យោងតាមសេចក្តីរាយការណ៍មួយចុះផ្សាយដោយកាសែត today’s Korea JoongAng Dialy បានឲ្យដឹងថា កាលពីថ្ងៃអង្គារ នគរបាលកូរ៉េបានចាប់ខ្លួនបុរសម្នាក់ ពីបទសង្ស័យថាបានសម្លាប់ប្រពន្ធជនជាតិខ្មែរ ដែលកំពុងមានផ្ទៃពោះ ដើម្បីប្រមូលប្រាក់ប្រហែល៨,៥លានដុល្លារ ពីធានារ៉ាប់រងអាយុជីវិតដាច់ដោយឡែកពីគ្នាចំនួន២៦ ដែលបុរសរូបនេះបានទិញឲ្យនាង។
អត្ថបទកាសែតនេះបានចុះផ្សាយថា បុរសអាយុ៤៥ឆ្នាំ ដែលគេបញ្ចេញឈ្មោះត្រឹមតែថា “Lee” នោះត្រូវបានសង្ស័យថា បានឲ្យថ្នាំងងុយដេកទៅប្រពន្ធជនជាតិខ្មែរលេបមុនពេលបើករថយន្តរបស់ខ្លួនបុករថយន្តធុនធំ ដែលកំពុងចតនៅស្ងៀមមួយគ្រឿង ខណៈប្រពន្ធរបស់ខ្លួនអង្គុយនៅកៅអីមុខជាប់តៃកុង។
អត្ថបទកាសែតនេះមានខ្លឹមសារដូច្នេះថា “នគរបាលបានលើកឡើងថា លោក Lee បានបើករថយន្តរបស់ខ្លួនទៅបុកនឹងរថយន្តដឹកទំនិញចំណុះ៨តោន ដែលចតនៅចំណតបន្ទាន់មួយនាវេលាម៉ោងប្រហែល៣ និង៤០នាទីទៀបភ្លឺ កាលពីថ្ងៃទី២៣ ខែសីហា។ ប្រពន្ធរបស់គាត់ដែលជាជនអន្តោប្រវេសន៍មកពីប្រទេសកម្ពុជាគឺអង្គុយនៅកៅមុខជាប់តៃកុងហើយបានស្លាប់។ នាងមានផ្ទៃពោះប្រាំពីរខែហើយ”។
អត្ថបទកាសែតនេះបានចុះផ្សាយទៀតថា គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យមានមនុស្សស្លាប់នេះកើតឡើងនៅចម្ងាយ៣៣៥គីឡូម៉ែត្រ ពីទីក្រុង Busan ជាទីក្រុងធំទី២ បន្ទាប់ពីទីក្រុងសេអ៊ូល រីឯប្តីជនជាតិកូរ៉េនោះ គ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ។ នគរបាលកូរ៉េខាងត្បូងបានដកស្រង់សំដីរបស់បុរសនេះមកថា “គ្រោះថ្នាក់នេះកើតឡើងបន្ទាប់ពីខ្ញុំងោកមួយភ្លែតទៅលើចង្កូតរថយន្ត”។
អត្ថបទកាសែតនេះមិនបានប្រាប់ឲ្យដឹងពីឈ្មោះរបស់ស្ត្រីជនជាតិខ្មែររូបនេះ ឬអត្តសញ្ញាណរបស់នាងឡើយ ហើយបានចុះផ្សាយត្រឹមតែថា នាងបានរៀបការក្នុងឆ្នាំ២០០៨តែប៉ុណ្ណោះ ។ ហើយគ្រោះថ្នាក់នេះដំបូងឡើយត្រូវនគរបាលសន្និដ្ឋានថា ជាឧបទ្ទវហេតុមួយ។
អត្ថបទកាសែតនេះបានចុះផ្សាយបន្តទៀតថា “ករណីនេះស្ទើរតែត្រូវបានចាត់ទុកថា ជាគ្រោះថ្នាក់ដ៏សោកនាដកម្មមួយទៅហើយរហូតដល់នគរបាលបានដឹងថា លោក Lee បានទិញប័ណ្ណធានារ៉ាប់រងដាច់ដោយឡែកពីគ្នាដល់ទៅ២៦ឲ្យប្រពន្ធរបស់ខ្លួន ដែលគាត់នឹងទទួលបានប្រាក់សរុបមកវិញចំនួន៩,៦ពាន់លានវ៉ុន [៨.៦៤០.៨៦៤ដុល្លារ]” នោះ។
យោងតាមនគរបាលបានឲ្យដឹងថា ចំនួនទឹកប្រាក់សរុបដែលលោក Lee ត្រូវបង់ក្នុងមួយខែៗសម្រាប់ធានារ៉ាប់រងដាច់ដោយឡែកពីគ្នាទាំង២៦នេះ គឺប្រហែល២.៧០០ដុល្លារ។
អត្ថបទកាសែតនេះបានចុះផ្សាយបន្ថែមថា “យោងតាមការវិភាគលើខ្សែអាត់វីដេអូកាម៉េរាសុវត្ថិភាព បានបង្ហាញថា លោក Lee បានគ្រប់គ្រងរថយន្តរបស់ខ្លួននៅពេលកើតហេតុនោះមិនដូចអ្នកបើកបរដែលងងុយដេកនោះឡើយ។ លោក Lee បានបើកភ្លើងហ្វា បំភ្លឺទៅខាងមុខចម្ងាយប្រមាណ៤០០ម៉ែត្រពីរថយន្តធុនធំ ហើយបានបើកទៅបុករថយន្តនោះប្រកបដោយជំនាញ។ លោក Lee បានពាក់ខ្សែក្រវាត់សុវត្ថិភាពនៅពេលកើតហេតុ ចំណែកប្រពន្ធរបស់គាត់មិនពាក់នោះឡើយ”។
នគរបាលត្រូវបានគេដកស្រង់សំដីមកថា “វាមិនអាចទៅរួចទេក្នុងការគ្រប់គ្រងចង្កូតរថយន្តដូចអ្វីដែលលោក Lee បានធ្វើ ប្រសិនបើអ្នកបើកបរពិតជាងងុយដេកមែននោះ”។
ខ្សែអាត់វីដេអូស្តីពីគ្រោះថ្នាក់កាលពីថ្ងៃទី២៣ ខែសីហានេះ ដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍កូរ៉េខាងត្បូងកាលពីម្សិលមិញ បានបង្ហាញថា បើយោងតាមភ្លើងចង្កៀងមុខរបស់រថយន្តនេះបង្ហាញថា រថយន្តនេះស្ថិតក្នុងល្បឿនមួយថេរ ហើយបានបើកឆ្ពោះត្រង់សំដៅទៅរថយន្តធុនធំដែលចតនៅស្ងៀមតែម្តង។
យោងតាមកាសែត today’s Korea JoongAng Daily បានឲ្យដឹងបន្តថា បុរសជនជាតិកូរ៉េរូបនេះបានបដិសេធចំពោះការចោទប្រកាន់របស់នគរបាល ដែលថា ករណីនេះជាករណីឃាតកម្ម។
ពេលទាក់ទងកាលពីម្សិលមិញ លោក សុទ្ធ ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានលើកឡើងថា លោកកំពុងទាក់ទងនគរបាលនៅកូរ៉េខាងត្បូងជាប់ជានិច្ច ប៉ុន្តែថា ពួកគេនៅមិនទាន់ផ្តល់របាយការណ៍អំពីករណីនេះទៅស្ថានទូតរបស់លោកនៅឡើយទេ។
លោកបានមានប្រសាសន៍ថា “ចំពោះករណីនេះខ្ញុំកំពុងសហការណ៍ជាមួយនគរបាលកូរ៉េនៅឡើយ ដើម្បីបញ្ជាក់ថា តើនាងត្រូវគេសម្លាប់ដោយរបៀបណា។ រហូតមកទល់ពេលនេះនគរបាលកូរ៉េនៅមិនទាន់បង្ហាញករណីពិតដល់ខ្ញុំនៅឡើយទេ ប៉ុន្តែ ស្ថានទូតកម្ពុជារបស់យើងនៅតែព្យាយាមជំរុញឲ្យពួកគេស្វែងរកមូលហេតុពិតប្រាកដ”។ លោក ឌីណា បានលើកឡើងទៀតថា ស្ត្រីជនជាតិខ្មែររូបនេះបានប្តូរឈ្មោះទៅជាឈ្មោះកូរ៉េ បន្ទាប់ពីនាងបានរៀបការរួច ប៉ុន្តែ លោកមិនចាំឈ្មោះនោះឡើយ។
លោកបានមានប្រសាសន៍ថា “វាមានការសង្ស័យជាច្រើននៅក្នុងករណីនេះ ហើយខ្ញុំបានទាក់ទងមន្ត្រីនគរបាលកូរ៉េហើយ ហើយពួកគេបាននិយាយថា ខ្លួននឹងសហការជាមួយស្ថានទូតដើម្បីបញ្ជាក់ឲ្យបានច្បាស់អំពីករណីនេះ”៕ស៊ុយឈាង