ក្រុមមន្ត្រីបាននិយាយថា រដ្ឋបាលព្រៃឈើ ក្នុងខេត្តកំពត កាលពីម្សិលមិញរឹបអូសឈើខុសច្បាប់បានប្រហែល២ម៉ែត្រគូបពីរថយន្តមួយគ្រឿងក្នុងឃុំស្ទឹងកែវ ស្រុកទឹកឈូ។
យ៉ាងហោចណាស់ នេះគឺជាប្រតិបត្តិការចាប់ឈើលើកទី៣ហើយក្នុងរយៈពេលមួយសប្តាហ៍ ដោយមន្ត្រីរដ្ឋបាលព្រៃឈើរឹបអូសបានឈើប្រណីតខុសច្បាប់ចំនួន២០០ដុំពី កន្លែងលាក់ទុកក្នុងព្រៃស្ថិតនៅក្នុងខេត្តព្រះវិហារកាលពីថ្ងៃសៅរ៍ និងរកឃើញឈើប្រណីតរាប់ពាន់ដុំទៀតនៅក្នុងការឆ្មក់ចូលដីសម្បទានសេដ្ឋកិច្ចមួយកន្លែងស្ថិតក្នុងខេត្តស្ទឹងត្រែងកាលពីថ្ងៃសុក្រ។
បើទោះភាពជោគជ័យរបស់រដ្ឋាភិបាលត្រូវបានកោតសរសើរពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកក៏ដោយ ក៏មិនទាន់មានការចាប់ខ្លួនជនណាម្នាក់នៅក្នុងករណីណាមួយក្នុងចំណោមករណីទាំងនេះដែរ ដោយបណ្តាលឲ្យមជ្ឈដ្ឋានមួយចំនួនចោទសួរថា តើជាឆន្ទៈនយោបាយក្នុងការទប់ស្កាត់ការកាប់ឈើ ដែលជួនកាលត្រូវបានភ្ជាប់ទៅនឹងមន្ត្រី យោធាជាន់ខ្ពស់នោះ មានពិតមែនឬអត់។
ករណីចុងក្រោយដែលកើតឡើងក្នុងខេត្តកំពតមិនឃើញមានការចាប់ខ្លួនជនណាម្នាក់ឡើយ ថែមទាំងមានការព្យាយាមជ្រៀតជ្រែកក្នុងការងាររបស់រដ្ឋបាលព្រៃឈើទៀតដោយមេបញ្ជាការយោធាមួយរូបដែលគេជឿថា ជាប់ពាក់ព័ន្ធនឹងការកាប់ឈើ។
លោក ជួន សារ៉ា អនុប្រធានរដ្ឋបាលព្រៃឈើខេត្តបានមានប្រសាសន៍កាលពីម្សិលមិញថា “នៅពេលយើងបានឃាត់រថយន្តធុនតូចមួយគ្រឿងដែលដឹកឈើខុសច្បាប់នោះអ្នកបើកបរបានទូរស័ព្ទទៅលោក ហុក ចន្ថា មេបញ្ជាការកងយោធពលខេមរភូមិន្ទនៅក្នុងស្រុកនេះ ហើយលោកបានមកដល់តាមរថយន្តមួយគ្រឿងជាមួយមនុស្សប្រាំមួយនាក់ទៀត ហើយបានព្យាយាមរារាំងពួកយើងមិនឲ្យរឹបអូសឈើនោះ”។
លោកបានបន្ថែមថា “ពួកគេបានទាស់សម្តីគ្នាជាមួយយើង ហេតុដូច្នេះ ហើយខ្ញុំបានទូរស័ព្ទទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ហើយនៅពេលខ្ញុំធ្វើដូច្នេះ ពួកគេបានបើករថយន្តរបស់ខ្លួនចេញទៅបាត់” ដោយទុកឈើចោលនៅទីនោះ។
លោក សារ៉ា បានមានប្រសាសន៍ថា លោកមិនដឹងច្បាស់ថា តើនរណាជាម្ចាស់ឈើនេះទេ ប៉ុន្តែថា លោកសង្ស័យថា លោក ចន្ថា ជាប់ពាក់ព័ន្ធក្នុងរឿងនេះ ហើយនឹងកោះហៅរូបលោកមកសាកសួរទាក់ទងនឹងករណីនេះ។
លោក អ៊ិន ជីវ៉ា ស្នងការរងនគរបាលខេត្តបានយល់ស្រប។លោកបានមានប្រសាសន៍ថា “ឥឡូវនេះយើងកំពុងស្វែងរកអ្នកជាប់ពាក់ព័ន្ធក្នុងករណីនេះ ប៉ុន្តែ អាជ្ញាធរដាក់ការសង្ស័យលើលោក ចន្ថា ពីព្រោះលោកមានដេប៉ូឈើនៅក្នុងទីប្រជុំជននេះ”។
លោក ចំ រ៉ុង អ្នកគ្រប់គ្រងដេប៉ូឈើនៅក្នុងស្រុកទឹកឈូបានអះអាងថា ឈើនៅទីនោះជាកម្មសិទ្ធិរបស់លោក ចន្ថា។ លោកបានមានប្រ សាសន៍ថា “ខ្ញុំជាអ្នកគ្រប់គ្រងដោយទទួលខុសត្រូវទិញឈើពីលោក ចន្ថា ហើយលោករកស៊ីតូចតាចដោយ លក់ឈើនៅដេប៉ូរបស់លោក”។ គេមិនអាចទាក់ទងលោក ចន្ថា ដើម្បីសុំការអត្ថាធិប្បាយបានទេ។
នៅក្នុងឧទាហរណ៍មួយអំពីរបៀបដែលមន្ត្រីជាន់ខ្ពស់ជួនកាលរួចផុតពីការផ្តន្ទាទោសចំពោះការជាប់ពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់នោះ កាលពីថ្ងៃអាទិត្យឧត្តមសេនីយ៍ត្រីកងយោធពលខេមរភូមិន្ទមួយរូបនៅក្នុងខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថាអា ជ្ញាធរបានលើកលែងការស៊ើបអង្កេតលើឈើខុសច្បាប់មួយចំនួនធំ ដែលបានរឹបអូសពីផ្ទះរបស់លោករយៈពេលពីរបីថ្ងៃមុននេះ។
ឧត្តមសេនីយ៍ត្រី ឈិត ម៉េងស្រេង បានអះអាងកាលពីថ្ងៃអាទិត្យថា បន្ទាប់ពីលោកគំរាមប្តឹងអាជ្ញាធរ ពួកគេបានសូមអភ័យទោសចំពោះការបញ្ចេញឈ្មោះលោកនៅក្នុងករណីនេះ។
លោក ចាន់ សុវ៉េត អនុប្រធានផ្នែកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍កាលពីម្សិលមិញថា គួរនាំអ្នកកាប់ឈើខុសច្បាប់មកផ្តន្ទាទោស។ លោកថ្លែងថា “ទោះជាយើងស្វាគមន៍ការរឹបអូសឈើទាំងនេះក៏ដោយ ក៏ខ្ញុំគិតថា វាមិនមែនជាភាពជោគជ័យទាំងស្រុងនោះទេ ពីព្រោះការកាប់បំផ្លាញព្រៃឈើ និងការដឹកឈើនៅតែបន្តកើតមានដដែល”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “រដ្ឋាភិបាលមិនគួរអត់ឱនដល់អ្នកកាប់ឈើឡើយ ហើយត្រូវថ្កោលទោសអ្នកប្រព្រឹត្តទាំងអស់ឲ្យបានធ្ងន់ធ្ងរ”៕សារុន