គណៈកម្មការធនាគារ និងហិរញ្ញវត្ថុនៃរដ្ឋសភាបានជួបប្រជុំកាលពីម្សិលមិញ ដើម្បីពិភាក្សាអំពីសំណើថវិកាជាតិ៣,៨ពាន់លានដុល្លារសម្រាប់ឆ្នាំ២០១៥ ដោយក្រុមតំណាងរាស្ត្រមកពីគណបក្សទាំងពីរបានយល់ស្របគ្នាថា ចាំបាច់ត្រូវមានព័ត៌មានលម្អិតជាក់លាក់បន្ថែមទៀត មុនពេលពួកគេអាចវាយតម្លៃគម្រោងនេះបាន នេះបើយោងតាមការលើកឡើងរបស់លោក សុន ឆ័យ អនុប្រធានគណៈកម្មការនេះ។
លោក សុន ឆ័យ តំណាងរាស្ត្រជាន់ខ្ពស់មួយរូបរបស់គណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា តំណាងរាស្ត្របួនរូបមកពីគណបក្សរបស់លោក ដែលស្ថិតនៅក្នុងគណៈកម្មការនេះ ព្រមទាំងតំណាងរាស្ត្រប្រាំរូបមកពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចផង បានគ្រោងជំនួបមួយជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅចុងខែនេះ។
លោកបានមានប្រសាសន៍ទៀតថា “យើងមិនអាចប្រាប់អស់លោកគ្រប់យ៉ាងបានទេ នោះជាសំណើរបស់ប្រធាន។ ប៉ុន្តែ ខ្ញុំអាចនិយាយបានថា យើងបានពិនិត្យមើលសេចក្តីព្រាង ហើយបានឃើញបញ្ហាមួយចំនួនដែលយើងនឹងលើកឡើង នៅពេលយើងជួបជាមួយរដ្ឋមន្ត្រីដូចដែលយើងបានគ្រោងទុកនៅថ្ងៃទី២៤ ខែវិច្ឆិកា។យើងទាំងអស់គ្នាហាក់ដូចជាបានព្រមព្រៀងគ្នាថា យើងត្រូវការឯកសារបន្ថែមទៀតដើម្បីឲ្យយើងមានទិន្នន័យសម្រាប់លើកឡើង [បញ្ហានានា] ជាមួយរដ្ឋាភិបាលរួមទាំងស្តីពីចំណូល ព្រមទាំងការចំណាយផងដែរ”។
កាលពីចុងខែមុន រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ចេញសំណើដ៏ធំរបស់ខ្លួនសម្រាប់ការចំណាយ និងចំណូលសម្រាប់ក្រសួងនីមួយៗ ប៉ុន្តែ គណបក្សសង្គ្រោះជាតិបានស្នើសុំព័ត៌មានលម្អិតបន្ថែម ដែលធ្វើឲ្យអ្នកនៅក្រៅរដ្ឋាភិបាលអាចវាយតម្លៃអំពីថវិកាឲ្យបានល្អប្រសើរ។
លោក ជាម យៀប ប្រធានគណៈកម្មការធនាគារ និងហិរញ្ញវត្ថុនៃរដ្ឋសភា មិនអាចទាក់ទងសុំការបំភ្លឺបានទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លោក ជាម យៀប បានធ្វើជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប៉ុន្តែ លោក ប៊ុល ឡាគីម ជំនួយការផ្ទាល់របស់លោកបានមានប្រសាសន៍កាលពីរសៀលម្សិលមិញថា តំណាងរាស្ត្រ ដែលកាន់តំណែងយូររូបនេះមិនទំនេរនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា លោកមិនដឹងច្បាស់ថា រដ្ឋាភិបាលនឹងយកចិត្តទុកដាក់ចំពោះសំណើរបស់លោក សុន ឆ័យ ដែលសុំឲ្យបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀតអំពីសេចក្តីព្រាងថវិកា៣,៨ពាន់លានដុល្លារ ឬយ៉ាងណានោះទេ មុនពេលបញ្ជូនទៅរដ្ឋសភា។
លោកបានមានប្រសាសន៍ទៀតថា “ខ្ញុំមិនដឹងទេ។ ខ្ញុំគិតថា លោក សុន ឆ័យ មានសិទ្ធិស្នើសុំព័ត៌មានបន្ថែមស្តីពីបញ្ហានោះ។ គាត់មានសិទ្ធិសាកសួរពីបញ្ហានោះទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬគាត់អាចរង់ចាំបានរហូតដល់សម័យប្រជុំពេញអង្គដើម្បីចោទសួរអំពីវា”។
កាលពីសប្តាហ៍មុន លោក សុន ឆ័យ បានផ្ញើលិខិតមួយច្បាប់បែបនេះទៅលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្នើសុំព័ត៌មានលម្អិតបន្ថែមស្តីពីថវិកាជាតិ។ ប៉ុន្តែ លោក សុន ឆ័យ បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា លិខិតនោះត្រូវបានបញ្ជូនត្រឡប់មកលោកវិញដោយគ្មានការឆ្លើយតប ពីព្រោះលោកបានបញ្ជាក់នៅក្នុងលិខិតនោះថា លោកជាអនុប្រធាននៃគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយគ្មានការអនុម័តពីលោក ជាម យៀប ។
លោក ហែ៊ល ចំរើន អគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបដិសេធមិនធ្វើការអត្ថាធិប្បាយទេកាលពីល្ងាចម្សិលមិញ ជុំវិញថា តើក្រសួងរបស់លោកនឹងបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀតស្តីពីថវិកាជាតិនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
លោកបានមានប្រសាសន៍ថា “ពេលនេះអ្វីៗកំពុងស្ថិតក្នុងដៃរដ្ឋសភា ដូច្នេះមិនទាន់មានព័ត៌មានចេញផ្សាយជាសាធារណៈនៅឡើយទេ ពីព្រោះវាស្ថិតក្នុងដំណាក់កាលពិភាក្សា។ លោកបានលើកឡើងបន្ថែមទៀតថា សិក្ខាសាលាមួយនឹងត្រូវរៀបចំឡើងនៅរដ្ឋសភានៅថ្ងៃអង្គារសប្តាហ៍ក្រោយ និងបើកទូលាយឲ្យសាធារណជនបានដឹង និងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីថវិកា។
គណបក្សប្រជាជនកម្ពុជាមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភាដោយមាន៦៨អាសនៈក្នុងចំណោមអាសនៈទាំង១២៣នៃរដ្ឋសភា ហើយនឹងអាចអនុម័តថវិកាឆ្នាំ២០១៥ ដោយគ្មានការតវ៉ា។ លោក សុន ឆ័យ បានមានប្រសាសន៍ថា វាជាស្តង់ដារ ដែលគម្រោងថវិកាត្រូវអនុម័តដោយរដ្ឋសភាមិនលើសពីសប្តាហ៍ទី៣នៃខែធ្នូ៕សុខុម