34 C
Phnom Penh

កំពង់ផែស្វយ័ត​ភ្នំពេញ ទទួល​បាន​ភ្លើង​ខៀវ​ក្នុង​ការ​ចុះ​បញ្ចីក្នុង​ទីផ្សារ​មូលបត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មការមូលបត្រកម្ពុជាបានផ្តល់ការអនុញ្ញាតយល់ព្រមជាលើកដំបូងដល់កំពង់ផែស្វយ័តកម្ពុជាក្នុងការលក់ភាគហ៊ុនជាសាធារណៈជាលើកដំបូង (IPO) នៅក្នុងទីផ្សារមូលបត្រថ្មោងថ្មីរបស់កម្ពុជា ដែលក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋនេះរំពឹងថា នឹងចូលរួមក្នុងដើមខែធ្នូ។

កំពង់ផែស្វយ័តភ្នំពេញ   រូបថតដោយ  ស៊ីវ ចាន់ណា
កំពង់ផែស្វយ័តភ្នំពេញ រូបថតដោយ ស៊ីវ ចាន់ណា

បើយោគជ័យ កំពង់ផែនេះនឹងក្លាយជាក្រុមហ៊ុនទី៣ហើយ ដែលចុះបញ្ជីនៅក្នុងទីផ្សារមូលបត្រដែលបើកដំណើរការបានរយៈពេលបីឆ្នាំកន្លះមកហើយ។
ការអនុញ្ញាតយល់ព្រមរបស់គណៈកម្មការមូលបត្រកម្ពុជាដែលធ្វើឡើងនៅថ្ងៃទី៧ ខែតុលា មានន័យថា ក្រុមហ៊ុននេះអាចចាប់ផ្តើមកត់ត្រាពីតម្រូវការអតិថិជនរបស់ខ្លួនដែលចង់ទិញភាគហ៊ុន ដើម្បីកំណត់ចំនួនភាគហ៊ុនឲ្យបានជាក់លាក់សម្រាប់លក់នៅលើទីផ្សារភាគហ៊ុន និងតម្លៃដំបូង។
សេចក្តីថ្លែងការណ៍របស់គណៈកម្មការនេះមានខ្លឹមសារដូច្នេះថា ” មានការរៀបចំកិច្ចប្រជុំមួយដើម្បីអនុញ្ញាតជាគោលការណ៍នូវសំណើសុំលក់ភាគហ៊ុនជាសាធារណៈរបស់កំពង់ផែស្វយ័ត បន្ទាប់ពីទទួលបានឯកសារពាក់ព័ន្ធ ការផ្តល់មតិយោបល់ និងរបាយការណ៍ផ្លូវការ”។
លោក ហ៊ី បាវី ប្រធានកំពង់ផែនេះបានលើកឡើងថា ការកត់ត្រាពីតម្រូវការរបស់អតិថិជនដែលចង់ទិញភាគហ៊ុនអាចធ្វើឡើងចន្លោះពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី២២ ខែតុលា ហើយកំណត់តម្លៃសម្រាប់ភាគហ៊ុន ដែលមានរង្វង់ទឹកប្រាក់ប្រហែល៤,២លានដុល្លារ ក្នុងនោះភាគហ៊ុននីមួយៗមានតម្លៃចន្លោះពី១,០៨ដុល្លារដល់១,៥៥ដុល្លារ។ការកំណត់តម្លៃនេះនឹងធ្វើឲ្យតម្លៃសរុបនៃការលក់ភាគហ៊ុនជាសាធារណៈមានរង្វង់ទឹកប្រាក់ចន្លោះពី៤,៥លានដុល្លារ ដល់៦,២លានដុល្លារ។
លោកបានលើកឡើងទៀតថា ភាគហ៊ុន៥៥ភាគរយទុកសម្រាប់វិនិយោគិនធម្មតា។ ហើយ៣៥ភាគរយផ្សេងទៀតទុកសម្រាប់ក្រុមហ៊ុន [ដៃគូយុទ្ធសាស្ត្រ] ដែលប្រកបអាជីវកម្មជាមួយកំពង់ផែ រីឯភាគហ៊ុន១០ភាគរយដែលនៅសល់ នឹងទុកសម្រាប់បុគ្គលិក។
លោកបានមានប្រសាសន៍បន្ថែមថា “ភាគហ៊ុននឹងលក់ទៅឲ្យបុក្គលិករបស់យើងដើម្បី ឲ្យពួកគាត់អាចចូលរួមធ្វើការជាមួយយើង ដើម្បីលើកទឹកចិត្តដល់ពួកគាត់ និងដើម្បីឲ្យពួកគាត់អាចទទួលបានផលចំណេញពីការវិនិយោគរបស់ខ្លួន”។
ប្រធានកំពង់ផែរូបនេះបានលើកឡើងបន្ថែមទៀតថា វិនិយោគិនទាំងអស់ក៏នឹងទទួលការធានានូវភាគលាភ៥ភាគរយផងដែរ ហើយថា ក្រុមហ៊ុននឹងប្រើប្រាស់ប្រាក់ចំណូលដែលបានមកពីការលក់ភាគហ៊ុនជាសាធារណៈយ៉ាងប្រិតព្រាងដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មស្នូលរបស់ខ្លួន។
លោកបានមានប្រសាសន៍ ទៀតថា “រដ្ឋាភិបាលបានសម្រេចរួចហើយថា មូលនិធីបានមកពី IPO នឹងត្រូវយកទៅវិនិយោគក្នុងការពង្រីកអាជីវកម្ម ដូចជា ហេដ្ឋារចនាសម្ព័ន្ធជាដើម មិនមែនយកទៅសងបំណុល ឬសម្រាប់គោលដៅផ្សេងឡើយ”។
លោក គង់ ចាន់នី មន្ត្រីកំពង់ផែទទួលបន្ទុកផ្នែករៀបចំ IPO បានលើកឡើងថា ភាគ ហ៊ុននឹងត្រូវដាក់លក់ក្នុងទីផ្សារមូលបត្រនៅថ្ងៃទី១១ ខែធ្នូ។
លោកបានលើកឡើងទៀតថា នៅក្នុងការរៀបចំនេះ កំពង់ផែ បានបង្កើតគណនីដាច់ដោយឡែកពីគ្នា ដែលត្រូវបង់ថ្លៃភាគហ៊ុនជាមុន មួយសម្រាប់បុគ្គលិកនៅធានាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា និងមួយទៀតសម្រាប់អតិថិជនរបស់កំពង់ផែនៅធនាគារអេស៊ីលីដា។ លោកបានលើកឡើងទៀតថា ពួកគេត្រូវទិញភាគហ៊ុនមួយចំនួនដែលពួកគេចង់បានក្នុងតម្លៃ១,៥៥ដុល្លារក្នុងមួយភាគហ៊ុន ហើយនឹងទទួលបានប្រាក់មកវិញ ក្នុងកម្រិតខុសៗគ្នា ប្រសិនបើភាគហ៊ុនធ្លាក់ថ្លៃ។
លោក គង់ ចាន់នី បានលើកឡើងទៀតថា វិនិយោគិនដែលអាចនឹងទិញភាគហ៊ុន មានឱកាសចោទជាសំណួរអំពី IPO នេះទៅកាន់មន្ត្រីកំពង់ផែបាននៅក្នុងកិច្ចប្រជុំដែលនឹងធ្វើឡើងនៅថ្ងៃច័ន្ទ។
ប្រសិនបើ និងនៅពេលកំពង់ផែនេះចូលរួមក្នុងទីផ្សារមូលបត្រមែននោះ វានឹងមានការចុះបញ្ជីអមជាមួយនឹងរដ្ឋាករទឹកស្វយ័តភ្នំពេញគ្រប់គ្រងដោយរដ្ឋ និងក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា Grand Twin International ។ ភាគហ៊ុនរបស់ក្រុមហ៊ុនទាំងពីរនេះមានដំណើរការមិនសូវបានល្អដូចការរំពឹងទុកឡើយ ចាប់តាំងពីពេលចុះបញ្ជីមក៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស