30 C
Phnom Penh

រដ្ឋាភិបាល​​​បន្ត​​​ពន្យារ​​​ពេល​​​មិន​​ឲ្យ​​​អង្គការ​​​សហប្រជាជាតិ​​​ជួប​​​ជាមួយ​​​​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​ខំប្រឹង​​​ប្រែង​​​របស់​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ដើម្បី​​​កំណត់​​​ទី​​​តាំង​​​របស់​​​ក្រុម​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា ដែល​​​កំពុង​​​លាក់​​​ខ្លួន​​​នៅ​​​​​​ក្នុង​​​ខេត្ត​​​រតន​​​គិរី​​​ ​​​ត្រូវ​​​បាន​​​អាក់​​​ខាន​​​បន្ត​​​ទៀត​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ដោយ​​​សារ​​​​​​អភិបាល​​​ខេត្ត​​​​​​មិន​​​អាច​​​ជួប​​​ជាមួយ​​​គណៈ​​​ប្រតិភូ​​​របស់​​​ខ្លួន​​​សា​​​ជា​​​ថ្មី​​​​​ ពោល​​​​​​គឺ​​​បួន​​​ថ្ងៃ បន្ទាប់​​​ពី​​​អង្គការ​​​សហប្រជា​​​ជាតិ​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ខេត្ត​​​​​ដែល​​​នៅ​​​ភាគ​​​ឦសាន​​​មួយ​​​នេះ។

ទោះ​​​បី​​​ជា​​​​​​​​​​​​គណៈ​​​ប្រតិភូ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​រំពឹង​​​ថា ខ្លួន​​​នឹង​​​បាន​​​ជួប​​​ជា​​​មួយ​​​លោក ថោង សាវុន អភិបាល​​​ខេត្ត​​​រតនគិរី​​​ កាល​​​ពីម្សិល​​​មិញ​​​ក្តី តែ​​​លោក​​​ស្រី Wan-Hea Lee តំណាង​​​ប្រចាំ​​​ប្រទេស​​​របស់​​​ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ ថោង សាវុន មិន​​​បាន​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរីទេ​​​ ថ្វី​​​បើ​​​អភិបាល​​​ខេត្ត​​​រូប​​​នេះ​​​បាន​​​ជូន​​​ដំណឹង​​​ដល់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ថា លោក​​​កំពុង​​​ធ្វើ​​​ដំណើរ​​​មក​​​កាន់​​​ខេត្ត​​​េនះ​​​វិញ​​​ក្តី​​​។

លោក​​​ស្រី Lee បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉ែល​​​មួ​​​យ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “ថ្ងៃ​​​េនះ​​​យើង​​​ត្រូវ​​​បាន​​​គេ​​​ជូន​​​ដំណឹង​​​មក​​​ថា លោក​​​អភិបាល​​​ខេត្ត​​​រតនគិរី​​​នឹង​​​ត្រឡប់មក​​​ខេត្ត​​​នេះវ​​​ិញ​​​នៅ​​​ថ្ងៃ​​​ស្អែក​​​។ យើង​​​កំពុង​​​រង់​​​ចាំ​​​គាត់​​​ ដើម្បី​​​នាំ​​​ក្រុម​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​នេះ​​​ទៅ​​​កន្លែង​​​មាន​​​សុវត្ថិភាព​​​​​​ឲ្យ​​​បាន​​​ឆាប់​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​ ជាពិសេស​​​អ្នក​​​ដែល​​​គេ​​​ប្រាប់​​​មក​​​ថា កំពុង​​​​​​មាន​​​ជំងឺ​​​នោះ​​​”។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​សប្តាហ៍​​​​​​មុន អង្គការ​​​សហប្រជា​​​ជាតិ​​​ត្រូវ​​​អាជ្ញាធរ​​​ខេត្ត​​​ប្រាប់​​​ថា ពួក​​​គេ​​​មិន​​​អាច​​​ជួប​​​ជាមួយ​​​​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​បាន​​​ឡើយ​​​ រហូត​​​ទាល់​​​តែ​​​លោក​​​ ថោង សារុន ត្រឡប់​​​មក​​​ខេត្ត​​​រតនគិរី​​​វិញ​​​សិន​​​។

លោក លី វិន អភិបាល​​​ខេត្ត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា លោក ថោង សាវុន បាន​​​ត្រឡប់មក​​​ខេត្ត​​​រតនគិរី​​​វិញហើយ​​​កាល​​​ពី​​​ម្សិល​​​មិញ ហើយ​​​ថា កិច្ច​​​ប្រជុំ​​​រវា​​​ង​​​លោក និង​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ត្រូវ​​​បាន​​​គ្រោង​​​រៀ​​​ប​​​ចំ​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​នេះ​​​។

លោក លី វិន បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក​​​អភិបាល​​​ខេត្ត​​​ទើប​​​តែ​​​ត្រឡប់​​​មក​​​ពី​​​រាជ​​​ធានី​​​ភ្នំពេញ​​​វិញ​​​នៅ​​​ថ្ងៃ​​​រសៀល​​​នេះ​​​ ហើយ​​​គាត់​​​គ្រោង​​​ជួប​​​ជាមួយ​​​គណៈ​​​ប្រតិភូ​​​អង្គការ​​​សហប្រជា​​​ជាតិ​​​នៅ​​​ថ្ងៃ​​​នេះ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា គណៈ​​​ប្រតិភូ​​​​​​អង្គការ​​​សហប្រជា​​​ជាតិ​​​អាច​​​ជួប​​​ជា​​​មួយ​​​អ្នក​​​ស្វែង​​​​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន ឬ​​​មិន​​​ជួប​​​នោះ​​​ គឺ​​​វា​​​នៅ​​​តែ​​​គ្មាន​​​ការ​​​ធានា​​​ឡើយ​​​។

អ្នក​​​ភូមិ​​​​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ចំនួន​​​១៣​​​នាក់​​​ដែល​​​សុទ្ធ​​​តែ​​​ជា​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ា​​​យ​​​នោះ​​​កំពុង​​​លាក់​​​ខ្លួន​​​នៅ​​​ក្នុង​​​ព្រៃ​​​ក្នុង​​​​​​ស្រុក​​​លំផាត់​​​ អស់​​​រយៈ​​​ពេល​​​ប្រាំ​​​ពីរ​​​សប្តាហ៍​​​មក​​​ហើយ​​​ បន្ទាប់​​​ពី​​​គេច​​​ពី​​​ការ​​​ផ្តន្ទាទោស​​​ក្នុង​​​ប្រទេស​​​វៀត​​​ណាម​​​។

ដំណើរ​​​ចុង​​​ក្រោយ​​​មក​​​កាន់​​​ខេត្ត​​​រតនគិរី​​​នេះ ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​គណៈ​​​ប្រតិភូ​​​អង្គការ​​​សហប្រជាជាតិ​​​បាន​​​ត្រឡប់​​​ទៅ​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​វិញ​​​កាល​​​ពី ថ្ងៃ​​​ទី​​​៥ ខែ​​​ធ្នូ ក្រោយ​​​ពេល​​​ព្យាយាម​​​​​​ដោយ​​​មិនការ​​​​​​អស់​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​ដើម្បី​​​ជួប​​​ជាមួយ​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​​​​ដោយ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​ទាម​​​ទារ​​​លិខិត​​​អនុញ្ញាត​​​ពី​​​ក្រសួង​​​មហាផ្ទៃ​​​​​​ជា​​​មុន​​​សិន​​​។

អ្នក​​​ភូមិ​​​ជនជាតិ​​​ដើម​​​ភា​​​គ​​​តិច​​​ចារ៉ាយ​​​ម្នាក់​​​ ដែល​​​ផ្តល់​​​ស្បៀ​​​ង​​​អាហារ​​​ និង​​​ទឹក​​​ដល់​​​ក្រុម​​​​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា គាត់​​​ជឿជាក់​​​ថា អាជ្ញាធរ​​​មាន​​​បំណង​​​ពន្យារ​​​ពេល​​​ការ​​​ចរចា​​​ជា​​​មួយ​​​អង្គការ​​​សហប្រជា​​​ជាតិ​​​។

អ្នក​​​ភូមិ​​​រូប​​​នេះ​​​ដែល​​​ស្នើ​​​សុំ​​​លាក់អត្ត​​​សញ្ញាណ ដោយ​​​ខ្លាច​​​ក្រែង​​​មានការ​​​ធ្វើទុក្ខ​​​បុកម្មេញ​​​​​​នោះ​​​ បាន​​​និយាយ​​​ថា “ខ្ញុំ​​​គិត​​​ថា អាជ្ញាធរ​​​មិន​​​ចង់​​​​​​ជួប​​​ជាមួយ​​​អង្គការ​​​សហប្រជា​​​ជាតិ​​​នោះ​​​ទេ​​​ ហេតុ​​​ដូច្នេះ​​​ហើយ បាន​​​ជា​​​ពួក​​​គេ​​​ពន្យារ​​​ពេល​​ការ​​​ជួប​​​ប្រជុំ​​ ព្រោះ​​​ពួក​​​គេ​​​ចង់​​​ចាប់​​​ខ្លួន​​​ជន​​​ភៀស​​​ខ្លួន ហើយ​​​បញ្ជូន​​​ពួក​​​គេ​​ទៅ​​​ប្រទេស​​​វៀត​​​ណាម​​​វិញ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា នគរបាល​​​មូលដ្ឋាន​​​ត្រូវ​​​បាន​​​បញ្ជូន​​​ឲ្យ​​​ទៅ​​​​​​ស្វែង​​​រក​​​កន្លែង​​​លាក់​​​ខ្លួន​​​​​​​​​នៅ​​​ក្នុង​​​ព្រៃ​​​ចំនួន​​​បី​​​កន្លែង​​​របស់​​​ក្រុម​​​​​​​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​កាល​​​ពី​​​ម្សិល​​​មិញ​​​៕ស៊ុ​​​យ​​​ឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស