ក្រុមមន្ត្រីបាននិយាយថា អ្នកទោសប្រាំមួយនាក់បានលួចរត់ចេញពីពន្ធនាគារខេត្តរតនគិរីនៅព្រឹកព្រលឹមស្រាងៗកាលពីម្សិលមិញ ចំណែកឯអ្នកទោសទី៧ម្នាក់ទៀតត្រូវបានមន្ត្រីពន្ធនាគារចាប់បាននៅនាទីចុងក្រោយ។

លោក ទិត សាឃឿន ស្នងការរងនគរបាលខេត្តទទួលបន្ទុកព្រហ្មទណ្ឌកម្រិតធ្ងន់បានមានប្រសាសន៍ថា អ្នកទោសទាំងនោះបានប្រើរណាអារដែកអារចម្រឹងបង្អួច និងដែកកាប់កាត់របងលួសបន្លាព័ទ្ធជុំវិញបរិវេណពន្ធនាគារ។
លោក សាឃឿន បានមានប្រសាសន៍ថា ឆ្មាំពន្ធនាគារទើបតែដឹងពីការព្យាយាមលួចរត់នេះនៅម៉ោងប្រហែល៣ទៀបភ្លឺប៉ុណ្ណោះ ប៉ុន្តែអាចចាប់បានតែ វ៉ន ប្រុស ជាអ្នកទោសទី៧ និងជាអ្នកចុងក្រោយដែលបានដល់រូងដែលបានជីកខាងក្រោមរបងប៉ុណ្ណោះ។
ដោយបានចេញឈ្មោះអ្នកទោសដែលបានលួចរត់រួចដោយជោគជ័យគឺមានឈ្មោះ ចាន់ សារ៉ស់ ស៊ី ណយ អ៊ុក ចន្ធូ លឹម ស៊ីថា ឡាស់ សារ៉េត និង អ៊ុន សុភាព នោះលោក សាឃឿន បានមានប្រសាសន៍ថា ” អ្នកទោសម្នាក់ត្រូវចាប់បានវិញនៅពេលអ្នកទោសរូបនេះបានព្យាយាមលូនក្រោមរបងលួសបន្លា” ។
លោក សាឃឿន បានមានប្រសាសន៍ថា ឧបករណ៍ដែលប្រើក្នុងការលួចរត់នេះមិនមែនមកពីក្នុងពន្ធនាគារទេ។ លោកបានមានប្រសាសន៍ថា “យើងរកឃើញដែកកាប់តូចមួយគូ និងរណាអារដែកបី។ យើងមិនដឹងថា ឧបករណ៍ទាំងនេះបានមកពីណាទេ”។
យោងតាមលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីបានឲ្យដឹងថា អ្នកទោសប្រាំមួយនាក់នេះកំពុងអនុវត្តទោសព្រហ្មទណ្ឌរួមមាន អំពើប្លន់ ការជួញដូរថ្នាំញៀន និងអំពើហិង្សាដោយចេតនា។
លោក វណ្ណដា បានមានប្រសាសន៍ថា ” ខ្ញុំបានចេញដីកាចាប់ខ្លួនពួកគេ។ យើងបានជូនដំណឹងដល់អាជ្ញាធរនៅក្នុងស្រុកចំនួនប្រាំបួន”។
លោក ទិន សុវណ្ណី ប្រធានពន្ធនាគារបានមានប្រសាសន៍ថា បន្ទាប់ពីការសាកសួរអ្នកទោសឈ្មោះ វ៉ន ប្រុស ជននេះបាននិយាយថា ក្រុមនេះមានជំនួយពីអ្នកខាងក្រៅពន្ធនាគារ ដោយលើកឡើងថា មានគេគប់ឧបករណ៍ទាំងនេះរំលងរបងខាងក្រៅ ដែលមានកម្ពស់ប្រហែល៣ម៉ែត្រ។
ប៉ុន្តែបើតាមលោក ឆាយ ធី អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សប្រចាំខេត្តនេះ ដែលបានចុះទៅមើលកន្លែងឃុំឃាំងនេះកាលពីម្សិលមិញបានឲ្យដឹងថា លោក សុវណ្ណី បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ ហើយប្រធានពន្ធនាគារនេះអះអាងថា ខ្លួនលោកបានរារាំងការលួចរត់របស់អ្នកទោសឈ្មោះ ប្រុស នេះ។
លោក ឆាយ ធី បានមានប្រសាសន៍ថា ប្រធានពន្ធនាគារបានលើកឡើងថា ខ្លួនគាត់ផ្ទាល់បានរត់ទៅចាប់អ្នកទោសចុងក្រោយដែលបានព្យាយាមរត់នេះបាន ហើយបានស្រែកឲ្យមន្ត្រីពន្ធនាគារមកអន្តរាគមន៍ភ្លាម ពីព្រោះលោកអាចចាប់បានតែអ្នកទោសម្នាក់ប៉ុណ្ណោះ”។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍ពីការរៀបរាប់ហេតុការណ៍នោះរបស់លោក សុវណ្ណី ផងដែរ។
អ្នកទោសបួននាក់បានលួចរត់ចេញពីពន្ធនាគារខេត្តរតនគិរីនេះតាមរបៀបស្រដៀងគ្នានេះកាលពីខែវិច្ឆិកា ឆ្នាំមុន ដោយបានកាត់លួសបន្លា ហើយលួចរត់។ លោក សាឃឿន បានមានប្រសាសន៍ថា ទីបំផុតពួកគេត្រូវចាប់បាន ហើយបញ្ជូនទៅពន្ធនាគារវិញ។
យោងតាមមាត្រា ៥៦១ នៃក្រមព្រហ្មទណ្ឌ អំពើលួចរត់ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៥០០ដុល្លារ ទៅ១.៥០០ដុល្លារ៕ សារុន