29.3 C
Phnom Penh

ធនាគារ​​​​​​ពិភព​​​លោក​​​​​​នឹង​​​បោះ​​​ឆ្នោត​​​លែង​​​បង្កក​​​​​​មូលនិធិ​​​​​​ទណ្ឌកម្ម​​​រយៈ​​​ពេល​​​៥​​​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈ​​​​​​​​​នាយក​​​របស់​​​ធនាគារ​​​ពិ​​​ភព​​​លោក​​​​​​អាច​​​បោះ​​​ឆ្នោត​​​ថ្ងៃ​​​នេះ​​​ ដើម្បី​​​​​​ផ្តល់​​​គម្រោង​​​ជា​​​ថ្មី​​​ដល់​​​គ្រួសារ​​​ដែល​​​គ្មាន​​​ដី​​​ធ្លី​​​​​​នៅ​​​ប្រទេស​​​កម្ពុជា​​​​​​ដែល​​​បាន​​​​​​ជួប​​​បញ្ហា​​​ធំៗ​​​ ជា​​​វិធាន​​​ការ​​​មួយ​​​ដែល​​​​​​លើក​​​​​​​​​​​​​​​​​​ដោយ​​​ប្រសិទ្ធ​​​ភាព​​​​​​លើ​​​​​​ការ​​​បង្កក​​​រយៈពេល​​​៥​​​ឆ្នាំ​​​​​​មិន​​​ឲ្យ​​​​​​ប្រទេស​​​នេះ​​​ខ្ចី​​​ប្រាក់​​​របស់​​​ខ្លួន​​​​​​ ក្នុង​​​​​​​​​ការ​​​តវ៉ា​​​នឹង​​​​​​ការ​​​បណ្តេញ​​​​​​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​ដោយបង្ខំ​​​​​​របស់​​​រដ្ឋាភិបាល។​​​

ធនាគារ​​​​​​បាន​​​បន្ត​​​​​​គ្រប់​​​គ្រង​​​គម្រោង​​​ដែល​​​មាន​​​តាំង​​​ពី​​​មុន​​​​​​នៅ​​​ក្នុង​​​ប្រទេសនេះ ហើយ​​​ចាប់​​​ផ្តើម​​​​​​គម្រោង​​​ថ្មី​​​ដោយ​​​ប្រើ​​​​​​ប្រាក់​​​បម្រុង​​​​​​​​​ទុក​​​សម្រាប់​​​ប្រទេស​​​ដទៃ។ ប៉ុន្តែ​​​​​​ខ្លួន​​​មិន​​​បាន​​​ចំណាយ​​​​​​ប្រាក់​​​របស់​​​ខ្លួន​​​​​​នៅ​​​កម្ពុជា​​​​​​ចាប់​​​តាំង​​​ពី​​​​​​ឆ្នាំ​​​២០១១​​​ទេ ដោយ​​​សារ​​​តែ​​​អាក់​​​អន់​​​ចិត្ត​​​នឹង​​​​​​ការ​​​បណ្តេញ​​​ចេញពី​​​លំនៅ​​​ដ្ឋាន​​​ដ៏​​​ច្រើន​​​ដោយ​​​រដ្ឋាភិបាល​​​ក្នុង​​​តំបន់​​​បឹងកក់​​​ក្នុង​​​ក្រុង​​​ភ្នំពេញ ក្នុង​​​ពេលនោះ​​​​​​ក៏​​​​​​មាន​​​គម្រោង​​​ធនាគារ​​​បន្ត​​​ទៀត ដើម្បី​​​​​​ផ្តល់​​​​​​ឲ្យ​​​សហគមន៍​​​បែបនេះ​​​នូវ​​​​​​ប្លង់​​​កម្ម​​​សិទ្ធិ​​​ដី​​​ធ្លី​​​ឯក​​​ជន​​​ដែរ​​​។​​​

ទោះ​​​បី​​​មាន​​​ការ​​​អំពាវ​​​នាវ​​​បន្តបន្ទាប់​​​​​​សុំ​​​ឲ្យ​​​​​​ធនាគារ​​​នេះ​​​ជួយ​​​អ្នក​​​ដែល​​​ត្រូវ​​​គេ​​​បណ្តេញ​​​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​ មុន​​​នឹង​​​​​​​​​ទាក់ទង​​​​​​ជា​​​ថ្មី​​​​​​​​​ជាមួយ​​​កម្ពុជា​​​ក៏​​​ដោយ​​​ ក៏​​​គណៈ​​​​​​នាយក​​​​​​អាច​​​​​​លែង​​​​​​បង្កក​​​មូលនិធិ​​​ទៀត​​​ហើយ​​​​​​ នៅ​​​ពេល​​​ដែល​​​​​​ខ្លួន​​​​​​ជួប​​​គ្នា​​​នៅ​​​ថ្ងៃ​​​នេះ​​​ក្នុង​​​ក្រុង​​​វ៉ាស៊ីន​​​តោន។​​​

នៅ​​​ក្នុង​​​របៀប​​​វារៈគឺ​​​មាន​​​​​​កំណត់​​​ចូល​​​រួម​​​ប្រទេស​​​ដែល​​​ស្នើ​​​ឡើង​​​សម្រាប់​​​កម្ពុជា ជា​​​គម្រោង​​​នៃ​​​​​​​​​ផែនការ​​​ធនាគារ​​​​​​សម្រាប់​​​កម្ពុជា​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​បី​​​ឆ្នាំ​​​បន្ទាប់​​​មក​​​​​​ទៀត​​​ និង​​​​​​សំណើ​​​ដំណាក់​​​ការ​​​ទី​​​ពីរ​​​នៃ​​​គម្រោងបែង​​​ចែកដី ដើម្បីសង្គម​​​កិច្ច និងការ​​​អភិវឌ្ឍសេដ្ឋកិច្ច​​​​​​មាន​​​ទឹក​​​ប្រាក់​​​២៥​​​លាន​​​ដុល្លារ​​​អាមេរិក។​​​​​​

ដំណាក់​​​ការ​​​ទី​​​មួយ​​​នៃ​​​គម្រោង​​​នេះ​​​ដែល​​​បាន​​​បញ្ចប់​​​ក្នុង​​​ឆ្នាំ​​​២០១៥ ក្រោយ​​​ពី​​​​​​​​​ដំណើរ​​​ការ​​​រយៈ​​​ពេល​​​​​​៧​​​ឆ្នាំ គឺ​​​បាន​​​ចំណាយ​​​អស់​​​​​​១៣​​​លាន​​​ដុល្លារ​​​ ដើម្បី​​​បង្កើត​​​​​​ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​ចំនួន​​​៨​​​កន្លែង​​​សម្រាប់​​​​​​គ្រួសារ​​​ក្រី​​​ក្រ​​​រាប់​​​ពាន់គ្រួសារ​​​ដែល​​​មាន​​​ដី​​​តិចតួច ឬ​​​គ្មាន​​​​​​ដី​​​សោះ។​​​ ធនាគារ​​​ពិភព​​​លោក​​​​​​បាន​​​សាទរ​​​​​​គម្រោង​​​នេះ​​​ថា​​​ជា​​​ជោគ​​​ជ័យ​​​ទាំង​​​​​​ស្រុង។​​​​​​

ប៉ុន្តែ​​​​​​ការ​​​ស្ទង់​​​​​​នៃ​​​ទី​​​តាំង​​​​​​ទាំង​​​ឡាយ​​​ដោយ​​​​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ លីកាដូ​​​កាល​​​ពី​​​ខែ​​​មិថុនា ឆ្នាំ​​​២០១៥​​​បាន​​​រក​​​ឃើញ​​​ថា ក្រុម​​​គ្រួសារ​​​ដែល​​​បាន​​​ជ្រើស​​​រើស​​​រាប់​​​ពាន់​​​គ្រួសារ​​​​​​មិន​​​អាច​​​ចូល​​​មក​​​រស់​​​នៅ​​​ទី​​​តាំង​​​នោះ​​​បាន​​​ទេ ដោយសារ​​​តែ​​​​​​មាន​​​បញ្ហា​​​ជា​​​ច្រើន តាំង​​​ពី​​​​​​ដី​​​គ្មាន​​​ជី​​​ជាតិ​​​រហូត​​​ដល់​​​​​​មាន​​​ពល​​​រដ្ឋ​​​ដទៃ​​​អះអាង​​​ថា​​​ដី​​​នៅ​​​ទី​​​នោះ​​​ជា​​​ដី​​​របស់​​​ខ្លួន​​​ទៅ​​​វិញ​​​។ ការ​​​ស្ទង់​​​នេះ​​​និយាយ​​​ថា ​​​ធនាគារ​​​ពិភព​​​លោក​​​​​​មិន​​​គួរ​​​​​​យល់​​​ព្រម​​​លើ​​​​​​ដំណាក់​​​ការ​​​ទី​​​ពីរ​​​ឡើយ​​​ ដរាប​​​ណា​​​​​​ដំណាក់​​​ការ​​​ទី​​​មួយ​​​​​​មិន​​​បាន​​​កែ​​​​​​ខៃ​​​​​​ និង​​​ផ្តល់​​​នូវ​​​​​​ការវា​​​យ​​​តម្លៃ​​​ដោយ​​​ស្មោះ​​​ត្រង់​​​ទេ​​​នោះ។ សំណើ​​​ដំណាក់​​​ការ​​​ទី​​​ពីរ​​​ គឺ​​​កំពុង​​​លើក​​​ឡើង​​​ពី​​​ការ​​​​​​បារម្ភ​​​ខ្លាច​​​មាន​​​​​​ការ​​​បណ្តេញ​​​ចេញ​​​ដោយ​​​បង្ខំ​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ ពី​​​ព្រោះ​​​ក្រុម​​​គ្រួសារ​​​រាប់​​​ពាន់​​​គ្រួសារ​​​​​​កំពុង​​​តែ​​​ដាំដុះ​​​លើ​​​ទី​​​តាំង​​​នោះ​​​រួច​​​ហើយ ដែល​​​​​​ជា​​​កន្លែង​​​គេ​​​​​​បាន​​​ជ្រើស​​​រើ​​​ស​​​ជា​​​ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​ថ្មី។​​​​​​​​​​​​​​​

ក្រុម​​​​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​របស់​​​ធនាគារ​​​ពិភព​​​លោក​​​​​​បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​សំណួរ​​​ទាក់​​​ទង​​​នឹង​​​គម្រោង​​​បែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬការត្រៀម​​​ខ្លួន​​​ទាក់​​​ទង​​​ជា​​​ថ្មី​​​ជាមួយ​​​កម្ពុជា​​​ទេ។

គម្រោង​​​គណនេយ្យភាព​​​អន្តរ​​​ជាតិ​​​ ជា​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​មាន​​​មូលដ្ឋាន​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​ដែល​​​ធ្វើ​​​យុទ្ធនាការ​​​​​​ប្រឆាំង​​​នឹង​​​​​​ការ​​​បណ្តេញ​​​ចេញ​​​ដោយ​​​បង្ខំ គឺ​​​បាន​​​សរសេរ​​​​​​ទៅ​​​គណៈ​​​នាយក​​​ធនាគារ​​​ពិភព​​​លោក ដោយ​​​ជំរុញ​​​ឲ្យ​​​​​​ធនាគារ​​​នេះ​​​ផ្អាក​​​ការ​​​យល់​​​​​​ព្រម​​​លើ​​​គម្រោង​​​បែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច​​​ ក្នុង​​​ដំណាក់​​​ការ​​​ពីរ​​​សិន​​​។​​​​​​​​​​​​​​​

អង្គការ​​​នេះ​​​បាន​​​សរសេរ​​​ថា “​​​ក្នុង​​​ពេល​​​ដែល​​​ធនាគារ​​​ពិភព​​​លោក​​​ចាត់​​​ទុក​​​​​​ដំណាក់​​​ការ​​​ទី​​​មួយ​​​នៃ​​​គម្រោង​​​បែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច​​​​​​ថា​​​ជា​​​ជោគជ័យ ដោយ​​​មាន​​លទ្ធផល​​​សំខាន់ៗ​​​លើស​​​​​​គោល​​​ដៅ​​​ផែនការ​​​​​​នោះ ការស្រាវ​​​ជ្រាវ​​​ដោយ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ លីកាដូ​​​​​​បែរ​​​ជា​​​ចាត់​​​ទុក​​​​​​​​​រូបភាព​​​នោះ​​​ថា​​​​​​ខុស​​​គ្នា​​​ស្រឡះ​​​ទៅ​​​វិញ”។​​​

អង្គការ​​​នេះ​​​សរសេរ​​​ថា “គម្រោង​​​បែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច​​​មិន​​​គួរ​​​​​​ចាត់​​​ទុក​​​ថា​​​ជា​​​គម្រោង​​​​​​ប្រកប​​​ដោយ​​​ចិរភាព​​​បាន​​​ទេ ហើយ​​​ក៏​​​​​​មិន​​​មែន​​​​​​ជា​​​គំរូអនុវត្ត​​​​​​តាម​​​សម្រាប់​​​ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​ដល់​​​អ្នក​​​គ្មាន​​​ដី​​​ធ្លី​​​​​​បាន​​​ឡើយ។ ដូច្នេះ​​​ហើយ​​​ ការ​​​វិនិយោគ​​​បន្ថែម​​​ទៀត​​​ក្នុង​​​គម្រោង​​​នេះ​​​​​​ដូច​​​មាន​​​ហើយ គឺ​​​​​​ជា​​​ផ្លូវ​​​ខុស​​​”។​​​

អ្នកស្រី ទេព វន្នី អ្នក​​​ភូមិ​​​បឹង​​​កក់​​​ដែល​​​បាន​​​ក្លាយ​​​ជា​​​សកម្ម​​​ជន​​​ប្រឆាំង​​​នឹង​​​ការ​​​បណ្តេញ​​​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​ដ៏​​​លេចធ្លោ បាន​​​និយាយ​​​ថា ធនាគារ​​​ពិភព​​​លោក​​​​​​គួរ​​​លើក​​​​​​ការ​​​បង្កក​​​មូលនិធិ​​​របស់​​​ខ្លួន​​​​​​ទៅ​​​បាន ល្គឹក​​​ណា​​​តែ​​​​​​ខ្លួន​​​​​​ដាក់​​​ចេញ​​​នូវ​​​ផែនការ​​​ច្បាស់​​​លាស់​​​​​ ដើម្បី​​​ជួយ​​​ពលរដ្ឋ​​​រាប់​​​ពាន់​​​គ្រួសារ​​​​​​ដែល​​​ត្រូវ​​​គេ​​​​​​បណ្តេញ​​​ចេញ​​​​​​ពី​​​បឹង​​​កក់​​​ ដោយ​​​បណ្តាល​​​ឲ្យ​​​មាន​​​ការ​​​បង្កក​​​មូលនិធិ​​​តាំង​​​ពី​​​ដំបូង​​​​​​នោះ​​​។​​​

អ្នក​​​ស្រី វន្នី បាន​​​និយាយ​​​ថា “​​​យើង​​​ទាម​​​ទារ​​​​​​ឲ្យ​​​ធនាគារ​​​ពិភព​​​លោក​​​ទទួល​​​ខុសត្រូវ​​​ចំពោះ​​​ពលរដ្ឋ​​​ដែល​​​គេ​​​បណ្តេញ​​​ចេញ​​​ពី​​​បឹង​​​កក់​​​ និង​​​​​​​​​​​​សូម​​​ជំរុញ​​​​​​​​​រដ្ឋាភិបាល​​​​​​រក​​​ដំណោះ​​​ស្រាយ​​​ឲ្យ​​​បាន​​​​​​​​​​​​ឆាប់​​​រហ័ស​​​ ពី​​​ព្រោះ​​​​​​យើង​​​កំពុង​​​រងគ្រោះ​​​ជិត​​​១០​​​ឆ្នាំ​​​មក​​​ហើយ”៕(រាយការណ៍​​​បន្ថែម​​​ដោយ អូន ភាព)

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស