34 C
Phnom Penh

តុលាការ​ផ្តន្តា​ទោស​ដាក់ពន្ធនាគារ​សកម្មជន​ប្រឆាំង​ការ​បូម​ខ្សាច់​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ​ សាលា​ដំបូង​ខេត្ត​កោះ​កុង​បាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​សកម្មជន​បី​នាក់​របស់​អង្គការ​មាតាធម្មជាតិ​ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ការពារ​បរិស្ថាន​​ បន្ទាប់​ពី​ព្រះរាជ​អាជ្ញា​បាន​ចោទ​ប្រកាន់​ពួក​គាត់​​ពីបទ​គំរាម​កំហែង​បង្ក​ការ​ខូច​ខាត​​អំឡុង​ការ​បន្ត​យុទ្ធនាការ​របស់​ខ្លួន​ប្រឆាំង​ក្រុម​ហ៊ុន​មួយ​ ដែល​ពួកគាត់​ចោទ​​ថា បាន​បូម​​ខ្សាច់​ខុស​ច្បាប់​​នៅ​​ព្រែក​មួយ​ក្នុង​មូលដ្ឋាន​។

cam-photo-activists-cristofolettiលោក អុិន គង់ចិត្រ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​នេះ​មាន​ប្រសាសន៍​ថា ​​ព្រះរាជអាជ្ញា​ ប៊ូ ប៊ុនហាំង បាន​ចោទ​ប្រកាន់​លោក ស៊ឹម សំណាង អាយុ​២៩​ឆ្នាំ ទ្រី សុវិជ្ជា អាយុ​២៦​ឆ្នាំ និង​ ស៊ុន ម៉ាឡា អាយុ​២៤​ឆ្នាំ ពីបទ​គំរាម​កំហែង​បំផ្លិច​បំផ្លាញ​ ដែល​មាន​ទោស​ជាប់​ពន្ធ​នាគារ​អតិ​បរមា​​រហូត​ដល់​​២ឆ្នាំ​។

លោក​ថ្លែង​ថា ”​ព្រះរាជអាជ្ញាបាន​ប្រគល់​សំណុំរឿង​នេះ​ទៅ​​ចៅក្រម​ ស៊ើប​សួរ ​​​​ឈុំ ដាវី ​​ហើយឥឡូវនេះ ​​ចៅក្រម​រូប​េនះ​បាន​​​ឃុំខ្លួន​ពួកគាត់​ទាំង​បី​ ហើយ​​​ត្រូវ​បានបញ្ជូន​ទៅ​ពន្ធនា​គារ​ខេត្ត​នៅ​ម៉ោង​ប្រហែល​៧យប់”។ លោក​បាន​បន្ថែម​ថា អង្គការ​លីកាដូ​បាន​​​ចាត់​តាំង​មេធាវី​មួយ​រូប​ឲ្យ​តំណាង​ពួកគាត់​​ទាំង​បី​​។ គេ​មិន​អាច​ទាក់​ទង​លោក ប៊ូ ប៊ុនហាំង ​បាន​ទេ​កាលពី​យប់​មិញ​។

លោក សម សុគន្ធា មេធាវី​អង្គការ​សិទ្ធិ​មនុស្ស​​លីកាដូ​​ដែល​តំណាង​សកម្មជន​ទាំង​នេះ​បាន​បដិសេធ​​​មិន​​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​ចោទ​ប្រកាន់​នោះ​​​ទេ ដោយ​បារម្ភ​​ខ្លាច​ប៉ះ​ពាល់​​​ដល់​សំណុំរឿង​នេះ​។

សកម្មជន​ទាំង​នេះ​ត្រូវ​បាន​​​នគរ​បាល​ស្រុក​​បទុម​សាគរ​កោះ​ហៅ​មក​សាកសួរ​កាល​​​ពី​ថ្ងៃ​សុក្រ ប៉ុន្តែ​អ្នក​ទាំងបី​​មិន​ព្រម​ចូល​បំភ្លឺ​ទេ ដោយ​​​លើក​ឡើង​ថា ពួកគាត់​មិន​បាន​រំលោភ​ច្បាប់​ឡើយ​។

លោក សំ ឃិតវៀន ​​ស្នងការ​នគរ​បាល​ខេត្ត​​​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា អ្នក​ទាំងបី​ត្រូវ​បាន​កោះ​ហៅ​​បន្ទាប់​ពី​ក្រុម​ហ៊ុន Direct Access ជា​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ពី​ក្រសួង​រ៉ែ និង​ថាមពល​​ធ្វើការ​​បូម​ខ្សាច់​ក្នុង​ព្រែក​អណ្ដូង​ទឹក​នោះ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ពួកគាត់​។

លោក​បាន​ថ្លែង​ថា “ក្រុម​ហ៊ុន​បាន​ស្នើ​ឲ្យ​សកម្មជន​ទាំង​បី​នាក់​នេះ​​ឈប់​ដឹកនាំអ្នកភូមិ​តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់​ទៀត ពីព្រោះ​​​វា​រំខាន​​ដល់ការ​ធ្វើ​​អាជីវកម្ម​​ខ្សាច់​។ ប៉ុន្តែ​ពួក​គាត់​​មិន​ស្ដាប់​ទេ​​”។

ឧត្ដម​សេនីយ៍ទោ សំ ឃិតវៀន បាន​មាន​ប្រសាសន៍​ថា​ សកម្មជន​ទាំង​នេះ​ត្រូវ​បាន​ចាប់​​ខ្លួន​​ព្រោះ​ពួកគាត់​មិន​បាន​ចូល​បំភ្លឺ​តាម​​ការ​កោះ​ហៅ​របស់​តុលាការ​។ តុលាការ​បាន​កោះ​ហៅពួកគាត់​មក​សាកសួរ ប៉ុន្តែ​ពួកគាត់​បាន​បដិសេធ​មិន​ព្រម​ចូល​បំភ្លឺ​នៅ​តុលាការ​ឡើយ​”។

ទោះ​ជាយ៉ាង​ណា លោក សន ចាន់តារា សកម្មជន​អង្គការ​មាតាធម្មជាតិ​ម្នាក់​ទៀត​ក្នុង​ខេត្ដ​កោះ​កុង​បាន​​មាន​ប្រសាសន៍​ថា សកម្ម​ជន​ទាំង​បី​នាក់​​នេះ​​ គឺ​​នគរ​បាល​ទេ​ជា​អ្នក​​កោះ​ហៅ​។

លោក ចាន់តារា ​បាន​​មាន​ប្រសាសន៍​​បន្ថែម​​​ថា លោក សុវិជ្ជា និង​លោក ម៉ាឡា ជា​សហ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ព្រឹក​ម្សិលមិញ​នៅ​ផ្ទះ​ជួល​​មួយ​ក្នុង​ស្រុក​បទុម​សាគរ។

លោក​បាន​ថ្លែង​ថា ខ្ញុំ​បាន​ឃើញ​នគរ​បាល​ប្រហែល​៤០​នាក់​ធ្វើ​ដំណើរ​​តាមម៉ូតូ​ និង​រថយន្ត​។ បន្ទាប់​មក​​​ពួកគេ​បាន​ចូលទៅ​ក្នុង​ផ្ទះ​ជួល​នោះ ហើយ​បាន​ចាប់​ខ្លួន​សកម្មជន​របស់​យើង​ទាំង​ពីរ​នាក់។ នគរ​បាល​បាន​ដាក់​ខ្នោះ​សកម្មជនទាំង​នោះ ហើយ​បាន​រុញ​ពួកគាត់​ចូល​ក្នុង​រថយន្ត​​​តូយ៉ូតា ភីកអាប់ ហើយ​បាន​បើក​ចេញទៅ​”។

លោក ចាន់តារា បានលើក​ឡើង​ថា លោក សំណាង ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កន្លែង​ផ្សេងគ្នា​នោះ ក៏​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​​ពេល​ព្រឹក​​ដែរ។

ចាប់​តាំង​ពី​ខែ​មេសា​មក សកម្ម​ជន​អង្គការ​​មាតា​ធម្មជាតិ​បាន​សហការ​ជាមួយ​សហ​គមន៍​នេសាទ​​​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ក្នុង​ព្រែក​អណ្ដូង​ទឹក​ ដែល​​ពួកគាត់​បាន​បន្ទោស​​ថា ធ្វើ​ឲ្យ​ទឹក​កខ្វក់​​​ បាក់​ច្រាំង​ទន្លេ​ ហើយ​ធ្វើ​ឲ្យហិន​ហោច​បរិមាណ​ត្រី និង​ក្ដាម​ដែល​អ្នកភូមិ​អាស្រ័យ​ផល​។

សកម្មជន​ និង​អ្នក​នេសាទ​ទាំង​នោះ​​បាន​ឡើង​​​លើ​សាឡង់​របស់​ក្រុម​ហ៊ុន Direct Access ហើយ​បាន​បញ្ជា​ឲ្យ​អ្នក​បើក​បរ​បញ្ឈប់ការ​បើកបរ​​ ដោយ​​ជួន​កាលពួកគាត់​​ប្រើ​ប្រាស់​​ទូក​នេសាទដើម្បី​សណ្ដោង​សាឡង់​​​ធំ​ៗ​ទៅ​កាន់​សមុទ្រ​វិញ​។

បើ​ទោះ​ជាមាន​បម្រាម​​ឆ្នាំ​២០០៩​មិន​​​ឲ្យ​នាំ​ខ្សាច់​ទន្លេ​ចេញដោយ​​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ក៏​ដោយ ក៏​អាជ្ញាប័ណ្ណ​របស់​ក្រុម​ហ៊ុន Direct Access មានខ្លឹមសារថា ក្រុម​ហ៊ុន​នេះ​​ត្រូវ​បានអនុញ្ញាត​ឲ្យ​បូម​ខ្សាច់​ក្នុង​តំបន់​ “ព្រែក​អណ្ដូង​ទឹក” ​សម្រាប់​​ផ្គត់​ផ្គង់​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​បរទេស​ដែរ។

ប៉ុន្តែ​​អង្គការ​មាតា​ធម្មជាតិ​លើក​ឡើង​ថា ក្រុម​ហ៊ុន​េនះ​បាន​បូម​ខ្សាច់​​កាន់​តែ​ជ្រៅទៅៗ​​​និង​ហួស​ពី​តំបន់​​ដែល​​​​អាជ្ញាប័ណ្ណរបស់​ក្រុម​ហ៊ុន​ទទួលបាន​ការ​អនុញ្ញាត​។

​ក្រសួង​រ៉ែ និង​ថាម​ពល​មិន​បាន​លើក​ឡើង​​​ថា តើ​ខ្សាច់​នេះ​ត្រូវ​បាន​នាំចេញទៅ​ណា​ឡើយ ប៉ុន្តែ​បើ​តាម​តំណាង​​ក្រុម​ហ៊ុន​ Pacific Carriers Limited ជា​ក្រុម​ហ៊ុន​ដឹកជញ្ជូន​មាន​មូលដ្ឋាន​នៅ​​សិង្ហបុរី ដែល​បាន​ជួល​កបា៉ល់​​​ឲ្យ​​ក្រុម​ហ៊ុន​ Direct Access ​នោះ​ ​វា​មាន​​​ទិសដៅ​​​ឆ្ពោះ​ទៅ​ប្រទេស​សិង្ហបុរី។

បើទោះ​ជា​អាជ្ញាប័ណ្ណ​របស់​ក្រុម​ហ៊ុន Direct Access នឹង​អស់​សុពលភាព​នៅ​ថ្ងៃ​ពុធ​ក៏ដោយ ក៏​លោក​ ឌិត ទីណា អ្នក​នាំពាក្យ​ក្រសួង​​​រ៉ែ និង​ថាមពល​បាន​លើក​ឡើង​កាលពី​សប្ដាហ៍​​​មុន​ថា មិន​ទាន់​មាន​​សេចក្ដី​សម្រេច​ថា​តើ​ក្រសួង​​​នឹង​ត្រូវ​បន្ត​អាជ្ញា​ប័ណ្ណ​ដល់​ក្រុម​ហ៊ុន​នេះ​ ​ឬ​យ៉ាង​ណា​នោះ​ឡើយ​។

លោក​ ឌិត ទីណា ​មិន​បាន​ឆ្លើយ​តប​ចំពោះ​​​សំណើ​សុំ​អត្ថាធិប្បាយ​ទេកាលពី​ម្សិលមិញ។ អ្នកស្រី ​ នាក់ សុភាព អាយុ​៤៦​ឆ្នាំ ជា​អ្នក​ភូមិ​ស្រុក​បទុមសាគរ បាន​និយាយ​​​ថា អ្នក​ភូមិ​​​នឹង​បន្ត​​ធ្វើការ​ដើម្បី​បញ្ឈប់​ក្រុម​ហ៊ុន​ Direct Access នេះ​ បើ​ទោះ​ជា​​​អាជ្ញាប័ណ្ណ​​​របស់​ក្រុម​ហ៊ុន​នេះ​​​ត្រូវ​បាន​បន្ត​ក៏ដោយ។

អ្នកស្រី​ សុភាព បាន​និយាយ​បន្ថែម​ទៀត​​ថា ”​យើង​​​​នឹង​បន្ត​តវ៉ា​​ប្រឆាំង​​ចំពោះ​​ការ​បូម​​ខ្សាច់​ បើ​​ទោះ​ជា​អាជ្ញាធរ​ចាប់​​​ខ្លួន​សកម្មជន​​អង្គការ​មាតាធម្មជាតិ​​ទាំង​អស់​ក៏ដោយ”៕ សារុន​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស