យោងតាមលិខិតមួយទទួលបានកាលពីថ្ងៃពុធឲ្យដឹងថា បេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនតែងតាំងបួនរូបរបស់គណបក្សប្រឆាំងនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នឹងត្រូវតុលាការវិនិច្ឆ័យទោសទាក់ទិននឹងបទចោទព្រហ្មទណ្ឌនៃ “អំពើហិង្សាដោយចេតនា”។
លោក រ៉ុង ឈុន មេដឹកនាំសហជីព ត្រូវបានជ្រើសរើសដោយគណបក្សសង្គ្រោះជាតិធ្វើជាសមាជិកមួយរូបនៃសមាជិកគណៈកម្មាធិការប្រាំបួនរូបនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត បន្ទាប់ពីស្ថាប័ននេះបង្កើតឡើងនៅខែមេសាឆ្នាំ២០១៥។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គណបក្សនីមួយៗបានជ្រើសរើសសមាជិកបួនរូប និងបានព្រមព្រៀងលើសមាជិក “អព្យាក្រឹត” មួយរូបក្រោមកិច្ចព្រមព្រៀងនយោបាយនាខែកក្កដាឆ្នាំ២០១៤ជាប្រវត្តិសាស្ត្រ។
លោក ឈុន បានរងការចោទប្រកាន់នៅខែកញ្ញាឆ្នាំ២០១៤ ពីបទ “អំពើហិង្សាដោយចេតនា” ទាក់ទិននឹងកូដកម្មទូទាំងប្រទេសរបស់កម្មករកាត់ដេរ ដែលត្រូវបានបង្ក្រាបយ៉ាងហិង្សាដោយរដ្ឋាភិបាលនៅដើមឆ្នាំនោះ។ កាលពីថ្ងៃពុធ លោកបានទទួលលិខិតជូនដំណឹងមួយអំពីសវនាការនៅពេលខាងមុខ។
ក្នុងលិខិតមួយចុះថ្ងៃទី២៦ខែមេសា ចៅក្រមស៊ើបសួរនៅតុលាការក្រុងភ្នំពេញ លោក សាន សុផាត បាននិយាយថា តុលាការបានសម្រេច “បញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ”។ លិខិតនោះមិនបានឲ្យដឹងថា ការជំនុំជម្រះនឹងចាប់ផ្តើមនៅពេលណាទេ។
លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បាននិយាយកាលពីថ្ងៃពុធថា លោកមិនបានដឹងអំពីលិខិតដែលទទួលបានដោយលោក រ៉ុង ឈុន នោះទេ។ ទោះជាយ៉ាងនេះក្តី នៅពេលសួរថាតើ លិខិតមួយនេះនឹងមានន័យថា សំណុំរឿងនេះនឹងត្រូវតុលាការបើកសវនាការជំនុំជម្រះឬយ៉ាងណា លោកបាននិយាយថា “បាទ”។
ចៅក្រម ស៊ុនឡាយ បានបង្វែរសំណួរទៅចៅក្រមស៊ើបសួរសំណុំរឿងនេះ គឺចៅក្រម សុផាត ដែលមិនអាចទាក់ទងបានទេ។
លោក ឈុន បាននិយាយថា លោកបានទទួលលិខិតនោះកាលពីថ្ងៃពុធ ហើយថា ករណីនេះទាក់ទងទៅនឹងការចោទប្រកាន់លោកនាពេលកន្លងមក ពាក់ព័ន្ធនឹងកូដកម្មទូទាំងប្រទេសរបស់កម្មករកាត់ដេរ ប៉ុន្តែបានលើកឡើងនូវការអះអាងពីមុនឡើងវិញថា លោកមិនបានធ្វើអ្វីខុសទេ។
លោក ឈុន បាននិយាយតាមទូរស័ព្ទថា “វាជាសំណុំរឿងចាស់ ដែលមានដើមចោទដែលប្តឹងខ្ញុំថាដឹកនាំកម្មករដើម្បីទាមទារប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារតាំងពីឆ្នាំ២០១៣និង២០១៤”។
លោកបាននិយាយបន្ថែមថា “មែនហើយ នៅពេលខ្ញុំត្រូវគេសួរនាពេលនោះ គេបានភ្ជាប់ខ្ញុំទៅនឹងករណី [ហិង្សានៅកូដកម្មរបស់កម្មករ] ប៉ុន្តែខ្ញុំមិនមានវត្តមាននៅទីនោះនាពេលនោះទេ”។
លោក រ៉ុង ឈុន បាននិយាយថា លោកមិនអាចនិយាយថាតើលោកត្រូវគេកំណត់ជាគោលដៅ ដោយសារតែតួនាទីសំខាន់របស់លោកក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីឬយ៉ាងណាទេនៅពេលនេះ។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា បាននិយាយថា លោកសង្ឃឹមថា តុលាការនឹងសម្រេចបដិសេធសំណុំរឿងលើលោក ឈុន។
លោក បញ្ញា បាននិយាយថា “ខ្ញុំសង្ឃឹមថា តុលាការនឹងបិទសំណុំរឿងនេះ” ហើយលោកបាននិយាយបន្ថែមថា ច្បាប់គ.ជ.ប.ដែលកែប្រែហើយនេះចែងយ៉ាងច្បាស់ថា សមាជិកទាំងនោះមិនអាចត្រូវរំខានបានទេ។
លោកបាននិយាយថា “គេមិនអាចរងការរំខានពីសំណាក់សមត្ថកិច្ចរដ្ឋណាមួយទេ។ គឺច្បាស់ណាស់។ ខ្ញុំមិនជឿថាពួកគេនឹងលើករឿងនេះឡើងវិញទេ។ បើពួកគេលើកឡើងវិញ វាជាកង្វល់មួយពិតប្រាកដ វានឹងប៉ះពាល់ដល់ឯករាជ្យគ.ជ.ប. និងការបោះឆ្នោតដោយសេរីនិងយុត្តិធម៌”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានលើកឡើងថា អគ្គលេខាធិការរងរបស់ស្ថាប័ននេះបានជាប់ពន្ធនាគារហើយកាលពីខែមុន ហើយលោកបាននិយាយថា លោកខ្វល់ខ្វាយដែលមនុស្សមានគំនិតឯករាជ្យនៅគ.ជ.ប.ត្រូវជាប់ជាគោលដៅ។ ប្រធាននិងអគ្គលេខាធិការរបស់គ.ជ.ប.សុទ្ធតែជាមនុស្សស៊ប់នឹងគណបក្សប្រជាជនកម្ពុជា។
លោកបាននិយាយថា “យោបល់របស់ខ្ញុំគឺថា រ៉ុង ឈុន មិនបានធ្វើអ្វីខុសទេ។ គាត់បានបម្រើប្រទេសនិងប្រយោជន៍កម្មករ ហើយឥឡូវនេះ គាត់ជាសមាជិកមួយរូបរបស់គ.ជ.ប. ជាស្ថាប័នដែលរៀបចំការបោះឆ្នោត”។
លោក សុវណ្ណ បាននិយាយថា “នី ចរិយា ត្រូវបានគេចាប់ខ្លួនហើយ ហើយឥឡូវនេះ រ៉ុង ឈុន។ វាធ្វើឲ្យបារម្ភណាស់ និងអាចប៉ះពាល់ដល់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយថា លោកមិនខ្វល់ខ្វាយទេ ថាការជំនុំជម្រះលោក ឈុន នឹងត្រូវគេមើលឃើញថាជាហេតុផលនយោបាយមួយ ដែលនឹងរំលោភលើកិច្ចព្រមព្រៀងនយោបាយខែកក្កដាឆ្នាំ២០១៤ ឬ ឯករាជ្យរបស់គ.ជ.ប.នោះ។
លោកបាននិយាយថា “វាគ្មានពាក់ព័ន្ធនឹងបញ្ហានយោបាយ ឬទំនាក់ទំនងនៃគណបក្សទាំងពីរទេ ពីព្រោះវាផុតពីដៃរួចទៅហើយតាំងពីគ.ជ.ប.ត្រូវបានរដ្ឋសភាអនុម័តទៅជាអង្គភាពឯករាជ្យដាច់ដោយឡែក”។
“វាដាច់ពីយើង។ ព្រោះតែវាជាអង្គភាពមួយដោយឡែកនិងឯករាជ្យរួចទៅហើយ កាលណាបុគ្គលណាម្នាក់ក្នុងអង្គភាពនេះប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌផ្សេងៗដែលផ្ទុយពីច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគ.ជ.ប. បុគ្គលនោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់”។
ការចោទលើលោក ឈុន គឺទាក់ទិននឹងកូដកម្មទូទាំងប្រទេសឆ្នាំ២០១៤របស់កម្មករកាត់ដេរ ដែលបានឃើញឧស្សាហកម្មនេះបិទទ្វារខ្លួនឯង នៅពេលដែលកម្មករបានទាមទារប្រាក់ខែអប្បបរមា១៦០ដុល្លារ គឺមិនមែន៩៥ដុល្លារដែលរដ្ឋាភិបាលបានសម្រេចនោះទេ។
លោក ឈុន នៅពេលនោះជាប្រធានសហភាពសហជីពកម្ពុជា និងបានរងការចោទប្រកាន់នៅឆ្នាំ២០១៤ពីបទហិង្សាដោយចេតនា បង្កការខូចខាតដោយចេតនា គំរាមកំហែងបង្កការខូចខាតនិងការស្ទះចរាចរណ៍។
គាត់បានរងការចោទប្រកាន់រួមជាមួយមេដឹកនាំសហជីពដូចគ្នា គឺលោក អាត់ ធន់ អ្នកស្រី យ៉ាំង សុភ័ណ អ្នកស្រី ម៉ន ញឹម លោក ប៉ាវ ស៊ីណា និង លោក ជា មុនី។ មេដឹកនាំសហជីពទាំងនេះ ដែលមានឈ្មោះសំខាន់បំផុតប្រាំក្នុងចលនាកម្មករ គឺប្រឈមនឹងការជាប់ពន្ធនាគារដល់ទៅ១៤ឆ្នាំ ប្រសិនបើរកឃើញថាមានពិរុទ្ធភាព ប៉ុន្តែសំណុំរឿងនេះហាក់ដូចជាគ្មានដំណើរការ រហូតដល់មានលិខិតមកលោក ឈុន ប៉ុណ្ណោះ។
មេដឹកនាំសហជីពជាប់ចោទទាំងនេះបានបដិសេធថាមិនបានជំរុញ ឬចូលរួមក្នុងអំពើហិង្សាណាមួយ ក្នុងអំឡុងពេលមានកូដកម្មទូទាំងប្រទេស ដែលត្រូវបានបង្ក្រាបដោយរដ្ឋាភិបាលកាលពីថ្ងៃទី២និងទី៣ខែមករាឆ្នាំ២០១៤ ដែលនៅពេលនោះកងកម្លាំងរាជអាវុធហត្ថបានសម្លាប់កម្មករធ្វើកូដកម្មយ៉ាងហោចណាស់ប្រាំនាក់ និងបានបាញ់ទៅលើកម្មកររាប់សិបនាក់ផ្សេងទៀត។
រដ្ឋាភិបាលនាពេលថ្មីៗនេះបានបង្កើនសកម្មភាពតាមដានអ្នករិះគន់ និងមន្ត្រីបក្សប្រឆាំង ដោយបានចាប់ដាក់ពន្ធនាគារតំណាងរាស្ត្របក្សប្រឆាំងម្នាក់ មន្ត្រីសិទ្ធិមនុស្សបួននាក់ និងមន្ត្រីគ.ជ.ប.ម្នាក់កាលពីខែមុន ព្រមទាំងតាមចាប់មន្ត្រីសហប្រជាជាតិម្នាក់ពីបទចោទព្រហ្មទណ្ឌ និងមានអ្នកវិភាគនយោបាយម្នាក់ត្រូវគេប្តឹងពីបទបរិហារកេរ្តិ៍។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគំរាមកាលពីសប្តាហ៍មុនដែរថានឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះកាសែតដែល “បំភ្លៃ” សម្តីរបស់លោក។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសម្នាក់បានប្រាប់អ្នកការទូតកាលពីថ្ងៃទី៥ខែឧសភាថា ការចាប់ខ្លួនអ្នករិះគន់គណបក្សប្រជាជនកម្ពុជាច្រើននាក់បែបនេះ គឺចាំបាច់ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម៕ និត