លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង បានជួបគ្នានៅរដ្ឋសភាកាលពីម្សិលមិញ ដើម្បីពិភាក្សាអំពីបញ្ហាដាក់ពន្ធនាគារសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៤រូបកាលពីពេលថ្មីៗនេះពាក់ព័ន្ធ “កុបកម្ម” នៅទីលានប្រជាធិបតេយ្យ មួយសប្ដាហ៍មុនពេលមានកិច្ចព្រមព្រៀងនយោបាយថ្ងៃ២២ កក្កដា កាលពីឆ្នាំមុន។
នៅក្នុងសេចក្ដីសម្រេចភ្លាមៗកាលពីខែមុន សកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១រូបត្រូវបានតុលាការសម្រេចឲ្យជាប់ពិរុទ្ធភាពពីបទកុបកម្មពាក់ព័ន្ធការតវ៉ាកាលពីថ្ងៃទី១៥ ខែកក្កដា ដើម្បីបើកទីលានប្រជាធិបតេយ្យឡើងវិញបណ្តាលឲ្យផ្ទុះអំពើហិង្សា ហើយសកម្មជនគណបក្សសង្គ្រោះជាតិបីរូបទៀតត្រូវបានចាប់ខ្លួននៅខែនេះ បន្ទាប់ពីមានការអំពាវនាវពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានស្ថិតនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃដែលសកម្មជនទាំង១១រូបត្រូវបានតុលាការសម្រេចផ្ដន្ទាទោសកាលពីថ្ងៃទី២១ ខែកក្កដាមកម្លេ៉ះ ហើយលោក កឹម សុខា បានដឹកនាំយុទ្ធនាការរបស់គណបក្សប្រឆាំងដើម្បីឲ្យមានការដោះលែងសកម្មជនទាំងនេះ។
ជំនួបកាលពីម្សិលមិញរវាងលោក ស ខេង និងលោក កឹម សុខា បានធ្វើឡើងដោយបិទទ្វារ ហើយមេដឹកនាំទាំងពីរដែលញញឹមបិទមាត់មិនជិតនៅពេលដើរចេញមកខាងក្រៅវិញនោះ បានបដិសេធមិនថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានទេ ដោយចាត់តាំងឲ្យអ្នកនាំពាក្យជាអ្នកថ្លែងជំនួស។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលតំណាងឲ្យលោក ស ខេង មានប្រសាសន៍ថា មេដឹកនាំទាំងពីបានពិភាក្សាគ្នាលើបញ្ហាជាច្រើន ក្នុងនោះរួមមានទាំងសកម្មជនទាំងនេះផង ទោះបីជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងកាលពីថ្ងៃអាទិត្យថា ការពិភាក្សាបែបនេះនឹងប៉ះពាល់ដល់ឯករាជភាពរបស់តុលាការក៏ដោយ។
លោកលើកឡើងបន្ថែមទៀតថា ”ពាក់ព័ន្ធការចាប់ខ្លួនអ្នកដែលប្រព្រឹត្តបទល្មើស នោះគឺជានីតិវិធីច្បាប់។ ការពិភាក្សារបស់គណបក្សទាំងពីរ ធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ទៅដល់នីតិវិធីច្បាប់នោះទេ។យើងខិតខំរកមធ្យោបាយដើម្បីជួយជាយោបល់ ជួយជាគំនិតគ្នាទៅវិញទៅមក ប៉ុន្តែទោះជាជួយជាយោបល់ ជួយជាគំនិតយ៉ាងណាក៏ដោយ ក៏ការជួយយោបល់ និងគំនិតទាំងនោះមិនប៉ះពាល់ដល់នីតិវិធីច្បាប់ មិនប៉ះពាល់ទៅដល់សមត្ថកិច្ចរបស់ស្ថាប័នតុលាការនោះទេ”។
នៅពេលសុំឲ្យបញ្ជាក់ថា តើយោបល់បែបនេះអាចពាក់ព័ន្ធអ្វីខ្លះនោះ លោក សក់ សេដ្ឋា បានមានប្រសាសន៍ថា ចាំបាច់ត្រូវគោរពតាមនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវ ឬជួយឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ ទទួលបានមេធាវី។ តាមពិតសកម្មជនទាំង១១រូបដែលត្រូវបានតុលាការចោទប្រកាន់ពីបទ “កុបកម្ម” និងបីរូបទៀតដែលត្រូវបានចាប់ខ្លួននៅខែនេះ សុទ្ធតែមានមេធាវីរួចទៅហើយ។
លោក អេង ឆៃអា៊ង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលតំណាងលោក កឹម សុខា បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា គណបក្សប្រឆាំងពេញចិត្តនឹងលទ្ធផលនៃការពិភាក្សានេះ ហើយគណបក្សទាំងពីរនឹងទុកឲ្យនីតិវិធីច្បាប់ពាក់ព័ន្ធសកម្មជនទាំងនេះបន្តដំណើរការទៅមុខ។
លោកបានមានប្រសាសន៍ដោយមិនលម្អិតថា “សម្រាប់បញ្ហានេះ យើងបានពិភាក្សាគ្នាជាច្រើន ហើយចុងបញ្ចប់ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរបានព្រមព្រៀងគ្នាដូចអ្វីដែលលោក សក់ សេដ្ឋា បានលើកឡើង ហើយយើងនឹងប្រើប្រាស់នីតិវិធីច្បាប់ដើម្បីដោះស្រាយបញ្ហានេះ”។
គណបក្សសង្គ្រោះជាតិ បានចោទប្រកាន់ម្ដងហើយម្ដងទៀតថា តុលាការក្នុងប្រទេសកម្ពុជា ពុករលួយ និងស្ថិតក្រោមឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជា។
លោក អេង ឆៃអា៊ង ក៏បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានដែរថា វាច្បាស់ណាស់ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រាំពីររូបដែលបានជាប់ពន្ធនាគារប៉ុន្មានថ្ងៃចន្លោះការតវ៉ាថ្ងៃទី១៥ ខែកក្កដា និងកិច្ចព្រមព្រៀងថ្ងៃទី២២ កក្កដា ឆ្នាំមុនពីបទដឹកនាំ “កុបកម្ម” នោះ នឹងនៅតែមានសុវត្ថិភាព ដោយសារតែពួកគាត់មានអភ័យឯកសិទ្ធិតំណាងរាស្ត្រការពារខ្លួនពីការផ្ដន្ទាទោស។
លោកបានលើកឡើងបន្តថា ”សម្រាប់តំណាងរាស្ត្រទាំងប្រាំពីររូប ដោយសារតែពួកគាត់មានអភ័យឯកសិទ្ធិ ដូច្នេះតុលាការមិនអាចឃុំឃាំង ឬចាប់ខ្លួនពួកគាត់បានទេ”។
លោក ហ៊ុន សែន បានគំរាមតំណាងរាស្ត្រទាំងនេះម្ដងហើយម្ដងទៀតថានឹងត្រូវប្រឈមសវនាការជំនុំជម្រះទោស ប៉ុន្តែរហូតមកទល់ពេលនេះ សាលាដំបូងរាជធានីភ្នំពេញ មិនទាន់បានចេញដីកាកោះហៅតំណាងរាស្ត្រណាម្នាក់មកសាកសួរនៅឡើយទេ ចាប់តាំងពីលោកស្រី មូរ សុខហួរ ដែលបានដឹកនាំការតវ៉ាកាលពីឆ្នាំមុន បានរក្សាភាពស្ងាត់ស្ងៀមអំឡុងការសាកសួរលោកស្រីកាលពីថ្ងៃទី១១ ខែឧសភាមក។
ដោយឡែក លោក សក់ សេដ្ឋា បានមានប្រសាសន៍ថា លោក ស ខេង និងលោក កឹម សុខា បានពិភាក្សាគ្នាអំពីច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាសដែលត្រូវបានអនុម័តកាលពីពេលថ្មីៗនេះ ដែលបច្ចុប្បន្នធម្មនុញ្ញភាពនៃច្បាប់នេះកំពុងត្រូវបានពិនិត្យផ្ទៀងផ្ទាត់ដោយក្រុមប្រឹក្សាធម្មនុញ្ញ។
លោកបានលើកឡើងទៀតថា រដ្ឋាភិបាលមិនអាចអន្តរាគមន៍បានឡើយនៅក្នុងដំណើរការនីតិវិធីនោះ ប៉ុន្តែថា នៅពេលច្បាប់នេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាធម្មនុញ្ញ និងឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នរោត្តម សីហមុនី គណបក្សប្រជាជនកម្ពុជា ប្រហែលជានឹងពិភាក្សាចរចាជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើវិសោធនកម្ម។
លោកបានបញ្ជាក់ថា “នីតិវិធីនេះនៅតែបន្តដំណើរការ ប៉ុន្តែនៅពេលអនុវត្ត ប្រសិនណាបើមានការប៉ះពាល់ទៅលើសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ គណបក្សទាំងពីរបានព្រមព្រៀងគ្នាថា នឹងពិនិត្យមើលលើបញ្ហាដែលមានផលប៉ះពាល់ទាំងនោះ ហើយនឹងធ្វើវិសោធនកម្ម”៕ សុខុម