ជនជាតិអាល្លីម៉ង់ម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទក្មេងប្រុសប្រាំនាក់ បានប្រាប់សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញថា ម្តាយជនរងគ្រោះពីរនាក់បានទម្លាក់កំហុសមកលើលោកបន្ទាប់ពីលោកបានគំរាមរាយការណ៍ថា ម្នាក់ក្នុងចំណោមពួកគេបានលួចiPadរបស់គាត់។

លោក Udo Sabiniewicz អាយុ៥៦ឆ្នាំ ត្រូវបានចាប់ខ្លួននៅស្ទូឌីយ៉ូ FX Animation របស់គាត់នៅក្នុងខណ្ឌច្បារអំពៅ ហើយក្រោយមកត្រូវបានចោទប្រកាន់ជាច្រើនលើកពីបទប្រព្រឹត្តអំពើអនាចារលើអនីតិជន។
អំឡុងសវនាការជំនុំជម្រះថ្ងៃទី១កាលពីព្រឹកម្សិលមិញ លោកបានចំណាយពេលជាង៣ម៉ោងឆ្លើយសំណួរដដែលៗនិងទំនងជាមិនទាក់ទងពីការផ្តន្ទាទោសនេះ ហើយមេធាវីតំណាងដើមចោទរួមទាំងមេធាវីម្នាក់មកពីអង្គការសកម្មភាពដើម្បីកុមារ ជាអង្គការមិនមែនរដ្ឋាភិបាលការពារកុមារ។
បន្ទាប់ពីឆ្លើយសំណួរអំពីថាតើមានម៉ាស៊ីនត្រជាក់ប៉ុន្មាន កម្លាំងប៉ុន្មានសេះ និងថាតើលោកមានមុងនៅក្នុងស្ទូឌីយ៉ូរបស់លោកដែលចាត់ទុកជាផ្ទះនោះឬទេ លោក Sabiniewicz បានពន្យល់ពីរបៀបដែលលោកបានជួបម្តាយជនរងគ្រោះម្នាក់ ខណៈគាត់អង្គុយក្នុងរង្គសាលមួយនៅផ្លូវលេខ១៧២។
លោកបានប្រាប់តុលាការថា “ស្ត្រីរូបនេះបានអង្គុយនៅជាប់ខ្ញុំ ហើយបានសុំឱ្យខ្ញុំទិញភេសជ្ជៈឱ្យគាត់មួយកំប៉ុង ហើយបានប្រាប់ខ្ញុំអំពីស្ថានភាពលំបាករបស់គាត់ថា ប្តីរបស់គាត់ជាជនជាតិបារាំងទើបតែបានស្លាប់ ហើយ
ឪពុកមុនរបស់កូនគាត់ក៏បានស្លាប់ដែរ” បណ្តាលឱ្យស្ត្រីរូបនេះលូកមាត់និយាយនៅក្នុងសវនាការថា “មិនពិតទេ មិនពិតទេ”។
លោកបានបន្តថា ”ស្ត្រីនេះបានសួរខ្ញុំថា តើស្គាល់កន្លែងណាមានការងារធ្វើទេ ហើយខ្ញុំបានឱ្យគាត់ធ្វើការជាមួយខ្ញុំ [ជាអ្នកអនាម័យ] ប៉ុន្តែបន្ទាប់ពីគាត់មកផ្ទះរបស់ខ្ញុំបានពីរបីថ្ងៃមក ទើបខ្ញុំដឹងថា គាត់មិនចាប់អារម្មណ៍នឹងការងារទាល់តែសោះ”។
លោកបានបន្ថែមថា “រាល់ថ្ងៃគាត់ផឹកស្រា ហើយតែងតែនៅជាមួយកូនរបស់គាត់។ ពេលខ្លះយើងចេញទៅក្រៅនៅពេលល្ងាច ហើយស្ត្រីរូបនេះបានណែនាំកូនរបស់គាត់ដល់ជនបរទេសផ្សេងទៀតថា ’នេះគឺជាកូនប្រុសរបស់ខ្ញុំ វាចង់រៀនភាសាអង់គ្លេស និងចង់និយាយទៅកាន់អ្នក'”។
លោក Sabiniewicz ដែលគេហៅដែរថា Theodor Symon បាននិយាយថា ពេលនោះស្ត្រីរូបនេះបានប្រាប់លោកថា គាត់ជំពាក់លុយម្ចាស់ផ្ទះ ហើយមិនអាចត្រឡប់ទៅផ្ទះវិញបានទេ ហើយថា លោកបានឱ្យគាត់ស្នាក់នៅក្នុងស្ទូឌីយ៉ូរបស់លោក ជាន់ក្រោមបន្ទប់គេងរបស់លោក។
លោកបានប្រាប់តុលាការថា បន្ទាប់ពីស្នាក់នៅបាន “បួនប្រាំថ្ងៃ” លោកសម្គាល់ឃើញអ្វីដែលលោកចាត់ទុកថា ជា “អាកប្បកិរិយាអាក្រក់បំផុត” របស់ស្ត្រីរូបនេះនិងកូនរបស់គាត់ ដូច្នេះហើយលោកបានឱ្យលុយស្ត្រីរូបនេះ១៥០ដុល្លារយកទៅសងម្ចាស់ផ្ទះឈ្នួលដើម្បីឱ្យស្ត្រីរូបនេះចេញឱ្យផុតពីផ្ទះរបស់លោក។
អំឡុងសវនាការ ជនសង្ស័យរូបនេះបានបើករូបថតស្ត្រីរូបនេះដែលលោកបានយកទៅសាលសវនាការឱ្យគេមើល ហើយបានដាក់នៅលើបង់ក្បែរលោក។ រូបថតមួយសន្លឹកបង្ហាញស្ត្រីរូបនេះទំនងជាជក់កញ្ឆា និងរូបថតមួយសន្លឹកទៀត គាត់ពាក់អាវពណ៌ក្រហមចំហទ្រូង ដោយយកដៃស្ទាបដោះរបស់គាត់បង្ហាញកាមេរ៉ា។ លោកប្រាប់តុលាការថា ”អាកប្បករិយារបស់ស្ត្រីរូបនេះមិនសមរម្យឡើយ”។
លោកបាននិយាយថា បន្ទាប់ពីស្ត្រីរូបនេះចាកចេញទៅ ស្ត្រីម្នាក់ទៀតដែលស្វែងរកការងារធ្វើស្រដៀងគ្នានេះបានទាក់ទងមកលោក។ (ស្ត្រីទាំងពីរនាក់នេះអង្គុយជាមួយគ្នានៅក្នុងតុលាការកាលពីម្សិលមិញ ហើយបានចាកចេញទៅជាមួយគ្នា)។
លោក Sabiniewicz បាននិយាយថា លោកក៏បានផ្តល់ការងារដល់ស្ត្រីទី២រូបនេះជាអ្នកអនាម័យ ហើយថា គាត់បានមកកាន់ស្ទូឌីយ៉ូនេះជាមួយកូនប្រុសរបស់គាត់ដែរ ប៉ុន្តែមិនដែលដេកនៅទីនោះទេ។
លោកបាននិយាយថា ខណៈដែលធ្វើការឱ្យលោក ស្ត្រីទី២រូបនេះបានបាត់ដំណឹងពីរសប្តាហ៍ ហើយនៅពេលគាត់ត្រឡប់មកវិញកាលពីថ្ងៃទី១៣ ខែមិថុនាជាមួយកូនប្រុសនិងកូនស្រីរបស់គាត់ លោកបានបណ្តេញស្ត្រីរូបនេះចេញ ហើយដឹកគាត់និងកូនៗរបស់គាត់ទៅផ្ទះ។
ជនសង្ស័យរូបនេះបានប្រាប់តុលាការថា iPad របស់លោកទុកនៅកៅអីក្រោយក្នុងរថយន្តរបស់លោក ជាមួយក្មេងៗទាំងនេះ ហើយថា បន្ទាប់ពីឱ្យម្តាយកូននេះចុះពីរថយន្តលោកបានដឹងភ្លាមថា បាត់ iPad។ លោកនិងមិត្តភក្តិមួយចំនួនរួមទាំងអ្នកអនាម័យមុនផង ត្រូវបានហៅមក ហើយបានគំរាមប្តឹងនគរបាល ប្រសិនបើមិនប្រគល់ iPad ឱ្យវិញទេនោះ។
លោកបាននិយាយថា “មួយថ្ងៃមុនពេលខ្ញុំត្រូវបានចាប់ខ្លួន [ស្ត្រីទី២រូបនេះ] បានប្រាប់ខ្ញុំថា ‘ខ្ញុំមានបងប្អូនជានគរបាល ហើយខ្ញុំចង់បានអ្វីក៏បានដែរ។ ប្រសិនបើលោកប្តឹង យើងនឹងមកចាប់លោកតែម្តង។ ខ្ញុំផ្ទុះសំណើច”។
នៅពេលលោកស្រី សាន សូនី មេធាវីមកពីអង្គការសកម្មភាពដើម្បីកុមារបានចោទសួរ លោកស្រីផ្តោតលើរឿងផ្ទាល់ខ្លួនរបស់ជនសង្ស័យទៅវិញ ដោយសួរលោកដដែលៗឱ្យប្រាប់ពីអាសយដ្ឋានរបស់លោកនៅក្នុងប្រទេសអាល្លឺម៉ង់។
លោកស្រី សូនី បានលើកឡើងថា “ប្រសិនបើលោកមិនមានអាសយដ្ឋាន វាបង្ហាញថា លោកមិនមានស្ថិរភាព។ នៅក្នុងលិខិតឆ្លងដែនរបស់លោក មិនមានអាសយដ្ឋានជាក់លាក់ វាហាក់ដូចជាលោកកំពុងលាក់បាំងអ្វីមួយ”។
ចុងចោទរូបនេះបាននិយាយថា “ខ្ញុំរស់នៅក្នុងប្រទេសកម្ពុជារយៈពេលពីរឆ្នាំមកហើយ ហើយរស់នៅប្រទេសវៀតណាមបួនឆ្នាំមុនពេលមកទីនេះ តើអ្នកចង់បានអាសយដ្ឋាននៅប្រទេសវៀតណាទេ”។
លោកស្រីបានឆ្លើយតបថា “ទេ ខ្ញុំចង់បានអាសយដ្ឋានរបស់លោកនៅក្នុងប្រទេសអាល្លឺម៉ង់”។ ទីបំផុត លោក Sabiniewicz បានប្រាប់ឈ្មោះទីក្រុង និងលេខផ្ទះ។
លោកស្រី សូនី បានសួរលោក Sabiniewicz ថា ហេតុអ្វីបានជាលោកប្រាប់នគរបាលថា អ្នកអនាម័យមុនរបស់លោកជាមិត្តស្រីរបស់លោក ដោយលោកបានឆ្លើយតបដោយដកដង្ហើមធំ ហើយលើកដៃធ្វើសញ្ញាថា ហួសចិត្ត។ លោកបាននិយាយថា “ខ្ញុំមិនបាននិយាយរឿងនោះប្រាប់នគរបាលទេ”។
នៅខាងក្រៅសាលសវនាការ ស្ត្រីទី១បាននិយាយថា អ្វីដែលបុរសជនជាតិអាល្លឺម៉ង់រូបនេះនិយាយនៅខាងក្នុងនោះគឺជាការភូតកុហក។ ស្ត្រីរូបនេះនិយាយថា កូនប្រុសរបស់អ្នកស្រីបានរស់នៅជាមួយលោករយៈពេលបីខែ ពីព្រោះអ្នកស្រីធ្វើការវេនយប់នៅហាងកាហ្វេ ហើយថា លោកបានរំលោភបំពានក្មេងប្រុសរូបនេះរយៈពេលពីរខែ។
ស្ត្រីរូបនេះនិយាយថា “នៅពេលកូនប្រុសរបស់ខ្ញុំប្រាប់ខ្ញុំ ខ្ញុំស្ទើរតែដួលស្លាប់។ ខ្ញុំចង់ឱ្យគាត់ផ្តល់សំណង។ មិនច្រើនទេ ប្រហែល ៥.០០០ដុល្លារប៉ុណ្ណោះដើម្បីកូនប្រុសរបស់ខ្ញុំអាចទៅរៀនសាលាឯកជនបាន”។ ស្ត្រីទី២បដិសេធមិនធ្វើអត្ថាធិប្បាយទេ។
លោក ហេង សុខណាន ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍ថា សវនាការនឹងបន្តនៅចុងខែក្រោយ៕សារុន