លោក វីកទ័រ កូប៉េ មេធាវីកាពារ នួន ជាបានមានប្រសាសន៍កាលពីម្សិលមិញថា លោក នឹងមិនសូមទោសឡើយចំពោះការរិះគន់ចៅក្រមនៅសាលាក្តីខ្មែរក្រហមកាលពី សប្តាហ៍ មុន បន្ទាប់ពីអង្គជំនុំជម្រះសាលាក្តីគំរាមចាត់វិធានការមកលើមេធាវីរូបនេះ ប្រសិនបើលោកមិនព្រម “កែតម្រូវឥរិយាបថ របស់ខ្លួន” ទេនោះ។
ក្រុមមេធាវីការពារ នួន ជា និង ខៀវ សំផន ដែលសុទ្ធតែកំពុងទទួលការជំនុំជម្រះពីបទឧក្រិដ្ឋ រួមទាំងប្រល័យពូជសាសន៍នៅក្នុងដំណាក់កាលទី២នៃសំណុំរឿង០០២ បានដើរចេញពីសាលសវនាការកាលពីថ្ងៃពុធសប្តាហ៍មុន អំឡុងពេលមានជម្លោះជុំវិញការប្រើប្រាស់របាយការណ៍សម្ភាសន៍ជាលាយលក្ខណ៍អក្សរ ដោយបានគ្រោងទុករបស់អយ្យការរូបនេះនៅក្នុងសវនាការលើសំណុំឯកសារ។
អំឡុងការពិភាក្សាដេញដោលដ៏ក្តៅគគុកកាលពីសប្តាហ៍មុន លោក កូប៉េ បានចាត់ទុកសវនាការនោះថា “គួរឲ្យអស់សំណើច” ហើយ បានលើកឡើងថា ចៅក្រម ហ្សង់ម៉ាក ឡាវែញ “បានធ្វើការសម្រេចដោយកំសាក និងខ្វះសុចរិតភាពតុលាការ” ក្នុងសំណុំរឿងនោះ។
បន្ទាប់ពីបញ្ជាក់អះអាងឡើងវិញថា របាយការណ៍សម្ភាសន៍ជាលាយលក្ខណ៍អក្សរ ត្រូវបានអនុញ្ញាតអំឡុងសវនាការលើសំណុំឯកសារកាលពីម្សិលមិញ លោក និល ណុន ប្រធានសាលាក្តីបានព្រមានមេធាវីជនជាតិហូឡង់រូបនេះអំពីការប្រព្រឹត្តរបស់លោក។
ចៅក្រម និល ណុន បានមានប្រសាសន៍ថា “អំឡុងសវនាការកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ របាយការណ៍បន្តុះបង្អាប់មួួយចំនួនត្រូវបានធ្វើឡើងដោយលោកកូប៉េ ហើយបានបញ្ជូនដោយផ្ទាល់ទៅសមាជិកអង្គជំនុំជម្រះ…។ អង្គជំនុំជម្រះកំពុងពិចារណាថា តើត្រូវចាត់វិធានការអ្វីឲ្យបានសមរម្យ ក្នុងរឿងនេះ”។
លោកបានលើកឡើងថា “អង្គជំនុំជម្រះចង់ផ្តល់ឱកាសឲ្យលោក កូប៉េ កែតម្រូវឥរិយាបថរបស់គាត់ ហើយបានកត់សម្គាល់ថា ប្រសិនបើគាត់មិនកែតម្រូវទេ អង្គជំនុំជម្រះគ្មានឱកាសក្រៅពីចាត់វិធានការឡើយ។ អង្គជំនុំជម្រះនឹងជូនដំណឹងដល់ភាគីទាំងអស់បន្ថែមទៀតអំពីស្ថានភាពនេះនៅពេលវេលាសមស្រប”។
លោក កូប៉េ បានលើកឡើងនៅក្នុងអីុម៉េលថា ការគំរាមរបស់ចៅក្រម និល ណុន មិនច្បាស់លាស់ ប៉ុន្តែ ថា លោកនឹងមិនសូមអភ័យទោសចំពោះការអត្ថាធិប្បាយរបស់លោកឡើយ។
លោកបានថ្លែងថា “ខ្ញុំមិនប្រាកដថា តើត្រូវបកស្រាយរឿងនេះជាក់លាក់របៀបណាឡើយ។ ខ្ញុំគិតថា ខ្ញុំត្រូវរង់ចាំសេចក្តីសម្រេច ជាលាយលក្ខណ៍អក្សរ។ ថា តើត្រូវចាត់វិធាន ការយ៉ាងណានោះ ខ្ញុំក៏មិនដឹងដែរ។ ការព្រមាន ឬបញ្ជូនទៅ គណៈមេធាវីរបស់ខ្ញុំក្នុងទីក្រុងអាំស្ទែដាំអាចជាជម្រើសរបស់ខ្ញុំ”។
លោកបានបន្ថែមថា “តើឱ្យខ្ញុំដកអ្វីដែលខ្ញុំបានលើកឡើងកាលពីសប្តាហ៍មុនឬ? ចម្លើយគឺមិនដកទេ”។
បន្ទាប់ពីការប្រកាសរបស់ចៅក្រម និល ណុនកាលពីម្សិលមិញ តុលាការបានបើកសវនាការលើការរៀបរាប់ពីការឈឺចាប់ដំបូង និងការរងទុក្ខពីភាគីដើមបណ្តឹងរដ្ឋប្បវេណីទាក់ទងនឹងការបំបែកសំណុំរឿងបច្ចុប្បន្នដំណាក់កាលទី២ចេញពីសំណុំរឿង០០២រួមមានពីអ្នកស្រី នួន សារុំ ដែលមានមូលដ្ឋាននៅការដ្ឋានជីកទំនប់១មករា ក្នុងខេត្តកំពង់ធំ។
បន្ទាប់ពីការរៀបរាប់រឿងរាវខ្លីៗពីការបាត់ខ្លួន ការខ្វះអាហារូបត្ថម្ភ និងការធ្វើការហួសកម្លាំងនៅការដ្ឋានជីកទំនប់មក អ្នកស្រីសារុំ បានចោទជាសំណួរទៅបងធំទី២និងអតីតប្រមុខរដ្ឋរបស់របបនេះ។
អ្នកស្រី សារុំ បានសួរ នួន ជា និង ខៀវ សំផន ថា “ខ្ញុំមានក្មួយប្រុសក្មេងៗអាយុប្រហែល៧ ឬ៨ឆ្នាំ ។ ពួកគេនៅក្មេងខ្ចីណាស់ និងគ្មានកំហុសទេ ហើយពួកគេបាត់បង់អាយុជីវិត។ ហើយលោកសម្លាប់មនុស្សច្រើនណាស់ សម្លាប់ហើយសម្លាប់ទៀត ។ លោកសម្លាប់ប្រជាជនខ្លួនឯង។ តើក្នុងគោលបំណងអ្វីទៅ?។ តើលោកចង់យកប្រជាជនក្រុមផ្សេងមកជំនួសប្រជាជនខ្មែរឬ? ។
ចុងចោទទាំងពីរនាក់ បានប្រើសិទ្ធិរបស់ខ្លួនក្នុងការនៅស្ងៀមមិនឆ្លើយ៕សារុន