35 C
Phnom Penh

ការ​ស៊ើប​អង្កេត​លើ​ប្រធាន​តុលាការ​ដែល​​​​ធ្លាក់​ពី​តំណែង​ត្រូវ​ជាប់​គាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ស៊ើប​អង្កេត​រឿង​ចោទ​​ប្រកាន់​ពុករលួយ​លើ​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ ដែល​ត្រូវ​គេ​ដក​ចេញ​ពី​តំណែង​​​គឺ លោក អាំង មាលតី បាន​ជាប់​គាំង ដោយ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​លើ​ទំនាក់​ទំនង​របស់​គាត់​ជាមួយ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​ពុករលួយ ដែល​កំពុង​ដឹកនាំ​ការ​ស៊ើប​អង្កេត​នេះ។

លោក មាលតី ត្រូវ​បាន​ដក​ចេញ​ពី​មុខ​តំណែង​កាលពី​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ក្នុង​ការ​ថ្លែង​ជា​សាធារណៈ​ថា សំណូក​ច្រើន​លាន​ដុល្លារ​ប្រហែល​បាន​បញ្ចុះ​បញ្ចូល​តុលាការ​​​​ដោះ​លែងឲ្យ​​​​នៅ​ក្រៅ​ឃុំ​នូវ​​​ប្តី​​​​ប្រពន្ធ​មួយ​​​​​​គូ​ដែល​ជាប់​ពន្ធនាគារ​ទាក់ទិន​នឹង​ករណី​ឃាតកម្ម​ដ៏​លេច​ធ្លោ​មួយ។

បន្ទាប់ពី​ក្រសួង​យុត្តិធម៌​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​លើ​លោក មាលតី នៅ​ថ្ងៃ​ទី​៧​ខែ​មេសា​រួចមក លោក ឱម យ៉ិនទៀង បាន​ចំណាយ​ពេល​ពីរ​ថ្ងៃ​សាកសួរ​អតីត​ចៅក្រម​រូប​នេះ។ មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៅ​ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ព្រោះ​ខ្លាច​មាន​ការ​សងសឹក បាន​ពណ៌នា​អំពី​ជំនួប​រវាង​អ្នក​ទាំង​ពីរ​ថា “រាក់ទាក់” ដោយ​កត់​សម្គាល់​ថា អ្នក​ទាំង​ពីរ​បាន​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​គ្នា​នៅ​ពេល​សាកសួរ​នោះ​ទៀត​ផង។

នៅ​ថ្ងៃ​ទី​១៣​ខែ​មេសា លោក យ៉ិនទៀង បាន​និយាយ​ថា លោក​នឹង​បន្ត​ការ​សាកសួរ​អតីត​ចៅក្រម​រូប​នេះ ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ពាក់​កណ្តាល​ខែ​មេសា។ ក៏​ប៉ុន្តែ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក យ៉ិនទៀង បាន​និយាយ​ថា មិន​ទាន់​ច្បាស់​នៅ​ឡើយ​​​ថាតើ លោក មាលតី នឹង​ត្រូវ​កោះ​ហៅ​មក​ជាថ្មី​ឬ​យ៉ាង​ណា​នោះ​ទេ។

លោក យ៉ិនទៀង​​​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា “យើង​នៅ​មាន​ការ​លំបាក​ក្នុង​ការ​សន្និដ្ឋាន ព្រោះ​យើង​ត្រូវការ​ភ័ស្តុតាង​ច្រើន​ទៀត។ ប្រសិនបើ​យើង​រក​ឃើញ [ភ័ស្តុតាង​ថែម​ទៀត] យើង​នឹង​បន្ត​សាកសួរ​គាត់”។

លោក មាលតី ដែល​បាន​ទទួល​តំណែង​នៅ​ក្រសួង​យុត្តិធម៌ ​នៅ​ជា​មនុស្ស​មាន​សេរីភាព​នៅ​ឡើយ។

លោក ផៃ ស៊ី​​​ផាន អ្នកនាំ​​​ពាក្យ​​​រដ្ឋាភិបាល​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​កាល​​​ពី​​​ខែមុន​​​ថា មិត្ត​​​ភាព​​​រវាង​​​ប្រធាន​​​អង្គ​​​ភាព​​​ប្រ​​​ឆាំង​​​អំពើ​​​ពុក​​​រលួយ និង​​​ចៅ​​​ក្រម​​​ធ្លាក់​​​សក្តិ អាច​ធ្វើ​​ឲ្យ​​​ការ​​​ស៊ើប​​​អង្កេត​​​មាន​​​ការ​​​ស្មុគ្រ​​​ស្មាញ។

លោក ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​សង្ស័យ​​​រឿង​ហ្នឹង ប៉ុន្តែ​​​គ្រាន់​​​តែ​​​ចាំ​​​មើល​​​លទ្ធ​​​ផល​​​សិន។​​​​​​ សាធារណជន​​​ បាន​​​ឃ្លាំ​​​មើល​​​យ៉ាង​​​ដិត​​​ដល់​​​ចំពោះ​​​ករណី​​​នេះ ពីព្រោះ​​​គេ​​​យល់​​​ថា អ្នក​ទាំង​​​ពីរ​​​ជា​​​មិត្ត​​​ភក្តិ​​​នឹង​​​គ្នា ប៉ុន្តែ​ខ្ញុំ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ ចាំ​​​មើល​​​លទ្ធ​​​ផល​​​សិន”។

ក្រោយពី​ការ​​​ដក​​​លោក មាលតី ចេញ​​​ពី​​​តំណែង​​​ភ្លាម លោក​​​ ស៊ី​​​ផាន​​​ បាន​​​ហៅ​​​ចៅ​​​ក្រម​​​ដែល​​​ត្រូវ​​​បណ្តេញ​​​ចេញ​​​ពី​​​តំណែង​​​នោះ​​​ថា “បិសាច” នៅ​​​ក្នុង​​​ទំព័រ​​​ហ្វេសប៊ុក​​​ផ្ទាល់​​​ខ្លួន​​​របស់​​​លោក។អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋាភិបាល​​​រូប​​​នេះ​​​ បាន​​​លើក​​​ឡើង​​​អំពី​​​ករណី​ដែល​​​លេច​​​ធ្លោ​ពីរ ដែល​​​ចៅ​​​ក្រម​​​រូប​​​នេះ​​​បាន​​​​​​ត្រួត​​​មើល​​​ថា​​​មាន​​​ករណី​​​មិន​​​ប្រក្រតី គឺ​​​ការ​​​ចាប់​​​ដាក់​​​ពន្ធនាគារ​​​មួយ​​​រយៈ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​លើ​​​ពាណិជ្ជករ​​​ខ្មែរ​​​អាមេរិកាំង​​​ម្នាក់​​​ឈ្មោះ រីឆាត សាន និង​​​ការ​​​បន្ត​​​ដាក់​​​គុក​​​លើ​​​ពាណិជ្ជករ​​​ជន​​​ជាតិ​​​អង់គ្លេស​​​ គឺ​​​លោក​​​ ហ្គ្រិហ្ក ហ្វ្រែតត៍ ដែល​​​ជាប់​​​ពន្ធនាគារ​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ក្នុង​​​ឆ្នាំ​​​ ២០១៣។​​​​​​​​​​​​

លោក មាលតី ធ្លាប់​​​ជា​​​ប្រធាន​​​តុលាការ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ រហូត​​​ដល់​​​ឆ្នាំ​​​២០១៤ នៅ​​​ពេល​​​ដែល​​​លោក​​​​​​បាន​​​ផ្លាស់​​​មក​​​ក្រុង​ភ្នំពេញ។

ក្នុង​​​បទ​​​សម្ភាស​មួយ​​​កាល​​​ពី​​​សប្តាហ៍​​​មុន លោក​​​ ធន់ សារ៉ាយ ប្រធាន​យូរ​​​ឆ្នាំ​​​នៃ​​​អង្គ​​​ការ​​​សិទ្ធិ​មនុស្ស​​​អាដហុក បាន​​​មាន​​​ប្រសាសន៍​​​ថា ទំនាក់​​​ទំនង​​​រវាង​​​លោក មាលតី​​​និង​​​លោក យិុនទៀង​​​​​​បាន​​​រឹង​​​មាំក្នុង​​​ឆ្នាំ​​​២០១១ ក្នុង​​​ពេល​​​ដែល​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ បាន​​​បង្ក្រាប​​​​​​ក្រុម​​​​​​ជំរិត​​​យក​​​​​​ប្រាក់​​​ដែល​​​​​​ប្រព្រឹត្ត​​​ឡើង​​​ដោយ​​​នគរ​​​បាល​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មានជ័យ។

លោក សារ៉ាយ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “គេ​​​ស្គាល់​​​គ្នា​​​ច្បាស់​​​ណាស់…​​​ ហើយ​​​ទំនាក់​​​ទំនង​​​របស់​​​ពួក​​​គេ​​​បាន​​​រឹងមាំ ក្នុង​​​អំឡុង​​​ពេល​​​​​​នៃ​​​ការ​​​ស៊ើប​​​អង្កេត​​​លើ​ស្នង​​​ការ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​”។

ការ​ស៊ើប​​​អង្កេត​​​ដោយ​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ បាន​​​ចាប់​​​ខ្លួន​​​ស្នង​​​ការ​​​ខេត្ត​​​ គឺ​​​លោក ហ៊ុន ហ៊ាន និង​​​​​​ស្នង​​​ការ​​​រង​​​ គឺ​​​លោក ឈាង សុន និង​​​លោក ប៊ី ណាស៊ី នាយ​​​ផ្នែក​​​​​​ប្រឆាំង​​​គ្រឿង​​​ញៀន។ ក្រោយ​​​មក​​​ ក៏​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​​ដ៏​​​ធំ​បំផុត​​​របស់​​​អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ គឺ​​​លោក មឹក ដារ៉ា អតីត​អគ្គ​​​លេខាធិការ​​​នៃ​​​អាជ្ញាធរ​​​ជាតិ​​​ប្រយុទ្ធ​​​ប្រឆាំង​​​គ្រឿង​​​ញៀន។​​​ អ្នក​​​ទាំង​​​បួន​​​នាក់​​​ ត្រូវ​​​បាន​​​កាត់​​​ទោស​​​ដោយ​​​តុលាការ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ ដែល​​​ស្ថិត​​​ក្រោម​​​ការ​​​ត្រួត​​​ត្រា​​​របស់​​​លោក មាលតី។

សប្តាហ៍​​​បន្ទាប់​​​ពី​​​ការ​​​ដក​​​លោក មាលតី ចេញ​​​ពី​​​តំណែង​​​ប្រធាន​​​តុលាការ​​​ក្រុង​​​ភ្នំ​​​ពេញ​នោះ នគរបាល​​​ជាតិ បាន​​​និយាយ​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា រថយន្ត​​​ម៉ាក​​​អូឌី ស៊ូវ ដែល​​​បាន​​​រឹប​​​អូស​​​ដោយ​​​តុលាការ​​​ពី​​​ឈ្មួញ​​​គ្រឿង​​​ញៀន​​​ម្នាក់​​​ ត្រូវ​​​ប្រគល់​​​​​​ឲ្យ​​​កូន​​​ប្រុស​​​លោក​​​ចៅ​​​ក្រម​​​ ជា​​​អធិការ​​​រង​​​ខណ្ឌ​​​៧មករា ក្រុង​​​ភ្នំ​​​ពេញ។

ក្នុង​​​ឆ្នាំ ២០១២ លោក អ៊ុង អឿន នៅ​​​ពេល​​​នោះ​​​ជា​​​ចៅ​​​ហ្វាយ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ បាន​​​ផ្ញើ​​​លិខិត​​​មួយ​​​ច្បាប់​​​ជូន​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ ដោយ​​​អះ​​​អាង​​​ថា លោក មាលតី និង​​​មន្ត្រី​​​ផ្សេង​​​ទៀត​​​ បាន​​​ឃុបឃិត​​​គ្នា​​​រឹប​​​អូស​​​ដោយ​​​ខុស​​​ច្បាប់​​​នូវ​​​គ្រឿង​​​ចក្រ​​​មាន​​​តម្លៃ​​​រាប់​​​រយ​​​ពាន់​​​ដុល្លារ​​​ពី​​​លោក ហ្វ្រែតត៍ ជា​ជនជាតិ​​​អង់គ្លេស​​​ដែល​​​ជាប់​​​គុក។

យោង​​​តាម​​​មន្ត្រី​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ជាន់​​​ខ្ពស់​​​ម្នាក់​​​បាន​​​ឲ្យ​​​ដឹង​​​ថា ប៉ុន្តែ​​​ទោះ​​​បី​​​​​​ជា​​​មាន​​​ការ​​​ចោទ​ប្រកាន់​ជា​​​ច្រើន​​​​​​ប្រឆាំង​​​នឹង​​​​​​ចៅ​​​ក្រម​​​រូប​​​នេះ​ក៏​​​ដោយ​​​ ក៏​​​ការ​​​ស៊ើប​​​អង្កេត​​​លើ​​​​​​លោក​​​ មាលតី​​​ មិន​​​ទំនង​​​ជា​​​នាំ​​​​​​ឲ្យ​​​មាន​​​បទ​​​ចោទ​​​ពុក​​​រលួយ​​​ដែរ។

មន្ត្រី​​​​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “​​​មេ​​​ខ្ញុំ​​​នឹង​​​ធ្វើ​​​របាយការណ៍​​​ទៅ​​​ព្រះ​​​ឥន្ទ្ [លោក ហ៊ុន​​​ សែន] ដោយ​​​និយាយ​​​ថា លោក មាលតី​​​ មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ទេ ហើយ​​​ស្នើ​​​ឲ្យ​​​បញ្ចប់​​​ករណី​​​នេះ ពី​​​ព្រោះ​គាត់​​​ជា​​​មិត្ត​​​ភក្តិ​​​ជិតស្និទ្ធ​​​នឹង​​​គ្នា”៕ (រាយការណ៍​​​បន្ថែម​​​ដោយ គុច ណារ៉េន)​និត​និង​​​រើន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស