
មន្ត្រីមួយរូបបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា នគរបាលរាជធានីភ្នំពេញរឹបអូសបានថ្នាំញៀនមេតំហ្វេមីនក្នុងចំនួនច្រើនបំផុតមិនដែលធ្លាប់មាននៅកម្ពុជាកាលពីចុងសប្ដាហ៍មុន បន្ទាប់ពីការចាប់ខ្លួនសមាជិកបីនាក់នៅក្នុងក្រុមជួញដូរគ្រឿងញៀន ដែលត្រូវបានរកឃើញថ្នាំញៀនជិត៥៥គីឡូក្រាមមានតម្លៃប្រហែល៣លានដុល្លារនៅជាប់ជាមួយ។
នៅក្នុងសន្និសីទកាសែតនៅឯអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបានឲ្យដឹងថា មន្ត្រីនគរបាលបានធ្វើការចាប់ខ្លួនបន្ទាប់ពីមានការជូនដំណឹងពីអ្នកយកការណ៍ដែលធ្វើការស៊ើបអង្កេតអស់រយៈពេល៣ខែនៅក្នុងរាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង។
លោកបានមានប្រសាសន៍ថា “យើងបានបើកប្រតិបត្តិការស៊ើបអង្កេតក្រុមជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ យើងបានចាប់ខ្លួនមនុស្សបីនាក់នៅគោលដៅចំនួនប្រាំ ហើយយើងរឹបអូសបានថ្នាំញៀន និងឧបករណ៍ផ្សេងៗ”។
ឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ បានលើកឡើងថា កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ នគរបាលនៅក្នុងរាជធានីភ្នំពេញបានចាប់ខ្លួនស្ត្រីជនជាតិខ្មែរម្នាក់ឈ្មោះ ផល រ៉ានី អាយុ២២ឆ្នាំ និងបុរសជនជាតិចិនចំនួនពីរនាក់ ដែលមានម្នាក់ឈ្មោះ Deng Yuan Ping អាយុ៥៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ Ly Yong អាយុ៤២ឆ្នាំ។
លោក អ៊ុំ សុភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងកាលពីម្សិលមិញថា លោកបានចោទប្រកាន់អ្នកទាំងបីនាក់នេះជាបណ្ដោះអាសន្ន ហើយបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរ។
លោកបានមានប្រសាសន៍ថា “បុរសជនជាតិចិនពីរនាក់ត្រូវបានចោទប្រកាន់ពីបទផលិត និងចែកចាយគ្រឿងញៀនខុសច្បាប់ រីឯស្ត្រីម្នាក់ទៀតត្រូវបានចោទប្រកាន់ពីបទចូលរួមនៅក្នុងសកម្មភាពជួញដូរគ្រឿងញៀននេះ”។
យោងតាមសេចក្ដីថ្លែងការណ៍មួយបង្ហោះនៅលើគេហទំព័ររបស់នគរបាលជាតិកាលពីថ្ងៃសៅរ៍បានឲ្យដឹងថា ផល រ៉ានី ត្រូវបានចាប់ខ្លួននៅក្នុងខណ្ឌឫស្សីកែវ។ លោក Ly Yong អ្នកជំនាញខាងផលិតគ្រឿងញៀន និងលោក Deng Yuan Ping អ្នកជំនាញខាងផ្នែកពិសោធន៍ត្រូវបានចាប់ខ្លួននៅក្នុងខណ្ឌចំការមន។
នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃសៅរ៍ នគរបាលបានដាក់បង្ហាញថ្នាំញៀនដែលចាប់បានទាំងអស់នេះ ក្នុងនោះមានម៉ាទឹកកក៣៨គីឡូក្រាម មេតំហ្វេតាមីនគ្រាប់១៦គីឡូក្រាម និងថ្នាំញៀនប្រភេទហេរ៉ូអុីន៣៤០ក្រាម។ ឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ បានលើកឡើងទៀតថា គ្រឿងញៀនទាំងអស់នេះបើគិតពីតម្លៃដែលចែកចាយនៅតាមផ្លូវមានតម្លៃរហូតដល់ទៅ៣លានដុល្លារ។
លោកបានបន្ថែមថា គ្រឿងញៀនទាំងអស់នេះត្រូវបានគេនាំយកមកពីតំបន់ “ត្រីកោណមាស” មុនពេលត្រូវបាននាំចេញពីប្រទេសឡាវចូលខេត្តស្ទឹងត្រែង។
ក្រោយពីនាំចូលក្នុងខេត្តស្ទឹងត្រែងរួច គ្រឿងញៀនទាំងនេះត្រូវបានគេនាំយកមករាជធានីភ្នំពេញ ជាទីដែលលោក Ly Yong និងលោក Deng Yuan Ping មានផែនការលាយបន្ថែមជាមួយសារធាតុគីមីផ្សេងទៀតដើម្បីបង្កើនទម្ងន់ និងទទួលបានផលចំណេញច្រើន។
ឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ បានមានប្រសាសន៍ថា “យោងតាមចម្លើយរបស់ជនសង្ស័យបានឲ្យដឹងថា ពួកគេចង់ប្រើប្រាស់គ្រឿងញៀនជាង៥០គីឡូក្រាមនេះបង្កើតឲ្យបានគ្រឿងញៀនជាង១០០គីឡូក្រាម ហើយពួកគេនឹងចែកចាយក្នុងរយៈពេលត្រឹមតែ១ខែកន្លះប៉ុណ្ណោះ”។
លោកបានលើកឡើងទៀតថា មេខ្លោងជួញដូរគ្រឿងញៀនបានចែកចាយថ្នាំញៀនយ៉ាងតិចពីរលើករួចមកហើយ ហើយមានផែនការលក់ផ្នែកយ៉ាងច្រើនចុងក្រោយនេះនៅក្នុងក្លឹបរាត្រីនៅកម្ពុជា ហើយយកផ្នែកដែលនៅសេសសល់ទៅលក់នៅកោះតៃវ៉ាន់។
លោកបានមានប្រសាសន៍ថា “យើងនឹងបន្តស៊ើបអង្កេតទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសបន្ថែមទៀត”។
ជនសង្ស័យទី៤ឈ្មោះ Liv Seu អាយុ៥០ឆ្នាំ បានមកដល់រាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីត្រូវបានបញ្ជូនចេញពីពន្ធនាគារខេត្តស្ទឹងត្រែង ជាទីដែលជនសង្ស័យរូបេនះត្រូវបានឃុំខ្លួនតាំងពីខែមេសាមកពាក់ព័ន្ធនឹងការចោទប្រកាន់ទាក់ទិននឹងបញ្ហាអាវុធ ដែលជាករណីមួយដាច់ដោយឡែកពីករណីគ្រឿងញៀន នេះបើយោងតាមលោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ឧត្ដមសេនីយ៍ឯក មាស វីរិទ្ធ បានលើកឡើងថា ស្ត្រីឈ្មោះ ផល រ៉ានី ដែលត្រូវបានចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថា លោក Liv Seu គឺជាមេក្រុមជួញដូរគ្រឿងញៀន ប៉ុន្តែថា គេមិនច្បាស់ទេថា តើលោក Liv Seu បានជួយអ្នកផ្សេងទៀតឲ្យរួចពីពន្ធនាគារឬក៏អត់ឡើយ។
លោកបានមានប្រសាសន៍ថា នគរបាលនៅក្នុងខេត្តស្ទឹងត្រែងមិនអាចចាប់ខ្លួនជនសង្ស័យទី៥ដែលជាបុរសជនជាតិចិនម្នាក់ផ្សេងទៀតបានឡើយ។
ឧត្ដមសេនីយ៍ឯក មាស វីរិទ្ធ បានមានប្រសាសន៍ថា “យើងបានបញ្ជូនមន្ត្រីរបស់យើងទៅខេត្តស្ទឹងត្រែង ដើម្បីកំណត់គោលដៅ ប៉ុន្តែជនសង្ស័យទី៥នេះបានរត់គេចខ្លួនបាត់ទៅហើយ”។
លោកបានបន្ថែមថា ការរឹបអូសបានកាលពីសប្ដាហ៍មុន គឺជាការរឹបអូសថ្នាំញៀនមេតំហ្វេតាមីនក្នុងចំនួនយ៉ាងច្រើនបំផុតតែមួយគត់នៅកម្ពុជា ហើយគឺជាការរឹបអូសក្នុងចំនួនច្រើនបំផុតទី៣ដែលមិនធ្លាប់មាននៅក្នុងប្រទេស។
លោកបានមានប្រសាសន៍ថា “ប្រសិនបើយើងនិយាយអំពីថ្នាំមេតំហ្វេតាមីនដែលយើងរឹបអូសបាននៅក្នុងប្រទេសកម្ពុជា វាគឺជាការរឹបអូសក្នុងចំនួនច្រើនបំផុត។ ប្រសិនបើយើងនិយាយអំពីប្រភេទថ្នាំញៀនទាំងអស់ វាគឺជាការរឹបអូសបានក្នុងចំនួនច្រើនបំផុតទី៣”។
យោងតាមឧត្ដមសេនីយ៍ឯក មាស វីរិទ្ធ បានឲ្យដឹងទៀតថា ការរឹបអូសថ្នាំញៀនដ៏ច្រើនបំផុតត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ២០០៣ នៅពេលនគរបាលរកឃើញថ្នាំញៀនទម្ងន់៤០គីឡូក្រាមភាគច្រើនជាប្រភេទហេរ៉ូអុីន ដែលគេលាក់នៅក្នុងផ្ទះមួយក្នុងខណ្ឌទូលគោក រាជធានីភ្នំពេញ។
នៅក្នុងរបាយការណ៍មួយចេញកាលពីចុងខែមុន ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកថ្នាំញៀន និងបទល្មើសបានលើកឡើងថា ទីផ្សារថ្នាំមេតំហ្វេតាមីននៅកម្ពុជាបានបន្តកើនឡើងចាប់តាំងពីដំណាច់ឆ្នាំ២០១៣មក ហើយបានកំណត់ថា ថ្នាំញៀនប្រភេទនេះគឺជា “ថ្នាំញៀនដែលគួរឲ្យព្រួយបារម្ភ” នៅកម្ពុជា៕ ស៊ុយឈាង