កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដោយអំពាវនាវឲ្យបណ្តាប្រទេសអភិវឌ្ឍន៍អនុវត្តកិច្ចសន្យារបស់ខ្លួនក្នុងការផ្តល់ជំនួយបរទេសក្នុងទំហំយ៉ាងតិច០,៧ភាគរយនៃចំណូលជាតិសរុបរបស់ពួកគេ។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលស្តីអំពីគោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិលោក ហ៊ុន សែន បានមានប្រសាសន៍ថា វាមានសារៈសំខាន់ដែលបណ្តាប្រទេសអ្នកមានគោរពកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ។
លោកបានមានប្រសាសន៍ថា “ការសម្រេចបាននូវកុងសង់សុីសលើរបៀបវារៈអភិវឌ្ឍន៍ ក្រោយឆ្នាំ២០១៥ គឺជាសមិទ្ធផលដ៏សំខាន់របស់មេដឹកនាំពិភពលោកនាពេលនេះ។ ក៏ប៉ុន្តែការធានាឲ្យបានថា របៀបវារៈដែលត្រូវបានដាក់ចេញមកនេះពិតជានឹងសម្រេចបានជាលទ្ធផលជាក់ស្តែងតាមការរំពឹងទុកនោះ គឺកំពុងតែស្ថិតជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នានៅឡើយ”។
លោកបានមានប្រសាសន៍បន្ថែមថា ”ហេតុនេះខ្ញុំយល់ឃើញថា មានកិច្ចការជាគន្លឹះមួយចំនួនដែលយើងទាំងអស់គ្នាត្រូវខិតខំរួមគ្នាធ្វើគឺ១ធានាសម្រេចឲ្យបាននូវការអនុវត្តកិច្ចសន្យាបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការពីសំណាក់ប្រទេសអ្នកផ្តល់ជំនួយក្នុងទំហំ០,៧ភាគរយនៃចំណូលជាតិសរុបទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងក្នុងទំហំ០,១៥ ដល់ ០,២០ភាគរយនៃចំណូលជាតិសរុប ទៅដល់ប្រទេសមានការអភិវឌ្ឍតិចតួច”។
មានប្រទេសតែបន្តិចបន្តួចប៉ុណ្ណោះដែលសម្រេចនូវគោលដៅសម្រាប់ជំនួយដែលត្រូវបានយល់ព្រមផ្តល់ជាលើកដំបូងដោយមហាសន្និបាតនេះក្នុងឆ្នាំ១៩៧០។ ប៉ុន្តែ លោក ហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជាមានការវិវឌ្ឍជាមួយនឹងជំនួយដែលខ្លួនបានទទួលចាប់តាំងពីសន្តិភាពត្រូវបានស្តារឡើងវិញក្នុងទសវត្សរ៍ឆ្នាំ១៩៩០មក។
លោកបានមានប្រសាសន៍ថា “ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេច បាននូវការវិវឌ្ឍប្រែប្រួលគួរជាទីមោទនៈ ពិសេសការរក្សាបាននូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយរឹងមាំ សន្តិសុខ និងសណ្តាប់ ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងកំណើន សេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧,៧ភាគរយក្នុងមួយឆ្នាំ”។
លោកបានមានប្រសាសន៍បន្ថែមថា ”អត្រានៃភាពក្រីក្របានធ្លាក់ចុះយ៉ាងលឿនពីជាង៥៣ភាគរយក្នុងឆ្នាំ២០០៤ មកត្រឹម១៦ភាគរយនៅឆ្នាំ២០១៣ ដែលធ្វើឲ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍លើការកាត់បន្ថយភាពក្រីក្រ។ចំណែកឯគោលដៅសេសសល់ ក៏ត្រូវបានរំពឹងថា នឹងអាចសម្រេចបាននូវដំណាច់ឆ្នាំ២០១៥នេះដែរ”។
បច្ចុប្បន្នកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃការប្រែប្រួលការកំណត់ចំណូលជាតិសរុប១.០៤៦ដុល្លាររបស់មនុស្សម្នាក់ៗ ដែល បែងចែកការកំណត់ចំណាត់ថ្នាក់ប្រាក់ចំណូលទាប និងប្រាក់ចំណូលក្រោមមធ្យមរបស់ធនាគារ ពិភពលោក ដោយតាមការកត់ត្រាបង្ហាញថាប្រាក់ ចំំណូលរបស់ពលរដ្ឋម្នាក់ៗគឺ១.០២០ដុល្លារនៅដំណាច់ឆ្នាំ២០១៤។
ការកើនឡើងនេះនឹងធ្វើឲ្យកម្ពុជាមានប្រាក់ចំណូលដូចប្រទេសវៀតណាមដែលចំណូលជាតិសរុបរបស់ពលរដ្ឋម្នាក់ក្នុងប្រទេសនេះកើនពី២៦០ដុល្លារកាលពីឆ្នាំ១៩៩៥ [ពេលដែលចំណូលជាតិសរុបរបស់ពលរដ្ឋខ្មែរម្នាក់ៗគឺ៣០០ដុល្លារ] ដល់១.៨៩០ ដុល្លារក្នុងពេលបច្ចុប្បន្ន នេះបើយោងតាមទិន្នន័យរបស់ធនាគារពិភពលោក។
លោក ទូច វិបុល ប្រធានមូលនិធិសង្គ្រោះ ជាតិខ្មែរ ជាក្រុមអាណិកជនខ្មែររបស់នៅសហរដ្ឋអាមេរិកដែលគាំទ្រគណបក្សប្រឆាំងនិងដែលធ្វើការតវ៉ានៅខាងក្រៅអង្គការសហប្រជាជាតិអំឡុងដំណើរបំពេញការងាររបស់លោក ហ៊ុន សែន បាននិយាយតាមទូរស័ព្ទថា លោកជឿថា ស្ថិតិរបស់លោកនាយករដ្ឋមន្ត្រីមិនបានបង្ហាញឲ្យឃើញពីវិសមភាពដ៏ធំធេងឡើយ។
លោកបានមានប្រសាសន៍ថា “ជាការពិត យើងឃើញមានអគារខ្ពស់ៗ និងស្ពានខ្ពស់ៗមួយចំនួន ប៉ុន្តែ សូមក្រឡេកមើលទីជនបទវិញ ជាទីដែលមានពលរដ្ឋធ្វើចំណាកស្រុកទៅប្រទេសថៃ កូរ៉េខាងត្បូង និងប្រទេសម៉ាឡេស៊ីដើម្បីស្វែងរកការងារធ្វើ ទៅបីជា ពលរដ្ឋរបស់យើងត្រូវបានគេរំលោភបំពាននៅទីនោះក៏ដោយ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “នៅកម្ពុជា អ្វីៗមើលហាក់បីដូចជាអស្ចារ្យ ខ្លាំងណាស់ ដូចជាឋានសួគ៌អ៊ីចឹង ប្រសិនបើយើងរស់នៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែ នៅតាមទីជនបទវិញ ពលរដ្ឋគ្មានការងារធ្វើទេ។ វាផ្ទុយទៅនឹងអ្វីដែលលោក ហ៊ុន សែន បានព្យាយាមបញ្ចុះបញ្ចូលមេដឹកនាំអន្តរជាតិនៅទីនេះ”៕ ស៊ុយឈាង