ជនជាតិចិនរាប់រយនាក់បាននាំគ្នាភៀសខ្លួនចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា បន្ទាប់ពីមានកុបកម្មតវ៉ាប្រឆាំងនឹងចិនដែលបានដាក់ឧបករណ៍បូមប្រេងនៅតំបន់សមុទ្រចិនខាងត្បូង ដោយអះអាងថាជាកម្មសិទ្ធិរបស់ក្រុងហាណូយ។
អំពើហិង្សានេះបានចាប់ផ្ដើមកាលពីថ្ងៃអង្គារ នៅភាគខាងត្បូងប្រទេសវៀតណាមដែលជាទីកុបកម្មកើតឡើង មនុស្សរាប់ពាន់នាក់បានសម្រុកចូលទៅក្នុងតំបន់ឧស្សាហកម្ម ដោយដុតរោងចក្ររបស់តៃវ៉ាន់ជាច្រើន ហើយបានរាលដាលដល់ភាគកណ្ដាលប្រទេសនេះកាលពីម្សិលមិញ និងធ្វើឲ្យមានមនុស្សស្លាប់ជាង២០នាក់ ព្រមទាំងរងរបួសរាប់សិបនាក់ទៀត។
លោក ម៉ម យ៉យ អនុប្រធាននគរបាលអន្តោប្រវេសន៍នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានមានប្រសាសន៍ថា មានជនជាតិចិនជាង៦៤០នាក់ បានឆ្លងដែនកាលពីថ្ងៃពុធ គឺច្រើនជាងធម្មតាប្រាំមួយដង។ លោកបានមានប្រសាសន៍ថា “មានជនជាតិចិនជាច្រើនឆ្លងព្រំដែនកាលពីម្សិលមិញ។ ជាធម្មតាមានមិនដល់១០០នាក់ផង។ ប្រហែលជាពួកគេបារម្ភអំពីសន្ដិសុខផ្ទាល់ខ្លួន និងការរាលដាលនៃកុបកម្មប្រឆាំងចិន”។ លោកបានមានប្រសាសន៍ថា ពួកគេភាគច្រើនធ្វើដំណើរតាមរថយន្តក្រុង ឬរថយន្តវ៉ែន ឬដើរឆ្លងកាត់ព្រំដែនតែម្ដង ហើយបើយោងតាមឯកសារបញ្ជាក់អត្តសញ្ញាណរបស់ពួកគេ ពួកគេភាគច្រើនជាពាណិជ្ជករ។
លោក យ៉យ បានមានប្រសាសន៍ថា ចំនួនអ្នកឆ្លងព្រំដែននេះបានត្រឡប់មកធម្មតាវិញហើយកាលពីម្សិលមិញ ហើយក្រុមមន្ត្រីនៅច្រកទ្វារព្រំដែនតូចៗចំនួនពីរបាននិយាយថា ពួកគេមិនឃើញជនជាតិចិនឆ្លងព្រំដែនច្រើនទៀតទេ។
លោក ចេង ហុងបូ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងភ្នំពេញបានមានប្រសាសន៍ថា ជនជាតិចិនប្រហែលពី៤០០ទៅ៥០០នាក់ ដែលគេចខ្លួនចេញពីអំពើហិង្សានេះបានមកដល់ទីក្រុងភ្នំពេញក្នុងរយៈពេលពីរថ្ងៃមកនេះ ហើយថា ចំនួនអ្នកភៀសខ្លួននៅតែអាចកើនឡើងទៀត។ លោកបានមានប្រសាសន៍ថា “ប្រសិនបើស្ថានភាពនេះកាន់តែធ្ងន់ធ្ងរ ខ្ញុំគិតថា អាចមានអ្នកភៀសខ្លួនកាន់តែច្រើន”។
លោក ហុងបូ បានមានប្រសាសន៍ថា ស្ថានទូតបានទាក់ទងក្រសួងការបរទេសកាលពីម្សិលមិញដើម្បីប្រាប់ថា ស្ថានទូតសង្ឃឹមថា អាជ្ញាធរនៅទីនេះនឹងធានាមិនឲ្យអំពើហិង្សាប្រឆាំងចិននៅក្នុងប្រទេសវៀតណាមរាលដាលដល់កម្ពុជាឡើយ។ លោកបានមានប្រសាសន៍ថា “យើងបានស្នើសុំឲ្យអាជ្ញាធរកម្ពុជាចាត់វិធានការចាំបាច់ដើម្បីការពារសន្ដិសុខ។ ខ្ញុំគិតថា អាជ្ញាធរកម្ពុជា នឹងចាត់វិធានការសមស្របទៅតាមស្ថានភាពជាក់ស្ដែង”។ ទោះជាយ៉ាងណា លោក ហុងបូ បានមានប្រសាសន៍ថា លោកមិនដឹងថា រដ្ឋាភិបាលកម្ពុជាយល់ព្រមចាត់វិធានការបន្ថែមបែបណាទេ ប្រសិនបើមានមែននោះ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍ថា លោកមិនបានដឹងថាមានការទាក់ទងណាមួយជាមួយស្ថានទូតចិនទេ។
អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំទីក្រុងភ្នំពេញ លោក ត្រាន វ៉ានត្រុង បានទទួលស្គាល់ថា អំពើហិង្សានៅក្នុងប្រទេសវៀតណាមកំពុងធ្វើឲ្យជនជាតិចិនមួយចំនួនរត់ឆ្លងដែនភៀសខ្លួន។ ប៉ុន្តែលោកបានអះអាងថា ពួកគេមិនត្រូវបានបង្ខំឲ្យចាកចេញទេហើយថា កំហឹងផ្ដោតលើរដ្ឋចិន មិនមែនប្រជាពលរដ្ឋចិនម្នាក់ៗនោះទេ។ លោកបានមានប្រសាសន៍ថា “ជនជាតិចិនកំពុងចូលមកប្រទេសកម្ពុជា ពីព្រោះវៀតណាមកំពុងតវ៉ាប្រឆាំងចិនចំពោះការបញ្ជូនឧបករណ៍បូមប្រេងចូលក្នុងទឹកដីអធិបតេយ្យរបស់វៀតណាម។ ពួកគេបានសម្រេចដោយខ្លួនឯងក្នុងការចូលមកប្រទេសកម្ពុជា។ គ្មាននរណាម្នាក់បង្ខំពួកគេឲ្យមកទេ”។
លោក វ៉ានត្រុង បានបន្ថែមថា “កម្មករវៀតណាម គឺជាអ្នកជាតិនិយម ហើយពួកគេធ្វើការតវ៉ា ពីព្រោះពួកគេចង់ការពារទឹកដីរបស់ពួកគេ។ ពួកគេមិនចង់ឲ្យចិនឈ្លានពានទឹកដីរបស់ពួកគេទេ។ ពួកគេមិនមែនតវ៉ាប្រឆាំងពាណិជ្ជករចិនទេ”។
សេចក្ដីរាយការណ៍ព័ត៌មានក្នុងស្រុកបានអះអាងថា សមាគមខ្មែរវៀតណាមនៅកម្ពុជា កំពុងរៀបចំផែនការតវ៉ាប្រឆាំងការដាក់ឧបករណ៍បូមប្រេងនេះ នៅមុខស្ថានទូតចិនប្រចាំទីក្រុងភ្នំពេញនៅសប្ដាហ៍នេះ។
លោក សឹុម ជី ប្រធានសមាគមនេះបានបដិសេធចំពោះសេចក្ដីរាយការណ៍នេះកាលពីម្សិលមិញ។ ប៉ុន្តែលោកបាននិយាយថា សមាគមលោកកំពុងរៀបចំលិខិតមួយបញ្ជូនទៅឲ្យស្ថានទូតចិន និងស្ថានទូតវៀតណាម ជំរុញឲ្យពួកគេដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង ដោយសន្ដិវិធី។
ចិនអះអាងសិទ្ធិកាន់កាប់មួយផ្នែកធំនៃសមុទ្រនេះ ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់នៅលើពិភពលោក ហើយគេគិតថា សមុទ្រនេះមានរ៉ែប្រេង និងឧស្ម័នជាច្រើន។ ប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងប្រទេសវៀតណាម សុទ្ធតែទាមទារសិទ្ធិកាន់កាប់លើតំបន់ត្រួតស៊ីគ្នានៃសមុទ្រចិននេះ។
ទោះបីជារដ្ឋាភិបាលបដិសេធក៏ដោយ ក៏គេចាត់ទុកជាទូទៅថា កម្ពុជាគំាទ្រចិននៅក្នុងជម្លោះនេះ ព្រោះចិនជាវិនិយោគិនបរទេសដ៏ធំរបស់ខ្លួន និងជាម្ចាស់បំណុលទ្វេភាគី។
ក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០១២ កម្ពុជាបានបញ្ចប់កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយមិនមានចេញសេចក្ដីថ្លែងការណ៍រួម ហើយនេះជាលើកដំបូងហើយនៅក្នុងប្រវត្តិសាស្ត្រអាស៊ាន ពីព្រោះកម្ពុជាបដិសេធសំណើពីប្រទេសជាសមាជិកផ្សេងទៀតដែលសុំឲ្យលើកឡើងពីភាពតានតឹងនាពេលថ្មីៗនេះជាមួយប្រទេសចិនអំពីជម្លោះដែនសមុទ្រនេះ។
នៅឯកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ានកាលពីថ្ងៃអាទិត្យ លោក ង្វៀន តាន់យ៉ុងនាយករដ្ឋមន្ត្រីវៀតណាម បានប្រាប់ប្រមុខរដ្ឋក្នុងតំបន់ផ្សេងទៀតថា ចិនកំពុងបង្កើនឥរិយាបថគ្រោះថ្នាក់នៅក្នុងដែនសមុទ្រមានជម្លោះនេះ។ ប៉ុន្តែអាស៊ានមិនបានរិះគន់ក្រុងប៉េកាំងនៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ខ្លួន ដែលបានចេញក្រោយកិច្ចប្រជុំកំពូលនេះទេ៕ គឹមហឿន
(រាយការណ៍បន្ថែមដោយ Zsombor Peter)