កាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបគ្នាដើម្បីពិភាក្សាអំពីការវាស់វែងដីរដ្ឋ និងផែនការគ្រប់គ្រង ដីព្រៃ និងដីសម្បទានសេដ្ឋកិច្ច។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កិច្ចពិភាក្សានេះគឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងដើម្បីធ្វើកំណែទម្រង់គោលនយោបាយដីធ្លី។
លោក បេងហុង សុជាតិខេមរ៉ូ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានឲ្យដឹងថា ការវាស់វែងដីធ្លីរបស់រដ្ឋនេះ ក៏មានបំណងកំណត់ថា តើនរណាខ្លះដែលរដ្ឋាភិបាលចាត់ទុកថា រស់នៅលើដីរដ្ឋដោយខុសច្បាប់ផងដែរ។ លោកបានប្រសាសន៍ដោយសំដៅទៅលើតំបន់ដែលរដ្ឋាភិបាលបានធ្វើការបណ្តេញចេញទ្រង់ទ្រាយធំកាលពីប៉ុន្មានឆ្នាំថ្មីៗនេះថា “ឧទាហរណ៍ តំបន់ព្រៃការពារត្រូវជនកាប់រានព្រៃចូលទៅចាប់យក។ រីឯការចាប់យកដីធ្លីរបស់រដ្ឋនៅតំបន់ក្រុងវិញ មានដូចជានៅតំបន់បឹងកក់ តំបន់បុរីកីឡា និងតំបន់ផ្លូវរថភ្លើងជាដើម”។
លោក សុជាតិខេមរ៉ូ បានលើកឡើងបន្តថា ការកំណត់ផែនទីថ្មីឡើងវិញ និងការវាស់វែងដីធ្លី គឺវាមានសារៈសំខាន់ណាស់ ព្រោះ “មនុស្សខ្លះបានជំទាស់ថា ពួកគេមិនចាត់ទុកតំបន់ទាំងនោះជាដីរបស់រដ្ឋឡើយ”។ យោងតាមលោក សុជាតិខេមរ៉ូ បានឲ្យដឹងថា ក្រសួងនឹងធ្វើជាអ្នកសម្រេចចុងក្រោយ ថា តើដីធ្លីប្រភេទណាជាកម្មសិទ្ធិរបស់រដ្ឋព្រោះក្រសួងមាន “ផែនទីពេញលេញតាមលក្ខណៈបច្ចេកទេស” ។
លោក ប៉ែន ប៊ុណ្ណារ៍ អ្នកស៊ើបអង្កេតជាន់ខ្ពស់ទទួលបន្ទុកកម្មវិធីដីធ្លីរបស់អង្គការសិទ្ធិមនុស្សក្នុងស្រុក អាដហុក បានលើកឡើងថា “យឺតពេលពេកហើយ” សម្រាប់រដ្ឋាភិបាលធ្វើការវាស់វែងដីនៅតំបន់ការពារ ព្រោះអ្នកមានអំណាច បានចូលទៅចាប់យកដីទាំងនោះអស់ហើយ ហើយលោកខ្លាចក្រែងថា អ្នកក្រីក្រទៅវិញទេ ដែលជាអ្នករងគ្រោះដោយសារកំណែទម្រង់គោលនយោបាយដីធ្លីនេះ។ លោក ប៊ុណ្ណារ៍ មានប្រសាសន៍ថា “យើងមិនដែលឃើញអ្នកមានអំណាចណាម្នាក់ត្រូវបានផាកពិន័យតាមច្បាប់នោះឡើយ”។ លោកបានមានប្រសាសន៍បន្តទៀតថា “វាជារឿងអយុត្តិធម៌ណាស់សម្រាប់អ្នកភូមិធម្មតា ដែលត្រូវបានចាប់បញ្ជូនចូលពន្ធនាគារចំពោះការព្យាយាមការពារដីធ្លីដែលពួកគាត់មានសិទ្ធិកាន់កាប់ត្រឹមត្រូវតាមច្បាប់”។
អ្នកស្រី សុង ស្រីលាភ អ្នកភូមិរស់នៅក្នុងតំបន់បឹងកក់ ដែលបានរួមដៃគ្នាជាមួយសកម្មជនប្រឆាំងការបណ្តេញចេញរាប់សិបនាក់ផ្សេងទៀត បានលើកឡើងថា រដ្ឋាភិបាលតែងតែទម្លាក់កំហុសលើពលរដ្ឋថា រស់នៅលើដីរដ្ឋដោយ “ខុសច្បាប់” រាល់ពេលដែលពួកគេចង់លួចប្លន់ដីរបស់គាត់។ អ្នកស្រី សុង ស្រីលាភ បានឲ្យដឹងបន្ថែមទៀតថា រដ្ឋាភិបាលក៏បានយកដីពីអ្នកក្រីក្រក្រោមរូបភាពអភិវឌ្ឍន៍ផងដែរ។
អ្នកស្រីបានបន្តថា អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងអ្នកមានអំណាចមិនដែលទទួលរងការឈឺចាប់ស្រដៀងនេះឡើយ។ អ្នកស្រីបាននិយាយថា “ពួកគេតែងតែចោទប្រកាន់ពលរដ្ឋថា បានរស់នៅលើដីរបស់រដ្ឋ ប៉ុន្តែអ្នកមានអំណាចវិញអាចរស់នៅលើដីរបស់រដ្ឋបាន”៕ ស៊ុយឈាង