27 C
Phnom Penh

គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​​​​រំឭក​​​​​​ខួប​​​៦៤​​​ឆ្នាំ​​​​​​​​​ចាប់តាំង​​​​​​ពី​​​កំណើត​​​​​​កុម្មុយនិស្តរបស់​​​ខ្លួន​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​​​ស្លៀក​​​ពាក់​​​ជា​​​ព្រាប​​​ រាំ​​​ក្នុង​​​ពិធី​​​រំឭក​​​ខួប​​​៦៤​​​ឆ្នាំ​​​នៃ​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​នៅ​​​ឯ​​​ទីស្នាក់​​​ការ​​​គណបក្ស​​​​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ។ រូបថតៈ Pring Samrang/Reuters
ស្ត្រី​​​ស្លៀក​​​ពាក់​​​ជា​​​ព្រាប​​​ រាំ​​​ក្នុង​​​ពិធី​​​រំឭក​​​ខួប​​​៦៤​​​ឆ្នាំ​​​នៃ​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​នៅ​​​ឯ​​​ទីស្នាក់​​​ការ​​​គណបក្ស​​​​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ។ រូបថតៈ Pring Samrang/Reuters

ដោយ​​​មាន​​​ការ​​​លែង​​​ព្រាប​​​ស​​​​​​រាប់​​​សិបក្បាល​​​ គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​​​​បាន​​​ប្រារព្ធ​​​ពិធី​​​រំឭក​​​ខួប​​​​​​ប្រ​​​ចាំ​​​ឆ្នាំ​​​នៃ​​​​​​ការ​​​បង្កើត​​​គណបក្ស​​​បដិ​​​វត្តន៍​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​នា​​​ឆ្នាំ​​​១៩៥១ ដែល​​​ខ្លួន​​​ចាត់​​​ទុកជា​​​​​​កំណើត​​​​​​​​​​​​ខ្លួន​​​ ដោយ​​​​​​ថ្នាក់​​​ដឹក​​​នាំ​​​​​​លើក​​​ឡើង​​​អំពី​​​តួនាទី​​​របស់​​​ខ្លួន​​​​​​នៅ​​​ក្នុងការ​​​ទាម​​​ទារ​​​​​​ឯករាជ្យ​​​កម្ពុជា​​​និង​​​ការ​​​ផ្តួល​​​រំលំ​​​របប​​​ប៉ុល ពត។​​​​​​​​​​​​ 

ប្រារព្ធ​​​ឡើង​​​ប៉ុន្មាន​​​សប្តាហ៍​​​​​​ក្រោយ​​​ពី​​​​​​មរណភាព​​​​​​ប្រធាន​​​ស្ថាបនិក​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា គឺ​​​លោក ជា ស៊ីម ដែល​​​បាន​​​​​​វាយ​​​ប្រហារ​​​ជាមួយ​​​កងទ័ព​​​ឥស្សរៈ​​​ដែល​​​ប្រ​​​ឆាំង​​​នឹង​​​អាណា​​​និគម​​​និយម​​​​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៥០ ហើយ​​​បាន​​​ដឹក​​​នាំ​​​ក្រុម​​​ប្រ​​​ឆាំង​​​នឹង​​​ប៉ុល ពត​​​​​​នៅ​​​ចុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០​​​នោះ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ បាន​​​រំឭក​​​អ្នក​​​ចូល​​​រួម​​​​​​នៅ​​​​​​ទី​​​ស្នាក់​​​ការ​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​​​​កម្ពុជា​​​អំពី​​​ប្រវត្តិ​​​​​​ដ៏​​​រុង​​​រឿង​​​របស់​​​គណបក្ស​​​កាន់​​​អំណាចនេះ​​​។​​​

លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា “នេះ​ ជា​ទិ​វា​មួយ​ដ៏​មហោ​ឡារិក​ ដែល​យើង​បាន​ជួប​ជុំ​គ្នា​ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៦៤​ នៃ​ការ​បង្កើត​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដែល​មាន​ប្រវត្តិ​ដ៏​រុង​រឿង​ ជា​គណ​បក្ស​ដឹក​នាំ​ចលនា​តស៊ូ​របស់​​​​ប្រជា​ជន​ប្រឆាំង​នឹង​​​​បរទេស​​​​ឈ្លាន​​​​ពាន​ ដើម្បី​ឯក​រាជ្យ​ជាតិ​ ជា​កម្លាំង​នយោ​បាយ​តែ​មួយ​គត់​ដែល​​​​បាន​ដឹក​នាំ​ការ​ប្រយុទ្ធ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល​ ពត​​​”។​​​

លោកនា​​​យក​​​រដ្ឋ​​​មន្ត្រី បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា “តាំង​ពី​ថ្ងៃ​​​​ចាប់​​​​បដិ​សន្ធិ​​​​មក​ទល់​​​​បច្ចុ​ប្បន្ន​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ប្រកាន់​ខ្ជាប់​ឥត​ប្រែ​ប្រួល​នូវ​គោល​បំណង​ និង​ឧត្តម​​​​គតិ​របស់​​​​ខ្លួន​ ដែល​​​​ផ្សារ​ភ្ជាប់​ទៅ​​​​នឹង​គោល​ការណ៍​  “ប្រជា​ធិប​តេយ្យ​ប្រជា​ជន​”។​ គណ​បក្ស​ប្រជា​ជន​​​​កម្ពុជា​ គឺ​ជា​គណ​បក្ស​ដែល​កើត​ពី​ប្រជា​ជន​ មាន​អត្ថិ​ភាព​ដោយ​សារ​ប្រជា​ជន​ និង​ដើម្បី​ប្រជា​ជន​”។​​​​​​

ប៉ុន្តែ​​​អវត្ត​​​មាន​​​ពី​​​ពិធី គឺ​​​មិន​​​មាន​​​ការ​​​រៀប​​​រាប់​​​ណាមួយដែល​​​ថា ​​​អស់​​​រយៈ​​​ពេល​​​បួន​​​ទសវត្សរ៍​​​មុន​​​នឹង​​​គណ​​​បក្ស​​​កាន់​​​អំណាច​​​បាន​​​ផ្លាស់​​​ប្តូរទៅ​​​ជា​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​ដែល​​​ចាត់​​​ចែង​​​ដោយ​​​អង្គ​​​ការ​​​សហ​​​ប្រ​​​ជាតិ​​​នា​​​ឆ្នាំ​​​១៩៩៣ រួម​​​មាន​​​រយៈ​​​ពេល​​​ដែល​​​មេដឹក​​​​​​នាំ​​​​​​បច្ចុប្បន្ន​​​បាន​​​បម្រើ​​​នៅ​​​ក្នុង​​​របប​​​ខ្មែរ​​​ក្រហម ពោល​​​គឺ​​​ឧត្តម​​​គតិ​​​របស់​​​ខ្លួន​​​​​​មាន​​​កុម្មុយ​​​និស្ត​​​បដិវត្តន៍​​​និង​​​សមភាពនោះទេ។​​​​​​​​​​​​​​​

លោក ដាវិដ ឆាណ្ឌល័រ ប្រវត្តិ​​​វិទូ​​​ល្បី​​​ល្បាញ​​​នៃ​​​ប្រទេស​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​រំឭក​​​អនុស្សាវរីយ៍​​​ចោះៗ​​​​​​អំពី​​​ឫសគល់​​​នយោ​​​បាយរបស់​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា គឺ​​​ដោយ​​​សារ​​​តែ​​​មាន​​​សេចក្តី​​​ប្រាថ្នា​​​​​​លើក​​​កម្ពស់​​​ស្នា​​​ដៃ​​​អតីត​​​កា​​​ល​​​ប្រ​​​កប​​​ដោយ​​​ប្រ​​​ជា​​​ប្រិយ​​​ភាព ដោយ​​​មិន​​​ទាក់​​​ទាញ​​​ឲ្យ​​​ចាប់​​​អារម្មណ៍​​​ចំពោះគោល​​​ជំនឿ​​​នយោបាយ​​​ដែល​​​ឥឡូវ​​​នេះត្រូវ​​​ខូច​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ទេ។​​​​​​​​​​​​ លោក ឆាណ្ឌល័រ​​​ ដែល​​​បច្ចុប្បន្ន​​​ជា​​​សាស្ត្រា​​​ចារ្យ​​​​​​នៅ​​​ឯ​​​សាកល​​​វិទ្យា​​​ល័យ​​​ម៉ូណាស់ ម៉ែល​​​ប៊ន បាន​​​មាន​​​ប្រសាសន៍​​​ថា “គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​ពេញ​​​ចិត្ត​​​នឹង​​​មាន​​​ប្រវត្តិ​​​យូរ​​​អង្វែង​​​នៃ​​​គណ​​​បក្ស​​​សព្វ​​​ថ្ងៃ​​​នេះ​​​ និង​​​ដែល​​​​​​ជា​​​​​​គណបក្ស​​​ ‘តស៊ូ’​​​មួយ​​​នៅ​​​ក្នុង​​​សម័យ​​​អាណា​​​និគម​​​និយម​​​ ប៉ុន្តែ​​​មាតិកា​​​ឆ្ពោះ​​​ទៅរក​​​​​​កុម្មុយនិស្ត​​​របស់​​​ខ្លួន បាន​​​ជ្រាប​​​ចេញ​​​​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ។​​​ មនោគមវិជ្ជា​​​​​​មិន​​​​​​មាន​​​ប្រយោជន៍​​​​​​ទេ​​​នៅ​ក្នុង​​​ប្រទេស​​​កម្ពុជា”។​​​​​​​​​​​​

ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មីៗ​​​កន្លង​​​មក​​​នេះ ការរំឭក​​​ឫស​​​គល់​​​មនោគមវិជ្ជា​​​នៃ​​​គណបក្ស​​​​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​​​​និង​​​ថ្នាក់​​​ដឹក​​​នាំ​​​បក្ស បន្ត​​​ផ្តល់​​​ជា​​​ចំណុច​​​វាយ​​​ប្រហារដ៏​​​ស័ក្តិសិទ្ធិ​​​សម្រាប់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដោយ​​​អនុ​​​ប្រធាន​​​គណបក្ស​​​ប្រ​​​ឆាំង​​​ គឺ លោក​​​ កឹម សុខា​​​ បាន​​​​​​ទទួល​​​រង​​​ការ​​​ស្តី​​​បន្ទោស​​​​​​ជា​​​សាធារណៈពី​​​លោក ហ៊ុន សែន​​​​​​ ក្នុង​​​ខែ​​​មេសា បន្ទាប់​​​ពី​​​​​​ហៅ​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​ថា​​​​​​”កុម្មុយនិស្ត”។

លោក ចន ស៊ីអូស៊ីរី ជា​​​អ្នក​​​ជំនាញ​​​លើ​​​ប្រវត្តិ​​​កម្ពុជា​​​នៅ​​​ឯ​​​សាកលវិទ្យា​​​ល័យ​​​នៃ​​​សាលាគោលនយោ​​​បាយ​​​សាធារណៈហ្ជឺរ៉លដ៍ អា ហ្វ័ដ​​​ រដ្ឋ​​​មិចឆីហ្គែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​នៅ​​​តែ​​​មិន​​​ចង់​​​ដឹង​​​ចង់ឮអំពី​​​ការ​​​រំឭក​​​​​​ប្រវត្តិ​​​អតីត​​​កាល​​​របស់​​​ខ្លួន​​​​​​ដោយ​​​សារ​​​តែប្រវត្តិ​​​កុម្មុយនិស្ត​​​ដែល​​​នៅ​​​តែ​​​ស្ថិត​​​នៅ​​​ក្នុង​​​គណបក្សដដែល​​​ ទោះ​​​បី​​​ជា​​​​​​មាន​​​ការ​​​​​​​​​ចាប់​​​យកជាពហិលក្ខណៈ​​​នូវ​​​​​​ភាព​​​មិន​​​ច្បាស់​​​លាស់​​​នៃ​​​ប្រព័ន្ធ​​​ប្រ​​​ជា​​​ធិបតេយ្យ​​​ក៏​​​ដោយ។

លោក ស៊ីអូស៊ីរី បាន​​​មាន​​​ប្រសាសន៍​​​ថា “វោហារ​​​សាស្ត្រ​​​របស់​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា បញ្ជាក់​​​នូវ​​​ឧត្តមគតិ​​​ប្រ​​​ជា​​​ធិបតេយ្យ​​​ ហើយ​​​គោលនយោបាយ​​​របស់​​​ខ្លួន​​​មាន​​​ចរិតកុម្មុយនិស្ត​​​ដែល​​​គេ​​​អាច​​​យល់​​​​​​​​​តិចតួច​​​ ប៉ុន្តែ​​​ខ្លួន​​​នៅតែ​​​យកដំណែលដ៏​​​សំខាន់នៃ​​​រឿង​​​អតីតកាល​​​កុម្មុយនិស្ត​​​របស់​​​ខ្លួន​​​ រួម​​​មាន​​​រចនាសម្ព័ន្ធ​​​ដូច​​​ជា​​​គណៈកម្មការប្រតិបត្តិ​​​និង​​​កណ្តាល​​​ និង​​​ការ​​​អនុវត្ត​​​ទាំង​​​ឡាយ​​​​​​ដូច​​​ជា​​​ការ​​​ប្រតិបត្តិ​​​ធ្ងន់ដៃពេក​​​​​​​​​នូវ​​​វិន័យ​​​បក្ស​​​ និង​​​ការ​​​បង្ក្រាប​​​លើ​​​អ្នក​​​ប្រឆាំង​​​នយោបាយ”។

លោក ស៊ីអូស៊ីរី បាន​​​មាន​​​ប្រសាសន៍​​​ថា “នយោបាយ​​​ជាច្រើន​​​របស់​​​ខ្លួន​​​​​​ពិត​​​ជា​​​ឆ្លុះ​​​បញ្ចាំង​​​នូវ​​​ការ​​​ផ្លាស់​​​ប្តូរ​​​ពី​​​ឆ្វេង​​​ទៅ​​​ស្តាំ​​​ ប៉ុន្តែ​​​ដូច​​​ជា​​​នៅ​​​ក្នុង​​​បណ្តា​​​រដ្ឋ​​​ក្រោយ​​​កុម្មុយនិស្ត​​​ផ្សេង​​​ទៀត​​​ ទាំង​​​នេះ គឺ​​​ជា​​​ការ​​​ឆ្លើយ​​​តបដែល​​​​​​សម្រប​​​សម្រួល​​​កម្រិត​​​ទាប​​​​​​ទៅ​​​នឹង​​​បរិយាកាស​​​​​​សាកល​​​ដែល​​​ផ្លាស់​​​ប្តូរ​​​ គឺ​​​មិន​​​មែន​​​ការ​​​ផ្លាស​​​់ប្តូរ​​​ទឹក​​​ចិត្ត​​​ទេ។ គោល​​​បំណង​​​គណបក្ស​​​គឺ​​​រក្សា​​​បាន​​​នូវ​​​អំណាច”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ៊ូ វីរៈ អ្នក​​​ប្រឹក្សា​​​នយោបាយ​​​​​​និង​​​ស្ថាបនិក​​​នៃ​​​វេទិកា​​​អនាគត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​ភាគ​​​ច្រើនមាន​​​បទពិសោធ​​​ដំបូង​​​​​​ធ្វើ​​​នយោបាយ​​​​​​ស្ថិត​​​ក្រោម​​​កុម្មុយនិស្ត​​​​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០​​​និង​​​ឆ្នាំ​​​១៩៨០ ចំណែក​​​ឯ​​​គណបក្ស​​​ទំនើប​​​សព្វថ្ងៃនេះ​​​​​​ប្រកាន់​​​យក​​​ផល​​​ប្រយោជន៍​​​​​​ពាណិជ្ជ​​​កម្ម។​​​​​​

លោក វីរៈ បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​មិន​​​មែន​​​គណបក្ស​​​កុម្មុយនិស្ត​​​ទេ។ របៀប​​​ដែល​​​គេ​​​គ្រប់​​​គ្រង​​​ប្រទេស​​​ដូច​​​ជា​​​ផ្តាច់ការ​​​ច្រើន​​​បន្តិច ប៉ុន្តែ​​​ពាក្យ​​​ទាំង​​​នោះបាន​​​ធ្វើ​​​ឲ្យមាន​​​ការ​​​​​​យល់​​​ច្រឡំបន្តិច​​​ដោយ​​​សារ​​​តែ​​​សង្គ្រាម​​​ត្រជាក់ នៅ​​​ពេល​​​ដែល​​​​​​ពាក្យ​​​ទាំង​​​នោះ​​ត្រូវ​​​បានគេ​​​​​​ប្រើ​​​ផ្លាស់​​​​​​ប្តូរ​​​គ្នា ហើយ​​​យើង​​​ជា​​​កូន​​​អុក​​​នៅ​​​ក្នុង​​​ល្បែង​​​អុក​​​សង្គ្រាម​​​ត្រជាក់នោះ”។​​​

លោក វីរៈ​​​មាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​លោកអ្នក​​​ក្រឡេក​​​មើល​​​​​​បញ្ហា​​​សេដ្ឋកិច្ច​​​កុម្មុយនិស្ត​​​​​​ដូច​​​ជា​​​កម្មសិទ្ធិ​​​សមូហភាព​​​ និង​​​​​​ស្មើភាព​​​ មិន​​​មាន​​​អ្វីទាំង​​​អស់។​​​ អ្នក​​​ដែល​​​មាន​​​ទំនាក់​​​ទំនងនឹង​​​គ្នា​​​មាន​​​ប្រាក់​​​រាប់​​​លាន និងសម្ញែង​​​ទ្រព្យ​​​សម្បត្តិ​​​របស់​​​គេ”។

លោក សុផល អ៊ា អ្នក​​​និពន្ធ​​​សៀវ​​​ភៅ​​​នា​​​ឆ្នាំ​​​២០១២​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា “ការ​​​ពឹង​​​ផ្អែក​​​ជំនួយ​​​នៅ​​​ក្នុង​​​កម្ពុជា” បាន​​​មាន​​​ប្រសាសន៍​​​ថា “ទោះ​​​បី​​​ជា​​​មាន​​​ភាព​​​លើស​​​លុប​​​នៃ​​​ឋានានុក្រម​​​របស់​​​គ​​​ណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​សព្វថ្ងៃ ហាក់ដូច​​​ជា​​​មិន​​​ស៊ី​​​គ្នា​​​នឹង​​​គណបក្ស​​​កុម្មុយនិស្ត​​​ដែល​​​មាន​​​មនោ​​​គមវិជ្ជា​​​​​​កាល​​​ពី​​​មុនក៏​​​ដោយ ក៏វិធី​​​សាស្ត្រ​​​នៃ​​​ការ​​​រក្សា​​​អំណាច​​​របស់​​​ខ្លួន​​​​​​ គឺ​​​កើត​​​ចេញ​​​ពី​​​ឫសគល់​​​ផ្តាច់​​​ការ”។​​​​​​​​​​​​​​​

លោក អ៊ា ជា​​​សាស្ត្រាចារ្យ​​​រងនៅ​​​ឯ​​​មហាវិទ្យា​​​ល័យ​​​អុកស៊ី​​​ដិនថល​​​ក្នុង​​​ក្រុង​​​ឡូស អានហ្ជេលឡិស បាន​​​មាន​​​ប្រសាសន៍​​​ថា “គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​មិន​​​ជឿ​​​លើ​​​លទ្ធិ​​​ម៉ារ្យ​​​​​​និយម​​​ទេ​​​​​​ហើយ​​​​​​សូម្បី​​​តែ​​​​​​យុត្តិធម៌​​​សង្គម​​​ក៏​​​មិន​​​មាន​​​​​​ដែរ​​​នោះ​​​ ហើយ​​​ហេតុ​​​ដូច្នេះ​​​មិនមែន​​​ជា​​​កុម្មុយនិស្ត​​​ទេ ក្នុង​​​ន័យ​​​មនោ​​​គមវិជ្ជា។ តាម​​​មនោគមវិជ្ជា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​អនុវត្ត​​​មូលធននិយមបែបកេង​​​ប្រវ័ញ្ច គឺ​​​មនុស្ស​​​ដែល​​​ឲ្យ​​​តម្លៃ​​​ប្រាក់​​​ជា​​​ធំ​​​លើស​​​អ្វីៗ​​​ទាំង​​​អស់។ ទោះ​​​ជា​​​យ៉ាង​​​ណាក៏​​​ដោយ ការ​​​នេះ​​​មិន​​​មាន​​​ន័យ​​​ថា​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​រួច​​​ផុត​​​ពី​​​​​​លទ្ធិ​​​កុម្មុយនិស្ត​​​ក្នុង​​​របៀប​​​ដែល​​​ខ្លួន​​​ប្រតិបត្តិ​​​ទេ​​​។ បច្ចេក​​​ទេស​​​ដូច​​​គ្នា​​​​​​សម្រាប់​​​គ្រប់​​​គ្រង​​​មនុស្ស​​​ សម្រាប់​​​ធ្វើ​​​ឲ្យ​​​មាន​​​មន្ទិល​​​សង្ស័យ​​​​​​លើ​​​ជម្រើស​​​ម្នាក់ៗ​​​និង​​​ឆន្ទៈ​​​សេរី​​​ គឺ​​​នៅ​​​តែ​​​មាន​​​ដដែល”។​​​​​​​​​

គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​ជា​​​យូរ​​​មក​​​ហើយ​​​ត្រូវ​​​បាន​​​ចោទ​​​ដោយ​​​គណបក្ស​​​ប្រ​​​ឆាំង​​​​​​ថា​​​ក្តោប​​​​​​ក្តាប់​​​អំណាចលើស្ថាប័ន​​​រដ្ឋ​​​និង​​​ធនធាន​​​សេដ្ឋកិច្ច​​​ ចាប់​​​តាំង​​​ពី​​​​​​ការ​​​ធ្វើ​​​ឲ្យ​​​មាន​​​ប្រ​​​ជាធិបតេយ្យដូច​​​ដើម​​​វិញ​​​ក្នុង​​​ឆ្នាំ​​​១៩៩៣​​​ដោយដាក់​​​បញ្ចូល​​​ការិយាធិបតេយ្យ​​​​​​និង​​​ស្ថាប័នសំខាន់ៗ​​​នានា​​​ដោយ​​​ក្រុម​​​ស្មោះត្រង់​​​​​​កុម្មុយនិស្ត​​​ចាស់ៗ។

ក្រៅ​​​ពីរក្សា​​​បាន​​​នូវ​​​​​​សមាសភាព​​​ភាគ​​​ច្រើន​​​លើ​​​គណៈកម្មាធិការ​​​បោះ​​​ឆ្នោត​​​​​​រហូត​​​ដល់​​​មាន​​​ភាព​​​ច្របូក​​​ច្រ​​​បល់​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នា​​​ឆ្នាំ​​​២០១៣​​​ដ៏​​​ចម្រូង​​​ចម្រាស ដែល​​​បាន​​​បង្ខំឲ្យ​​​គណ​​​បក្ស​​​នេះ​​​សម្រុះ​​​សម្រួលនោះ រដ្ឋាភិបាល​​​ដឹក​​​នាំ​​​ដោយ​​​គណ​​​បក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា បាន​​​រៀប​​​ចំ​​​និង​​​មើល​​​ការ​​​ខុស​​​ត្រូវ​​​យ៉ាង​​​តឹងរ៉ឹង​​​លើ​​​កម្ម​​​សិទ្ធិ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ ដើម្បី​​​បំបាត់​​​សំឡេង​​​អ្នក​​​ប្រ​​​ឆាំង។

លោក រ៉ាអ៊ុល ម៉ាក ជិនណា អ្នក​​​ជំនាញ​​​ជន​​​ជាតិ​​​បែលហ្ស៊ិក​​​លើ​​​ប្រវត្តិសាស្ត្រ​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “នោះគឺ​​​ប្រ​​​ហែល​​​ជា​​​អ្វី​​​ដែល​​​នៅ​​​សេស​​​សល់​​​ពី​​​អតីតកាល ពោលគឺ​​​វប្បធម៌​​​ឯកភាពគ្នា។ មាន​​​ការ​​​រំពឹង​​​ទុក​​​ជា​​​ច្រើន​​​ក្នុង​​​ទសវត្សរ៍​​​​​​ឆ្នាំ​​​១៩៩០​​​….ដែលថា​​​គណបក្ស​​​ប្រ​​​ជា​​​ជនកម្ពុជា​​​​​​នឹង​​​បែក​​​បាក់ ប៉ុន្តែ​​​អ្នក​​​ដែល​​​បាន​​​កសាង​​​យុទ្ធសាស្ត្រ​​​របស់​​​ខ្លួន​​​នៅ​​​លើ​​​ការ​​​បែក​​​បាក់​​​របស់​​​គណ​​​បក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា គឺ​​​អ្នក​​​ដែល​​​បាន​​​បំបែក​​​ខ្លួន​​​ឯងតែម្តង”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកនាយករដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ ស្វាគមន៍​​​អ្នកគាំទ្រ​​​នៅ​​​ឯ​​​ទី​​​ស្នាក់​​​ការ​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ។ រូបថតៈ Pring Samrang/Reuters
លោកនាយករដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ ស្វាគមន៍​​​អ្នកគាំទ្រ​​​នៅ​​​ឯ​​​ទី​​​ស្នាក់​​​ការ​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ។ រូបថតៈ Pring Samrang/Reuters

លោក​​​ ជិនណា បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ធ្វើ​​​ឲ្យ​​​មាន​​​អាទិភាព​​​នៃ​​​ឯកភាព​​​គ្ន​​​ាបែបហ្នឹង​​​​​​នៅ​​​ចំពោះ​​​មុខ​​​ការ​​​ប្រឈមទាំង​​​ឡាយ​​​ទៅ​​​នឹង​​​អំណាច​​​របស់​​​ខ្លួន​​​ គឺ​​​ជា​​​ឥទ្ធិពល​​​កុម្មុយនិស្ត​​​ដែល​​​នៅ​​​សេសសល់​​​មួយ​​​ក្នុង​​​បណ្តាឥទ្ធិពល​​​កុម្មុយនិស្ត​​​ដែល​​​នៅ​​​សេសសល់​​​មួយ​​​ចំនួន ដោយ​​​លើក​​​ហេតុ​​​ផល​​​ថា គណបក្ស​​​ប្រ​​​ជា​​​ជន​​​សម័យ​​​ទំនើប​​​ បាន​​​ផ្លាស់​​​ប្តូរ​​​ដោយ​​​ពុំ​​​អាច​​​កែ​​​ប្រែ​​​បាន​​​​​​ពី​​​គណបក្ស​​​ដែល​​​មាន​​​កំណើត​​​ខ្លួន​​​រំឭក​​​។​​​​​​​​​​​​

ប្រវត្តិវិទូ​​​រូប​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​គណបក្យ​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​នៅ​​​តែ​​​រំឭក​​​ខួប[ថ្ងៃ​​​ទី​​​២៨ ខែ​​​មិថុនា ឆ្នាំ​​​១៩៥១​​​] ជា​​​កំណើត​​​របស់​​​ខ្លួន​​​ក្នុង​​​បំណង​​​បង្ហាញ​​​ថា ខ្លួន​​​ជា​​​តួ​​​អង្គ​​​ន​​​យោបាយ​​​ដែល​​​​​​​​​ជាប់​​​ជ្រៅ​​​ក្នុង​​​ប្រវត្តិ​​​នយោបាយ​​​របស់​​​ប្រទេស​​​ជាតិ​​​ គឺ​​​គណបក្ស​​​ដែល​​​មាន​​​ថ្នាក​​់​​​ដឹក​​​នាំ​​​របស់​​​ខ្លួន​​​មិន​​​ដែល​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​ ហើយ​​​ប្រ​​​ឈម​​​មុខ​​​នឹង​​​រាល់​​​ដំណាក់​​​ការ​​​ទាំង​​​អស់​​​នៃ​​​សោ​​​កនាដកម្ម​​​កម្ពុជា ដែល​​​ចាប់​​​ផ្តើម​​​ជាមួយ​​​នឹង​​​ការ​​​ប្រយុទ្ធ​​​ប្រ​​​ឆាំង​​​នឹង​​​អាណានិគម​​​និយម​​​ជាដើម​​​”។​​​​​​​​​

លោក សុខ ឥសាន អ្នក​​​នាំ​​​ពាក្យ​​​គណ​​​បក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ឫសគល់​​​កុម្មុយនិស្ត​​​របស់​​​គណបក្ស​​​កាន់​​​អំណាច​​​ គឺ​​​ជា​​​ផលិត​​​ផល​​​នៃ​​​អំឡុង​​​ពេល​​​ដែល​​​ខ្លួន​​​​​​កើត​​​ឡើង ហើយ​​​ថា​​​វាជា​​​លក្ខណៈ​​​មិន​​​ស្មោះ​​​ត្រង់​​​ចំពោះ​​​អ្នក​​​រិះ​​​គន់​​​របស់​​​ខ្លួន​​​​​​ដែល​​​ផ្តោត​​​លើ​​​ទិដ្ឋភាព​​​ប្រវត្តិ​​​បែបហ្នឹង នៅ​​​ពេល​​​ដែល​​​គណបក្ស​​​នេះ បាន​​​ជ្រើស​​​រើស​​​ដើរ​​​ទៅ​​​មុខ។​​​​​​​​​

លោក ឥសាន​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យុទ្ធសាស្ត្រ​​​នយោបាយ​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​ បាន​​​ផ្សារ​​​ភ្ជាប់​​​នឹង​​​ស្ថានការណ៍​​​មួយ​​​ដំណាក់ការ​​​ម្តងៗ​​​ពិត​​​ប្រាកដ​​​របស់​​​កម្ពុជា និង​​​ការ​​​អភិវឌ្ឍប្រទេស​​​ជាតិ។​​​ យុទ្ធសាស្ត្រ​​​គណបក្ស​​​ គឺ​​​ត្រូវ​​​បត់​​​បែន​​​ និង​​​សម្របទៅ​​​តាម​​​ស្ថានការណ៍​​​នៅ​​​ក្នុង​​​ដំណាក់ការ​​​នីមួយៗ​​​ ដែល​​​សង្គម​​​យើង​​​ជួប​​​ប្រទះ”។

​​​អ្នកនាំពាក្យ​​​គណ​​​បក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​រូប​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា “មុនដំបូង​​​ គណបក្ស​​​ប្រ​​​ជា​​​ជនកម្ពុជា​​​ត្រូវ​​​បាន​​​ចោទ​​​ថា​​​ជា​​​គណបក្ស​​​កុម្មុយនិស្ត​​​ ប៉ុន្តែ​​​ឥឡូវ​​​​​​យើង​​​បាន​​​អនុវត្ត​​​ច្បាប់​​​រដ្ឋ​​​ធម្មនុញ្ញ​​​ឆ្នាំ​​​១៩៩៣ ដែល​​​ចែង​​​ថា កម្ពុជា​​​​​​ប្រកាន់​​​យក​​​លទ្ធិ​​​ប្រ​​​ជា​​​ធិបតេយ្យ​​​ពហុបក្ស​​​ ហេតុ​​​ដូច្នេះ គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​លែង​​​​​​អាចត្រូវ​​​គេ​​​ចោទ​​​ថាជា​​​​​​គណបក្ស​​​កុម្មុយនិស្ត​​​តទៅ​​​ទៀត”។​​​​​​

លោក សុន ឆ័យ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្នុង​​​ន័យ​​​នោះ គណបក្ស​​​ប្រ​​​ជា​​​ជន​​​សព្វ​​​ថ្ងៃ​​​នេះ គឺ​​​សត្វ​​​ចម្លែក​​​ ដែល​​​កើត​​​ចេញ​​​ពី​​​សមត្ថភាព​​​លោក ហ៊ុន សែន​​​ ដែល​​​បាន​​​កែ​​​ប្រែ​​​ក្បាល​​​ម៉ាស៊ីន​​​នយោបាយ​​​​​​កសាង​​​ឡើង​​​​​​សម្រាប់​​​​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​ឲ្យ​​​ទៅ​​​ជា​​​ក្បាល​​​ម៉ាស៊ីន​​​សក្តិសម​​​មួយ​​​សម្រាប់​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៩០។

លោក​​​ ឆ័យ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​​​​ “ប្រ​​​ជាពល​​​រដ្ឋ​​​ក្រោយ​​​ពី​​​របបខ្មែរ​​​ក្រហម​​​ខឹង​​​នឹង​​​អ្វីទាក់ទង​​​នឹង​​​កុម្មុយនិស្ត​​​ ដូច្នេះ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ បាន​​​ជំរុញ​​​ឲ្យ​​​យើង​​​បើក​​​ទូលាយ​​​ថែម​​​ទៀត​​​ ពី​​​ព្រោះ​​​គាត់​​​ត្រូវ​​​ធ្វើ​​​ឲ្យ​​​​​​ប្រ​​​ជា​​​ពល​​​រដ្ឋជឿ​​​​​​ថា រដ្ឋាភិបាល​​​នេះ គឺ​​​ខុស​​​គ្នាពី​​​​​​ប៉ុល ពត។

លោក ឆ័យ បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​គេ​​​បាន​​​ផ្លាស់​​​ប្តូរ​​​ច្រើន​​​ណាស់។ ប្រព័ន្ធ​​​របស់​​​គេ​​​មិន​​​កុម្មុយនិស្ត​​​ ហើយ​​​ក៏​​​មិន​​​សេរី​​​ដែរ។ វា​​​ជា​​​គណបក្ស​​​មួយ​​​ដែល​​​បាន​​​កសាង​​​ឡើង​​​នៅ​​​ជុំ​​​វិញ​​​មេដឹកនាំ​​​ខ្លាំង​​​ម្នាក់​​​ គឺ​​​មិន​​​មែនជា​​​​​​គណបក្ស​​​ធម្មតាទេ។ ដូច្នេះ​​​ អតីត​​​​​​​​​កុម្មុយនិស្ត​​​ជា​​​ច្រើននាក់​​​មាន​​​ទ្រព្យសម្បត្តិ​​​ស្តុកស្តម្ភ និង​​​ពុក​​​រលួយ​​​ យើង​​​មិន​​​ដឹង​​​ថា​​​មាន​​​អ្វី​​​កើត​​​ឡើង​​​ទេ”៕​​​ រើន​​​​​​​​​​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស