យោងតាមអាជ្ញាធរបានឲ្យដឹងថា មនុស្សបីនាក់បានបាត់បង់ជីវិតនិងប្រាំនាក់ទទួលរងរបួសនៅខេត្តតាកែវកាលពីថ្ងៃអាទិត្យ នៅពេលដែលរថយន្ត SUV របស់ពួកគេបានបុកចំពីមុខរថយន្តទេសចរណ៍មានមនុស្សជិះពេញ ដែលប្រហែលបានព្យាយាមបើកវ៉ារថយន្តមួយគ្រឿងផ្សេងទៀត។

លោក ប៉ុក ពលរិទ្ធ នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បាននិយាយកាលពីថ្ងៃច័ន្ទថា រថយន្តក្រុងនោះ ដែលជារបស់ក្រុមហ៊ុនដឹកជញ្ជូន ភ្នំពេញសុរិយា កំពុងធ្វើដំណើរពីក្រុងភ្នំពេញទៅខេត្តកែប នៅពេលដែលវាបុករថយន្ត ហុងដា ស៊ីអាវី លើផ្លូវជាតិលេខ៣១ នៅវេលាម៉ោងប្រហែល១២និង៣០នាទីរសៀល។
លោក ពលរិទ្ធ បាននិយាយថា “សាក្សីជាច្រើននាក់បានប្រាប់សមត្ថកិច្ចរបស់យើងថា រថយន្តក្រុងនេះកំពុងបើកបរពីភ្នំពេញទៅខេត្តកែប ហើយបានព្យាយាមបើកវ៉ារថយន្តមួយគ្រឿងផ្សេងទៀត នៅពេលនោះវាបានបុករថយន្ត ស៊ីអាវី ចំពីមុខតែម្តង”។
លោកបាននិយាយថា “ឥឡូវនេះ យើងកំពុងកសាងករណីនេះដើម្បីបញ្ជូនទៅតុលាការខេត្ត។ យើងនឹងមិនបញ្ជូនរឿងក្តីនេះទៅតុលាការនៅថ្ងៃនេះទេ ពីព្រោះសមត្ថកិច្ចរបស់យើងនៅកំពុងប្រមូលព័ត៌មាន ដើម្បីរកមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ”។
លោក ពលរិទ្ធ បាននិយាយថា មនុស្សបីនាក់ក្នុងរថយន្តហុងដាបានស្លាប់ភ្លាមនៅនឹងកន្លែង ចំណែកឯមនុស្សប្រាំនាក់ផ្សេងទៀតក្នុងរថយន្ត SUV នោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តដោយសារតែមានរបួសធ្ងន់។ លោកបានឲ្យដឹងទៀតថា រថយន្តក្រុងបានធ្លាក់ចូលទឹកស្រែនៅក្បែរផ្លូវនោះ ក៏ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមមនុស្សជាង៣០នាក់ក្នុងរថយន្តក្រុងនោះ បានរងរបួសទេ ហើយអ្នកបើករថយន្តបានរត់ចេញពីកន្លែងកើតហេតុ។
នាយប៉ូលិសរូបនេះបាននិយាយថា លោកមិនបានស្គាល់ឈ្មោះជនរងគ្រោះទេ ហើយថា បងប្អូនរបស់ពួកគេបានមកយកសពទៅបូជារួចហើយ។
លោក អីុ រតនា ប្រធានជាងម៉ាស៊ីនរបស់ក្រុមហ៊ុន សុរិយាដឹកជញ្ជូន បាននិយាយថា អ្នកបើករថយន្តបានត្រឡប់មកដល់ភ្នំពេញហើយ ហើយកំពុងស្នាក់នៅការិយាល័យធំរបស់ក្រុមហ៊ុននេះ។
លោកបាននិយាយថា “អ្នកបើករថយន្តបានរត់ភៀសខ្លួន ពីព្រោះគាត់បារម្ភថា គេនឹងវាយគាត់ស្លាប់”។
ផ្ទុយនឹងការប្រាប់របស់ប៉ូលិស លោក រតនា បានអះអាងថា សាក្សីដែលគាត់បាននិយាយជាមួយនៅកន្លែងកើតហេតុ បានប្រាប់គាត់ថា គឺរថយន្ត SUV ទេ ដែលបានរ៉េចង្កូតចូលគន្លងផ្លូវខុស ហើយមិនមែនរថយន្តក្រុងទេ។
លោកនិយាយថា “ខ្ញុំគិតថា អ្នកបើករថយន្តស៊ីអាវី មានកំហុស ពីព្រោះអ្នកបើករថយន្តនោះធ្វេសប្រហែស ហើយបានបុករថយន្តក្រុងរបស់យើង។ យើងមិនទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះទេ ពីព្រោះ ស៊ីអាវីបានបុកឡានក្រុងរបស់យើង”។
គ្រោះថ្នាក់ចរាចរណ៍ជាធម្មតាកើនឡើងច្រើននៅថ្ងៃសម្រាកភ្ជុំបិណ្ឌ នៅពេលដែលពលរដ្ឋកម្ពុជាជាច្រើននាក់ចាប់ផ្តើមធ្វើដំណើរទៅលេងបងប្អូននៅតាមខេត្ត។ ថ្ងៃឈប់សម្រាកជាសាធារណៈនេះបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ហើយចប់កាលពីថ្ងៃអង្គារ។
លោក រុន រត្នវាសនា ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈក្រសួងមហាផ្ទៃ បាននិយាយថា មនុស្ស១៧នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ពេលធ្វើដំណើរនៅទូទាំងប្រទេសគិតត្រឹមថ្ងៃអាទិត្យនិងថ្ងៃច័ន្ទ ធៀបនឹង២២នាក់ក្នុងរយៈពេលពីរថ្ងៃដូចគ្នាកាលពីឆ្នាំមុន។
លោកបានសន្មតការធ្លាក់ចុះបន្តិចនេះដោយសារច្បាប់ចរាចរណ៍ថ្មី ដែលបានអនុម័តកាលពីឆ្នាំមុន ប៉ុន្តែមិនទាន់បានដាក់ឲ្យអនុវត្តទេ រហូតដល់ថ្ងៃទី១ខែមករាទើបអនុវត្ត ហើយប៉ូលិសបង្កើនការប្រឹងប្រែងរបស់ខ្លួនដើម្បីទប់ស្កាត់អ្នកដំណើរកុំឲ្យជិះលើដំបូលឡានតាក់ស៊ី ដែលកើតមានជាធម្មតានោះ។
លោកបាននិយាយថា “យើងបាននិងកំពុងប្រាប់អ្នកបើកតាក់ស៊ីកុំឲ្យមនុស្សអង្គុយលើដំបូលរថយន្តរបស់ខ្លួន ហើយថា ប្រសិនបើពួកគេល្មើសច្បាប់ យើងនឹងឈប់ឲ្យពួកគេ [បើកបរ] រយៈពេលបីថ្ងៃ”៕ និត