ព្រៃ​កុម្មុយនីស្ត។

ដោយសារតែ​ចាញ់​បញ្ឆោត​នោះ ប្រជាពលរដ្ឋ​ដែល​មិន​ចង់​ទៅ​រស់នៅ​ទីតាំង​ថ្មី ក៏​បាន​សម្រេច​ចិត្ត​ចាកចេញ​ទាំង​បង្ខំ ទោះជា​ការ​ផ្តល់​សំណង​នោះ​បាន​ត្រឹមតែ​បន្តិចបន្តួច បើ​ប្រៀបធៀប​នឹង​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​ត្រូវ​បាត់បង់​នៅ​ពេល​ចាកចេញ​នោះ​ក៏ដោយ។

មុន​នឹង​ឈាន​ដល់​ការ​ប្រើ​វិធានការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​ជា​ផ្លូវការ អាជ្ញាធរ​មូលដ្ឋាន​បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​ជា​ប្រចាំ ដូចជា ការ​ចុះ​ទៅ​រុះរើ​ផ្ទះសម្បែង ផ្តួល​រំលំ​ផ្ទះ​ដែល​ម្ចាស់​មិន​នៅ ហាមឃាត់​ការ​សាងសង់​សំណង់​ថ្មី និង​វាយ​កម្ទេច​រាល់​សំណង់​ថ្មី​ទាំងអស់​ជា​បន្តបន្ទាប់ ខណៈ​ដំណាំ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ដាំ​ដុះ​នៅ​ក្នុង​ទីតាំង​ដី​របស់​ខ្លួន ក៏​ត្រូវ​អាជ្ញាធរ​អប្សរា​កាប់​បំផ្លាញ​ចោល​ដែរ រាល់​ពេល​ដែល​អាជ្ញាធរ​ទាំងនោះ​ចុះ​ទៅ​ម្តងៗ។

ជាក់ស្តែង ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ព្រៃគុយ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប ធ្លាប់​បាន​ត្អូញត្អែរ​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា អាជ្ញាធរ​អប្សរា​តែងតែ​ចុះ​ទៅ​រារាំង​ការ​សង់​សំណង់​ថ្មី និង​ការ​ដាំ​ដំណាំ​ក្នុង​ដី​របស់​ពួកគេ​ជា​ប្រចាំ។ ពេល​ខ្លះ ប្រជាពលរដ្ឋ​ខ្លះ​ដែល​បាន​ធ្វើ​ការ​តវ៉ា​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​អប្សរា​នេះ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ទៀត​ផង។

ប្រភព​ប្រជាពលរដ្ឋ​ដដែល បញ្ជាក់​ថា អំឡុង​ពេល​ដែរ​ម្ចាស់​ដី​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន ស្រាប់តែ​ដី​របស់​ពួកគេ​ត្រូវ​អាជ្ញាធរ​អប្សរា​ធ្វើ​របង​ថ្ម​ព័ទ្ធ​ជុំវិញ ហើយ​ដាក់​ផ្លាក​ជួល​ទៅវិញ ហើយ​រហូត​ដល់​ពេលនេះ ម្ចាស់​ដី​ទាំងនោះ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅឡើយ។

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា (រូប​កណ្ដាល) ចុះ​ពិនិត្យ​មន្ត្រី​បច្ចេកទេស​វាស់វែង​កំណត់​និយាមកា​ក្បាលដី និង​អត្តសញ្ញាណ​អ្នក​កាន់កាប់​ដី និង​សំណង់​ខុស​ច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២២។

នៅ​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ អតីត​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​ព្រមាន​ថា ប្រជាពលរដ្ឋ​ដែល​សង់​សំណង់​ខុស​ច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​ស្រុក​ទាំង ៥ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ការពារ ដូចជា ក្រុង​សៀមរាប ស្រុក​ប្រាសាទបាគង ស្រុក​បន្ទាយស្រី ស្រុក​អង្គរធំ និង​ស្រុក​ពួក ត្រូវតែ​ប្រញាប់​រុះរើ​សំណង់​ដែល​បាន​សាងសង់​ដោយ​ខ្លួនឯង​ជាបន្ទាន់ មុន​នឹង​កម្លាំង​អាជ្ញាធរ​ចុះ​ទៅ​រុះរើ​ដោយ​ផ្ទាល់។

ទោះជា​យ៉ាងណាក៏ដោយ អ្នក​នាំពាក្យ​អង្គការ​យូណេស្កូ ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា អង្គការ​យូណេស្កូ និង​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក មិន​ពាក់ព័ន្ធ​នឹង​កម្មវិធី​ផ្លាស់​ទីលំនៅ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ទេ ព្រោះ​ថា​ខ្លួន​មិន​បាន​ស្នើ​ទៅ​អាជ្ញាធរ​ប្រទេស​កម្ពុជា ឱ្យ​ធ្វើការ​ផ្លាស់​ទីលំនៅ​ប្រជាពលរដ្ឋ​ទាំងនោះ​ឡើយ។

កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ អង្គការ​យូណេស្កូ បាន​ស្នើ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​គ្រប់គ្រង​លើ​អាជ្ញាធរ​ជាតិ​អប្សរា ឲ្យ​ផ្ដល់​ព័ត៌មាន​លើ​បញ្ហា​ផ្លាស់​ទីលំនៅ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​អង្គរ មក​ឱ្យ​ខ្លួន​បន្ថែម​ទៀត ដើម្បី​ឱ្យ​ពួកគេ​យក​ព័ត៌មាន​ពាក់ព័ន្ធ​ទាំងនោះ ដូចជា សេចក្តី​រាយការណ៍​ពី​រដ្ឋាភិបាល ជាដើម ផ្ដល់​ជូន​ទៅ​កាន់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​តំណាង​ឲ្យ​ប្រទេស​ទាំង ២១ ពិនិត្យ និង​វាយតម្លៃ​ក្នុង​កិច្ចប្រជុំ​របស់​ខ្លួន​លើ​ស្ថានភាព​ជាក់ស្ដែង​នៅ​ឧទ្យាន​អង្គរ នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២៣។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ក៏​បាន​ស្នើ​ទៅ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៣ ផង​ដែរ ដោយ​ជំរុញ​ឱ្យ​ពិនិត្យ និង​ស្រាវជ្រាវ​ករណី​ដែល​រាជរដ្ឋាភិបាល​បាន​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ទាំង​បង្ខំ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ ដែល​ធ្វើឡើង​ក្រោម​លេស​ថា ដើម្បី​អភិរក្ស​បន្ទាប់ពី​អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​បញ្ជូន​លទ្ធផល​ស្រាវជ្រាវ​បឋម​ទៅ​អង្គការ​យូណេស្កូ (UNESCO) មុន​សម័យ​ប្រជុំ​នៅ​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ។

លោក Monster Ferrer អនុប្រធាន​ប្រចាំ​តំបន់​នៃ​អង្គការ​លើកលែង​ទោស​អន្តរជាតិ បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៣ ថា យោង​តាម​សេចក្តី​រាយការណ៍​ដែល​ខ្លួន​បាន​ចងក្រង គឺ​បាន​រក​ឃើញ​ថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​បន្ត​បណ្ដេញ​ពលរដ្ឋ​ចំនួន ១​ម៉ឺន​គ្រួសារ​ដែល​រស់នៅ​ជុំវិញ​ប្រាសាទ​អង្គរវត្ត ចេញ​ទាំង​បង្ខំ ក្រោម​លេស​ថា​ដើម្បី​អភិរក្ស។ ដូច្នេះ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​នាម​ជា​អ្នក​អភិរក្ស មិន​ត្រូវ​ព្រងើយ​កន្តើយ​ចំពោះ​ការ​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ទាំង​បង្ខំ​នៅ​តំបន់​ជុំវិញ​ប្រាសាទ​អង្គរវត្ត​នេះ​ទេ។

លោក Ferrer អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​មិន​បាន​បង្ហាញ និង​ផ្តល់​ភាព​ច្បាស់លាស់​ថា អ្នក​ណា​មាន​សិទ្ធិ​រស់នៅ​ដោយ​ស្រប​ច្បាប់​ឡើយ ដំណាល​ពេល​ដែល​មាន​មនុស្ស​ជាច្រើន​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ ទោះបីជា​គ្រួសារ​របស់​ពួកគេ​រស់នៅ​ជុំវិញ​ប្រាសាទ​អង្គរ​អស់​ជាច្រើន​ជំនាន់​មក​ហើយ​ក្តី។

អង្គការ​លើកលែង​ទោស​អន្តរជាតិ ក៏​បាន​ចងក្រង​ឯកសារ​អំពី​ស្ថានភាព​ក្រីក្រ​របស់​ពលរដ្ឋ​ដែល​ទៅ​តាំង​ទីលំនៅ​ថ្មី​ផង​ដែរ ដែល​គេ​រក​ឃើញ​ថា ពលរដ្ឋ​ដែល​ទៅ​តាំង​ទីលំនៅ​ថ្មី​នោះ មិន​មាន​លំនៅឋាន ឬ​បង្គន់​អនាម័យ​នៅឡើយ​ទេ ហើយ​ពួកគេ​ត្រូវ​សាងសង់​ផ្ទះ​ដោយ​ផ្ទាល់​ខ្លួន​ថែម​ទៀត។

យោង​តាម​ច្បាប់​អាជ្ញាធរ​អប្សរា បាន​ចែង​ថា តំបន់​ការពារ​ដូចជា​តំបន់​រមណីយដ្ឋាន​អង្គរ ឬ​តំបន់​បុរាណៗ​នានា ត្រូវតែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ត្រូវ​ចាត់ទុក​ជា​ដី​អប្សរា ហើយ​ដី​ទាំងនេះ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​មាន​ការ​ទិញ​លក់ ឬ​សាងសង់​សំណង់​ថ្មី​ដាច់ខាត លើកលែងតែ​ករណី​ចាំបាច់​មួយ​ចំនួន​ប៉ុណ្ណោះ។

ដី​អប្សរា​ចែក​ចេញ​ជា ៥​តំបន់ ក្នុង​នោះ តំបន់​១ និង​តំបន់​២ គឺជា​តំបន់​ក្រហម ដែល​មិន​អនុញ្ញាត​ឱ្យ​ប៉ះពាល់​ដាច់ខាត ហើយ​ក្នុង​តំបន់​ទាំង ៥ នេះ មាន​ឧទ្យាន​ចំនួន​៣ គឺ​ឧទ្យាន​បន្ទាយស្រី​ទំហំ ២០​គីឡូម៉ែត្រ​ក្រឡា ឧទ្យាន​កណ្តាល​ទំហំ ៣៥១​គីឡូម៉ែត្រ​ក្រឡា និង​ឧទ្យាន​រលួស មាន​ទំហំ ៣០​គីឡូម៉ែត្រ​ក្រឡា ដែល​គិត​ជា​សរុប គឺ​មាន​ទំហំ ៤០១​គីឡូម៉ែត្រ​ក្រឡា ដែល​ត្រូវ​បាន​កំណត់​ជា​ទំហំ​ដី​នៃ​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​១៩៩៤ កន្លង​ទៅ។ តំបន់​រមណីយដ្ឋាន​អង្គរ​នេះ បាន​គ្របដណ្ដប់​លើ​ស្រុក-ក្រុង​ចំនួន​៥ ឃុំ-សង្កាត់​ចំនួន​២២ និង​គ្របដណ្ដប់​លើ​ភូមិ​ចំនួន ១១២​ភូមិ​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​ដែល​បាន​ជម្លៀស​ចេញពី​តំបន់​អង្គរ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ពេល​ថ្មីៗ​នេះ​ដោយ​ត្អូញត្អែរ​ថា ទីតាំង​លំនៅឋាន​របស់​ពួកគាត់​មិន​ធំ ហើយ​ក៏​មិន​ខ្ពស់​ដូច​សណ្ឋាគារ​សុខា ដែល​ស្ថិត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​នោះ​ទេ ចុះ​ហេតុ​អ្វី​បាន​ជា​អាជ្ញាធរ​ឱ្យ​សណ្ឋាគារ​នេះ​សាងសង់​ក្នុង​ទ្រង់ទ្រាយ​ធំ​បាន ខណៈ​លំនៅឋាន​របស់​ពួកគាត់​ត្រូវ​ធ្វើ​ការ​ផ្លាស់ប្ដូរ និង​រុះរើ​ទៅ​កន្លែង​ផ្សេង​ទៅវិញ?

ឧកញ៉ា សុខ គង់

សណ្ឋាគារ សុខា ដែល​មាន​កម្ពស់ ៣​ជាន់ ក្នុង​ទំហំ​ផ្ទៃដី ២៣​ហិកតារ គឺ​បាន​ជួល​ដី​ពី​អាជ្ញាធរ​អប្សរា​មាន​ចម្ងាយ​មិន​ដល់ ១០​គីឡូម៉ែត្រ​ពី​ប្រាសាទ​អង្គរ​នោះ​ទេ ត្រូវ​បាន​កសាង​ឡើង​ដោយ​ឧកញ៉ា សុខ គង់ កាលពី​ដើម​ខែ​តុលា ឆ្នាំ​២០១៧ ប៉ុន្តែ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ម្តុំ​សណ្ឋាគារ​នេះ និង​មាន​ចម្ងាយ​ឆ្ងាយ​ជាង​សណ្ឋាគារ​នេះ ត្រូវ​បាន​អាជ្ញាធរ​អប្សរា​បណ្តេញ​ចេញ និង​បង្ខំ​ឲ្យ​រុះរើ​ទៅ​រស់នៅ​ទីតាំង​ផ្សេង ក្រោម​លេស​ថា ដើម្បី​ការពារ​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

ជុំវិញ​បញ្ហា​នេះ ក្រុម​សកម្មជន​បរិស្ថាន​បាន​បញ្ចេញ​សេចក្តី​រាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​ពី​សំណាក់​រាជរដ្ឋាភិបាល គឺ​ធ្វើ​ឡើង​ក្នុង​បំណង​យក​ដី​នៅ​តំបន់​នេះ ទៅ​ជួល​ឱ្យ​ក្រុមហ៊ុន​ឯកជន​តែប៉ុណ្ណោះ ហើយ​រាជរដ្ឋាភិបាល​ក៏​មិន​បាន​សិក្សា​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់​ទៅ​លើ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​ដែរ។ ជាង​នេះ​ទៀត រដ្ឋាភិបាល​ក៏​មិន​បាន​សិក្សា​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ប្រជាពលរដ្ឋ ថា​តើ​ពួកគេ​យល់ព្រម​ចាកចេញ ឬ​ក៏​អត់​នោះ​ទេ គឺ​រដ្ឋាភិបាល​សម្រេច​ជម្លៀស​ពួកគេ​ចេញ​ទាំង​បង្ខំ​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ។

សេចក្តី​រាយការណ៍​នោះ​អះអាង​ថា គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០២៣ ចំនួន​ប្រជាជន​ដែល​ត្រូវ​ជម្លៀស​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ប្រមាណ​ជាង ២​ម៉ឺន​គ្រួសារ ហើយ​ដោយ​ទទួល​បាន​សំណង​បន្តិចបន្តួច​តែប៉ុណ្ណោះ ក្នុង​នោះ ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​មិន​បាន​ដឹង​ពី​គោលបំណង​ពិតប្រាកដ​របស់​រដ្ឋាភិបាល​នោះ​ទេ គ្រាន់តែ​ដឹង​តាមរយៈ​នៃ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ ដែល​ថា​ដើម្បី​កុំ​ឱ្យ​គេ​ដក​ប្រាសាទ​អង្គរវត្ត​ចេញពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក បើ​នៅតែ​បន្ត​ឱ្យ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ​ទៀត។

ក្រុម​សកម្មជន​បរិស្ថាន លើកឡើង​ថា ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​អង្គរ​មាន​ពីរ​ប្រភេទ គឺ​ពលរដ្ឋ​ចាស់។ មាន​ន័យ​ថា ពលរដ្ឋ​ដែល​បាន​តាំង​លំនៅឋាន​មុន​អាជ្ញាធរ​អប្សរា​ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ​១៩៩៥ ដែល​គេ​ចាត់ទុក​ថា​ជា​ពលរដ្ឋ​រស់នៅ​ដោយ​ស្រប​ច្បាប់។ ចំណែកឯ​ពលរដ្ឋ​ថ្មី គឺជា​ពលរដ្ឋ​ដែល​មក​តាំង​ទីលំនៅ​ក្រោយ​អាជ្ញាធរ​អប្សរា​បាន​បង្កើត​ឡើង ដែល​ពលរដ្ឋ​ទាំងនេះ​ត្រូវ​គេ​ចាត់ទុក​ថា​ជា​ពលរដ្ឋ​រស់នៅ​ដោយ​ខុស​ច្បាប់។

ប្រភព​ដដែល​លើកឡើង​ថា ទោះ​ជា​ពលរដ្ឋ​មក​រស់នៅ​ថ្មី​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ខុស​ច្បាប់​ក៏ដោយ ក៏​មិន​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ដោយ​បំពាន​នឹង​ច្បាប់​ដែរ ត្បិត​កន្លង​មក ពួកគាត់​មិន​បាន​ដឹង​ថា​តំបន់​អង្គរ​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​ទៅ​ជា​តំបន់​ការពារ​នោះ​ទេ ខណៈ​អាជ្ញាធរ​តែងតែ​ធ្វើ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ទទួលស្គាល់​អចលនទ្រព្យ​របស់​ពួកគាត់​រាល់​ពេល​ទិញ​លក់​ថែម​ទៀត។ ដូច្នេះ កំហុស​ទាំងនេះ​គឺជា​កំហុស​របស់​អាជ្ញាធរ​មូលដ្ឋាន និង​ជា​កំហុស​របស់​រដ្ឋាភិបាល​តែប៉ុណ្ណោះ។

ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាជ្ញាធរ​អប្សរា​ចាប់ផ្តើម​ប្រកាស​ទប់ស្កាត់​ការ​ទិញ​លក់​ដី​នៅ​ក្នុង​តំបន់​នេះ​ដែរ តែ​គ្មាន​ប្រសិទ្ធភាព​ឡើយ ដោយសារតែ​អាជ្ញាធរ​ភូមិ-ឃុំ​នៅតែ​បន្ត​ចេញ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ឱ្យ​ពលរដ្ឋ​ទិញ​លក់​ទាំងនោះ​ដដែល។

សេចក្តី​រាយការណ៍​ដដែល​នោះ​រក​ឃើញ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ដឹង​ថា ដី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ គឺ​មិន​អាច​ទិញ​លក់​បាន​ទេ ប៉ុន្តែ​ដោយសារ​តម្រូវការ​ក្នុង​ការ​រស់នៅ និង​មាន​ការ​យល់ព្រម​ពី​អាជ្ញាធរ​មូលដ្ឋាន ស្រប​គ្នា​នឹង​ដី​នៅ​តំបន់​នោះ​មាន​តម្លៃ​ថោក​ផង ពួកគេ​ក៏​នៅតែ​បន្ត​ទិញ​ដី​នៅ​តំបន់​នោះ​ដដែល ដើម្បី​សម្រួល​ដល់​ការ​រស់នៅ​របស់​ពួកគាត់​បន្ត​ទៀត។

ក្រុម​សកម្មជន​បរិស្ថាន​ទាំងនោះ​ត្អូញត្អែរ​ថា ជា​រឿង​អកុសល​បំផុត​នៅ​ពេល​ដែល​លោក ហ៊ុន សែន ប្រកាស​ជម្លៀស​ពលរដ្ឋ​ទាំងនោះ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ រដ្ឋាភិបាល​មិន​បាន​បែងចែក​ពលរដ្ឋ​ចាស់ ឬ​ពលរដ្ឋ​ថ្មី​នោះ​ទេ គឺ​លោក ហ៊ុន សែន ចាត់ទុក​ពលរដ្ឋ​ទាំង​ចាស់​ទាំង​ថ្មី​ថា​ជា​ពលរដ្ឋ​រស់នៅ​ដោយ​ខុស​ច្បាប់​ទាំងអស់។

សកម្មភាព​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​រុះរើ​សំណង់​ខុស​ច្បាប់​ក្នុង​រមណីយដ្ឋាន​អង្គរ​នា​ពេល​កន្លងទៅ។

ចំណែក​ឯ​ពលរដ្ឋ​ថ្មី​ដែល​មាន​ជីវភាព​ក្រីក្រ​គ្មាន​មុខរបរ​ពិតប្រាកដ ដោយសារតែ​ពួកគេ​ទើប​នឹង​ផ្លាស់​ទី​មក​រស់នៅ​ក្នុង​តំបន់​អង្គរ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​យល់ព្រម​ចាកចេញ​ដោយ​គ្មាន​ប្រកែក​ឡើយ​នោះ គឺ​ព្រោះតែ​សំណង​ដែល​រដ្ឋាភិបាល​ផ្តល់​ឱ្យ ដូចជា ដី​ទំហំ ២០​ម៉ែត្រ​គុណ​នឹង ៣០​ម៉ែត្រ ថវិកា​ជាង ១​លាន ៤​សែន​រៀល ប័ណ្ណ​ក្រីក្រ និង​ស័ង្កសី​សម្រាប់​ប្រក់​ធ្វើ​ដំបូល​ផ្ទះ ជាដើម មាន​ចំនួន​ប្រហាក់ប្រហែល​នឹង​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​មាន ដូច្នេះ​ពួកគេ​ក៏​សុខចិត្ត​ចាកចេញ​ពី​លំនៅឋាន​ចាស់​ទៅ​រស់នៅ​ទីតាំង​ថ្មី​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​តែម្តង​ទៅ។

ដោយឡែក​ក្រុម​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ ឱ្យ​ទៅ​រស់នៅ​ឃុំ​រុនតាឯក ស្រុក​បន្ទាយស្រី និង​ឃុំ​ពាក់ស្នែង ស្រុក​អង្គរធំ ក្រោម​វិធានការ​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន មិន​ត្រឹមតែ​មិន​បាន​ផ្តល់​សំណង​សមស្រប​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ទេ ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រាប់​ក្នុង​ឃុំ​រុនតាឯក និង​ឃុំ​ពាក់ស្នែង ថែម​ទៀត។

ប្រភព​ដដែល​លើកឡើង​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រាប់​ក្នុង​ឃុំ​រុនតាឯក និង​ឃុំ​ពាក់ស្នែង ត្រូវ​បាន​អាជ្ញាធរ​ដក​ហូត​ដី​ដែល​ពួកគាត់​បាន​កាន់កាប់​អាស្រ័យ​ផល​រាប់​សិប​ឆ្នាំ​កន្លង​មក ទុក​ជា​ដី​សម្រាប់​សម្របសម្រួល​ដោះដូរ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ជម្លៀស​ចេញពី​តំបន់​អង្គរ ខណៈ​ម្ចាស់​ដី​ដែល​ត្រូវ​អាជ្ញាធរ​ដកហូត​ក្នុង​ឃុំ​ទាំង​ពីរ​នេះ ក៏​នឹង​ទទួល​សំណង​ត្រឡប់​វិញ​ដែរ ប៉ុន្តែ​ការ​ផ្តល់​សំណង​នោះ​បាន​បន្តិចបន្តួច​តែប៉ុណ្ណោះ។

អ្នក​ភូមិ​សម្អាត​សម្លៀកបំពាក់​នៅ​តំបន់​រុនតាឯក ខេត្ត​សៀមរាប កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣។ (Amnesty International)

ក្នុង​សេចក្តី​រាយការណ៍​ស៊ើបអង្កេត​ពី​សមាគម​អ្នក​សារព័ត៌មាន​ខ្មែរ ខេមបូចា គេ​បាន​រក​ឃើញ​ថា គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​មួយ​ក្នុង​ចំណោម​គ្រួសារ​រង​ផល​ប៉ះពាល់​ជាច្រើន​ផ្សេង​ទៀត​ដែល​រស់នៅ​ក្នុង​ឃុំ​ពាក់ស្នែង អះអាង​ថា រូបគេ​បាន​បាត់បង់​ដី​ទំហំ ១​ហិកតារ​កន្លះ (១៥០០០​ម៉ែត្រក្រឡា) ដោយសារតែ​អាជ្ញាធរ​បាន​ដកហូត ប៉ុន្តែ​អាជ្ញាធរ​បាន​សម្របសម្រួល​ផ្តល់​សំណង​ឱ្យ​គ្រួសារ​របស់​គេ​វិញ​ត្រឹមតែ ៣​អា ដែល​ស្មើ​នឹង ៣០០០​ម៉ែត្រក្រឡា​ប៉ុណ្ណោះ ខណៈ​ដី​ដែល​ផ្តល់​ជា​សំណង​នោះ រូបគេ​ក៏​មិន​ដឹង​ថា​ស្ថិត​នៅ​ទីតាំង​ណា​ដែរ។ បន្ថែម​លើ​នេះ​ទៀត ឯកសារ​កាន់កាប់​ដី​ដែល​អាជ្ញាធរ​ផ្តល់​ជា​សំណង​ទាំងនោះ ក៏​មិន​ទាន់​បាន​ចុះ​កាលបរិច្ឆេទ​បញ្ជាក់​នៅឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ សេចក្តី​រាយការណ៍​ពី​សាលាឃុំ​រុនតាឯក បាន​បង្ហាញ​កាលពី​ពេល​កន្លង​ទៅ​ថា ឃុំ​នេះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ស្រាប់​ចំនួន​ជាង ២៥០០​គ្រួសារ (២៥៣០​គ្រួសារ) និង​អ្នក​ចំណូល​ថ្មី​ដែល​បាន​ជម្លៀស​ពី​តំបន់​អង្គរ​មាន​ចំនួន​ជិត ៤៧០០​គ្រួសារ (៤៦៧៨​គ្រួសារ) ខណៈ​គម្រោង​របស់​រដ្ឋាភិបាល នឹង​ជម្លៀស​ពលរដ្ឋ​ពី​តំបន់​អង្គរ​ទៅ​រស់នៅ​ឃុំ​នេះ​មាន​ចំនួន ២​ពាន់​គ្រួសារ​បន្ថែម​ទៀត ឱ្យ​គ្រប់​ចំនួន​អ្នក​ចំណូល​ថ្មី​ដែល​គ្រោងទុក​ជាង ៦​ពាន់​គ្រួសារ​នោះ។

ដោយឡែក​សេចក្តី​រាយការណ៍​ពី​ឃុំ​ពាក់ស្នែង មិន​ទាន់​មាន​ការ​ផ្សព្វផ្សាយ​ពី​ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ជម្លៀស​ពី​តំបន់​អង្គរ ឱ្យ​ទៅ​រស់នៅ​ទីនោះ​ថា​មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ។

ប្រជាពលរដ្ឋ​ដែល​បាន​ផ្លាស់​ទីលំនៅ​ពី​តំបន់​អង្គរ ទៅ​រស់នៅ​ឃុំ​រុនតាឯក និង​ឃុំ​ពាក់ស្នែង ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ចាប់តាំងពី​ពួកគាត់​មក​រស់នៅ​ទីនេះ គឺ​មាន​ការ​លំបាក​គ្រប់​បែប​យ៉ាង ព្រោះ​ថា​ទីនេះ​គឺ​ឃ្លាត​ឆ្ងាយ​ពី​ទីប្រជុំជន មុខរបរ​ចាស់​ក៏​បាត់បង់ មុខរបរ​ថ្មី​ក៏​បើក​មិន​ចេញ ខណៈ​គ្រួសារ​ខ្លះ​បាន​យក​ប័ណ្ណ​ក្រីក្រ​ទៅ​បញ្ចាំ​យក​ប្រាក់​ដោះស្រាយ​បញ្ហា​ជីវភាព ស្រប​ពេល​ដែល​បំណុល​ធនាគារ​ក៏​កាន់តែ​កើនឡើង ក្នុង​នោះ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចាក់​សោ​ទ្វារ​ទុក​ចោល ដោយ​ម្ចាស់​ផ្ទះ​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ជិតខាង ជាដើម។

ប្រជាពលរដ្ឋ​ទាំងនេះ​ត្អូញត្អែរ​ថា ពួកគេ​មិន​សង្ឃឹម​ថា​លោក ហ៊ុន សែន នឹង​បន្ត​អភិវឌ្ឍ​ទីតាំង​ថ្មី​នេះ​ដូច​ការ​អះអាង​របស់​គាត់​អំឡុង​ពេល​ជម្លៀស​ប្រជាពលរដ្ឋ​នោះ​ឡើយ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព ពួកគាត់​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជិតខាង​នោះ​ទេ ព្រោះ​ថា​បើ​គាត់​មិន​ធ្វើ​ដូច្នេះ​ទេ ពួកគាត់​នឹង​គ្មាន​លុយ​សម្រាប់​ដោះ​បំណុល​ធនាគារ​ឡើយ ខណៈ​ធនាគារ​ក៏​មិន​បាន​បន្ធូរបន្ថយ ឬ​ពន្យារ​ពេល​ឱ្យ​ពួកគាត់​សង​ប្រាក់​បំណុល​ត្រឡប់​ទៅវិញ​ដែរ។

ពលរដ្ឋ​ស្ម័គ្រចិត្ត​រើ​សំណង់​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​ជាង ២​ពាន់​គ្រួសារ​ជួប​សំណេះសំណាល​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២២។

ចាប់តាំងពី​រដ្ឋាភិបាល​ថ្មី​បង្កើត​ឡើង​នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​បន្ត​ត្រកូល​របស់​លោក ហ៊ុន សែន នៅ​មិនទាន់​បាន​លើកឡើង​ពី​ដំណើរការ​អភិវឌ្ឍន៍​ណា​មួយ​នៅ​ឃុំ​រុនតាឯក និង​ឃុំ​ពាក់ស្នែង តាម​ការ​អះអាង​របស់​លោក ហ៊ុន សែន ជា​ឪពុក​ម្តង​ណា​ឡើយ ខណៈ​ប្រជាពលរដ្ឋ​ដែល​បាន​ជម្លៀស​ចេញពី​តំបន់​អង្គរ​ទាំងនោះ ក៏​មិន​សង្ឃឹម​ថា​រដ្ឋាភិបាល​ត​ត្រកូល​ថ្មី​នេះ​នឹង​ដាក់​ផែនការ​អភិវឌ្ឍន៍​តំបន់​នេះ​ដែរ ប៉ុន្តែ​អ្វី​ដែល​គេ​ដឹង​ច្បាស់​នោះ គឺ​ទ្រព្យសម្បត្តិ​ជាតិ ដូចជា តំបន់​ការពារ និង​រមណីយដ្ឋាន​នានា នឹង​ត្រូវ​ដាក់​លក់ និង​ជួល​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​បរទេស​រាប់​សិប​ឆ្នាំ​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​នេះ មិន​ខុសពី​លោក ហ៊ុន សែន ធ្លាប់​ធ្វើ​កន្លងមក​ជាក់​ជាមិនខាន​នោះ​ទេ។

តើ​សាជីវកម្ម Naga Corp. ដែល​គ្រប់គ្រង​ក្រុមហ៊ុន Naga World គ្រប់គ្រង​ចាត់ចែង​ដោយ​នរណា​ខ្លះ?

តាម​ឯកសារ​ផ្សាយ​ជា​សាធារណៈ តទៅ​នេះ​ជា​សមាសភាព​ដឹកនាំ​ក្រុមហ៊ុន៖

សមាសភាព​អ្នក​ចាត់ចែង​កិច្ចការ

  • ឆេន លិប គឹង ជា​ស្ថាបនិក​ក្រុមហ៊ុន បង្កើត​នៅ​ឆ្នាំ​១៩៩៤;
  • គិង ម៉ានឈឹង នាយក​ហិរញ្ញវត្ថុ និង​ប្រធាន​អគ្គនាយក​ហិរញ្ញវត្ថុ;
  • ជេសឹន អ៊យ នាយក​គ្រប់គ្រង​វិន័យ;
  • ឆេន យីហ្វុន នាយក​គ្រប់គ្រង​ប្រតិបត្តិការ;
  • វ៉ៃ តឹកលី នាយក និង​ជា​សមាជិក​ក្រុម​អភិបាល;
  • យី លិនឡាំ លេខាធិការ​សាជីវកម្ម;
  • ជេរ៉ដ ឆៃ អ្នក​ទាក់ទង​វិនិយោគិន;
  • ឆេន ឈើឈី ហេរញ្ញិក;
  • អេរិក ឆាន់ អ្នក​ទាក់ទង​លក់ដូរ និង​ផ្សព្វផ្សាយ​រក​ទីផ្សារ;
  • មហិន្ទ្រាន់ ស៊ូប្រាម៉ានីញ៉ាំ អ្នក​ត្រួតពិនិត្យ​ចំណូល/ចំណាយ។

សមាសភាព​ក្រុម​អភិបាល ឬ​គណៈកម្មាធិការ​នាយក

  • ឆេន លិប គឹង ស្ថាបនិក;
  • មុន គីលិម សមាជិក​គណៈកម្មាធិការ​នាយក;
  • ឆេន យីហ្វុន នាយក​គ្រប់គ្រង​ប្រតិបត្តិការ;
  • កៃ ជិនឡាយ សមាជិក​នាយក​ក្រុម​អភិបាល;
  • ឈុង វ៉ាឡឹង នាយក​ក្រុម​អភិបាល;
  • ធិម៉ូធី ម៉ាកណាលី ប្រធាន;
  • លី វ៉ៃតឹក ពុំ​មាន​បញ្ជាក់​មុខងារ។

នៅ​ខែ​មេសា ឆ្នាំ​២០២២ ស្ថាបនិក ឆេន លិប គឹង បាន​តែងតាំង​កូនប្រុស ៣​នាក់​ឲ្យ​បន្ត​មុខរបរ​ត​ត្រកូល គឺ៖

  • ឆេន យីហ្វុន ជា​នាយក​គ្រប់គ្រង​ប្រតិបត្តិការ;
  • ឆេន ឈើឈី ជា​នាយក​គ្រប់គ្រង​ចាត់ចែង​ការងារ​ហិរញ្ញវត្ថុ;
  • ឆេន យីហួន នាយក​គ្រប់គ្រង​ប្រតិបត្តិការ​ផ្នែក​សណ្ឋាគារ;
  • ហើយ​កូនប្រុស​ទី​៤ ឆេន យីប៉ើន អ្នក​មើល​ការ​ខុសត្រូវ​ខាង​ផ្នែក​បរិស្ថាន សង្គម និង​របៀប​ដឹកនាំ​ក្នុង​ក្រុមហ៊ុន​ទាំងមូល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស