40.9 C
Phnom Penh

​ទី​បំផុត នគរ​បាល​​អាំង​ទែប៉ូល​​​​​​​ចេញ​និវេទ​ន៍​ក្រហម​តាម​ចាប់​​​ខ្លួន​លោក ឈូក បណ្ឌិត​ ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​​លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​​​ថា នៅ​​ទីបំផុត​​​​ដីកាចាប់​​ខ្លួន​ជា​​អន្តរជាតិ​ត្រូវបាន​ចេញ​ហើយ​​​សម្រាប់​តាម​ប្រមាញ់​​​លោក ឈូក បណ្ឌិត​ ​អតីត​អភិបាល​ក្រុង​បាវិត ​ក្នុង​ខេត្ត​ស្វាយរៀង ដែល​បាន​លាក់​ខ្លួន​មុន​ពេល​តុលាការ​សម្រេច​​​​​​ឲ្យ​ជាប់​ពិរុទ្ធភាព​​ពីបទ​បាញ់​ប្រហារ​​កម្មការិនី​បី​នាក់​កាលពី​៣​ឆ្នាំ​មុន​។

cam-photo-bundith-jump-screenshotនៅ​ក្នុង​​​វីដេអូ​​ឃ្លីប​មួយ​ចេញ​ផ្សាយ​​បន្ទាប់​​​ពី​ជន​រងគ្រោះ​​​ទាំង​បី​នាក់​​​បានធ្វើ​ការ​​​តវ៉ា​ទាម​ទារ​​រក​យុត្តិធម៌​​ដូច​ករណី​​​កញ្ញា ឯក សុជាតា ហៅ​ សាសា អតីត​ពិធីការិនី​ទូរទស្សន៍​​ដែល​ជន​ល្មើស​ត្រូវបាន​​ចាប់​ខ្លួន​យ៉ាង​ឆាប់​រហ័ស​បន្ទាប់​ពី​​​​វាយដំនាង​​កាលពី​ដើម​ខែ​នេះ​ ឧត្ដម​សេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ​បាន​បដិសេធ​ថា អាជ្ញាធរ​មិន​ធ្វេស​ប្រហែស​ក្នុង​ការ​​តាម​រក​លោក ឈូក បណ្ឌិត​ នោះ​​ទេ​។

​នៅ​​ក្នុង​វីដេអូ​ដែល​បង្ហោះ​​លើ​គេហ​ទំព័រ​​​​របស់​នគរ​បាល​ជាតិ​កាលពី​យប់​ថ្ងៃ​អង្គារ​នេះ លោក​បាន​​​គូស​បញ្ជាក់​​ថា “​តាម​ការ​ពិត​ទៅ​​ក្រសួងមហាផ្ទៃ​​​ និង​អគ្គស្នងការ​ដ្ឋាននគរ​បាល​​​ជាតិ​ មិនមាន​ការ​ធ្វេស​ប្រហែស​​​ក្នុងការ​ស្រាវ​​ជ្រាវ​ដើម្បី​ស្វែង​រក​​លោក​ ឈូក បណ្ឌិត មក​ផ្តន្ទាទោស​តាម​ច្បាប់​នោះ​ទេ”។

លោក​​មាន​ប្រសាសន៍​ទៀត​ថា អាជ្ញាធរ​​បាន​តាម​ស្វែង​រក​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត ចាប់​តាំង​ពី​​តុលាការ​ចោទ​ប្រកាន់​គាត់​ជា​លើក​​​ទី២​ ​នៅ​ខែ​​​មិថុនា ឆ្នាំ​២០១៣ មក​ម៉្លេះ​​។ លោក​​​​បន្ត​ថា “​ចាប់​ពីពេល​នោះមក ​​គឺ​កង​កម្លាំង​មាន​​​​សមត្ថកិច្ច​យើង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ជា​បន្ត​បន្ទាប់។ យើង​មាន​ព័ត៌មាន​ថា​ គាត់​នៅ​ត្រង​់​នេះ​ត្រង់នោះ ប៉ុន្តែរក​ទៅ ​​វា​ចេះ​តែ​ឃ្វាង​​ហើយ​គេច​ផុត​។ វា​ជា​​អកុសល​របស់​យើង​ដែល​​​​រង់ចាំ​ចាប់​មិន​ទាន់​ ប៉ុន្តែ​យើង​នៅ​តែ​បន្ត​​ការ​ងារ​នេះ។ ​និវេទ​ន៍​​ក្រហម​ទើប​តែ​ចេញ​កាល​​​ពី​ខែ​មីនា ឆ្នាំ​២០១៥​ទេ”។

​​ជា​​ដំបូង លោក ឈូក បណ្ឌិត ដែល​​បាន​បាញ់​ប្រហារ​កម្មការិនី​បី​នាក់​អំឡុង​ពេល​តវ៉ា​​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១២ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​​ “​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា” កាលពី​ខែ​មេសា​ឆ្នាំ​នោះ។ នៅ​ខែ​ធ្នូ ឆ្នាំ​២០១២ បទ​ចោទ​ប្រកាន់​នេះ​ត្រូវ​បានទម្លាក់​ចោល​​វិញ​ដោយ​គ្មាន​​ការ​បក​ស្រាយ​។

ដោយ​សាធារណជន​​ចាប់​​អារម្មណ៍​​លើ​សំណុំរឿង​នេះ​កាន់​តែ​​ច្រើន សាលា​ឧទ្ធរណ៍​​​​​​​​​​​​​ដែល​​ទទួល​​បទ​បញ្ជា​ពី​លោក អង្គ វង្សវឌ្ឍានា បាន​ចាប់​ផ្ដើម​ស៊ើបអង្កេត​ឡើង​វិញ​ ហើយ​ទីបំផុត​បាន​​ឈាន​ដល់​ការ​ផ្ដន្ទាទោស​​​​លោក ឈូក បណ្ឌិត ឲ្យ​ជាប់​​​ពន្ធនា​គារ​រយៈពេល​១៨​​​ខែ​នៅ​ខែ​មិថុនា ឆ្នាំ​២០១៣។cam-photo-bundith-jump-channa

ទោះ​ជាយ៉ាង​ណា អតីត​អភិបាល​ក្រុង​រូប​នេះ​បាន​លាក់​ខ្លួន​មុន​ពេល​តុលាការ​​ចេញ​សេចក្ដី​សម្រេច​​ ហើយ​នគរ​បាល​មិន​ដែល​ចាប់​ខ្លួន​​គាត់​បាន​​នោះ​ទេ​។ នៅ​ពេល​នោះ ​មន្ត្រី​បាន​ប៉ាន់​ស្មាន​ថា គាត់​ប្រហែល​ជា​បាន​ភៀស​ខ្លួន​ចេញពី​ប្រទេស​​តាម​ច្រក​​របៀង។

ពេល​ទាក់​ទងកាលពី​ម្សិលមិញ លោក គៀត ច័ន្ទថារិទ្ធ បាន​បដិសេធ​ថា ​មិន​មែន​​ទាល់​​​តែ​ជន​រងគ្រោះ​​ទំាង​បី​នាក់​ដែល​មាន​ឈ្មោះ នុត សុខន ប៊ុន ចិន្តា និង​ កែវ នា ​ធ្វើ​ការ​តវ៉ា​នៅ​រដ្ឋសភា​កាលពី​ថ្ងៃ​ច័ន្ទ និង​មាន​​​ការ​​​​ប្រឆាំង​​តវ៉ា​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ ​ទើប​បាន​​ចេញ​​និវេទន៍​​​ក្រហម​នោះ​ទេ ដោយ​​​លោក​បាន​គូស​បញ្ជាក់​ជា​​ថ្មីម្តង​ទៀត​​ថា និវេទន៍​​​​​ក្រហម​នោះ​គឺ​ចេញ​តាំង​ពី​ខែ​មីនា​មក​​ម្លេ៉ះ​។

លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​​​ថា “មិន​មែន​ទាល់​តែ​​កម្មការិនី​ទាំង​នេះ​ដាក់​ពាក្យ​​​បណ្ដឹង​​ហើយ ទើប​បានយើង​ខំ​ធ្វើ​ការ​នោះ​ទេ។ កាលពី​ម្សិល​មិញ [នៅ​ក្នុង​វីដេអូ] យើង​ចង់​និយាយ​ថា យើង​​បាន​​ខិតខំ​ហើយកន្លង​មក និង​បន្ត​​រហូត​មក​ទល់​ពេល​នេះ​។ យើង​បាន​ចេញ​និវេទន៍​​ក្រហម​​ហើយ​។ យោង​តាម​ព័ត៌​មាន​សម្ងាត់​​​ថា [លោក ឈូក បណ្ឌិត] បាន​​ស្ថិត​នៅ​ក្នុង​ប្រទេស​ ហើយ​យើង​បាន​ព្យាយាម​ចាប់​​​គាត់​ដូច​ឧក្រិដ្ឋ​ជន​ផ្សេង​ទៀត​អ៊ីចឹង​ដែរ​។ យើង​មិន​អាច​ចេញ​និវេទន៍​​​ក្រហម​ដូចដែល​ [​នគរ​បាល​] ចង់​បាន​នោះ​ឡើយ ពីព្រោះ​ពិបាក​​​​នឹង​ចេញ​និវេទន៍​​​ក្រហមណាស់ លុះ​ត្រា​តែ​យើង​មាន​ព័ត៌មាន​ច្បាស់​លាស់។ ខ្ញុំ​សង្ឃឹម​ថា មិន​យូរ​មិន​ឆាប់​ គាត់​នឹង​ត្រូវ​ចាប់​ខ្លួន​”។

លោក លឹម សុខារស្មី ប្រធាន​ស្ដីទី​នៃ​ការិយា​​​ល័យ​នគរ​បាល​អាំង​ទែប៉ូល​របស់​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា អ្នក​នាំពាក្យ​នគរ​បាល​ជាតិ​រូប​នេះ​និយាយ​​​​​​ត្រឹម​ត្រូវ​ហើយ គឺ​និវេទន៍​​ក្រហម​នេះ​​ចេញ​តាំងពី​ខែ​មីនា​មក​ម៉្លេះ​។

​លោក​​បាន​​មាន​​ប្រសាសន៍​​ទៀត​ថា “​យើង​​​បាន​​ជូន​ដំណឹង​ទៅ​នគរ​បាល​អាំងទែប៉ូល​​អន្តរ​​ជាតិ​កាលពី​ខែ​មីនា ហើយ​យើង​​មាន​ដីកា​ចាប់​​​ខ្លួន​​ជា​​អន្តរជាតិ​​​ ពោល​គឺ​និវេទ​ន៍​ក្រហម​​ចេញ​​តាំង​ពី​ខែ​មីនា​ម្លេ៉ះ”។

មុន​ពេល​ច្រាន​ចោល​ការ​រិះគន់​​ចំពោះ​​ការ​​​ខំ​ប្រឹង​​ប្រែង​របស់​នគរ​បាល​នៅ​ក្នុង​សំណុំ​​រឿង​​​​នេះ លោក​បាន​​បន្ត​​ថា “​យើង​បាន​តាម​​ស្វែង​រក​គាត់​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​​ ចាប់​តាំង​ពី​តុលាការ​​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​មក​ម្លេ៉ះ។ អ្នកនិយាយ​​ចេះ​តែ​និយាយ ហើយ​អ្នក​ធ្វើ​ចេះ​តែ​ធ្វើ​ និង​ខិត​ខំ​”៕ សុខុម​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស