30 C
Phnom Penh

អ្នកភូមិ​ និង​ក្រុមហ៊ុន​​ដែលជាប់ពាក់ព័ន្ធ​វិវាទ​ដីធ្លី​ដាក់ពាក្យ​បណ្តឹង​តបត​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិ​ក្នុង​​ខេត្ត​កោះកុង ​និង​បុគ្គលិក​ក្រុម​ហ៊ុន​ចិន ដែល​ពួកគាត់​​ចោទ​ប្រកាន់​ថា បាន​ប៉ុនប៉ង​បណ្ដេញ​ពួកគាត់​ចេញ​​​ពីដីធ្លី​ បានដាក់ពាក្យ​បណ្ត​ឹង​តបត​គ្នា​ទៅវិញ​ទៅ​មក​ទៅ​​​នគរ​បាល​មូលដ្ឋាន​ជុំវិញ​ការ​ប្រឈម​មុខ​ដាក់​គ្នា​​កាលពី​សប្ដាហ៍​មុន ដែល​អំឡុង​ពេល​នោះ​ភាគី​ទាំង​ពីរ​បាន​គប់​ដុំថ្ម និង​គ្រាប់​បែក​​សាំង​ដាក់​គ្នា​។

ការ​ប៉ះទង្គិច​គ្នា​នោះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ពុធ នៅ​ពេល​ក្រុម​ហ៊ុន​ Union Development Group (UDG) ​ដែល​បាន​សាង​សង់​រមណីយដ្ឋាន​​ដែល​មាន​ទឹក​ប្រាក់​៣,៨ពាន់​លាន​ដុល្លារ​នៅ​ក្នុង​តំបន់​នោះ បាន​បញ្ជូន​​រថ​យន្ត​​ពីរ​គ្រឿង​ឲ្យ​ដឹកដី​ទៅ​ចាក់​​​​​លើ​ផ្លូវ​ធំ​ទៅ​កាន់​ភូមិ​ ដែល​មាន​អ្នកភូមិ​ប្រហែល​៣០​គ្រួសារ​រស់​នៅ​ក្នុង​ឃុំ​កោះស្ដេច​ ស្រុក​គិរីសាគរ។

ក្រុម​អ្នក​ភូមិ​ដែល​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ថា បាន​ប៉ុនប៉ង​បណ្ដេញ​ពួកគាត់​ចេញនោះ​​​​បាន​តបត​វិញ​​ដោយ​គប់​គ្រាប់​បែក​សាំង​ដាក់​រថយន្ត​មួយ​គ្រឿង ដែលត្រង់​​ចំណុច​នោះ​ហើយ​សន្ត​ិ​សុខ​ក្រុម​ហ៊ុន​UDG បាន​គប់​ដុំ​ថ្ម​ដាក់​អ្នក​ភូមិ​ដើម្បី​ឲ្យ​ពួកគាត់​ចាកចេញ។

លោក លី វណ្ណា នាយ​ប៉ុស្តិ៍​ឃុំ​បាន​មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​ពាក្យ​បណ្ដឹង​របស់​ក្រុម​ហ៊ុន UDG មួយ​ថ្ងៃ​បន្ទាប់ពី​ការ​ប៉ះទង្គិច​គ្នា​ និង​ពាក្យ​បណ្ដឹង​របស់​ក្រុម​អ្នកភូមិ​កាលពី​ម្សិល​មិញ ហើយ​បាន​ចាប់​ផ្ដើម​សាកសួរ​អ្នក​ដែលជាប់​ពាក់​ព័ន្ធ​។

លោក​បាន​មាន​ប្រសាសន៍​ថា លោក លី តិចហី មេការ​ក្រុម​ហ៊ុន​ UDG បាន​ចោទ​អ្នកភូមិ​បី​នាក់​​ពីបទ​ញុះញង់​ឲ្យ​មាន​ការ​តវ៉ា​ និង​បំផ្លាញ​រថយន្ត​មួយ​គ្រឿង​ ហើយ​ថា ក្រុម​អ្នកភូមិ​​ចោទ​ប្រកាន់​សន្តិសុខ​ថា បាន​ធ្វើ​ឲ្យ​អ្នកភូមិ​ប្រាំនាក់​​រងរបួស​។

លោក វណ្ណា បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​​បន្ថែម​បាន​ទេ​ឥឡូវ​នេះ ពីព្រោះ​ខ្ញុំ​កំពុង​​​ប្រមូល​ឯកសារ ហើយ​បន្ទាប់​មក​ខ្ញុំ​នឹង​ស្នើ​សុំ​ការ​ណែនាំ​ពី​ថ្នាក់​លើ​។

នៅ​ពេល​​ត្រូវ​បាន​ទាក់​ទង​កាលពី​ម្សិលមិញ លោក តិចហី បាន​លើក​ឡើង​ថា លោក​ទាម​ទារ​សំណង​ ២.០០០​ដុល្លារ​ពី​ក្រុម​អ្នក​ភូមិ​ចំពោះ​ការ​វាយ​បំបែក​ភ្លើង​ហ្វា​ និង​កញ្ចក់​រថយន្ត​មួយ​គ្រឿង​។ លោក​បាន​បដិសេធការដែល​​ថា ក្រុម​ហ៊ុន​​បានប៉ុនប៉ង​​បិទ​ផ្លូវ​នេះ​ដោយ​ចេតនានោះ។ លោក​បាន​​និយាយ​ថា ” យើង​មិន​​បាន​​ដឹកដី​ចាក់​បិទ​ផ្លូវទេ។ យើង​ដឹកដី​ចាក់​ដើម្បី​ស្ថាបនា​ផ្លូវ​ទៅ​កាន់​កំពង់ផែ​ថ្មី​របស់​ក្រុម​ហ៊ុន​តែ​ប៉ុណ្ណោះ”។

លោក ស៊ឹម គឹមសាន ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​លោក តិចហី និង​ជា​អ្នក​ដែល​បាន​​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ក្រុម​ហ៊ុន UDG បាន​និយាយ​ថា នគរ​បាល​បាន​សាក​សួរ​រូប​លោក​កាលពី​ម្សិលមិញ ហើយ​លោក​បាន​បដិសេធ​​ការចោទប្រកាន់​​របស់​មេកា​រូប​នេះ​មក​លើ​រូប​លោក​។

លោក​បាន​និយាយ​ថា “ខ្ញុំ​បាន​ឆ្លើយ​ប្រាប់​នគរ​បាល​ថា ខ្ញុំ​មិន​បាន​វាយ​បំបែក​កញ្ចក់​រថយន្ត​របស់​ក្រុម​ហ៊ុន​ទេ។ ខ្ញុំ​ស្ថិតនៅ​ក្នុង​​ក្រុម​មនុស្ស ហើយ​ខ្ញុំ​គ្រាន់​​តែ​ស្រែក​ឲ្យ​អ្នក​បើក​បរ​រថយន្ត​​​ឈប់​ដឹកដី​ទៅ​ចាក់​លើ​ផ្លូវ​តែ​ប៉ុណ្ណោះ”។ ពាក្យ​បណ្ដឹង​ប្ដឹង​ក្រុម​ហ៊ុន​ UDG ចោទ​ប្រកាន់​​សន្តិសុខ​ក្រុម​ហ៊ុន​នេះថាបាន​​ធ្វើ​ឲ្យ​អ្នកភូមិ​ប្រាំ​នាក់​រង​របួស និង​​ទាមទារ​សំណងជាប្រាក់​​៣.៥០០ដុល្លារ​៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស