កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា រដ្ឋាភិបាលអនាគតដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ នឹងប្រឈមប្រតិកម្មយ៉ាងខ្លាំងក្លា ប្រសិនបើខ្លួនព្យាយាមជំនួសមុខតំណែងលោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធលពលខេរមភូមិន្ទ និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលសុទ្ធតែជាមន្ត្រីស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជា។
នៅក្នុងការគំរាមថ្មីបំផុតរបស់លោកអំពីសង្គ្រាមស៊ីវិល ឬសង្គ្រាមពេញទំហឹង ប្រសិនបើគណបក្សប្រឆាំងឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ លោក ហ៊ុន សែន បានថ្លែងអំឡុងពិធីប្រគល់សញ្ញាបត្រមួយក្នុងរាជធានីភ្នំពេញថា គណបក្សសង្គ្រោះជាតិមានភាពមិនស្មោះត្រង់ឡើយក្នុងការសន្យាមិនដកមន្ត្រីណាម្នាក់ចេញ ប្រសិនបើខ្លួនឡើងកាន់អំណាច។
លោកលើកឡើងថា “សារគោលនយោបាយរបស់ពួកគេគឺ ’ទុកមន្ត្រីចាស់ ហើយដំឡើងប្រាក់ខែឲ្យពួកគេ’។ អញ្ចឹងអ្នកគាំទ្រ [គណបក្សសង្គ្រោះជាតិ] ដែលលក់គោក្របី និងសូម្បីឆ្កែរបស់ខ្លួនដើម្បីជួយបក្ស តើការងារសម្រាប់ពួកគេនៅឯណា? ទុកអាចាស់ អាថ្មីចូលអត់បាន” ដោយព្យាករថា អ្នកដែលគាំទ្រគណបក្សប្រឆាំងបច្ចុប្បន្ន នឹងតវ៉ាចំពោះការមិនទទួលបានមុខតំណែង បន្ទាប់ពី “តស៊ូចង់ងាប់” ដើម្បីជួយឲ្យបក្សឡើងកាន់អំណាច។
លោកព្រមានថា ”ហ៊ានប៉ះ ប៉ុល សារឿន ប៉ះ នេត សាវឿន ពួកនេះទាញកម្លាំងដាក់ភឹង។ ចៅហ្វាយខេត្តនានាទាញកម្លាំងដាក់ភឹង។ ឯងសន្យាមិនគោរពយ៉ាងម៉េច?”។
សូមបញ្ជាក់ថា នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សុទ្ធតែជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ដ៏មានឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជា។
ក្នុងរយៈពេល១ខែមកនេះ លោកនាយករដ្ឋមន្ត្រីបានព្រមានម្ដងហើយម្ដងទៀតថានឹងផ្ទុះសង្គ្រាមស៊ីវិល និងអំពើហិង្សា ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតឆ្នាំ២០១៨ ដោយប្រៀបធៀបផែនការរបស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងសម្រាប់ប្រទេសកម្ពុជា ទៅនឹងផែនការរបស់ ប៉ុល ពត ក្នុងទសវត្សរ៍ឆ្នាំ១៩៧០។
ផែនការរបស់លោក សម រង្ស៊ី ក្នុងការបង្កើតតុលាការដើម្បីកាត់ទោសឧកញ៉ាដែលជាប់សង្ស័យពីបទលួចប្លន់ដីធ្លីពីអ្នកភូមិ បានធ្វើឲ្យលោក ហ៊ុន សែន ផ្ទុះកំហឹងយ៉ាងខ្លាំង ហើយកាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រីបានព្រមានជាថ្មីម្ដងទៀតថានឹងមាន “សង្គ្រាមផ្ទៃក្នុង” ប្រសិនបើគណបក្សសង្គ្រោះជាតិអនុម័តផែនការនោះ។
លោកបានលើកឡើងថា “សង្គ្រាមផ្ទៃក្នុងនឹងផ្ទុះឡើង។ សង្គ្រាមនឹងកើតឡើង កុំថាខ្ញុំគំរាម ព្រោះឲ្យសារមកបែបនេះទៅហើយ”។
ទាក់ទិនការលើកឡើងនេះ ទាំងលោក ប៉ុល សារឿន និងលោក នេត សាវឿន មិនអាចទាក់ទងសុំការបំភ្លឺបានឡើយ។
លោក សម រង្ស៊ី បានលើកឡើងតាមរយៈសារអេឡិចត្រូនិកពីប្រទេសបារាំងថា លោកជឿថា ការគំរាមរបស់លោកនាយករដ្ឋមន្ត្រីថានឹងកើតមានសង្គ្រាមស៊ីវិល ប្រសិនបើគណបក្សសង្គ្រោះជាតិដកឧត្ដមសេនីយ៍ណាម្នាក់ចេញនោះ គឺមានភាពមិនសុចរិត។
លោកបានសរសេរថា “ការព្រមាន និងការគំរាមឥតឈប់ឈរទាំងនេះធ្វើឡើងក្នុងបំណងបំភ័យប្រជាពលរដ្ឋកុំឲ្យបោះឆ្នោតដើម្បីការផ្លាស់ប្ដូរនយោបាយ។ វាហាក់ដូចជាឆ្លុះបញ្ចាំងពីការភ័យស្លន់ស្លោចំពោះការបោះឆ្នោតសម្រាប់អ្នកដែលធ្វើការព្រមាន និងការគំរាមទាំងនេះ”។
លោក អ៊ូ វីរៈ ស្ថាបនិក “វេទិកាអនាគត” ដែលជាអង្គការវិភាគ និងស្រាវជ្រាវនយោបាយបានមានប្រសាសន៍ថា ការព្រមានរបស់លោក ហ៊ុន សែន អំពីប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់កងកម្លាំងប្រដាប់អាវុធ ប្រសិនបើគណបក្សសង្គ្រោះជាតិឡើងកាន់អំណាច បានបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំង។
លោកថ្លែងថា “គ្រោះថ្នាក់គឺមាន។ អ្នកគ្រប់គ្នាទទួលស្គាល់ថាវាជាហានិភ័យ ហើយវាបង្ហាញពីរបៀបដែលលោក ហ៊ុន សែន បរាជ័យធ្ងន់ធ្ងរដែលមិនបានជំរុញឲ្យមានរដ្ឋាភិបាលស៊ីវិល ព្រោះឲ្យតែយោធាទទួលបទបញ្ជាពីអ្នកនយោបាយ គឺយើងគ្មានលទ្ធិប្រជាធិបតេយ្យឡើយ។ ប្រសិនបើរឿងនោះមិនត្រូវបានធានាទេ លោក ហ៊ុន សែន បរាជ័យទាំងស្រុងចំពោះការកសាងស្ថាប័ន ដូច្នេះលោកនឹងទទួលស្គាល់ថា លោកប្រើប្រាស់យោធាដើម្បីគាំទ្រគណបក្សកាន់អំណាច។ វាបង្ហាញថា លោកបានរៀបចំផែនការឲ្យយោធាប្រកាន់បក្ខពួក ហើយឈរនៅខាងលោកសូម្បីអំឡុងពេលបោះឆ្នោតទាំងនេះ”។
គំនិតដែលយល់ថា កងទ័ពនឹងនៅតែស្មោះស្ម័គ្រចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងករណីគណបក្សសង្គ្រោះជាតិទទួលបានជ័យជម្នះនោះ ត្រូវបានជំទាស់ និងព្រលយពាក្យដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ជាក់ស្ដែងលោក ជា តារា មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងកាលពីខែកក្កដាថា ”កងទ័ពជារបស់គណបក្សប្រជាជនកម្ពុជា” បណ្តាលឲ្យមានការស្ដីបន្ទោសយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំយោធា និងគណបក្សប្រជាជនកម្ពុជា ដែលបានសង្កត់ធ្ងន់ពីភាពឯករាជ្យរបស់កងកម្លាំងប្រដាប់អាវុធ។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានតស៊ូមតិជាយូរមកហើយកុំឲ្យយោធាពាក់ព័ន្ធរឿងនយោបាយនោះ បានមានប្រសាសន៍ថា លោកយល់ថា ការជំនួសតំណែងថ្នាក់ដឹកនាំកងទ័ពនឹងមិនបង្កបញ្ហាសម្រាប់គណបក្សសង្គ្រោះជាតិឡើយ ដរាបណាខ្លួនមិនព្យាយាមដាក់ឥទ្ធិពលរបស់ខ្លួនលើយោធា។
សំដៅដល់លោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជាប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងភេរវកម្មនៃក្រសួងការពារជាតិ លោកថ្លែង ថា ”សូម្បីយើងឃើញកូនប្រុសរបស់នាយករដ្ឋមន្ត្រីក្លាយជាអគ្គមេបញ្ជាការកងទ័ព ក៏យើង គោរព។ គាត់មានសមត្ថភាព និងមានគ្រប់ជំនាញដើម្បីកែប្រែមុខមាត់របស់កងទ័ព”។
លោកបានបន្តថា “នេះអាចស្មើគ្នា ប្រសិនបើមានការព្រួយបារម្ភថារដ្ឋាភិបាលថ្មីនឹងប្រើប្រាស់អំណាចរបស់ខ្លួនដើម្បីសងសឹករដ្ឋាភិបាលចាស់។ ខ្លួនខ្ញុំផ្ទាល់យល់ឃើញថា លោក ហ៊ុន ម៉ាណែត អាចជាមេបញ្ជាការដ៏ល្អនៃកងកម្លាំងប្រដាប់អាវុធ ដរាបណាគាត់មានឆន្ទៈធ្វើការដើម្បីកែទម្រង់កងទ័ពដោយឈរលើមូលដ្ឋានវិជ្ជាជីវៈ”៕ សុខុម