
តាមឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ អ្នកនេសាទជនជាតិវៀតណាមដែលជិះទូកកញ្ជើ គឺជាផ្នែកនៃរបរនេសាទមឹកដែលមានផលកម្រៃច្រើនពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់បំផុតនៃកងទ័ពជើងទឹកកម្ពុជា
ឈូងសមុទ្រថៃ‑រយៈពេល១៥ម៉ោងក្នុងមួយថ្ងៃ ពីមុនថ្ងៃរះរហូតដល់ថ្ងៃលិច លោក ង្វៀន ទ្រឿងអណ្តែតខ្លួននៅលើទូកកញ្ជើមុជងើបៗនៅលើលម្ហសមុទ្រ ដើម្បីនេសាទមឹក។
អ្នកនេសាទមានអាយុ៦៩ឆ្នាំរូបនេះ បាននិយាយកាលពីសប្តាហ៍មុនពីកន្លែងនេសាទមឹកថា “នៅក្នុងប្រទេសវៀតណាមអត់មានមឹកទេ ប្រទេសកម្ពុជាមានមឹក ហើយយើងត្រូវការមឹក”។
រៀងរាល់ព្រឹកប្រហែលម៉ោង៤ព្រឹក ទូកនេសាទដែលមិនដាក់ទង់ជាតិរាប់សិបទូក ចាកចេញពីចំណតរបស់ខ្លួនក្បែរកោះតាង និងកោះរុ៉ងសន្លឹម ហើយធ្វើដំណើរទៅលម្ហសមុទ្រ ដែលពួកគេដាក់ពង្រាយអ្នកនេសាទរាប់រយនាក់ឲ្យនៅឯកោទៅក្នុងលម្ហសមុទ្រដែលសម្បូរមឹក។
បំពាក់ទៅដោយឧបករណ៍ខ្សែវែងៗ និងចំណីបញ្ឆោតរាប់រយ អ្នកនេសាទដែលត្រូវអង្គុយហាលថ្ងៃចែស ឬត្រូវប្រឈមនឹងខ្យល់ព្យុះ បាននេសាទបានមឹករាប់រយគីឡូពីសមុទ្រក្នុងមួយថ្ងៃៗ។
ក្រោយពីម៉ោង៧យប់បន្តិច ទូកធំវិលត្រឡប់មកវិញប្រមូលយកអ្នកនេសាទ ហើយក៏វិលត្រឡប់ទៅកាន់ផែរបស់ខ្លួនវិញ ដើម្បីប្រមូលមឹក។
លោក ទ្រឿង បាននិយាយតាមរយៈអ្នកបកប្រែថា “ខ្ញុំអាចចាប់បានមឹក១០គីឡូក្រាមក្នុងមួយថ្ងៃ។ មួយសប្តាហ៍ម្តង យើងទៅកោះត្រល់ដើម្បីលក់មឹកក្នុងមួយគីឡូក្រាមប្រហែល៥ដុល្លារ”។
ចម្ងាយប្រហែល៤០គីឡូម៉ែត្រភាគនិរតីនៃក្រុងព្រះសីហនុ របរនេសាទមឹកដ៏ល្ហល្ហេវនិងដែលរកផលកម្រៃបានច្រើន កំពុងតែប្រមូលយកមឹកដោយឥតមានការរំខានទាល់តែសោះ ហើយបើយោងតាមអ្នកនេសាទបានឲ្យដឹងថា កងទ័ពជើងទឹកកម្ពុជា ទទួលបានការសូកប៉ាន់ដើម្បីបានសិទ្ធិនេសាទនៅទីនោះ។
រយៈពេលពីរថ្ងៃកាលពីសប្តាហ៍មុន អ្នកនេសាទជនជាតិវៀតណាម ដែលនេសាទពីទូកកញ្ជើ បញ្ជាទូករបស់គេ ហើយនិយាយថា ពួកគេបង់លុយកាក់ និយាយជាចំហអំពីឆាកជីវិតរបស់គេនៅលើផ្ទៃសមុទ្រ និងការនេសាទដែលរកលុយបានរាប់លានដុល្លារ។
លោក ទ្រឿង បាននិយាយថា “នេះជាការងារល្អដើម្បីរកលុយ។ វាងាយស្រួល យើងគ្រាន់តែបោះខ្សែនិងនុយចូលទៅក្នុងទឹក រង់ចាំរយៈពេលពីរម៉ោង ហើយក៏លើកមកវិញ”។
លោក ទ្រឿង ជិះនៅលើទូកកញ្ជើនេសាទមួយក្នុងចំណោមទូកកញ្ជើនេសាទ១៦ (ធុងឆៃ ជាភាសាវៀតណាម) គ្រប់គ្រងដោយទូកធំមួយដែលមានមេទូកទទួលបានពីរគីឡូក្រាមក្នុងចំណោមមឹក១០គីឡូក្រាម នៅពេលដែលឡើងលើទូកធំ។ ជាថ្នូរ មេទូកស្វែងរកកន្លែងនេសាទដែលល្អបំផុត ដែលអាចឲ្យអ្នកនេសាទទាំង១៦នាក់នោះស្នាក់នៅលើទូកប្រវែង១៥ម៉ែត្ររបស់ខ្លួន ហើយដឹកពួកគេទៅកាន់កោះភូកុក ដែលមានឈ្មោះថាកោះត្រល់ក្នុងកម្ពុជា ម្តងក្នុងមួយសប្តាហ៍ដើម្បីលក់មឹកទាំងនោះ។
លោក ទ្រឿង បាននិយាយថា “ខ្ញុំអាចរកប្រាក់បានពី៥០០ទៅ៦០០ដុល្លារក្នុងមួយខែ។ នេសាទនៅលើផ្ទៃសមុទ្រងាយស្រួលជាងធ្វើការនៅលើដីគោក”។
ក្រៅពីឧបករណ៍នេសាទរបស់គាត់ លោក ទ្រឿង មានចង្ក្រានហ្គាសមួយ អង្ករ ត្រីខ ទឹក និងបារី ដាក់ខាងក្រោមក្តារឈើនៅក្នុងទូកកញ្ជើ ដែលគាត់អង្គុយពីលើក្នុងមួយថ្ងៃ។ បង្គោលឈើពីរភ្ជាប់ពីលើទូកកញ្ជើ ដោយមានចងផ្ទាំងក្រណាត់ភ្ជាប់ដើម្បីទប់ខ្យល់។ គាត់មានយុថ្កាមួយ ប៉ុន្តែ ត្រូវទម្លាក់ទៅក្នុងទឹកនៅពេលដែលមានរលកធំៗ។
ពេលមានអាសន្ន គាត់មានអំពូលភ្លើងមួយភ្ជាប់ទៅនឹងដងក្តោង វិទ្យុទាក់ទងមួយ ខ្សែពួរ ច្រវាមួយ និងអាវពោងសុវត្ថិភាពដែលគាត់បានចង្អុរទៅរក នៅពេលសួរថា គាត់ចេះហែលទឹកឬអត់។
អ្នកនេសាទរូបនេះបាននិយាយថា “ពេលមានស្ថានការណ៍មិនល្អ ខ្ញុំអាចអណ្តែតខ្លួនបាន”។
ធុងឆៃអណ្តែតបះបើកៗពាសពេញលម្ហសមុទ្រក្នុងចម្ងាយរាប់រយម៉ែត្រពីមួយទៅមួយ។ ក្នុងរយៈពេល១០ឆ្នាំធ្វើជាអ្នកនេសាទ លោក ទ្រឿង បាននិយាយថា លោកបានឮអំពីអ្នកនេសាទជាច្រើនដែលមិនអាចវិលត្រឡប់មកទូកធំរបស់ពួកគេវិញ ក្រោយពីនេសាទរួច បានបាត់ខ្លួននៅលើផ្ទៃសមុទ្រដោយគ្មានដំណឹង។ ទោះជាយ៉ាងណាក៏ដោយ រយៈពេល១០ឆ្នាំជាអ្នកនេសាទធ្វើឲ្យគាត់មិនភ័យខ្លាចអ្វីឡើយ។
នៅពេលដែលសួរថាតើគាត់គេចពីខ្យល់ព្យុះដោយរបៀបណានោះ អ្នកនេសាទរូបនេះបាននិយាយថា “ខ្ញុំមានជំនាញនៅពេលដែលមានរលកធំៗបក់បោកមក ខ្ញុំអាចធ្វើឲ្យទូកកញ្ជើរបស់ខ្ញុំគេចផុតពីព្យុះនោះបាន ខ្ញុំមិនគិតថា មានអ្វីកើតឡើងនៅលើសមុទ្រនេះអាចធ្វើឲ្យខ្ញុំស្លាប់បានទេ “។
ចម្ងាយប្រហែល១៥គីឡូម៉ែត្រពីកន្លែងដែលទូកកញ្ជើអណ្តែតកាលពីសប្តាហ៍មុន គឺជាមូលដ្ឋានកងទ័ពជើងទឹកកោះតាង។ នៅលើគោកចម្ងាយប្រហែលជា៤០គីឡូម៉ែត្រពីទីនោះ គឺជាបញ្ជាការដ្ឋានកងទ័ពជើងទឹក។
មូលដ្ឋានកងទ័ពជើងទឹកទាំងនេះមិនធ្វើឲ្យអ្នកនេសាទទាំងនោះព្រួយបារម្ភឡើយ។
លោក ទ្រឿង បាននិយាយថា “យើងចតទូកម្តងនៅកោះរុ៉ងសន្លឹម ហើយម្តងនៅកោះតាង។ ហាក់ដូចជាយើងកំពុងរស់នៅលើទឹកដីវៀតណាមអ៊ីចឹង”។
លោក វៀត ណាន អាយុ៤៧ឆ្នាំ កំពុងនេសាទពីលើទូកកញ្ជើអស់រយៈពេល២០ឆ្នាំមកហើយ។ គាត់និងកូនប្រុសពីរនាក់របស់គាត់ គឺជាផ្នែកនៃក្រុមមនុស្ស១៧នាក់របស់ទូកធំមួយ។ កូនប្រុសទី៣របស់គាត់ដែលរស់នៅជាមួយនឹងម្តាយរបស់វានៅលើកោះភូកុក មានគម្រោងមកនេសាទដែរ មុនរដូវភ្លៀងនេះ។
លោក ណាន បាននិយាយកាលពីថ្ងៃពុធថា “អ្នកនេសាទភាគច្រើនដែលវង្វេងបាត់ គឺតែងតែកើតឡើងនៅរដូវភ្លៀង។ កាលពីឆ្នាំមុន យើងបាត់មនុស្សប្រាំ ឬប្រាំមួយនាក់ ពួកគេមិនឃើញមកវិញទេ”។

លោក ណាន បានចង្អុលទៅស្នប់បូមទឹកនៅពេលដែលសួរថា គាត់ទប់ទល់នឹងធាតុអាកាសអាក្រក់យ៉ាងដូចម្តេ៉ច។ អ្នកនេសាទរូបនេះបានបញ្ជាក់ថា អាវរបស់គាត់មានប្រយោជន៍សម្រាប់ញុកបិទរន្ធកុំឲ្យទឹកចូល ហើយនិយាយថា ប្រសិនបើទូកញ្ជើក្រឡាប់ មានសង្ឃឹមតែមួយគឺថា អ្នកនេសាទផ្សេងទៀតដែលនៅកៀកបំផុតមើលឃើញ ហើយទាក់ទងតាមវិទ្យុសុំជំនួយ។
ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ការធ្វើបែបនេះមិនល្អទេ។
អ្នកនេសាទរូបនេះ បាននិយាយថា “ទូកកញ្ជើរបស់គាត់ ត្រូវអណ្តែតបះបើកៗតាមរលក ហើយនៅពេលដែលមានខ្យល់ខ្លាំង ឬព្យុះ ទូកធំមិនមកយកយើងទេ។ គេរង់ចាំរហូតដល់ព្យុះស្ងប់ ហើយបន្ទាប់មកគេមកជួយ”។
អ្នកនេសាទរូបនេះ បាននិយាយថា “ប្រសិនបើទូកកញ្ជើរបស់អ្នកក្រឡាប់ ហើយគ្មាននរណាម្នាក់ឃើញ ប្រហែលជាត្រូវចប់ហើយ”។
រយៈពេលជាច្រើនឆ្នាំមកនេះ លោក ណាន បាននិយាយថា អ្នកនេសាទជាច្រើននាក់ ត្រូវបានជំរិតទារប្រាក់ដោយអាជ្ញាធរនៅលើផ្ទៃសមុទ្រ ឬក៏ត្រូវចាប់ឃុំ ហើយនាំមកដីគោកដើម្បីទារប្រាក់។ ប៉ុន្តែ អ្នកនេសាទរូបនេះ បានបញ្ជាក់ថា ដំណើរការនេះឥឡូវមានលក្ខណៈស្រួលបួល ដោយមានការបង់ប្រាក់ផ្ទាល់ជាប្រចាំខែ។
អ្នកនេសាទរូបនេះ បាននិយាយថា “ប៉ូលិសមិនចាប់យើងទេឥឡូវនេះ ពីព្រោះយើងបង់ប្រាក់ឲ្យទាហានជើងទឹក”។ គាត់បានពន្យល់ថា អ្នកនេសាទ១៧នាក់ប្រមូលប្រាក់បានសរុប១.០០០ដុល្លារឲ្យមេទូកធំជារៀងរាល់ខែ ដើម្បីទិញការការពារពីច្បាប់។

លោក ទ្រឿង បាននិយាយថា ក្រុមរបស់គាត់បានបង់ប្រាក់១.១០០ដុល្លារជារៀងរាល់ខែ។
លោក ណាន បាននិយាយថា “មេទូកយកប្រាក់ពីយើង មនុស្សតូចតាចដែលធ្វើការឲ្យ [មេបញ្ជាការកងទ័ពជើងទឹក] ទៀ វិញ ប្រមូលប្រាក់ពីគាត់”។
រៀងរាល់ល្ងាច មានទូករាប់សិបគ្រឿង បានបោះយុថ្កានៅខាងក្រោយកោះតាង និងកោះរុ៉ងសន្លឹម អ្នកនេសាទផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ដោយស្មោះត្រង់ ឬក៏ម្យ៉ាងវិញទៀតអំពីការចាប់មឹកបានប្រចាំថ្ងៃ។ មេទូកល្អប្រមូលព័ត៌មានធាតុអាកាស និងព័ត៌មានសំខាន់ៗដទៃទៀតពីអ្នកមូលដ្ឋាន ដើម្បីបង្កើតទីតាំងល្អបំផុតក្នុងការដាក់ពង្រាយអ្នកនេសាទនៅថ្ងៃបន្ទាប់។

នៅព្រលឹមថ្ងៃព្រហស្បតិ៍ អ្នកនេសាទលើទូកកញ្ជើ បានធ្វើដំណើរទៅទិសខាងលិច ឆ្ងាយជាងថ្ងៃមុន គឺចម្ងាយប្រហែល១៥គីឡូម៉ែត្រភាគនិរតីនៃកោះរុ៉ងសន្លឹម។ ក្នុងពេលដែលទូកកញ្ជើចាប់ផ្តើមបង្ហាញដេរដាសនៅលើផ្ទៃសមុទ្រ ហើយទូកធំមួយក្នុងបណ្តាទូកធំទាំងអស់ក៏បង្ហាញខ្លួនដែរ។
លោក ទ្រឿង ថាន់ មេទូកបានស្វាគមន៍អ្នកយកព័ត៌មានទៅលើទូកធំរបស់លោក ដោយឲ្យបារីជក់ ក្នុងពេលដែលប្អូនប្រុសរបស់គាត់ចុះនេសាទ (ទូកកញ្ជើមួយស្ថិតនៅលើទូកធំកំពុងជុសជុល ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ ក៏គាត់ទទួលបានមឹកប្រចាំថ្ងៃដែរ)។
លោក ថាន់ អាយុ៤២ឆ្នាំ បានពន្យល់អំពីអ្នកនេសាទ១៥នាក់ដែលលោកគ្រប់គ្រងនៅលើផ្ទៃសមុទ្រ គឺជាគ្រួសារ មិត្តភក្តិ និងញាតិជិតខាងពីភូមិរបស់គាត់នៅលើកោះភូកុក។
នៅក្នុងរយៈពេល១០ឆ្នាំនេសាទនៅលើទូកកញ្ជើ អ្នកនេសាទរូបនេះ សន្សំប្រាក់បានគ្រប់គ្រាន់ដើម្បីទិញទូកធំមួយនៅក្នុងឆ្នាំ២០១០ ហើយក៏ធ្វើជាមេទូកតែម្តង។
មេទូករូបនេះបាននិយាយថា “ខ្ញុំឈប់នេសាទលើទូកកញ្ជើព្រោះថា “មុខរបរនេះរកលុយបានច្រើនជាង។ រាល់មឹក១០គីឡូក្រាមដែលអ្នកនេសាទចាប់បាន ខ្ញុំយក២គីឡូក្រាម”។
មឹក១គីឡូក្រាមតម្លៃប្រហែល៤,៥០ដុល្លារនៅលើកោះភូកុក។ គាត់រកប្រាក់បានពីរបីពាន់ដុល្លារក្នុងមួយខែ ប្រសិនបើគាត់ទស្សន៍ទាយចរន្តទឹកត្រូវ ហើយដឹងកន្លែងដែលសម្បូរមឹក។
ចាប់តាំងពីផ្លាស់មុខរបរពីនេសាទនៅលើទូកកញ្ជើទៅជាមេទូក លោក ថាន់ រកប្រាក់បានច្រើន ហើយមានការប្រថុយប្រថានក៏តិចតូចដែរ ប៉ុន្តែ គាត់ព្រួយបារម្ភអំពីការបាត់ខ្លួនអ្នកនេសាទ។ បន្ថែមលើខ្យល់ព្យុះដែលកើតឡើងពីខែកក្កដាដល់ខែកញ្ញា មេទូកដែលមានរាងស្គមនិងមានសាច់ដុំរូបនេះ និយាយថា ជនជាតិខ្មែរក៏ជាគ្រោះថ្នាក់ដែរ។
មេទូករូបនេះបាននិយាយដោយប្រើកាយវិការយកដៃទះផ្ទប់គ្នាថា “ជួនកាលទូកនេសាទខ្មែរឃើញអ្នកនេសាទទូកកញ្ជើរបស់យើង ហើយបុកយើងពន្លិច ក្តាំង ហើយធ្វើឲ្យទូកកញ្ជើក្រឡាប់តែម្តង។ អ្នកខ្លះជួយសង្គ្រោះបាន អ្នកខ្លះជួយមិនបាន។ វាផ្អែកលើថាតើមានទូកកញ្ជើផ្សេងទៀតឬអត់”។
មានបទពិសោធ១៥ឆ្នាំនេសាទលើផ្ទៃសមុទ្រទាំងនេះ លោក ថាន់ បានបញ្ជាក់អះអាងសាច់រឿងរបស់លោក ណាន និងលោកទ្រឿងថា ពួកគេចតទូកនៅកោះតាង និងកោះរុ៉ងសន្លឹម ទូកកញ្ជើរាប់រយ ធ្វើនេសាទមឹកជារៀងរាល់ថ្ងៃ គឺជាការនេសាទដោយជនជាតិវៀតណាមទាំងអស់ ហើយកងទ័ពជើងទឹកមានការឃុបឃិត។
អ្នកនេសាទរូបនេះ បាននិយាយថា “ខ្ញុំបញ្ជូនប្រាក់១.០០០ដុល្លាររាល់ខែតាមរយៈអ្នករត់ការទៅឲ្យកូន ទៀ វិញ នៅក្នុងក្រុងព្រះសីហនុ”។
នៅចុងភាគខាងត្បូងនៃឆ្នេរកោះរ៉ុង មានសហគមន៍តូចមួយនៃគ្រួសារចាមរស់នៅខាងក្រោយផ្ទះសំណាក់និងបាងហ្កាឡូ។ ពួកគេនិយាយថា ពួកគេបានឃើញទូកកញ្ជើនៅលើផ្ទៃសមុទ្រពីវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ ដោយធ្វើឲ្យមឹកហិនហោច។
យោងតាម ម៉ី នី អាយុ២៥ឆ្នាំ ដំបូងទូកកញ្ជើ បានក្លាយជាបញ្ហាសម្រាប់អ្នកនេសាទពីភូមិកោះតូចប្រហែល៣ឆ្នាំកន្លងមកហើយ។

អ្នកនេសាទរូបនេះ បាននិយាយថា “វៀតណាម បានចាប់ផ្តើមមកទីនេះក្នុងឆ្នាំ២០១២។ បន្ទាប់មក យើងអាចប៉ាន់ស្មានថា ចំនួនត្រីបានធ្លាក់ចុះ៤០ភាគរយ”។
លោក នី បាននិយាយថា “យើងបានប្រាប់រដ្ឋបាលជលផលថា វៀតណាមកំពុងនេសាទនៅក្នុងដែនទឹករបស់យើង។ ពួកគេនិយាយថា ‘កុំព្រួយ យើងគ្រប់គ្រងបាន’ ពួកគេមានការការពារពីអាជ្ញាធរ។ តើយើងអាចធ្វើអ្វីកើត?”។
រដ្ឋបាលជលផល នាពេលបច្ចុប្បន្ននេះ ស្ថិតនៅក្នុងដំណាក់ចុងក្រោយនៃការបង្កើតឧទ្យានជាតិសមុទ្រដំបូងរបស់ប្រទេសកម្ពុជា ជាតំបន់អភិរក្សក្នុងសមុទ្រដែលព័ទ្ធជុំវិញកោះរ៉ុងនិងកោះរ៉ុងសន្លឹម។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សនៃរដ្ឋបាលជលផល បានមានប្រសាសន៍តាមទូរស័ព្ទពីថ្ងៃអង្គារថា សកម្មភាពខុសច្បាប់ត្រូវបានកាត់បន្ថយរហូតដល់៧០ភាគរយនៅក្នុងតំបន់នោះ ដែលជាគម្រោងនៅលើតុរបស់លោកនាយករដ្ឋមន្ត្រីដើម្បីរង់ចាំការយល់ព្រម។
នៅខាងក្រៅគម្រោងតំបន់អភិរក្ស លោក វិបុល បាននិយាយថា “ព្រំដែនសមុទ្រអន្តរជាតិមិនច្បាស់លាស់ទេ។ ទោះជាយ៉ាងនេះក្តី តំបន់នៅចន្លោះកោះតាង និងកោះរុ៉ង ដែលមានអ្នកនេសាទវៀតណាមបានកំពុងនេសាទមឹក គឺជាដែនទឹកកម្ពុជា។ តំបន់ទាំងមូលគឺរបស់កម្ពុជា”។
សួរថាហេតុអ្វីការនេសាទមឹក ត្រូវបានអនុញ្ញាតឲ្យកើតឡើងនៅក្នុងដែនទឹកដែលយាមល្បាតដោយអាជ្ញាធរកម្ពុជា លោក វិបុល បានព្យាយាមមិនដាក់ការទទួលខុសត្រូវលើរដ្ឋបាលជនផលទេ។
លោក វិបុល បាននិយាយថា “នេះមិនមែនត្រឹមតែជាកង្វល់របស់រដ្ឋបាលជលផលប៉ុណ្ណោះទេ មានកងរាជអាវុធហត្ថ ទាហានជើងទឹក និងទាហានព្រំដែននៅតំបន់នោះ យើងមិនដឹងថា នរណាអនុញ្ញាតឲ្យពួកគេចូលមកទីនោះទេ ប៉ុន្តែ មិនមែនរដ្ឋបាលជលឡើយ”។
ក្រៅពីការនេសាទមឹកជាលក្ខណៈពាណិជ្ជកម្ម ដែនទឹកនៅជុំវិញបណ្តុំកោះរុ៉ង និងហួសពីនោះទៅទៀត ទទួលរងការប៉ះពាល់ពីទូកអូសធំៗកម្ពុជា ដែលប្រើអួនធំៗអូសតាមទឹកសមុទ្រក្រសោបបានអ្វីគ្រប់យ៉ាងដែលនៅចំពីមុខ។ អ្នកអភិរក្សនិងអ្នកនេសាទមូលដ្ឋានក៏និយាយអំពីការនេសាទដោយប្រើគ្រឿងផ្ទុះដើម្បីធ្វើឲ្យត្រីសន្លប់ ឬងាប់ និងការនេសាទដែលគេប្រើជាតិពុលបាញ់ទៅលើផ្ទៃសមុទ្រដើម្បីនេសាទសត្វសមុទ្រ។
វិធីទាំងបីនេះគឺខុសច្បាប់ ហើយបង្កឲ្យវិនាសមហន្តរាយលើប្រព័ន្ធអេកូក្រោមទឹក។ លោក យ៉ាន់ វ៉លលីសឺ អ្នកជីវសាស្ត្រសមុទ្រមកពីប្រទេសស្វីស ធ្វើការឲ្យអង្គការជួយសង្គ្រោះជីវិតសមុទ្រកម្ពុជា ដែលមានទីស្នាក់ការនៅលើកោះរុ៉ងសន្លឹម ហើយប្តេជ្ញាចិត្តអភិរក្សផ្កាថ្ម។
ក្នុងពេលដែលការនេសាទមឹកជាទូទៅបង្កការវិនាសតិចជាងវិធីផ្សេងទៀតដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតសមុទ្រនៅទីនេះ លោក វ៉លលីសឺ បាននិយាយថា ផ្កាថ្មនិងត្រីពិតជាទទួលរងគ្រោះពីបរិមាណមឹកដែលគេនេសាទពីសមុទ្រ។
លោក វ៉លលីសឺ បាននិយាយថា “យើងអាចមើលឃើញការបាត់ត្រីធំៗនៅទីនេះ គឺសត្វដែលស៊ីមឹកជាអាហារ។ វាជាធម្មជាតិដែលការធ្លាក់ចុះប្រភេទសត្វណាមួយ អាចធ្វើឲ្យប្រែប្រួលរចនាសម្ព័ន្ធនៃជីវិតសមុទ្រ ហើយវាអាចបណ្តាលឲ្យមានការបំផ្លិចបំផ្លាញជម្រកសមុទ្រ”។
លោក វ៉លលីសឺ បាននិយាយបន្ថែមថា “សហគមន៍អឺរ៉ុបមិននាំចូលម្ហូបសមុទ្រពីប្រទេសកម្ពុជាទេ ដោយសារតែមិនមានការត្រួតពិនិត្យត្រឹមត្រូវទៅលើប្រភេទសត្វសមុទ្រទាំងនេះ”។
នៅឆ្ងាយពីឆ្នេរទេសចរណ៍និងការិយាល័យអភិរក្សនៃកោះរុ៉ងសន្លឹម មានសហគមន៍អ្នកនេសាទនិយាយភាសាវៀតណាម មានមួូយចំនួនជាអតីតសមាជិកនៃអ្នកនេសាទទូកកញ្ជើរស់នៅចិញ្ចឹមជីវិតសាមញ្ញនៅទីនេះ។

លោក ចាង សាង អាយុ២៨ឆ្នាំបាននិយាយថា គាត់បានរស់នៅលើកោះរុ៉ងអស់រយៈពេល១៥ឆ្នាំមកហើយ។ លោក សាង ដែលចេះនិយាយខ្មែររអិល ធ្វើជាអ្នកបកប្រែក្នុងការសម្ភាសនៅលើផ្ទៃសមុទ្រ ហើយបន្ទាប់មកបាននិយាយពីបទពិសោធផ្ទាល់របស់គាត់ ដែលគាត់បានឆ្លងកាត់អស់រយៈពេលបីឆ្នាំ ហើយបានឈប់នេសាទកាលពីបីឆ្នាំមុនដោយធ្វើជាអ្នករត់ការឲ្យ “មេធំ”វិញ។
លោក សាង បាននិយាយថា មួយខែម្តង គាត់ធ្វើដំណើរថ្មើរជើងពេលល្ងាចទៅកោះរុ៉ងសន្លឹមនៅភាគនិរតី ដើម្បីជួបមេទូកប្រាំមួយនាក់ ដែលនឹងប្រគល់ប្រាក់៩០០ដុល្លារអាមេរិក។ លោក សាង បាននិយាយថា លោកទទួលបានកម្រៃជើងសារចំនួន៥០ដុល្លារពីការបង់ប្រាក់ម្តងៗ ហើយបន្ទាប់មកប្រគល់ប្រាក់ទាំងប៉ុន្មាននោះទៅឲ្យផ្ទះលោកមេធំនៅក្នុងក្រុងព្រះសីហនុនៅថ្ងៃបន្ទាប់មកទៀត។
លោក សាង បាននិយាយថា “ខ្ញុំប្រគល់លុយឲ្យកូនប្រុស ទៀ វិញ។ ទៀ វិញ ធ្លាប់គ្រប់គ្រងតំបន់នេះ ប៉ុន្តែ ឥឡូវនេះកូនប្រុសគាត់ម្តង។ ខ្ញុំមិនស្គាល់ឈ្មោះគាត់ទេ ខ្ញុំស្គាល់តែឈ្មោះហៅក្រៅថា ម៉ា ត”។
លោក សាង បាននិយាយថា ទូកកញ្ជើធ្វើនេសាទនៅភាគខាងលិចឆ្ពោះទៅដែនទឹកថៃ។
លោក សាង បាននិយាយថា “ពួកគេធ្វើដំណើរទៅព្រំដែនថៃ ប៉ុន្តែ ពួកគេមិនឆ្លងកាត់ទេ ទាហានជ់ើងទឹកថៃគឺខុសគ្នា ប្រសិនបើពួកគេឃើញ គេចាប់ភ្លាម”។
នៅពេលដែលលោក ជួន ណារិន ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តព្រះសីហនុ កាលពីខែមេសា ដោយជំនួសលោកស្នងការមុន ដែលរងការចោទប្រកាន់ថាដេកលក់នោះ លោកបានចាប់ផ្តើមបញ្ជូនមន្ត្រីប៉ូលិសដោយផ្លាស់វេនគ្នាប្រចាំខែ ដើម្បីយាមការពារកោះទាំងនោះ។
លោក សេក ដារ៉ារិទ្ធ មន្ត្រីប៉ូលិសមកពីការិយាល័យសន្តិសុខនិងសណ្តាប់ធ្នាប់ខេត្តទើបតែមកបានពីរបីថ្ងៃនៅលើកោះរុ៉ងសន្លឹម នៅពេលនោះមន្ត្រីប៉ូលិសរូបនេះ បានប្រាប់អ្នកយកព័ត៌មានកាលពីសប្តាហ៍មុន អំពីបំណងរបស់លោកក្នុងការបិទមុខរបរនេសាទមឹក ដែលមន្ត្រីប៉ូលិសរូបនេះបាននិយាយថា ជាការនេសាទដោយវៀតណាម១០០ភាគរយ។
មន្ត្រីប៉ូលិសរូបនេះ បាននិយាយថា “យើងឃើញការនេសាទខុសច្បាប់ ប៉ុន្តែ យើងមិនអាចបញ្ឈប់តែម្នាក់ឯងបានទេ”។
លោក ដារ៉ារិទ្ធ បាននិយាយថា ក្រុមរបស់លោកមានគ្នាបីនាក់មិនមានធនធាន ជាពិសេសមិនមានទូកដើម្បីបង្ក្រាបបានទេ។ លោក ដារ៉ារិទ្ធ បាននិយាយថា “យើងត្រូវការការសហការពីរដ្ឋបាលជលផល ឬទាហានជើងទឹក”។
កោះតាង មានចម្ងាយប្រហែល៥៥គីឡូម៉ែត្រ ឬប្រើរយៈពេលពីរម៉ោងតាមទូកលឿនពីដីគោក។ មូលដ្ឋានកងទ័ពជើងទឹកកោះតាងដែលមានទាហានជើងទឹកមួយចំនួន គ្រប់គ្រងដោយលោក យស ស៊ីវុត្ថា ជាវរសេនីយ៍ឯក អាយុ៥៥ឆ្នាំ ដែលមានមាឌក្រអាញ ដែលបានឈរជើងនៅតំបន់នេះតាំងពីឆ្នាំ១៩៩០មកម្លេ៉ះ។
ពេលអាហារថ្ងៃត្រង់នៅឯមូលដ្ឋានទាហានជើងទឹក លោក ស៊ីវុត្ថា ដំបូងមិនឆ្លើយសំណួរទាក់ទងនឹងទូកកញ្ជើទេ “ហេតុអ៊ីក៏ចង់ដឹងអំពីរឿងហ្នឹង? មិនគួរឲ្យចាប់អារម្មណ៍ទេ” មុននឹងការពារវត្តមានរបស់អ្នកនេសាទជនជាតិវៀតណាមនៅក្នុងដែនទឹកដែលលោកទទួលបន្ទុកយាមល្បាត។ លោកវរសេនីយ៍ឯករូបនេះ បានមានប្រសាសន៍ថា “អ្នកនេសាទខ្មែរយើង យើងទៅនេសាទដែនទឹកវៀតណាម ហើយវៀតណាមមកទីនេះ វាដូចតែគ្នា។ មិនមែនជាបញ្ហាអ្វីទេ”។
លោកវរសេនីយ៍ឯករូបនេះ បានមានប្រសាសន៍បន្តថា “កម្ពុជានិងវៀតណាមមានការយោគយល់គ្នា។ មិនចាំបាច់ចោទគ្នាទេ យើងជាអ្នកជិតខាងគឺកម្ពុជានិងវៀតណាម ហើយយើងឲ្យគ្នាទៅវិញទៅមក”។
អ្នកនេសាទជនជាតិវៀតណាមទាំងអស់ដែលសម្ភាសអស់រយៈពេលពីរថ្ងៃកាលពីសប្តាហ៍មុន បាននិយាយថា ពួកគេបានបង់ប្រាក់ឲ្យកងទ័ពជើងទឹកខេមរភូមិន្ទ ជាពិសេស បុរសម្នាក់ដែលគេស្គាល់ថា ម៉ា ត ដែលពួកគេជឿថា ជាកូនប្រុសរបស់លោកមេបញ្ជាការកងទ័ពជើងទឹក ទៀ វិញ។
កូនប្រុសរបស់លោកនាយឧត្តមនាវី វិញ គឺលោក ទៀ សុខា ជាមេបញ្ជាការសន្តិសុខលម្ហសមុទ្រ ដែលមានមូលដ្ឋាននៅរាម ក្នុងក្រុងព្រះសីហនុ។
លោក ម៉ោញ ឈុនឌី មេបញ្ជាការរងមូលដ្ឋានកងទ័ពជើងទឹករាម បានបញ្ជាក់កាលពីសប្តាហ៍នេះថា លោកឧត្តមនាវីឯក សុខា ទទួលបន្ទុកមើលការខុសត្រូវលើដែនសមុទ្រ។
ការហៅទូរស័ព្ទច្រើនលើកច្រើនសារទៅឧត្តមនាវីឯក សុខា កាលពីសប្តាហ៍មុន មិនទទួលបានការធ្វើអត្ថាធិប្បាយលើការនេសាទមឹកនោះទេ។ កាលពីថ្ងៃអង្គារ លោក សុខា បានមានប្រសាសន៍ថា លោកស្ថិតនៅក្នុងប្រទេសសិង្ហបុរី ហើយមិនអាចឆ្លើយសំណួរបានទេ។
កាលពីថ្ងៃអង្គារផងដែរ នាយឧត្តមនាវី វិញ បានមានប្រសាសន៍ថា លោកមិនបានដឹងអំពីបណ្តាញអ្នកនេសាទជនជាតិវៀតណាម ដែលលួចនេសាទមឹករាប់តោនពីដែនសមុទ្រដែលយាមល្បាតដោយកម្ពុជាក្នុងមួយខែៗទេ។
លោកនាយឧត្តមនាវីរូបនេះ បានមានប្រសាសន៍ថា “ខ្ញុំមិនដែលឮអំពីរឿងនោះ ឬក៏ឃើញទេ។ ខ្ញុំនឹងពិនិត្យមើលថាពិតឬអត់”។
ដូចមន្ត្រីដទៃទៀតដែលសម្ភាសអំពីទូកកញ្ជើនោះ លោកនាយឧត្តមនាវី វិញ ក៏បានដាក់ការទទួលខុសត្រូវទៅលើស្ថាប័នផ្សេងដែរ។
លោក វិញ បានមានប្រសាសន៍ដោយមិនឆ្លើយសំណួរបន្តទៀតថា “មន្ត្រីរដ្ឋបាលជលផលទទួលខុសត្រូវក្នុងបញ្ហានេះ”។

ទោះជាយ៉ាងនេះក្តី វៀតណាមដឹងច្បាស់ចំពោះច្បាប់នៃដែនសមុទ្រ និងថានរណាដែលគ្រប់គ្រង។
លោក ថាន់ មេទូកបាននិយាយថា លោកទទួលបានការណែនាំតឹងរ៉ឹងនិងធម្មតាក្នុងការនេសាទក្នុងដែនទឹកកម្ពុជា គឺថា លោកត្រូវលើកទង់ជាតិវៀតណាមនៅពេលធ្វើដំណើររាល់សប្តាហ៍ចូលមកភូកុក ហើយត្រូវទម្លាក់ចុះវិញនៅពេលដែលចាកចេញ។
មេទូករូបនេះបាននិយាយថា “កងទ័ពជើងទឹកគ្រាន់តែប្រាប់យើងឲ្យទម្លាក់ទង់ជាតិវៀតណាមចុះនៅពេលដែលយើងចូលមកដល់ដែនទឹកកម្ពុជា”។
សួរថាតើគាត់ដឹងថា ការនេសាទមឹកអាចរំលោភច្បាប់កម្ពុជាឬយ៉ាងណានោះ លោក ថាន់ បានញញិម។
មេទូករូបនេះ បាននិយាយថា “យើងបង់ប្រាក់ឲ្យទាហានជើងទឹក។ នេះជាច្បាប់នៅកម្ពុជា”៕រើន