ឧត្តមសេនីយ៍យោធាមួយរូបត្រូវតុលាការក្រុងភ្នំពេញរកឃើញថា មានទោសកាលពីថ្ងៃសុក្រពីបទជ្រៀតជ្រែកក្នុងការសើុបអង្កេតនៃឃាតកម្មលើពាណិជ្ជករម្នាក់គឺលោក អឹុង ម៉េងជឺ កាលពីខែវិច្ឆិកា ឆ្នាំមុន ប៉ុន្តែ ទោសជាប់ពន្ធនាគាររបស់លោកត្រូវកាត់បន្ថយ ហើយនិងរួចខ្លួនក្នុងរយៈពេលមិនដល់មួយខែទៀតផង។

ឧត្តមសេនីយ័ត្រី ពេជ្រ ព្រហ្មមុនី ដែលបម្រើការជាអង្គរក្សរបស់លោក អាំង មាលតី ជាអតីតប្រធានតុលាការក្រុងភ្នំពេញអបយស ដែលកំពុងរង់ចាំការបើកសវនាការពីបទពុករលួយ បានសារភាពថា ខ្លួនបានជ្រៀតចូលគ្រួសាររបស់ ថោង សារ៉ាត់ ជាមន្ត្រីក្រសួងការពារជាតិដែលជាប់ចោទពីបទរៀបចំឃាតកម្ម ប៉ុន្តែ បានអះអាងថា លោកបានធ្វើដូច្នោះតាមបញ្ជាចៅហ្វាយនាយរបស់លោក និងអ្នកមានអំណាចផ្សេងទៀតប៉ុណ្ណោះ។
មន្ត្រីយោធាដូចជាឧត្តមសេនីយ៍ត្រី ព្រហ្មមុនី មិនទទួលបានការអនុញ្ញាតឲ្យចូលរួលរួមក្នុងការសើុបអង្កេតបទល្មើសព្រហ្មទណ្ឌនោះទេ។ មាត្រា៦០៩នៃក្រមព្រហ្មទណ្ឌចែងថា ការជ្រៀតជ្រែកដោយខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពីមួយឆ្នាំទៅបីឆ្នាំ។
ប៉ុន្តែ នៅឯតុលាការក្រុងកាលពីថ្ងៃសុក្រ ចៅក្រម វ៉េង ហ៊ត់ បានប្រកាសថា ទោះបីចុងចោទត្រូវរកឃើញថា មានទោសប្រព្រឹត្តបទឧក្រិដ្ឋក៏ដោយ ក៏ចុងចោទរូបនេះជាប់ទោសរយៈពេលខ្លីដែរ។
ចៅក្រមរូបនេះបានប្រកាសសាលក្រមថា ”យើងសម្រេចដាក់ពន្ធនាគារ ពេជ្រ ព្រហ្មមុនី រយៈពេល១៨ខែ តែអនុវត្តទោស១០ខែ”។ ចៅក្រមរូបនេះមិនបានពន្យល់អំពីការកាត់បន្ថយទោសនោះទេដែលធ្វើឲ្យលោកឧត្តមសេនីយ៍ត្រីរូបនេះរួចខ្លួននៅខែក្រោយនេះ ក្នុងខណៈដែលជាប់ពន្ធនាគារចាប់តាំងពីមានការចាប់ខ្លួនកាលពីខែកុម្ភៈ។
ទាក់ទងតាមទូរស័ព្ទ ចៅក្រម ហ៊ត់ បានបដិសេធមិនពន្យល់អំពីការបន្ធូរបន្ថយទោសរបស់តុលាការទេ។
ចៅក្រមរូបនេះបាននិយាយថា “មិនបាច់ចង់ដឹងទេ ជារឿងផ្ទៃក្នុង”។
ឧត្តមសេនីយ៍ត្រី ព្រហ្មមុនី ដែលត្រូវផ្ទេរពីខេត្តព្រះវិហារតាមសំណើរបស់លោក មាលតី ក៏បានរួចខ្លួនពីបទចោទទី២ ពោលគឺការប្រើដោយគ្មានការអនុញ្ញាតនូវរថយន្តដែលពាក់ស្លាកយោធា ឬនគរបាល។
ចៅក្រម ហ៊ត់ បាននិយាយថា “តុលាការសម្រេចថា គ្មានភ័ស្តុតាងដើម្បីបញ្ជាក់ថា គាត់ប្រើរថយន្ត ខ.ម. ដោយគ្មានការអនុញ្ញាតនោះទេ”។
លោកឧត្តមសេនីយ៍ត្រី ព្រហ្មមុនី ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីលោក មាលតី ត្រូវបានគេដកចេញពីមុខតំណែងជាប្រធានតុលាការក្រុងភ្នំពេញ កាលពីខែកុម្ភៈ ដែលជាការឆ្លើយតបទៅនឹងការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយថ្ងៃមុន ដែលថា លោកនាយកតុលាការរូបនេះបានទទួលសំណូករាប់លានដុល្លារ ដើម្បីដោះលែងឪពុកម្តាយរបស់ឧត្តមសេនីយ៍ទោ សារ៉ាត់ ដែលត្រូវនគរបាលចាប់ខ្លួនពីបទមានអាវុធខុសច្បាប់ក្នុងពេលមានការឆ្មក់ចូលភូមិគ្រឹះរបស់ពួកគេ កាលពីខែធ្នូ។
ឪពុកម្តាយរបស់លោក ថោង សារ៉ាត់ គឺអ្នកស្រី កែវ សារី និង ថោង ចំរើន ត្រូវអាជ្ញាធរចាប់ខ្លួនជាថ្មីពេលកំពុងព្យាយាមភៀសខ្លួនទៅប្រទេសវៀតណាមតាមរថយន្តដឹកអ្នកជំងឺឯកជន ហើយបច្ចុប្បន្ននេះកំពុងជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។
នៅសវនាការថ្ងៃទី១ កាលពីខែកញ្ញា ឧត្តមសេនីយ៍ត្រី ព្រហ្មមុនី បានប្រាប់តុលាការថា លោកបានបើកឡានជូនលោក មាលតី និងលោក ជួន ណារិន ជាស្នងការរងក្នុងភ្នំពេញនាពេលនោះទៅកាន់ផ្ទះវិឡា ហើយថា ឧត្តមសេនីយ៍ទោ ជួន ណារិន បានហៅលោកឲ្យចូលរួមឆែកឆេរផ្ទះ។ លោក ព្រហ្មមុនី បាននិយាយថា បន្ទាប់មកលោកបានស្នើសុំលោក ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលឲ្យបញ្ជាក់អំពីបទបញ្ជានោះ ហើយថា លោក យិុនទៀង “បញ្ជាឲ្យខ្ញុំឆែកឆេរ”។
លោក មាលតី ដែលទទួលបានមុខតំណែងនៅឯក្រសួងយុត្តិធម៌ក្រោយពីការបណ្តេញចេញពីតំណែងរបស់លោក កំពុងជាប់គុកនៅពន្ធនាគារខេត្តកណ្តាលចាប់តាំងពីខែសីហា ដោយរង់ចាំការជំនុំជម្រះពីបទកេងបន្លំក្នុងការរឹបអូសរថយន្ត អូឌី ស៊ូ ពីឈ្មួញគ្រឿងញៀនម្នាក់ ហើយក៏ប្រគល់រថយន្តនោះឲ្យកូនប្រុសរបស់ខ្លួន ជាអធិការរងខណ្ឌ៧មករាក្នុងក្រុងភ្នំពេញ។
នៅឯតុលាការក្រុងកាលពីថ្ងៃសុក្រ លោក ផេង ស៊ីដេត មេធាវីការពារក្តីឲ្យឧត្តមសេនីយ៍ត្រី ព្រហ្មមុនី បានអះអាងថា ទោះបីការកាត់ឲ្យជាប់ទោសរយៈពេលខ្លីក៏ដោយ ក៏ការជាប់ពន្ធនាគាររយៈពេល១០ខែ គឺជារឿងអយុត្តិធម៌ ពីព្រោះថាលោក មាលតី សុំឲ្យកូនក្តីលោកធ្វើការឲ្យ ដែលនៅពេលនោះលោកគ្មានជម្រើសអ្វីក្រៅពីអនុវត្តតាមបទបញ្ជានោះទេ។
លោក សីុដេត បាននិយាយសំដៅទៅលើអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងប្រធានក្រុមអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រីថា “នេះជាសំណើ និងមានការអនុញ្ញាតពី មាស សុភា និង ហីុង ប៊ុនហៀង”។ មេធាវីរូបនេះបាននិយាយថា “គាត់មានឋានន្តរសក្ដិផ្កាយ១ តើអ្នកគិតថា គាត់ចង់ធ្វើជាអង្គរក្សឲ្យគេឬ?”៕រើន