
ស្រុកស្វាយទាប, ខេត្តស្វាយរៀង-មន្ត្រីបាននិយាយថា កម្មករកាត់ដេរចំនួន១៨នាក់បានបាត់បង់ជីវិតកាលពីព្រឹកម្សិលមិញ នៅពេលរថយន្តក្រុងមួយគ្រឿងបើកបុករថយន្តតួរីស១៥កៅអីមួយគ្រឿងទៀតដែលដឹកអ្នកស្លាប់ទាំង១៨នាក់ និងកម្មករ២១នាក់ទៀតទៅធ្វើការនៅក្នុងក្រុងបាវិត។
លោក ឌុច កាញ៉ារ័ត្ន នគរបាលស្រុកស្វាយទាប ដែលមានវត្តមាននៅកន្លែងកើតហេតុបានមានប្រសាសន៍ថា គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល៧ព្រឹក ហើយកម្មករ១៥នាក់បានស្លាប់នៅកន្លែងកើតហេតុតាមបណ្ដោយផ្លូវជាតិលេខ១។ កម្មករបីនាក់ទៀតបានស្លាប់តាមក្រោយដោយសាររបួសធ្ងន់ធ្ងរពេកនៅក្នុងថ្ងៃដដែល ចំណែកឯកម្មករ២១នាក់ទៀតបានរងរបួស។
លោកបានមានប្រសាសន៍ទៀតថា “រថយន្តក្រុងជាអ្នកខុស ពីព្រោះវាព្យាយាមបើកជែងរថយន្តកាមរី ហើយក៏ជ្រុលទៅបុករថយន្តតួរីសតែម្ដង។ អ្នកបើកបររថយន្តក្រុងត្រូវបានចាប់ខ្លួនហើយ។ ពេលនេះគាត់កំពុងជាប់ឃុំនៅអធិការដ្ឋាននគរបាលស្រុក”។
យោងតាមលោក កឹង ឃន ស្នងខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោយមកអ្នកបើកបររថយន្តក្រុងរូបនោះត្រូវបានឃុំខ្លួនដោយនគរបាលខេត្ត។
នៅថ្ងៃកើតហេតុ អ្នកបើកបររថយន្តតួរីសដែលបានស្លាប់នៅនឹងកន្លែងកើតហេតុ ដឹកអ្នកដំណើររបស់ខ្លួនទៅកាន់តំបន់សេដ្ឋកិច្ចពិសេសតៃសេង ក្នុងក្រុងបាវិត កន្លែងដែលពួកគេធ្វើការនៅតាមរោងចក្រខុសៗគ្នា។ ចំណែកឯរថយន្តក្រុងរបស់ក្រុមហ៊ុន15 SH Transport ធ្វើដំណើរពីវៀតណាមឆ្ពោះមកកាន់រាជធានីភ្នំពេញ។
លោក ណុំ តុលា អាយុ៣១ឆ្នាំ ជាជាងជួសជុលម៉ូតូដែលបានឃើញហេតុការណ៍បុកគ្នានោះ បាននិយាយថា គាត់ឃើញរថយន្តក្រុងបុករថយន្តតួរីស ខណៈពេលរថយន្តក្រុងព្យាយាមបើកជែងរថយន្តមួយគ្រឿងទៀត។
គាត់បានរៀបរាប់ថា “ខ្ញុំមើលឃើញអ្នកស្លាប់១៥នាក់។ ខ្ញុំព្យាយាមជួយទាញអ្នកផ្សេងៗទៀតដែលនៅរស់ចេញពីរថយន្តតួរីស ដើម្បីលើកពួកគាត់ដាក់រថយន្តសង្គ្រោះបន្ទាន់។ ខ្ញុំឃើញជនរងគ្រោះបាក់ដៃ បាក់ជើង និងបាក់ក ខ្លះនៅរស់ខ្លះក៏ស្លាប់”។
គាត់បាននិយាយបន្តថា ក្នុងចំណោមមនុស្សទាំងប្រាំមួយនាក់ដែលជិះនៅលើរថយន្តក្រុង គ្មាននរណាម្នាក់រងរបួសធ្ងន់ទេ ហើយអ្នកឈរក្បែរៗនោះបានចាប់អូសអ្នកបើកបររថយន្តក្រុងចេញពីរថយន្ត ហើយបានដាល់ និងទាត់ធាក់គាត់រហូតទាល់តែនគរបាលទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនគាត់។
ខណៈពេលនគរបាលកំពុងបន្តស៊ើបអង្កេតជុំវិញគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះនៅកន្លែងកើតហេតុកាលពីម្សិលមិញ មានបុគ្គលិកពីរនាក់របស់ក្រុមហ៊ុន 15 SH Transport បានចាប់ផ្ដើមដោះស្លាកសញ្ញាក្រុមហ៊ុនចេញពីរថយន្តក្រុងនោះ។ ពួកគេទាំងពីរត្រូវបាននគរបាលស្រុកឃាត់ខ្លួនភ្លាមៗ។

លោក កែវ សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយទាប បានមានប្រសាសន៍ថា “ខ្ញុំចាប់ខ្លួនមនុស្សទាំងពីរនាក់នេះដើម្បីសាកសួរ ពីព្រោះពួកគេបានដោះស្លាកសញ្ញាចេញពីរថយន្តក្រុង។ ពួកគេមានបំណងបំផ្លាញភ័ស្តុតាង”។
នៅវេលាម៉ោងប្រហែល១រសៀល ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដែលអមដំណើរដោយលោក ជៀង អំ អភិបាលខេត្តស្វាយរៀង បានចុះទៅដល់មន្ទីរពេទ្យខេត្តដើម្បីចែកប្រាក់ដល់ជនរងគ្រោះនៃគ្រោះថ្នាក់ចរាចរណ៍នេះ។
ប៉ុន្តែលោក ដេវ វែលស៍ (Dave Welsh) នាយកមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) ជាអង្គការសិទ្ធិមនុស្សមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ដែលមានវត្តមាននៅមន្ទីរពេទ្យខេត្តនេះដែរ បានមានប្រសាសន៍ថា កាយវិការនេះគឺជាការយល់ខុស។
លោកបានលើកឡើងថា “វាជាការល្អហើយដែលពួកគាត់បង្ហាញមុខ និងចែកប្រាក់ ប៉ុន្តែអ្វីដែលត្រូវការចាំបាច់គឺរថយន្តសង្គ្រោះបន្ទាន់។ ក្រុមគ្រួសារជនរងគ្រោះបានអង្វរករឲ្យបញ្ជូនជនរងគ្រោះមកកាន់រាជធានីភ្នំពេញដើម្បីព្យាបាល ប៉ុន្តែមិនឃើញមានរថយន្តសង្គ្រោះបន្ទាន់សោះ”។
លោក ដេវ វែលស៍ ដែលបានលើកឡើងពីក្ដីបារម្ភរបស់លោកប្រាប់ទៅប្រធានមន្ទីរសុខាភិបាលខេត្ត បានមានប្រសាសន៍ថា នៅពេលមានការដាក់សម្ពាធ រថយន្តសង្គ្រោះបន្ទាន់បួនប្រាំគ្រឿងក៏បានបង្ហាញមុខក្នុងរយៈពេល២០នាទី។ លោកបានលើកឡើងទៀតថា “ខ្ញុំនៅតែមិនយល់ថាហេតុអ្វីបានជារថយន្តសង្គ្រោះបន្ទាន់មិនមកឲ្យលឿនជាងនេះ”។
នៅទីបំផុតជនរងគ្រោះប្រាំបីនាក់ត្រូវបានបញ្ជូនមកកាន់រាជធានីភ្នំពេញ។ ពីរនាក់ក្នុងចំណោមជនរងគ្រោះទាំងប្រាំនាក់នោះបានស្លាប់នៅតាមផ្លូវ ហើយម្នាក់ទៀតបានស្លាប់ក្រោយពីមកដល់មន្ទីរពេទ្យ។
លោក កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានច្រានចោលសំណួរដែលចោទសួរថា ហេតុអ្វីបានជាចំណាយពេលដល់ទៅរាប់ម៉ោងទម្រាំបញ្ជូនអ្នកជំងឺ។ លោកបានមានប្រសាសន៍ថា “កុំបារម្ភរឿងមូលហេតុអី។ យើងទើបតែសម្រេចចិត្តបញ្ជូននៅពេលនេះ។ យើងមិនទាន់សម្រេចចិត្តបញ្ជូនពួកគាត់ ដោយសារតែយើងអាចជួយពួកគាត់បាន យើងមានវេជ្ជបណ្ឌិត”។
កម្មករកាត់ដេររាប់ម៉ឺននាក់ប្រថុយជីវិតរបស់ខ្លួនជារៀងរាល់ថ្ងៃពេលធ្វើដំណើរចុះឡើងទៅធ្វើការ ដោយត្រូវប្រជ្រៀតគ្នាជិះរថយន្តតួរីសដែលផ្ទុកលើសចំណុះ ឬឈរនៅផ្នែកខាងក្រោយនៃរថយន្តទ្រុង ដោយសារតែពួកគាត់គ្មានលទ្ធភាពចំណាយលើការធ្វើដំណើរដែលមានសុវត្ថិភាព។
លោក ដេវ វែលស៍ បានមានប្រសាសន៍ថា “ពួកគាត់គ្មានលទ្ធភាពធ្វើដំណើរប្រកបដោយសេចក្ដីថ្លៃថ្នូរទេ។ នោះគឺដោយសារតែការលោភលន់របស់ឧស្សាហកម្មកាត់ដេរ និងកម្មករខ្វះខាតប្រាក់។ វាមិនអាចទទួលយកបានទេ”។ លោកបានលើកឡើងទៀតថា កម្មករកាត់ដេរទទួលបានប្រាក់ធ្វើដំណើរចំនួន១០ដុល្លារក្នុងមួយខែបន្ថែមពីលើប្រាក់ខែគោល១២៨ដុល្លាររបស់ពួកគាត់។ លោកបានបញ្ជាក់ថា “វាពិតជាមិនគ្រប់គ្រាន់ទេ”។
អ្នកស្រី អ៊ុក សុខុន អាយុ៣១ឆ្នាំ ដែលជាជនរងគ្រោះនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បាននិយាយពីលើគ្រែក្នុងមន្ទីរពេទ្យខេត្តស្វាយរៀងថា គាត់បានជិះរថយន្តតួរីសដែលជួបគ្រោះថ្នាក់នេះទៅធ្វើការអស់រយៈពេល៨ខែមកហើយ ដោយគាត់ត្រូវបង់២០ដុល្លារក្នុងមួយខែ។
ស្ត្រីមានផ្ទៃពោះដែលរងរបួសស្រាលរូបនេះបាននិយាយទៀតថា “ខ្ញុំពិតជាសំណាងណាស់ សម្រាប់ខ្ញុំនិងកូនរបស់ខ្ញុំ”។ គាត់និយាយថា គាត់ធ្វើការនៅរោងចក្រ ឃីង ម៉េកឃើ (King Maker) ដែលផលិតស្បែកជើងកីឡាឲ្យក្រុមហ៊ុន ញូ បាលែនស៍ (New Balance)។
គាត់និយាយថា “ខ្ញុំឃើញមនុស្សបាក់ជើងបាក់ដៃ”។ គាត់ទទួលបានប្រាក់ចំនួន២៥០ដុល្លារពីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន។ គាត់បានរៀបរាប់ថា “វាពិតជារន្ធត់ណាស់។ ខ្ញុំមិនដែលឃើញគ្រោះថ្នាក់បែបនេះទេ”។
យោងតាមលោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់នៃក្រសួងមហាផ្ទៃដែលទទួលបន្ទុកផ្នែកស្ថិតិគ្រោះថ្នាក់ចរាចរណ៍បានឲ្យដឹងថា គិតរហូតមកទល់យប់មិញ ប្រាំពីរនាក់ក្នុងចំណោមកម្មកររងរបួសទាំង២១នាក់ដែលបានគេចផុតពីស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ៕ សុខុម (រាយការណ៍បន្ថែមដោយ សាំង សុឥន្ទរិទ្ធ)