និស្សិតសាកលវិទ្យាល័យមួយក្រុមមកពីក្រុងភ្នំពេញដែលប្រឆាំងនឹងគម្រោងទំនប់វារីអគ្គិសនីនៅខេត្តកោះកុង បានចូលការដ្ឋានសំណង់របស់គម្រោងនេះកាលពីថ្ងៃអាទិត្យដើម្បីសិក្សារយៈពេល១០ថ្ងៃ ក្នុងបំណងលើកបង្ហាញតំបន់នេះដែលមានសក្តានុពលសម្រាប់ទេសចរណ៍ធម្មជាតិ។
ដំណើរសិក្សានេះធ្វើឡើងចំពេលមានសេចក្តីសម្រេចរបស់រដ្ឋាភិបាលមិនបន្តទិដ្ឋាការរបស់អ្នកប្រឆាំងម្នាក់ក្នុងចំណោមអ្នកប្រឆាំងនឹងការសង់ទំនប់ចេញមុខបំផុត គឺជនជាតិអេស្ប៉ាញ លោក អាឡិច ហ្គន់ហ្សាឡេស ដាវីដសុន ជាទង្វើមួយដែលនឹងបង្ខំឲ្យសកម្មជននិយាយឥតសំចៃរូបនេះចេញពីប្រទេសកម្ពុជា។
លោក មឿង សូនី ជានិស្សិតឆ្នាំទី១សិក្សាមុខវិជ្ជាទំនាក់ទំនងអន្តរជាតិ បាននិយាយថា លោកនិងនិស្សិតប្រាំពីរនាក់ដែលមានចិត្តគំនិតដូចគ្នា រៃអង្គាសប្រាក់បាន១.៩០០ដុល្លារពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលជាអង្គការក្នុងស្រុក និងពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស ដើម្បីធ្វើការសិក្សាអំពីតំបន់អារ៉ែង។
បើទទួលបានភ្លើងខៀវ ទំនប់វារីអគ្គិសនីស្ទឹងឆាយអារ៉ែងនឹងបង្កការជន់លិចផ្ទៃដីជិត១០.០០០ហិកតា ក្នុងនោះមានទាំងជម្រកសត្វរងការគំរាមកំហែងប្រហែល៣០ប្រភេទលើពិភពលោក និងដីដូនតានៃសហគមន៍គ្រួសារជនជាតិភាគតិចជងផងដែរ។
និស្សិត សូនី បាននិយាយថា “យើងចង់ជំរុញឲ្យមានការអភិវឌ្ឍទេសចរណ៍ធម្មជាតិ។ អារ៉ែងជាកន្លែងស្រស់ស្អាតមានសត្វព្រៃនិងព្រៃព្រឹក្សា។ ទំនប់នេះនឹងនាំមកនូវប្រាក់ចំណូល ប៉ុន្តែទំហំនៃការបំផ្លាញនឹងធំធេងណាស់។ អ្វីដែលយើងព្រួយបារម្ភបំផុតនោះ គឺមនុស្សដែលរស់នៅទីនោះ”។
កាំង ហេង ជានិស្សិតឆ្នាំទី៤ផ្នែកគ្រប់គ្រងទេសចរណ៍បាននិយាយថា ក្រុមនេះនឹងប្រើឧបករណ៍ជីភីអេសដើម្បីរៀបចំផ្លូវធ្វើដំណើរ កន្លែងទឹកធ្លាក់ និងកន្លែងចាប់អារម្មណ៍មានសក្តានុពលផ្សេងទៀតសម្រាប់ទេសចរអនាគត។
ក្រុមនិស្សិតបាននិយាយថា ពួកខ្លួនធ្លាប់ស្គាល់តំបន់នេះច្បាស់ ដោយក្នុងពេលកន្លងធ្លាប់បានចូលរួមការតវ៉ាប្រឆាំងនឹងការសាងសង់ទំនប់នេះជាមួយអង្គការមាតាធម្មជាតិ ជាអង្គការមិនមែនរដ្ឋាភិបាលដែលលោក ហ្គន់ហ្សាឡេស ដាវីដសុន ធ្វើជាសហស្ថាបនិកជួយគ្រួសារជនជាតិជងក្នុងតំបន់នោះ ដើម្បីឲ្យគេលុបគម្រោងនោះចោល។
នៅខែកញ្ញាឆ្នាំមុន លោក ហ្គន់ហ្សាឡេស ដាវីដសុន និងសកម្មជនមាតាធម្មជាតិប្រហែល១០នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនមួយរយៈពេលខ្លីនៅខេត្តកោះកុង បន្ទាប់ពីបានបិទផ្លូវចូលភូមិ ពេលដែលមន្ត្រីរដ្ឋាភិបាលមួយក្រុមធ្វើដំណើរតាមរថយន្តមកដល់ ដោយសង្ឃឹមថានឹងជួបជាមួយក្រុមគ្រួសារជង។
កាលពីថ្ងៃអាទិត្យ ក្រសួងមហាផ្ទៃបាននិយាយថា អំពើបែបនេះបានធ្វើឲ្យលោក ហ្គន់ហ្សាឡេស ដាវីដសុន បាត់បង់ទិដ្ឋាការថ្មី។
លោក សុខ ផល ប្រធានអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បាននិយាយថា ទិដ្ឋាការសព្វថ្ងៃរបស់គាត់ដែលផុតកំណត់នៅថ្ងៃសុក្រ នឹងមិនបន្តឲ្យទៀតទេ។
លោកបាននិយាយថា “យើង[នឹង]បញ្ចប់ទិដ្ឋាការនេះ ពីព្រោះយើងមានការតវ៉ាពីអាជ្ញាធរកោះកុង”ទាក់ទិននឹងការបិទផ្លូវ។ ជននេះ[មិន]ស្តាប់អាជ្ញាធរទេ។ ប្រសិនបើអ្នកបិទផ្លូវ ហើយអាជ្ញាធរមិនអាចទៅធ្វើការកើត តើយើងអាចធ្វើផ្សេងទៀតបាន?។
លោក ហ្គន់ហ្សាឡេស ដាវីដសុន ដែលនិយាយភាសាខ្មែររអិលនោះ បាននិយាយថា លោកជឿជាក់ថា រដ្ឋាភិបាលមិនព្រមបន្តទិដ្ឋាការរបស់លោក ពីព្រោះអង្គការនេះមានជោគជ័យក្នុងការបញ្ឈប់គម្រោងទំនប់នេះ។
លោកបាននិយាយថា “ខ្ញុំចាត់ទុកខ្លួនឯងជាពលរដ្ឋខ្មែរម្នាក់ ដូច្នេះ ខ្ញុំគ្មានបំណងអ្វីចាកចេញឡើយ។ ពួកគេគ្មានជម្រើស ក្រៅតែពីបណ្តេញខ្ញុំទាំងបង្ខំ ដែលតាមការយល់របស់ខ្ញុំ នឹងជួយប្រាប់ពលរដ្ឋខ្មែរច្រើនទៀតអំពីចរិតពិតប្រាកដរបស់រដ្ឋាភិបាលនេះ។ តាមទស្សនៈរបស់ខ្ញុំ ប្រទេសកម្ពុជា គ្មានលទ្ធិប្រជាធិបតេយ្យទាល់តែសោះ ហើយការបណ្តេញខ្ញុំចេញទាំងខុសច្បាប់នឹងរឹតតែបង្ហាញច្បាស់ថែមទៀត”។
នៅពេលត្រូវសួរថាតើលោក ហ្គន់ហ្សាឡេស ដាវីដសុន បានល្មើសច្បាប់ណាមួយនោះ លោកឧត្តមសេនីយ៍ សុខ ផល បដិសេធមិនធ្វើអត្ថាធិប្បាយ។ លោកបាននិយាយថា លោកគ្រាន់តែធ្វើតាមបញ្ជា និងបានបង្វែរសំណួរទៅលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលមិនអាចទាក់ទងបាន។
រដ្ឋាភិបាលនិយាយថា ការសាងសង់ទំនប់នេះនឹងទទួលបានការអនុញ្ញាតឲ្យបន្តបន្ទាប់ពីមានការវាយតម្លៃហ្មត់ចត់អំពីផលប៉ះពាល់សង្គមនិងបរិស្ថានដែលកំពុងធ្វើប៉ុណ្ណោះ៕ មានិត