សង្កាត់ត្រើយកោះ, ក្រុងកំពត-នគរបាលនិយាយថា ខ្លួនបានស្នើឲ្យវៀតណាម ជួយកំណត់អត្តសញ្ញាណទូកចៃរ៉ាវៀតណាម ដែលជាប់ពាក់ព័ន្ធក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយអ្នកនេសាទខ្មែរ បណ្ដាលឲ្យមនុស្សស្លាប់កាលពីសប្ដាហ៍មុន ដោយផ្លាស់ប្ដូរជំហររបស់ខ្លួនដែលបានលើកឡើងថា ការស្លាប់បុរសម្នាក់នៅក្នុងមូលដ្ឋាន គឺជាឧបទ្ទវហេតុ។

កាលពីថ្ងៃទី២៨ ខែកក្កដា លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរងខេត្តកំពត មានប្រសាសន៍ថា បុរសឈ្មោះ អៃ យ៉ូប អាយុ៤២ឆ្នាំ បានបាត់បង់ជីវិតដោយសារកម្លាំងបុកផ្ទុបនឹងផ្ទៃទឹក បន្ទាប់ពីទូកពីរគ្រឿងបុកគ្នាធ្វើឲ្យគាត់ប៉ើងធ្លាក់ចូលទឹកកាលពីយប់មុននោះ (យប់ថ្ងៃទី២៧) បណ្ដាលឲ្យអ្នកនេសាទក្នុងមូលដ្ឋានចោទប្រកាន់ថាមានការបិទបាំងការពិត។
ទោះជាយ៉ាងណា កាលពីម្សិលមិញ លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានទទួលស្គាល់ថា បុរសរងគ្រោះពិតជាត្រូវគេវាយដំដូចអ្វីដែលអ្នកនេសាទផ្សេងទៀត និងបងប្អូនជីដូនមួយរបស់គាត់ឈ្មោះ ណុះ យ៉ូប បានរាយការណ៍កាលពីដំបូងប្រាកដមែន។
លោកមានប្រសាសន៍ថា ”ខ្ញុំបានមើលរូបថតសពជនរងគ្រោះ ហើយវាបង្ហាញថា គាត់ត្រូវគេវាយដំ។ ខ្ញុំបានស្នើឲ្យអាជ្ញាធរវៀតណាម ជួយតាមរកទូកនោះឲ្យយើងហើយ។ ពេលនេះយើងមិនអាចធ្វើអ្វីបានទេ ក្រៅតែពីរង់ចាំខាងភាគីវៀតណាម។ ទន្ទឹមនឹងនេះ យើងក៏មិនទាន់កំណត់អត្តសញ្ញាណអ្នកជាប់ពាក់ព័ន្ធបាននៅឡើយដែរ”។
លោក ណុះ យ៉ូប បានរៀបរាប់អំពីហេតុការណ៍ប្រើអំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃទៅលើជនរងគ្រោះ ដែលក្នុងពេលនោះអ្នកនេសាទវៀតណាម បានទាញជនរងគ្រោះចេញពីទឹកសមុទ្រ ហើយបន្ទាប់មកវាយជនរងគ្រោះនឹងបំពង់ទីប មុនពេលបោះជនរងគ្រោះចូលទៅក្នុងទឹកវិញ ហើយបានហៅប្រជាពលរដ្ឋខ្មែរ ផ្សេងទៀតតាមវិទ្យុទាក់ទងឲ្យទៅទទួលយកសាកសពជនរងគ្រោះ។ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរទាំងនោះព្រមានថា កងទ័ពជើងទឹករបស់ខ្លួននឹងទៅដល់កន្លែងកើតហេតុឆាប់ៗ ពេលនោះក្រុមជនជាតិវៀតណាម បានឆ្លើយតបវិញថា “បើទ័ពជើងទឹកមកដល់ យើងនឹងដឹងមុនពួកឯង”។
គាត់បាននិយាយទៀតថា ការប្រើអំពើហិង្សានេះបានធ្វើឲ្យបងប្អូនជីដូនមួយរបស់គាត់មានស្នាមប្រហោងត្រង់ដើមទ្រូង ផុងមុខ និងបែកគ្រាប់ពោន (ដុំបំពង់កផ្នែកប៉ោង)។ ទោះជាយ៉ាងណា រូបថតសាកសពដែលអ្នកយកព័ត៌មានម្នាក់បានមើលឃើញបង្ហាញថា ការអះអាងរបស់គាត់គឺជាការបំផ្លើសការពិត។
ការស្លាប់េនះបានទាក់ទាញឲ្យមានការចាប់អារម្មណ៍លើជម្លោះដែនសមុទ្រដែលកំពុងកើតមានរវាងសហគមន៍នេសាទខេត្តកំពត និងអ្នកនេសាទវៀតណាម ឈ្លានពានដែលប្រើប្រាស់ទូកចៃរ៉ាធំៗដើម្បីប្រមូលចាប់យកសត្វរស់ក្នុងសមុទ្រក្នុងបរិមាណយ៉ាងច្រើន ហើយបំផ្លាញជម្រករបស់ពួកវាក្នុងសកម្មភាពនេសាទបែបនេះ។
អ្នកនេសាទខ្មែរ និយាយថា រយៈពេលជាច្រើនឆ្នាំមកនេះ អាជ្ញាធរមិនបានអើពើនឹងការរាយការណ៍អំពីការឈ្លានពានរបស់វៀតណាម ឡើយ។ ចំណែកឯលោក ខូយ ឃុនហួ អភិបាលខេត្តកំពត មានប្រសាសន៍កាលពីសប្ដាហ៍មុនថា ប្រទេសទាំងពីរបានព្រមព្រៀងចែករំលែកសមុទ្រនេះរួមគ្នា ហើយថា ទូកចៃរ៉ា ជាទូកពីរដែលអូសសំណាញ់សងខាងប្រវែងរាប់រយម៉ែត្រនោះ គឺមិនខុសច្បាប់ទេនៅក្នុងប្រទេសវៀតណាម ហើយក៏មិនគួរចាត់ទុកថាខុសច្បាប់ដែរនៅក្នុងខេត្តកំពត ទោះបីជាការនេសាទបែបនេះខុសច្បាប់ជលផលរបស់កម្ពុជា ក៏ដោយ។
កាលពីថ្ងៃសៅរ៍ អំឡុងពេលចុះទៅសង្កាត់ត្រើយកោះ លោក នាក់ សុវណ្ណារី អភិបាលក្រុងកំពត មានប្រសាសន៍ថា ការព្រមព្រៀងនេះនៅតែរក្សាទុកដដែល។ លោកបានថ្លែងទៅកាន់ប្រជាពលរដ្ឋប្រមាណ២៥០នាក់នៃសហគមន៍ខ្មែរអុីស្លាម ដែលបានជួបជុំគ្នានៅខាងក្រៅព្រះវិហាររបស់ពួកគាត់ថា ”យើងគោរពតាមច្បាប់នេសាទរបស់យើង ហើយគេគោរពច្បាប់របស់គេ។ នៅពេលយើងមានបញ្ហាខ្លះកើតឡើង យើងត្រូវចេះអត់ឱនឲ្យគ្នា”។
ដោយមានលោក ទូច ប៉ូលក្ខណ៍ មេបញ្ជាការរងនៃកងវរសេនាតូចការពារព្រំដែនទឹកនៅក្បែរខ្លួន លោក នាក់ សុវណ្ណារី បានបន្តរិះគន់សហគមន៍នេសាទដែលយកចិត្តទុកដាក់ហួសហេតុចំពោះអ្នកនេសាទវៀតណាមខុសច្បាប់។
លោកបានមានប្រសាសន៍ថា ”ខ្លួនខ្ញុំមិនទាំងដឹងថាព្រំដែននៅត្រង់ណាផង តើបងប្អូនដឹងដោយរបៀបណា? បងប្អូនមិនអាចទៅបង្ក្រាបពួកគេបានទេ វាខុសច្បាប់។ ប្រសិនបើបងប្អូនប្រព្រឹត្តបទល្មើស បងប្អូននឹងប្រឈមចំពោះមុខច្បាប់ហើយ”។
ខណៈប្រជាពលរដ្ឋទាំងនេះបានចាប់ផ្តើមជេរប្រមាថ ដែលគិតថាការចុះមករបស់អាជ្ញាធរមានបំណងបំបិទមាត់ច្រើនជាងមកធ្វើឲ្យពួកគាត់ស្ងប់ចិត្តនោះ ឧត្តមសេនីយ៍ត្រី ទូច ប៉ូលក្ខណ៍ បានចេញមកអះអាងថា អាជ្ញាធរកំពុងធ្វើការដើម្បីការពារប្រយោជន៍របស់អ្នកនេសាទខ្មែរ។
លោកបានមានប្រសាសន៍ថា “នៅពេលបងប្អូនឃើញអ្នកនេសាទវៀតណាម សូមរាយការណ៍មកនគរបាល។ ប្រើត្រីវិស័យរបស់បងប្អូន ហើយរាយការណ៍មកយើងភ្លាម។ យើងនឹងតាមរកអ្នកដែល [នេសាទខុសច្បាប់] ប៉ុន្តែ កុំគិតថា វាស្រេចតែបងប្អូនក្នុងការធ្វើដូច្នេះ”។
ដោយមានការលើកឡើងដូច្នេះ មនុស្សជាច្រើនដែលភាគច្រើនជាស្ត្រី បានដើរចេញទាំងកំហឹង។ ពួកគាត់បានស្រែកថា “យើងមិនជឿអស់លោកទេ។ យើងមិនចង់ស្តាប់អស់លោកទៀតទេ”។
ខណៈពេលលោក នាក់ សែន ប្រធានសហគមន៍ព្យាយាមធ្វើឲ្យប្រជាពលរដ្ឋទាំងនេះរក្សាភាពស្ងប់ស្ងាត់ ឧត្តមសេនីយ៍ត្រី ទូច ប៉ូលក្ខណ៍ បានមានប្រសាសន៍ថា “បើបងប្អូនមិនជឿទេ វាស្រេចលើបងប្អូន”។លោកអះអាងថា លោកដោះស្រាយបាន១០០ ករណីហើយក្នុងឆ្នាំកន្លងមក មុនពេលដើរត្រឡប់ទៅកាន់រថយន្តសេ៊រីទំនើបរបស់លោកវិញ។
ពេលទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញ លោក នាក់ សែន បានលើកឡើងថា ទោះបីជាគ្មានសង្ឃឹមក្នុងការតតាំងនឹងការឈ្លានពានរបស់ទូកនេសាទវៀតណាមក៏ដោយ ក៏សហគមន៍របស់លោកនឹងបន្តតតាំងធ្វើយ៉ាងណា រកឲ្យឃើញអ្នកដែលទទួលខុសត្រូវចំពោះការស្លាប់របស់លោក អៃ យ៉ូប ។
លោកបានមានប្រសាសន៍ថា ” យើងមានសង្ឃឹមតិចតួចណាស់ដែលថា នគរបាល ឬអាជ្ញាធរនឹងជួយយើងស្វែងរកយុត្តិធម៌ ឬបញ្ឈប់ទូកនេសាទវៀតណាមទាំងនោះ។ ពួកគេគួរតែបញ្ឈប់ [ទូកនេសាទទាំងនោះ] ជាយូរមកហើយ ហេតុអីទើបតែធ្វើនៅពេលនេះ។ ប្រសិនបើសហគមន៍របស់យើងមិនរឹងមាំទេ ខ្ញុំគិតថា ពួកគេនឹងនៅស្ងាត់ស្ងៀម ហើយមិនធ្វើអ្វីទាំងអស់”៕សុខុម និង ស៊ុយឈាង