កាលពីម្សិលមិញ លោក អេង ឆៃអ៊ាង សមាជិកសភាគណបក្សប្រឆាំងបានសរសេរលិខិតមួយច្បាប់ផ្ញើជូនរដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញឲ្យរូបលោកធានាថា សន្តិសុខក្រុមហ៊ុនចិនដែលសាងសង់តំបន់ទេសចរណ៍ដែលចំណាយទឹកប្រាក់៣,៨ពាន់លានដុល្លារនៅក្នុងខេត្តកោះកុងមិនបណ្តេញអ្នកភូមិប្រហែល៣០គ្រួសារចេញពីផ្ទះសំបែងរបស់ពួកគាត់នៅក្នុងតំបន់នោះ។
ក្រុមហ៊ុន Union Development Group (UDG) របស់ចិនបានបណ្តេញអ្នកភូមិប្រហែល១.០០០គ្រួសាររួចមកហើយ ចាប់តាំងពីក្រុមហ៊ុននេះបានចាប់ផ្តើមធ្វើការសាងសង់កាលពីឆ្នាំ២០១០។
នៅពេលក្រុមហ៊ុននេះបានចាប់ផ្តើមចាក់ដីលើផ្លូវធំឆ្ពោះទៅកាន់ភូមិរបស់ក្រុមអ្នកភូមិកាលពីចុងខែមុន ជាការព្យាយាមច្បាស់ក្រឡែតដើម្បីបង្ខំឲ្យពួកគាត់ចាកចេញមក ក្រុមអ្នកភូមិបានដាក់របាំងផ្លូវបិទផ្លូវសាធារណៈនៅក្បែរនោះដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលរារាំងក្រុមហ៊ុននេះ។
ក្រុមអ្នកភូមិបានប៉ះទង្គិចគ្នារយៈពេលខ្លីជាមួយសន្តិសុខក្រុមហ៊ុន UDG កាលពីថ្ងៃពុធ ដោយក្រុមអ្នកភូមិបានគប់គ្រាប់បែកសាំងដាក់រថយន្តរបស់ក្រុមហ៊ុននេះ ហើយសន្តិសុខទាំងនោះបានគប់ដំុថ្ម។
កាលពីរសៀលម្សិលមិញ លោក អេង ឆៃអ៊ាង ដែលជាប្រធានគណៈកម្មការសិទ្ធិមនុស្សរដ្ឋសភាបានមានប្រសាសន៍ថា លោកនឹងផ្ញើលិខិតទៅលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅរសៀលនោះ ដោយជំរុញឲ្យរូបលោកការពារក្រុមអ្នកភូមិ។
លោកបានមានប្រសាសន៍ថា “ល្ងាចនេះខ្ញុំនឹងផ្ញើលិខិតទៅ ប្រធានរដ្ឋសភា ហើយលិខិតនេះនឹងត្រូវបញ្ជូនបន្តទៅលោករដ្ឋមន្ត្រី សាយ សំអាល់ នៅសប្តាហ៍ក្រោយ។ ទី១ លិខិតនេះនឹងសុំឲ្យលោក សាយ សំអាល់ ពិនិត្យមើលសកម្មភាពរបស់ក្រុមហ៊ុននេះក្នុងការដោះស្រាយបញ្ហានេះដោយសន្តិវិធី ហើយទី២ រារាំងក្រុមហ៊ុនកុំឲ្យប្រើកម្លាំងសន្តិសុខគាបសង្កត់ និងបណ្តេញក្រុមអ្នកភូមិចេញ។
លោក អេង ឆៃអ៊ាង មិនអាចទាក់ទងសុំការបញ្ជាក់បានទេកាលពីល្ងាចម្សិលមិញ ប៉ុន្តែ លោក ជា ប៉ូច សមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលជាសមាជិកគណៈកម្មការសិទ្ធិមនុស្សនេះបានមានប្រសាសន៍ថា លិខិតនេះត្រូវបានផ្ញើទៅហើយ។
កាលពីថ្ងៃពុធ លោក សាយ សំអាល់ បានមានប្រសាសន៍ថា លោកនឹងបញ្ជូនគណៈប្រតិភូទៅខេត្តកោះកុងដើម្បីសើុបអង្កេតវិវាទនេះ ប៉ុន្តែ លោកមិនបាននិយាយថា តើក្រុមនេះនឹងធ្វើដំណើរទៅនៅពេលណានោះឡើយ។
គេមិនអាចទាក់ទងលោករដ្ឋមន្ត្រីបានទេកាលពីម្សិលមិញ។ លោក សៅ សុភាព ប្រធានខុទ្ទកាល័យរបស់លោកបានមានប្រសាសន៍ថា មិនទាន់មានការកំណត់កាលបរិច្ឆេទធ្វើដំណើរសម្រាប់ក្រុមនេះនៅឡើយទេ។
លោកបានមានប្រសាសន៍ថា “លោករដ្ឋមន្ត្រីមិនទាន់បានសម្រេចនៅឡើយទេ ពីព្រោះយើងរង់ចាំសាកសួរអ្នកជំនាញរបស់ក្រសួងថា តើក្រុមហ៊ុននេះបានយកដីទៅចាក់បិទផ្លូវដោយចេតនាមែនឬយ៉ាងណា”។
លោក សុភាព បានមានប្រសាសន៍ថា ប្រសិនបើក្រសួងរកឃើញថា ក្រុមហ៊ុន UDG ពិតជាបានធ្វើដូច្នេះមែន រដ្ឋាភិបាលនឹង “ចាត់វិធានការភ្លាម” ប៉ុន្តែ លោកបានបដិសេធមិននិយាយលម្អិតឡើយ៕សារុន