ក្រុងបាត់ដំបង-សវនាការ ជំនុំជម្រះគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណដែលចោទប្រកាន់ពីបទធ្វើ ឲ្យអ្នកភូមិជាង២៧០នាក់ឆ្លងមេរោគអេដស៍បានបញ្ចប់កាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីមានសវនាការរយៈពេលប្រាំថ្ងៃនៅតុលាការខេត្តបាត់ដំបង ហើយសាលក្រមនឹងប្រកាសនៅដើមខែធ្នូ។
អាជ្ញាធរ និយាយថា លោក យ៉ែម ជ្រិន អាយុ៥៦ឆ្នាំ ទទួលខុសត្រូវចំពោះការផ្ទុះមេរោគអេដស៍នៅក្នុងឃុំរកា ស្រុកសង្កែ ដែលត្រូវរាយការណ៍ឲ្យដឹងដំបូងកាលពីខែធ្នូឆ្នាំមុន។ រហូតមកដល់ពេលនេះមានអ្នកភូមិដែលកើតជំងឺអេដស៍ដប់នាក់បានស្លាប់។
សវនាការ បានផ្តល់ទឡ្ហីករណ៍ថា លោក ជ្រិន ដែលត្រូវបានចោទពីបទឃាតកម្មមានស្ថានទម្ងន់ទោស ការចម្លងរីរុសហ៊ីវដោយចេតនា និងបើកការព្យាបាលដោយគ្មានអាជ្ញាប័ណ្ណ បានបង្កឲ្យមានការរីករាយដាលជំងឺនេះ ព្រោះមិនបានដូរឧបករណ៍ពេទ្យពេលព្យាបាលដោយចាក់ថ្នាំ និងព្យួរសេរ៉ូម ដោយប្រើសឺរ៉ាំងដដែលៗលើអ្នកជំងឺ។
ក្នុង ពេលផ្តល់សេចក្តីសន្និដ្ឋានបិទកាលពីថ្ងៃពុធ ព្រះរាជអាជ្ញារង លោក ហេង លុយ បានស្នើសុំក្រុមប្រឹក្សាជំនុំជម្រះដាក់ទោសលោក ជ្រិន ហើយកាត់ទោសគ្រូពេទ្យរូបនេះឲ្យជាប់ទោសធ្ងន់ធ្ងរបំផុតគឺជាប់ទោស មួយជីវិត។
ដោយ ចង្អុយបង្ហាញទៅលើសក្ខីកម្មពីអ្នកភូមិដែលឆ្លងមេរោគអេដស៍ប្រហែល ៨០នាក់ក៏ដូចជាមន្ត្រីសុខាភិបាលនិងអ្នកជំនាញសុខភាពសាធារណៈចំនួន ប្រាំពីរនាក់ ដែលឡើងបំភ្លឺនៅថ្ងៃចុងក្រោយនៃសវនាការ លោក លុយ បាននិយាយថា ប្រាកដណាស់ថា លោក ជ្រិន បានចម្លងមេរោគដល់អ្នកជំងឺដែលលោកបានព្យាបាល។
ក្នុងរយៈពេល ប្រាំថ្ងៃនៃសវនាការ អ្នកភូមិរកាជាច្រើននាក់ដែលឆ្លងវីរុសនេះបានប្រាប់តុលាការថា ពួកគេជឿថា លោក ជ្រិន បានទទួលខុសត្រូវចំពោះការឆ្លងជំងឺរបស់គេ ព្រោះថាគ្រូពេទ្យរូប នេះតែម្នាក់គត់ដែលបានផ្តល់ការព្យាបាលដល់ពួកគេ។
សាក្សីខ្លះ រួមមានលោក ឡឺម ឡម អាយុ៥២ឆ្នាំ ដែលបានធ្វើតេស្តឃើញវីរុសហ៊ីវ បានបង្កឲ្យមានការភ័យផ្អើលកាលពីខែធ្នូ បាននិយាយថា ពួកគេបានឃើញគ្រូពេទ្យរូបនេះប្រើសឺរ៉ាំងដដែលៗពេលចាក់ថ្នាំនិង ព្យួរសេរ៉ូមឲ្យពួកគេ។
លោក ឡម បាននិយាយបន្ទាប់ពីផ្តល់សក្ខីកម្មកាលពីសប្តាហ៍មុនថា “ខ្ញុំ សង្ស័យលោក ជ្រិន ធ្វើឲ្យអ្នកភូមិឆ្លងវីរុសហ៊ីវ ពីព្រោះលោកប្រើសឺរ៉ាំងចាក់ថ្នាំឲ្យខ្ញុំ កញ្ចប់សឺរ៉ាំងបានបើកចំហ”។
នៅពេល សួរថាតើលោក ជ្រិន ធ្វើឲ្យអ្នកភូមិឆ្លងវីរុសនេះ ជនរងគ្រោះដឹងមិនសូវច្បាស់លាស់។ អ្នកស្រី ជី ស៊ អាយុ៤៥ឆ្នាំ ជាអ្នកភូមិចុងក្រោយដែលផ្តល់សក្ខីកម្មនៅក្នុងតុលាការកាលពីថ្ងៃពុធ បាននិយាយថា អ្នកស្រីច្បាស់ណាស់ថា គ្រូពេទ្យរូបនេះទទួលខុសត្រូវចំពោះការចម្លងមេរោគនេះ។
អ្នកស្រី ស៊ បាននិយាយតាមទូរស័ព្ទបន្ទាប់ពីសវនាការថា “ខ្ញុំឆ្លងវីរុសហ៊ីវដោយសារ យ៉ែម ជ្រិន ពីព្រោះគាត់តែម្នាក់ដែលបានព្យាបាលខ្ញុំ…. ហើយខ្ញុំមិនដែលបានប្រព្រឹត្តអាក្រក់ទៅលើនរណាម្នាក់ទេ។
ទោះជាយ៉ាងនេះក្តី អ្នកស្រីបានទទួលស្គាល់ថា អ្នកស្រីមិនបានដឹងគោលបំណងរបស់លោក ជ្រិន ទេ។
អ្នកស្រីបាននិយាយថា “ខ្ញុំមិនដឹងថា យ៉ែម ជ្រិន បានដឹង ឬមិនបានដឹងថា គាត់ចម្លងវីរុសហ៊ីវដល់យើងទេ”។
បន្ថែម ទៅនឹងសក្ខីកម្មរបស់ជនរងគ្រោះ តុលាការបានកោះហៅមន្ត្រីសុខាភិបាលនិងអ្នកជំនាញសុខភាពសាធារណៈ មួយចំនួនមកបំភ្លឺ។ មន្ត្រីទាំងនោះរួមមាន លោក មាន ជីវុន អតីតនាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ដែលបានចូលនិវត្តន៍កាលពីខែកុម្ភៈ។
លោក វឿង ប៊ុនរ៉េត នាយកមន្ទីរសុខាភិបាលខេត្តបាននិយាយក្នុងពេលសវនាការថា លោកជឿថា លោក ជ្រិន បានទទួលខុសត្រូវចំពោះការផ្ទុះជំងឺអេដស៍ បន្ទាប់ពីពិនិត្យមើលគេហដ្ឋានរបស់គ្រូពេទ្យម្នាក់នេះពេលចុះស៊ើប អង្កេតដំបូង។
លោក ប៊ុនរ៉េត បានរៀបរាប់ថាឃើញផ្ទះរបស់គ្រូពេទ្យនេះគ្មានអនាម័យ ដោយមានឧបករណ៍ពេទ្យបោះចោលពាសវាលពាសកាលនៅខាងក្រោយផ្ទះរបស់គាត់។
ទាក់ទង កាលពីល្ងាចថ្ងៃពុធ លោក ប៊ី បេងស៊ នាយកមណ្ឌលសុខាភិបាលឃុំរកា ដែលផ្តល់សក្ខីកម្មក្នុងតុលាការ បាននិយាយថា លោកបាននាំលោក ប៊ុនរ៉េត ទៅត្រួតពិនិត្យផ្ទះលោក ជ្រិន ហើយក៏ជឿថា គ្រួពេទ្យរូបនេះបានទទួលខុសត្រូវចំពោះការផ្ទុះមេរោគនេះ។
លោក បេងស៊ បាននិយាយថា “យ៉ែម ជ្រិន មិនមានអនាម័យទេ សូម្បីតែគ្រែដេកគាត់ គាត់មិនដែលដូរ ឬបោកគក់មុងទេ”។
ទោះជាយ៉ាងនេះក្តី នាយកមណ្ឌលសុខភាពរូបនេះបានទទួលស្គាល់ថា ភ័ស្តុតាងនេះមិនទាន់សន្និដ្ឋានពិតប្រាកដទេ។
លោកបាននិយាយថា “រហូត មកដល់ពេលនេះ យើងមិនទាន់មានភ័ស្តុតាងជាក់លាក់ ដែលនិយាយថា យ៉ែម ជ្រិន គឺជាប្រភពនៃការ ឆ្លងវីរុសហ៊ីវទេ”។
លោក ជីវុន ដែល ឥឡូវជាទីប្រឹក្សាក្រសួងសុខាភិបាលមិនឆ្លើយ សំណួររបស់ចៅក្រមទាក់ទិននឹងលក្ខណៈជាក់លាក់ នៃករណីឃុំរកាទេ ដោយគ្រាន់តែផ្តល់ព័ត៌មាន ទូទៅស្តីពីហ៊ីវអាចឆ្លងតាមរបៀបណា ប៉ុណ្ណោះ។
លោក ជីវុន បាន និយាយថា លោកមិនបានដឹងអំពីលទ្ធផលនៃការ ធ្វើតេសជាបន្តបន្ទាប់ដោយវិទ្យាស្ថានប៉ាស្ទ័រ នៅក្រុងភ្នំពេញ និងមជ្ឈមណ្ឌលសហរដ្ឋអាមេរិកប្រយុទ្ធ ជំងឺនៅរដ្ឋអាតឡាន់តា ទាក់ទងនឹងសំណាកគំរូនៃ វីរុសមកពីឃុំរកានោះទេ ដែលអាចបង្ហាញ ភ័ស្តុតាងថា វីរុសនោះបានរាលដាលពីប្រភពតែ មួយ។ លោក ជីវុន បានប្រាប់តុលាការថា អ្នកជំនាញមក ពីវិទ្យាស្ថានប៉ាស្ទ័រមានព័ត៌មានច្បាស់លាស់ ក្នុងការឆ្លើយសំណួររបស់ពួកគេ។
លោក ស្រី យិច ឈាណាវី ប្រធានជំនុំជម្រះ បាននិយាយថា តុលាការនឹង ព្យាយាមស្វែងរកលទ្ធផលពីវិទ្យាស្ថាន ប៉ាស្ទ័រ។ លោកស្រីបាននិយាយថា សាលក្រមនឹងប្រកាស នៅថ្ងៃទី៣ ខែធ្នូ។
នៅ ខាងក្រៅបន្ទប់សវនាកាមុននឹងផ្តល់ សក្ខីកម្ម លោក ជីវុន បាននិយាយថាមិនអាចនិយាយ ជាក់លាក់ថានរណាដែលទទួលខុសត្រូវចំពោះ ការផ្ទុះមេរោគអេដស៍នៅឃុំរកាទេ។
លោកបាននិយាយថា “នៅចំណុចនេះ នរណាដឹង? វា ពិបាកនឹងដឹងថាតើការផ្ទុះមេរោគនេះ គឺ បណ្តាលមកពីមនុស្សនេះ ឬមនុស្សនោះទេ?”។
ក្នុង សេចក្តីសន្និដ្ឋានបិទ លោក ឯម សុវណ្ណ មេធាវីការពារក្តី លោក ជ្រិន បាននិយាយថា ភ័ស្តុតាងដែលបង្ហាញនៅតុលាការ គឺមិនគ្រប់គ្រាន់ដើម្បីកាត់ឲ្យកូនក្តី លោកជាប់ទោសទេ ដោយស្នើសុំឲ្យចៅក្រម ឈាណាវី ទម្លាក់ចោលបទចោទឃាតកម្មមានស្ថាន ទម្ងន់ទោស ហើយពន្យល់ថា កូនក្តីរបស់លោក មិនដែលធ្វើបាបអ្នកភូមិរកាទេ គឺមានតែជួយ ព្យាបាលពួកគេប៉ុណ្ណោះ។
ក្នុងសំណូមពរចុងក្រោយ លោក ជ្រិនក៏បានស្នើសុំការបន្ធូរបន្ថយទោសពីចៅក្រម។
លោក ជ្រិន បានប្រាប់តុលាការថា “ខ្ញុំ បានព្យាបាលអ្នកភូមិដោយស្មោះត្រង់។ ខ្ញុំ មិនមានចេតនាធ្វើឲ្យពួកគេឆ្លងហ៊ីវទេ ដូច្នេះខ្ញុំស្នើសុំចៅក្រមបន្ធូរបន្ថយទោស ខ្ញុំ ព្រោះខ្ញុំត្រូវជួបជុំជាមួយកូន ប្រពន្ធ និង ម្តាយចាស់ជរារបស់ខ្ញុំ។ ខ្ញុំត្រូវរកប្រាក់ ចិញ្ចឹមគ្រួសារ”៕ រើន