៨ឆ្នាំបន្ទាប់ពីលោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា បានចុះកិច្ចសន្យាជួលបឹងកក់រយៈពេល៩៩ឆ្នាំនៅក្នុងកិច្ចព្រមព្រៀងអចលនទ្រព្យដ៏ចម្រូងចម្រាសបំផុតមួយក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់រាជធានីភ្នំពេញ ក្រុមហ៊ុនមួយរបស់ចិន បានចាប់ផ្ដើមសាងសង់គម្រោងអភិវឌ្ឍន៍ដ៏ធំដំបូងលើបឹងដែលបូមខ្សាច់លុបពេញនេះហើយ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Graticity Real Estate Development ដែលមានមូលដ្ឋាននៅក្រុងប៉េកាំង បានចាប់ផ្ដើមសាងសង់កាលពីខែមុននូវគម្រោង “វ័ន ផាក” (One Park) ជាគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្ម និងលំនៅដ្ឋានដែលត្រូវបានផ្សព្វផ្សាយថា “ការរស់នៅក្នុងទីក្រុងជឿនលឿន” (Sophisticated Urban Living) បន្ទាប់ពីទិញដីទំហំ២០ហិកតាពីក្រុមហ៊ុនស៊ូកាគុ របស់លោក ឡាវ ម៉េងឃីន នេះបើយោងតាមការឲ្យដឹងពីលោក ហុង ស៊ីន (Hong Xin) នាយកគ្រប់គ្រងផ្នែកអតិថិជនរបស់ក្រុមហ៊ុន Graticity។
លោក ហុង ស៊ីន បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា “វ័ន ផាក គឺជាគម្រោងវិនិយោគដំបូងរបស់យើងនៅកម្ពុជា។ យើងមានផ្ទៃដីទំហំ២០ហិកតា [ក្នុងតំបន់បឹងកក់]។ បច្ចុប្បន្ន យើងកំពុងអភិវឌ្ឍដំណាក់កាលទី១លើផ្ទៃដី៧,៩ហិកតា ដែលនឹងក្លាយជាផ្ទះល្វែង និងខុនដូ។ ដំណាក់កាលទី២នឹងរួមមានសណ្ឋាគារលំដាប់ផ្កាយ៥មួយ ផ្សារទំនើប និងអគារការិយាល័យខ្ពស់ៗ”។
លោកបានបន្តថា ក្រុមហ៊ុន Graticity បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនស៊ូកាគុ ដើម្បីអភិវឌ្ឍទីតាំងនេះ ដោយទិញយកដីនេះក្នុង១ម៉ែត្រក្រឡាតម្លៃ២.៥០០ដុល្លារ។
ទាក់ទិនបញ្ហានេះ អ្នកស្រី អាមូ ពីឡៃ (Amu Pillay) ដែលជាអ្នកនាំពាក្យក្រុមហ៊ុនស៊ូកាគុ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការអភិវឌ្ឍនេះឡើយ។ អ្នកស្រីបានលើកឡើងតាមអុីម៉េលកាលពីម្សិលមិញថា “សូមធ្វើការកត់សម្គាល់ថា យើងមិនយល់ស្របតាម ហើយក៏មិនបដិសេធព័ត៌មានណាមួយដែលផ្ដល់ដោយក្រុមហ៊ុន Graticity នោះ ដែរ។យើងគ្រាន់តែមិនចង់ធ្វើការអត្ថាធិប្បាយប៉ុណ្ណោះ”។
មជ្ឈមណ្ឌលក្រុងភ្នំពេញ ហៅកាត់ PPCC ជាឈ្មោះដែលក្រុមហ៊ុនស៊ូកាគុ បានដាក់ឲ្យគម្រោងអភិវឌ្ឍន៍ដ៏ធំរបស់ខ្លួនសម្រាប់បឹងនេះ បានចាប់ផ្ដើមសាងសង់ការិយាល័យ សាលពិព័រណ៍ ស្ថាបនាផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធលូនៅលើបឹងនេះហើយ។
ទោះជាយ៉ាងណា វ័ន ផាក គឺជាសញ្ញាដំបូងដែលបង្ហាញថា ការអភិវឌ្ឍតំបន់ក្រុងលំដាប់ជាន់ខ្ពស់សម្រាប់តំបន់នេះ ប្រហែលជាលេចចេញជារូបរាងយ៉ាងពិតប្រាកដ។
លោក ហុង ស៊ីន មានប្រសាសន៍ថា ខុនដូភាគច្រើននៅក្នុងអគារលំនៅដ្ឋានកម្ពស់៦ជាន់ដំបូងដែលគ្រោងអគារបានលេចចេញជារូបរាងនៅលើទីតាំងអភិវឌ្ឍន៍នេះហើយនោះ ត្រូវបានលក់ចេញហើយ ហើយលោកមានជំនឿចិត្តថា ការតវ៉ាយ៉ាងខ្លាំងក្លាក្រោយការបណ្ដេញប្រជាពលរដ្ឋរាប់ពាន់គ្រួសារចេញពីតំបន់បឹងកក់ បន្ទាប់ពីការលក់បឹងនេះឲ្យទៅក្រុមហ៊ុនស៊ូកាគុ នោះ បានស្ងប់ស្ងាត់រហូតហើយ។
លោកលើកឡើងបន្តថា ”យើងមិនចាំបាច់ធ្វើការផ្សព្វផ្សាយទេ ហើយយើងនៅតែអាចលក់ផ្ទះល្វែងបានជាង៩០ភាគរយរួចទៅហើយ ដូច្នេះយើងមានជំនឿចិត្តថា មានទីផ្សារសម្រាប់អចលនទ្រព្យបែបនេះនៅបឹងកក់ ហើយវាបង្ហាញថា អតិថិជនប្រាកដជាគិតថា ការតវ៉ាបានបញ្ចប់ហើយ។ សម្រាប់ផ្ទះល្វែង អ្នកទិញភាគច្រើនជាប្រជាជនខ្មែរ ពីព្រោះពួកគេមានអត្តសញ្ញាណប័ណ្ណ ហើយអាចទិញបានដោយងាយស្រួល។ ដោយសារតែនេះជាគម្រោងដំបូងរបស់យើងនៅកម្ពុជា យើងមិនទាន់ដឹងថា អ្វីជាទីផ្សារគោលដៅសម្រាប់ខុនដូនៅឡើយទេ ប៉ុន្តែយើងគិតថា វានឹងពេញនិយមសម្រាប់ជនបរទេស ប្រជាជនចិន ចិនតៃវ៉ាន់ និងប្រជាជនសិង្ហបុរី”។
លោកបានគូសបញ្ជាក់ថា សម្រាប់ខុនដូកម្ពស់៦ជាន់មានតម្លៃចាប់ពី៤៥០.០០០ដុល្លារ ដល់៧៥០.០០០ដុល្លារក្នុងមួយបន្ទប់ (Unit) ហើយក្រុមហ៊ុនមានគម្រោងឲ្យម្ចាស់បន្ទប់រើចូលមកស្នាក់នៅក្នុងបន្ទប់របស់ពួកគេនៅដំណាច់ឆ្នាំ២០១៧។ លោកបានថ្លែងថា រហូតមកទល់ពេលនេះ កាលបរិច្ឆេទបញ្ចប់ការសាងសង់អគារខុនដូដែលមាន១.៣០០បន្ទប់ជាផ្នែកមួយនៃដំណាក់កាលទី២របស់គម្រោងនេះ មិនទាន់មានការកំណត់នៅឡើយទេ។
ផែនការអភិវឌ្ឍន៍សម្រាប់តំបន់បឹងកក់ មានភាពចម្រូងចម្រាសតាំងពីដើមទីមក ហើយក្រុមហ៊ុនស៊ូកាគុ បានព្យាយាមយ៉ាងខ្លាំងដើម្បីធ្វើការអភិវឌ្ឍនៅលើដីនេះ។
នៅក្នុងឆ្នាំ២០១១ ធនាគារពិភពលោកបានផ្អាកការផ្ដល់ឥណទានទាំងអស់ដល់ប្រទេសកម្ពុជា ដើម្បីតវ៉ាចំពោះចំណាត់ការរបស់រដ្ឋាភិបាលក្នុងការបណ្ដេញប្រជាពលរដ្ឋប្រមាណ៣.០០០គ្រួសារចេញពីតំបន់ជុំវិញបឹងកក់។ ប្រជាពលរដ្ឋដែលត្រូវបានបណ្ដេញចេញ រួមជាមួយអ្នកជិតខាងរបស់ពួកគេ បានពង្រីកសកម្មភាពសកម្មនិយមរបស់ខ្លួនហួសពីបឹងនេះហូតក្លាយជាអ្នកតវ៉ាលេចធ្លោបំផុតនៅក្នុងប្រទេស និងបញ្ចេញសំឡេងរបស់ខ្លួនដើម្បីគាំទ្រដល់បុព្វហេតុផ្សេងៗទៀត។
គម្រោងវិនិយោគរួមគ្នាមួយរវាងក្រុមហ៊ុនស៊ូកាគុ និងក្រុមហ៊ុន ”សាជីវកម្មវិនិយោគ អឺដូស ហុងជុន” (Erdos Hongjun Investment Corporation) របស់ចិន ដែលបានចាប់ផ្ដើមនៅក្នុងឆ្នាំ២០១០ បានបរាជ័យនៅក្នុងឆ្នាំ២០១៤។ កាលពីខែមិថុនាឆ្នាំមុន ក្រុមហ៊ុនអេច.អិល.អេច គ្រុប (HLH Group) របស់សិង្ហបុរី បានប្រកាសថា ខ្លួនមានគម្រោងទិញដីនៅក្នុងតំបន់នេះ ប៉ុន្តែបានលុបចោលកិច្ចសន្យាដែលមានទំហំទឹកប្រាក់១៤,៩លានដុល្លាររបស់ខ្លួនជាមួយក្រុមហ៊ុនស៊ូកាគុ ដោយលើកឡើងពី “ហេតុផលពាណិជ្ជកម្ម”។
ក្រុមហ៊ុនអេច.អិល.អេច គ្រុប បានអះអាងនៅពេលនោះថា ខ្លួនមិនបានដឹងរឿងបណ្ដេញប្រជាពលរដ្ឋចេញ និងការតវ៉ាក្រោយមកនៅតំបន់នេះឡើយ។ ចំណែកឯលោក ហុង ស៊ីន ដែលមកពីក្រុមហ៊ុន Graticity បានមានប្រសាសន៍ថា លោកមានជំនឿចិត្តថា ការទោមនស្សដែលកើតមានជាយូរមកហើយនេះ នឹងមិនប៉ះពាល់ដល់គម្រោងរបស់ក្រុមហ៊ុនលោកនោះទេ។
លោកបានលើកឡើងទៀតថា “ក្រុមហ៊ុនអេច.អិល.អេច មិនបានជោគជ័យដោយសារការតវ៉ានៅពេលនោះ។ លោក ហ៊ុន សែន បានប្រកាសកាលពីខែមេសាថា វិវាទដីធ្លីនេះត្រូវបានដោះស្រាយរួចរាល់ហើយ ដូច្នេះយើងក៏មកទីនេះដើម្បីវិនិយោគ។ ពេលនេះ ក្រុមហ៊ុនជាច្រើនចាប់អារម្មណ៍លើបឹងនេះ ហើយវាលែងមានវិវាទទៀតហើយ ដូច្នេះអ្វីៗហាក់ដូចជាធម្មតា”។
ទោះជាយ៉ាងណា អ្នកស្រី យ៉ោម បុប្ផា ដែលជាអ្នកតវ៉ាដ៏លេចធ្លោម្នាក់ក្នុងចំណោមអ្នកតវ៉ានៅបឹងកក់ បាននិយាយថា សកម្មជនមួយក្រុមបានធ្វើការតវ៉ានៅខាងមុខការដ្ឋានរបស់គម្រោង វ័ន ផាក កាលពីខែមុន។
អ្នកស្រីនិយាយទៀតថា ”ប្រជាពលរដ្ឋចំនួន៥០នាក់មកពីសហគមន៍បឹងកក់ បានតវ៉ានៅខាងក្រៅ [ដី] ក្រុមហ៊ុន ហើយយើងបានទាមទារឲ្យពួកគេបញ្ឈប់ការសាងសង់ និងរង់ចាំមានដំណោះស្រាយសិន ប៉ុន្តែពួកគេមិនស្ដាប់យើងទេ។ ប្រសិនបើគ្មានដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋនៅតំបន់បឹងកក់ទេ យើងនឹងតវ៉ាបន្តទៀត”៕ សុខុម