លោក ស្សន មឺរី (Shaun Murray) ដែលជាជើងឯកពិភពលោក៤ជំនាន់នៃកីឡាស្គីលើទឹក វ៉េកបតឌីង (Wakeboarding-ជាកីឡាស្គីលើទឹកដែលអ្នកលេងត្រូវតោងខ្សែអូសដោយអូប័រ) និងជាតួអង្គក្នុងវីដេអូហ្គេមដែលមានចំណងជើងថា “Wakeboarding Unleashed featuring Shaun Murray” បានចំណាយពេលប្រហែល២០នាទីកាលពីថ្ងៃសៅរ៍ ដើម្បីបញ្ចេញស្នៀតពិសេសៗនៃកីឡានេះនៅស្រះទឹកមួយស្ថិតនៅជាយរាជធានីភ្នំពេញ។

ឈរជ្រកម្លប់តង់នៅទីលានប្រកួត Kam-air Wakepark ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា លោក ស្សន មឺរី មានប្រសាសន៍ថា “យើងកំពុងអង្គុយនៅវាលស្រែកណ្ដាលប្រទេសកម្ពុជា ហើយយើងមិនធ្លាប់ស្រមៃដល់ឡើយពីមុនមក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ ប្រព័ន្ធប៉មពីរនេះបានធ្វើឲ្យយើងអាចលេងកីឡាវ៉េកបតឌីងបាននៅកន្លែងដែលជាធម្មតាមិនអាចលេងបាន”។
មនុស្សប្រហែល៥០នាក់បានចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាវ៉េកបតឌីងលើកដំបូងបង្អស់នៅកម្ពុជា នៅ ”ទីលានកីឡាប្រកួតវ៉េកបតឌីង” ដែលមានតែមួយគត់នៅក្នុងប្រទេសដែលបានសម្ពោធជាផ្លូវការកាលពីថ្ងៃសៅរ៍ ពោលគឺប្រហែល២ឆ្នាំបន្ទាប់ពីត្រូវបានផ្ដួចផ្ដើមឡើងដោយសាសនទូត អាល់ អុីវែនស៍ (Alf Evans) ដែលមានដើមកំណើតនៅរដ្ឋតិចសាស។
ក្នុងចំណោមអ្នកមានវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតនេះដែលអាចដំណើរការទៅបានដោយសារក្រុមហ៊ុន ណធីក (Nautique) ជាក្រុមហ៊ុនកីឡាវ៉េកបតឌីង មានកីឡាករវ៉េកបតឌីងអាជីពលំដាប់កំពូលរបស់ពិភពលោកចំនួនបួនរូបដែលមានដូចជា ស្សន មឺរី បប់ សូវិន (Bob Soven) អែមីលី ដឺរែម (Emily Durham) និង រីមី មឺរីត (Raimi Merritt)។
ក្រោយការប្រកួតជាលក្ខណៈមិត្តភាពជាមួយអ្នកប្រកួតប្រជែងប្រហែល១០រូប កីឡាករអាជីពទាំងបួនដែលទាញដោយរ៉កខ្សែកាបលាតសន្ធឹងកាត់ផ្ទៃទឹកប្រហែល១៥៥ម៉ែត្រ បានបញ្ចេញស្នៀតពិសេសៗជូនអ្នកចូលរួមទស្សនា។
ប្រព័ន្ធរ៉កខ្សែកាបនេះទាញអ្នកជិះទៅចុងស្រះកន្លែង ដែលនៅទីនោះពួកគេត្រូវផ្លាស់វេនគ្នានៅពេលប្រព័ន្ធរ៉កប្ដូរទិសដៅ ហើយទាញពួកគេត្រឡប់ទៅវិញ ដោយធ្វើឲ្យពួកគេអាចជិះបានរហូតឲ្យតែអ្នកជិះមិនធ្លាក់ទឹក។
ដោយមានទីសម្រាប់បញ្ចេញស្នៀតលោតផ្លោះនៅកណ្ដាលស្រះ កីឡាករអាជីពទាំងបួនរូបបានបង្ហាញអ្នកចូលរួមនូវអ្វីដែលអាចធ្វើបាន ដោយពួកគាត់បានបញ្ចេញស្នៀតក្រឡាប់ និងបង្វិលខ្លួន នៅពេលលោក អាល់ អុីវែនស៍ ឬលោក ស្សន មឺរី ប្រកាសឈ្មោះស្នៀតនីមួយៗ។
លោក ចន ហ្វីហ្វើ (John Phifer) ជាសាសនទូតមកពីរដ្ឋតិចសាស ដែលជាដៃគូរបស់លោក អាល់ អុីវែនស៍ ក្នុងការធ្វើឲ្យទីលានប្រកួត Kam-air Wakeboard ចាប់ផ្តើមដំណើរការ មានក្តីរំភើបយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះ។
លោកបានមានប្រសាសន៍ថា “វាជាជោគជ័យដ៏អស្ចារ្យ វាលើសពីអ្វីដែលយើងបានរំពឹងទុក។ អាល់ និងខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះយើងមានកីឡាករវ៉េកបតឌីង កំពូលៗ លំដាប់ពិភពលោកចំនួនបួនរូបនៅក្នុងប្រទេសកម្ពុជា នៅទីលានប្រកួតវ៉េកបតឌីង របស់យើង។ វាពិតជាអស្ចារ្យណាស់ គ្មានអ្វីអស្ចារ្យដូចនេះឡើយ”។
លោក ស្សន មឺរី ជាអតីតជើងឯកពិភពលោកដែលបានក្លាយជាកីឡាករវ៉េកបតឌីងអាជីពអស់រយៈពេល២១ឆ្នាំ មានប្រសាសន៍ថា ក្រុមរបស់លោកធ្វើដំណើរជុំវិញពិភពលោកដោយសោហ៊ុយចំណាយជាបន្ទុករបស់ក្រុមហ៊ុន ណធីក ដែលលោកចាត់ទុកជា ”ក្រុមហ៊ុនមានជំនឿសាសនា” ដែលរៀបចំ “ដំណើរផ្សព្វផ្សាយ និងបំពេញបេសកកម្ម”។
លោកបានលើកឡើងថា ”យើងធ្លាប់បានទៅកាន់ប្រទេសអែលសាល់វ៉ាឌ័រ កន្លងទៅមិនយូរប៉ុន្មានទេ ហើយកាលពីពីរបីឆ្នាំមុន ខ្ញុំបានទៅប្រទេសឥណ្ឌា។ វាជារឿងគួរឲ្យចាប់អារម្មណ៍ដែលនៅតែអាចលេងកីឡាវ៉េកបតឌីងបាន ប៉ុន្តែវានៅតែមានឥទ្ធិពលខុសគ្នាមកលើជីវិតរស់នៅ”។
សម្រាប់លោក អាល់ អុីវែនស៍ និងលោក ចន ហ្វីហ្វើ ដែលបានជួបគ្នានៅព្រះវិហារគ្រិស្តក្នុងទីក្រុងហ្គ្រេបវ៉ាន (Grapevine) រដ្ឋតិចសាស កីឡាវ៉េកបតឌីងគឺជាបេសកកម្មមួយរបស់ក្រុមហ៊ុនដែរ។
បច្ចុប្បន្ន ពួកគាត់ទាំងពីរមានបុគ្គលិកនាក់ ហើយកំពុងពិចារណាជួលបុគ្គលិកម្នាក់ទៀត ហើយសង្ឃឹមថា នឹងជួយយុវជនឲ្យក្លាយជាជនគំរូនៅក្នុងសហគមន៍របស់ពួកគេ និងមានជំនឿលើព្រះយេស៊ូ។
លោក អាល់ អុីវែនន៍ បានមានប្រសាសន៍ថា “ខ្ញុំនឹងជំរុញលើកទឹកចិត្តពួកគេ ប៉ុន្តែខ្ញុំមិនបង្ខំឲ្យពួកគេទៅព្រះវិហារនោះទេ។ យើងចង់ឲ្យមនុស្សទាំងពីរនាក់របស់យើងក្លាយជាគ្រិស្តសាសនិក ប៉ុន្តែវាមិនតម្រូវទាល់ពួកគេជាបុគ្គលិកទេ នោះមិនមែនជាអ្វីដែលព្រះយេស៊ូបានធ្វើឡើយ”។
ដោយហៅខ្លួនឯងថាជា “កីឡាករវ៉េកបតឌីងដ៏ចំណាស់ និងជាអតីតគ្រូគង្វាលយុវជន” លោក អាល់ អុីវែនស៍ ជាអ្នកទទួលបន្ទុកផ្នែកបង្ហាត់លេងកីឡាវ៉េកបតឌីង ហើយលោក ចន ហ្វីហ្វើ គឺជាសិស្សទី១របស់លោកនៅទីលានប្រកួតនោះ។
លោកបានមានប្រសាសន៍ថា ”យើងមិនយកប្រាក់ខែទាល់តែសោះ។ អ្វីៗដែលអ្នកឃើញគឺសុទ្ធតែត្រូវបានចំណាយ ឬបរិច្ចាគដោយប្រជាជនក្នុងសហរដ្ឋអាមេរិក។ ហើយប្រាក់ដែលបានពីនេះនឹងទុកសម្រាប់ទីលានប្រកួត និងបុគ្គលិក”។
សូមបញ្ជាក់ថា ពួកគេបានចំណាយប្រាក់ប្រហែល៤.០០០ដុល្លារលើការជីកស្រះ ចំណែកឯប្រព័ន្ធខ្សែរ៉កដែលមានតម្លៃ៣០.០០០ដុល្លារត្រូវបានបរិច្ចាគដោយសមាជិកព្រះវិហារគ្រិស្ត។
ក្រុមនេះមានគម្រោងស្វែងរកអ្នកឧបត្ថម្ភក្នុងចំណោមជនបរទេសនៅក្នុងរាជធានីភ្នំពេញ និងប្រជាជនមានចំណូលលើមធ្យមដែលមានពេលវេលា មានប្រាក់ និងចិត្តចង់រៀនលេងកីឡាវ៉េកបតឌីង និងពូកែលេងកីឡានេះ។ លោកទាំងពីរសង្ឃឹមថា ប្រាក់ដែលទទួលបានពីអ្នកលេងកីឡាវ៉េកបតឌីង នឹងគ្រប់គ្រាន់សម្រាប់ឲ្យគម្រោងនេះបន្តដំណើរការទៅមុខ។
អ្នកស្រី អែមីលី ដឺរែម ជាកីឡាករអាជីពមួយរូបក្នុងចំណោមកីឡាករអាជីពទទួលការឧបត្ថម្ភពីក្រុមហ៊ុនណធីក ដែលបានចូលនិវត្តពីការប្រកួតកាលពីពេលថ្មីៗនេះ បន្ទាប់ពីចាប់អាជីពក្នុងកីឡានេះអស់រយៈពេល១៦ឆ្នាំ បានលើកឡើងថា “ខ្ញុំគិតថា វាពិតជាមានសក្ដានុពលយ៉ាងខ្លាំង។ វាជារឿងថ្មីនៅទីនេះ។ ពួកគេមិនស្គាល់ថាអ្វីជាកីឡាវ៉េកបតឌីងទេ។ ពួកគេមិនទំាងស្គាល់ថា អ្វីជាស្គីលើទឹកផង!”៕ សុខុម