យុទ្ធនាការរបស់សាលារាជធានីភ្នំពេញ ដែលត្រូវបោសសម្អាតអ្នកលក់ដូរតាមចិញ្ចើមផ្លូវ និងអ្នកសុំទានត្រូវបានបង្កើនកាលពីចុងសប្ដាហ៍ ទោះបីជាសាលារាជធានីគ្មានប្រព័ន្ធត្រឹមត្រូវ ដើម្បីមើលថែទាំអ្នកដែលត្រូវបានប្រមូលទាំងនោះក៏ដោយ។
កាលពីខែមិថុនា សាលារាជធានីបានលើកឡើងថា ការបោសសម្អាតជនអនាថានឹងមិនត្រូវធ្វើឡើងនោះទេ រហូតដល់មានផែនការដែលគួរឲ្យទុកចិត្ត និងដែលអាចផ្ដល់កន្លែងស្នាក់នៅសម្រាប់អ្នកដែលគេប្រមូលទាំងនោះជាមុនសិន។
សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីអង្គការក្រៅរដ្ឋាភិបាលចំនួនពីរ ដែលយល់ព្រមជួយសាលារាជធានីបានតវ៉ាចំពោះវិធីសាស្ត្ររបស់សាលារាជធានី ដែលរួមមានការប្រមូលក្មេងៗ និងមនុស្សចាស់រួចដឹកតាមរថយន្តទ្រុងជាដើម។
ចាប់តាំងពីពេលនោះមកមានការព្យាយាមម្ដងម្កាល ដើម្បីបោសសម្អាតអ្នកសុំទាន និងអ្នកលក់ដូរតាមចិញ្ចើមផ្លូវ ប៉ុន្តែការខំប្រឹងប្រែងនេះត្រូវបានបង្កើនបន្ថែមកាលពីថ្ងៃអាទិត្យ នៅពេលសន្តិសុខខណ្ឌដូនពេញ ដែលបានចុះឈ្មោះដើម្បីជួយបោសសម្អាតជនអនាថាចេញពីផ្លូវនានា បានប្រមូលមនុស្សចំនួន២៧នាក់។
លោក គឹម វុត្ថា ប្រធានសន្តិសុខខណ្ឌបានលើកឡើងថា សន្តិសុខរបស់លោកនឹងបន្តប្រមូលជនអនាថាមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីរក្សា “សន្តិសុខសាធារណៈ និងសុវត្ថិភាព”។ ប៉ុន្តែវាមិនច្បាស់ទេថា តើមនុស្សទាំងនោះនឹងត្រូវយកទៅទីណា។
លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជធានីបានលើកឡើងថា អ្នកដែលត្រូវបានប្រមូលទាំងនោះ ” ត្រូវបានអប់រំសាជាថ្មី” ហើយមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរទៀតនោះទេ។
លោកបានមានប្រសាសន៍ថា ” យើងបានបញ្ជូនពួកគេទៅអង្គការក្រៅរដ្ឋាភិបាលរួចហើយ ដើម្បីឲ្យពួកគេទទួលបានការអប់រំ និងការបណ្ដុះបណ្ដាល។ ខ្ញុំមិនចាំឈ្មោះអង្គការនោះទេ”។
ទោះជាយ៉ាងណា អង្គការក្រៅរដ្ឋាភិបាលចំនួនពីរ គឺអង្គការដើម្បីភាពញញឹមនៃកុមារ និងអង្គការមិត្តសំឡាញ់ ដែលចាប់ដៃគូជាមួយសាលារាជធានី ដើម្បីជួយអ្នកដែលគេប្រមូលទាំងនោះ បានលើកឡើងថា ខ្លួនមិនបានដឹងរឿងដែលកើតឡើងកាលពីម្សិលមិញឡើយ។
លោក JemesSutherland អ្នកសម្របសម្រួលទំនាក់ទំនងអន្តរជាតិនៅអង្គការ FriendInternational ដែលជាអង្គការដៃគូជាមួយអង្គការមិត្តសំឡាញ់បានលើកឡើងថា មានការខ្វះទំនាក់ទំនងរវាងអាជ្ញាធរ និងអង្គការ។
លោកបានមានប្រសាសន៍ថា ” អង្គការមិត្តសំឡាញ់ និងអង្គការដើម្បីភាពញញឹមនៃកុមារ ត្រូវធ្វើការរួមគ្នា [ជាមួយរដ្ឋាភិបាល] លើបញ្ហានេះ ហើយយើងនឹងបន្តធ្វើការជាមួយពួកគេ ប៉ុន្តែវាគឺជាការស្ទាក់ស្ទើរ”។
លោក ពិន សារពេជ ប្រធានកម្មវិធីនៅអង្គការដើម្បីភាពញញឹមនៃកុមារបានលើកឡើងថា នគរបាលគួរតែអនុវត្តយុទ្ធនាការនេះ គឺមិនមែនសន្តិសុខខណ្ឌនោះទេ។
លោកបានមានប្រសាសន៍ថា ” យើងចង់ធ្វើការជាមួយសាលារាជធានី ហើយយើងមិនចង់ឲ្យនរណាម្នាក់រងការឈឺចាប់ទេ ឬគ្រាន់តែចាប់ខ្លួនដោយសារតែពួកគាត់នៅតាមផ្លូវតែប៉ុណ្ណោះ”៕ ស៊ុយឈាង