កាលពីម្សិលមិញ សាលាដំបូងខេត្តកណ្ដាលបានផ្ដន្ទាទោសសន្តិសុខបួននាក់ និងកសិករម្នាក់ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ៧ឆ្នាំពីបទលួចព្រះសារីរិកធាតុចេញពីព្រះសក្យមុនីចេតិយលើកំពូលភ្នំឧដុង្គកាលពីឆ្នាំ២០១៣ ទោះបីជាបុរសជាកសិករទទូចអះអាងថា ខ្លួនជាអ្នកលួចតែម្នាក់ឯងក្ដី។

បុរសទី៦ម្នាក់ទៀតដែលជាអ្នករត់ម៉ូតូឌុប ត្រូវបានតុលាការសម្រេចលើកលែងការចោទប្រកាន់ ហើយបានដើរចេញមកវិញដោយមានសេរីភាពកាលពីម្សិលមិញ បន្ទាប់ពីបុរសរូបនោះ និងសន្តិសុខទាំងនេះបានជាប់ពន្ធនាគារអស់រយៈពេលជិត២ឆ្នាំ។
ចៅក្រមជំនុំជម្រះ សាយ សម្ផស្សសេរី បានប្រកាសក្នុងតុលាការកាលពីម្សិលមិញថា ”ឈ្មោះ ចោម ថៃ សៀង សារិន ផា សុខខែម កា សាត និង កែវ រស្មី ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ៧ឆ្នាំ ពីបទលួចព្រះសារីរិកធាតុចេញពីព្រះសក្យមុនីចេតិយ”។
លោកបានលើកឡើងបន្ថែមថា បុរសទាំងនេះក៏ត្រូវបានពិន័យជាប្រាក់៨លានរៀលផងដែរ។ ”ប្រសិនបើចុងចោទទាំងអស់មិនសុខចិត្តនឹងសាលក្រមនេះ ពួកគេមានពេល១ខែដើម្បីប្ដឹងឧទ្ធរណ៍ដោយគិតចាប់ពីថ្ងៃនេះទៅ”។
សន្តិសុខទាំងនេះដែលមានឈ្មោះ ចោម ថៃ សៀង សារិន កា សាត និង ផា សុខខែម ដែលជាប្រធានសន្តិសុខ ត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៣ ពីបទលួចកោដ្ឋមាសមួយកាលពីដើមខែនោះ ដែលដាក់តម្កល់ព្រះសារីរិកធាតុដូចជា ព្រះកេសា ព្រះទន្ត និងអដ្ឋិនៃព្រះពុទ្ធជាម្ចាស់។
សន្តិសុខទាំងនេះបានអះអាងថា ខ្លួនគ្នានទោសកំហុសចាប់តាំងពីពេលនោះមក ហើយកាលពីខែកុម្ភៈ ឆ្នាំមុន នគរបាលខេត្តតាកែវ បានចាប់ខ្លួនបុរសជាកសិករឈ្មោះ កែវ រស្មី ដែលបានសារភាពថា ខ្លួនជាអ្នកលួចព្រះសារីរិកធាតុតែម្នាក់ឯង។ បន្ទាប់ពីឆែកឆេរផ្ទះរបស់កសិកររូបនេះនៅក្នុងស្រុកទ្រាំង នគរបាលបានរកឃើញព្រះសារីរិកធាតុ រួមជាមួយនឹងពុទ្ធប្បដិមាមាសមួយចំនួន ដែលបុរសរូបនេះនិយាយថា ខ្លួនបានលួចចេញពីភ្នំឧដុង្គដែរ។
នៅឯសវនាការជំនុំជម្រះកាលពីថ្ងៃទី១១ ខែសីហា ភ័ស្តុតាងតែមួយគត់ដែលអយ្យការបានបង្ហាញដើម្បីដាក់បន្ទុកលើសន្តិសុខទាំងនេះ គឺស្នាមម្រាមដៃ និងស្នាមម្រាមជើងរបស់បុរសទាំងនេះ ដែលនគរបាលបានរកឃើញនៅលើឥដ្ឋ ជញ្ជាំង និងទ្វារនៃព្រះសក្យមុនីចេតិយ។
បុរសទាំងនេះបាននិយាយថា ខ្លួនទំនងជាបន្សល់ទុកស្នាមម្រាមដៃម្រាមជើងនៅក្នុងព្រះសក្យមុនីចេតិយ ខណៈពេលពួកគេបំពេញភារកិច្ចយាមកាមរបស់ខ្លួន។
អំឡុងសវនាការ ឈ្មោះ កែវ រស្មី បានបញ្ជាក់ជាថ្មីម្ដងទៀតថា គាត់ជាអ្នកលួចព្រះសារីរិកធាតុតែម្នាក់ឯង ដោយបន្តរៀបរាប់លម្អិតពីដំណើរដើមទងដែលខ្លួនលួចបានសម្រេច។
ខណៈពេលឆ្មាំពន្ធនាគារក្រៀកបុរសទាំងប្រាំនាក់នេះចេញពីសាលសវនាការកាលពីម្សិលមិញ ឈ្មោះ សៀង សារិន បានតវ៉ាថា ខ្លួនគ្មានកំហុសទេ។ បុរសរូបនេះនិយាយថា “ខ្ញុំមិនបានប្រព្រឹត្តបទល្មើសទេ។ ខ្ញុំមិនអស់ចិត្តទេ។ ខ្ញុំគ្រាន់តែធ្វេសប្រហែសក្នុងការងាររបស់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែតុលាការបែរជាផ្ដន្ទាទោសខ្ញុំបែបនេះ”។
ទាំងឈ្មោះ សៀង សារិន និងឈ្មោះ កា សាត បានបញ្ជាក់ថា ពួកគេនឹងប្ដឹងទាស់សេចក្ដីសម្រេចរបស់សាលាដំបូង។ ឈ្មោះ កា សាត បានលើកឡើងថា ”ខ្ញុំមិនដឹងទេពាក់ព័ន្ធនឹងការលួចនេះ។ ហេតុអ្វីបានជាតុលាការផ្ដន្ទាទោសយើងធ្ងន់យ៉ាងនេះ?”។
ចំណែកឯឈ្មោះ កែវ រស្មី ដែលជាកសិករ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
បុរសរត់ម៉ូតូឌុបឈ្មោះ កាន់ សុភក្ដិ ដែលត្រូវតុលាការសម្រេចលើកលែងការចោទប្រកាន់ បាននិយាយថា ខ្លួននឹងមិនស្វះស្វែងទាមទារសំណងជំងឺចិត្តឡើយ។ គាត់និយាយថា ”វាអយុត្តិធម៌ដែលខ្ញុំជាប់គុកអស់ប្រហែល២ឆ្នាំ។ ប៉ុន្តែខ្ញុំគ្រាន់តែចង់ចេញពីគុកវិញប៉ុណ្ណោះ”។
នៅខាងក្រៅសាលសវនាការ ក្រុមគ្រួសាររបស់សន្តិសុខទាំងនេះបានសម្រក់ទឹកភ្នែកដោយក្ដីសោកសៅ។
អ្នកស្រី កៅ សុខហេង ដែលជាប្រពន្ធរបស់ឈ្មោះ កា សាត និយាយថា “វាអយុត្តិធម៌ណាស់ដែលតុលាការផ្ដន្ទាទោសប្ដីខ្ញុំធ្ងន់យ៉ាងនេះ ពីព្រោះគាត់មិនជាប់ពាក់ព័ន្ធក្នុងករណីនេះទេ។ គ្រួសារខ្ញុំក្រណាស់ ចាប់តាំងពីប្ដីខ្ញុំត្រូវចាប់ខ្លួនមក កូនខ្ញុំប្រាំមួយនាក់មិនបានទៅរៀនទេ ព្រោះខ្ញុំគ្មានលុយ”។
ពេលទាក់ទងតាមទូរស័ព្ទ លោក ឆេង ផាត មេធាវីតំណាងឲ្យសន្តិសុខទាំងអស់នេះបានមានប្រសាសន៍ថា ចៅក្រមមិនបានថ្លឹងថ្លែងភ័ស្តុតាងដោយប្រុងប្រយ័ត្ននោះទេ។ លោកបានគូសបញ្ជាក់ថា “តុលាការគ្រាន់តែសង្ស័យពួកគាត់ បន្ទាប់មកក៏ប្រើការសង្ស័យទាំងនោះដើម្បីផ្ដន្ទាទោសពួកគាត់”។
ចំណែកឯលោក វ៉ាន់ថូ រីយ៉ាវណ្ណ មេធាវីរបស់ឈ្មោះ កែវ រស្មី បានថ្លែងថា កូនក្ដីរបស់លោកនឹងមិនប្ដឹងឧទ្ធរណ៍ឡើយ។ “កូនក្ដីរបស់ខ្ញុំបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសនេះមែន ដូច្នេះខ្ញុំគិតថា ទោសនេះគឺសមរម្យហើយសម្រាប់គាត់”៕ សុខុម