ក្រុមមន្ត្រីបានឲ្យដឹងថា សិស្សថ្នាក់ទី១១ម្នាក់អាចប្រឈមនឹងការជាប់ពន្ធនាគារបន្ទាប់ ពីសិស្សម្នាក់នេះត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ពីបទបន្លំចូលប្រឡង ជំនួសឲ្យបងប្រុសរបស់ខ្លួន នៅក្នុងការប្រឡងបាក់ឌុប។

យោងតាមលោក លី គឹមឡេង មេបញ្ជាការរងនៃកងរាជអាវុធហត្ថខណ្ឌបានឲ្យដឹងថា សិស្ស ឈ្មោះ ផន តុលា បានធ្វើដំណើរមកពីខេត្តព្រៃវែងដើម្បីបន្លំចូលប្រឡងជំនួសបងប្រុសរបស់ខ្លួនឈ្មោះ ខឹម វីរៈបុត្រ នៅវិទ្យាល័យវត្តកោះក្នុងខណ្ឌដូនពេញ ហើយសិស្សរូបនេះបានក្លាយជាជនរងគ្រោះដំបូងនៅក្នុងឆ្នាំនេះសម្រាប់ការអនុវត្តច្បាប់ដ៏តឹងរ៉ឹងដែលដាក់ចេញកាលពីឆ្នាំ២០១៤ ដើម្បីលុប បំបាត់ការប្រឡងដែលពោរពេញដោយការលួចចម្លង និងអំពើពុករលួយ។
លោកបានមានប្រសាសន៍ថា “នៅក្នុងកំណត់ហេតុពិសេសមួយ [តុលា] បាននិយាយថា ខ្លួនចង់ឲ្យបងប្រុសរបស់ខ្លួនជាប់ការប្រឡង”។ លោកបានបន្ថែមថា មន្ត្រីរបស់លោកត្រូវបានហៅឲ្យមកកាន់វិទ្យាល័យនេះដោយអង្គភាពប្រឆាំងអំពើពុករលួយ។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ផន តុលា អាចនឹងទទួលរងទោសទណ្ឌធ្ងន់ធ្ងរ។ លោកបានមានប្រសាសន៍ថា “យើងបានឆ្លើយតបភ្លាមៗដោយហាមឃាត់មិនឲ្យបេក្ខជនរូបនេះប្រឡងរយៈពេល២ឆ្នាំ ហើយបញ្ជូនសិស្សដែលត្រូវបានចាប់ខ្លួននេះទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីប្រឈមចំពោះមុខច្បាប់”។ ដោយបដិសេធមិនប្រាប់ពីអាយុរបស់ ផន តុលា លោកបានបន្ថែមទៀតថា ”ដោយសារអាយុរបស់គាត់ ថា តើត្រូវដាក់ទោសទណ្ឌឬត្រឹមតែអប់រំនោះវាជាការសម្រេចរបស់អង្គភាពប្រឆាំងអំពើពុករលួយ”។
លោក រស់ សាលីន ក៏បានលើកឡើងផងដែរថា សិស្សចំនួន១៩នាក់បានសន្លប់មុនពេល ឬអំឡុងពេលប្រឡង ហើយថា សិស្សយ៉ាងតិច១.២៨៦នាក់ក្នុងចំណោមសិស្សចំនួន៨៤.៣៩០នាក់ ដែលបានចុះឈ្មោះប្រឡងបានអវត្តមាន។
មុនការប្រឡងមកដល់ និងក្រោយការចាត់ឲ្យមានការឃ្លាំមើលយ៉ាងតឹងរ៉ឹងកាលពីឆ្នាំមុនដោយមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងអ្នកអង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងម្ដងទៀតកាលពីសប្ដាហ៍មុនថា អ្នកដែលព្យាយាមបន្លំចូលប្រឡងជំនួសគេ នឹងត្រូវបានចាត់ទុកជាជនល្មើស។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា ពួកគេនឹងត្រូវចោទប្រកាន់ពីបទប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ ដែលអាចនឹងជាប់ពន្ធនាគារពី២ឆ្នាំដល់៥ឆ្នាំ។
លោក ឱម យ៉ិនទៀង និងលោក នួន បុផល ដែលជាអនុប្រធានរបស់លោក និងដែលទទួលខុសត្រូវចំពោះអ្នកអង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
ដោយនិយាយនៅឯវិទ្យាល័យព្រះស៊ីសុវត្ថិកាលពីព្រឹកម្សិលមិញ លោក ហង់ ជួន ណារ៉ុន ដែលត្រួតពិនិត្យកំណែទម្រង់កាលពីឆ្នាំមុន[ដែលជាលទ្ធផលអត្រានៃការប្រឡងជាប់លើកដំបូងមានត្រឹមតែ២៥ភាគរយនោះ] បានជំរុញឲ្យសិស្សានុសិស្សទទួលខុសត្រូវចំពោះអនាគតរបស់ខ្លួន។
លោកបានមានប្រសាសន៍ថា “វាគឺជាកាតព្វកិច្ចរបស់សិស្សានុសិស្សក្នុងការសិក្សា ហើយវាគឺជាកាតព្វកិច្ចរបស់ក្រសួងអប់រំក្នុងការអនុវត្តច្បាប់។ មិនអាចបន្ទោសក្រសួងអប់រំចំពោះការរឹតបន្តឹង [ច្បាប់] ប្រឡងភ្លាមៗបានឡើយ។ យើងត្រូវតែធ្វើដូច្នេះ ព្រោះយើងមិនអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ានបានឡើយ ប្រសិនបើសិស្សានុសិស្សរបស់យើងមិនយកចិត្តទុកដាក់ក្នុងការសិក្សា”។
នៅខាងក្រៅវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ សិស្សានុសិស្សហាក់បីដូចជាសម្ដែងភាពវិជ្ជមានជាងអំឡុងការប្រឡងកាលពីឆ្នាំមុន។
សិស្សម្នាក់ឈ្មោះ កុប ណាសៃហាស់ បាន និយាយនៅខាងក្រៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ថា “ខ្ញុំជឿជាក់លើគុណភាពនៃការប្រឡង ហេតុដូច្នេះខ្ញុំបានត្រៀមខ្លួនជាមុនរួចស្រេច។ ខ្ញុំឮថា វាតឹងជាងឆ្នាំមុនទៅទៀត”៕ ស៊ុយឈាង