នគរបាលបង្ក្រាបកុបកម្ម និងសន្តិសុខក្រុង បានបង្វែរទិសដៅរបស់អ្នកកាន់ទុក្ខមួយក្រុមនៅជុំវិញតំបន់ឧស្សាហកម្មប៉ែកខាងត្បូងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ ខណៈពេលពួកគាត់ព្យាយាមប្រារព្ធខួបលើកទី២ នៃថ្ងៃកងរាជអាវុធហត្ថហែក្បួនតាមផ្លូវវេងស្រេងនិងបាញ់កាំភ្លើងវែងស្រោចទៅលើក្រុមកម្មករកាត់ដេរដែលធ្វើកុបកម្ម។
រយៈពេលពីរឆ្នាំបន្ទាប់ពីយុវជនយ៉ាងហោចណាស់ប្រាំនាក់ត្រូវបានកងកម្លាំងរបស់រដ្ឋាភិបាលបាញ់ស្លាប់ដើម្បីបញ្ចប់កុបកម្មដែលមានរយៈពេលពីរថ្ងៃមក ព្រះសង្ឃជាង២០អង្គ អ្នកការពារសិទ្ធិមនុស្ស ក្រុមគ្រួសារ និងមិត្តភក្ដិរបស់ជនរងគ្រោះបាននាំគ្នាមកអុជធូប និងបួងសួងដល់វិញ្ញាណក្ខន្ធពួកគេ។ ទោះជាយ៉ាងណា ដោយសាលារាជធានីបានព្រមាននៅមួយថ្ងៃមុននោះថានឹងមិនលើកលែងឲ្យចំពោះការប្រមូលផ្ដុំគ្នាលើផ្លូវវេងស្រេង ពួកគាត់ក៏បានជួបប្រទះនឹងស្នៀតបង្ក្រាបដែលងាយស្រួលចំណាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន។

នៅពេលក្រុមអ្នកកាន់ទុក្ខប្រមូលផ្ដុំគ្នាដោយសន្តិវិធីនៅពីរទីតាំងផ្សេងគ្នាតាមបណ្ដោយផ្លូវឧស្សាហកម្មនេះ នគរបាល និងសន្តិសុខបានប្រចាំការនៅទីនោះរួចជាស្រេច។ នៅម៉ោង៨ព្រឹក កងកម្លាំងរបស់រដ្ឋាភិបាលបានទាញយកមួកការពារសុវត្ថិភាព លើកខែលបង្ក្រាបកុបកម្ម ហើយចាប់ផ្ដើមយកដំបងគោះវា ខណៈពួកគេហែក្បួនឆ្ពោះទៅរកក្រុមអ្នកកាន់ទុក្ខ។
នៅខាងមុខសួនឧស្សាហកម្មកាណាឌីយ៉ា ដែលជាចំណុចកណ្តាលនៃការផ្ទុះកូដកម្មកាលពីឆ្នាំ២០១៤ ដែលក្រុមកម្មករបានចាប់ផ្ដើមធ្វើកុបកម្មហិង្សា បិទផ្លូវ ដុតសម្បកកង់រថយន្ត និងគប់គ្រាប់បែកសាំងនៅពេលនោះ អ្នកកាន់ទុក្ខមួយក្រុមដែលរួមមានទាំងលោក វន់ ពៅ ប្រធានសហជីពផង បានធ្វើតាមការព្រមាន ហើយបានដើរចេញ នៅពេលនគរបាលដើរចូល។
ប៉ុន្តែនៅចម្ងាយប្រហែល៥០០ម៉ែត្រតាមបណ្តោយផ្លូវនេះនៅខាងមុខសួនឧស្សាហកម្មវឌ្ឍនៈ អ្នកកាន់ទុក្ខមួយក្រុមដែលដឹកនាំដោយលោកស្រី ណាលី ពីឡូក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ និងលោកស្រី អ៊ូ ទេពផល្លីន អនុប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា មិនព្រមចាកចេញតាមបញ្ជាឡើយ។ សន្តិសុខម្នាក់បានចាប់កន្ត្រាក់លោកស្រី អ៊ូរ ទេពផល្លីន ឲ្យក្រោកឡើង ហើយបានរុញលោកស្រីឆ្ពោះទៅផ្លូវដែលគាត់បានជួបជាមួយលោកស្រី ណាលី ពីឡូក។ ខែលបង្ក្រាបកុបកម្មជាជួរបានរុញខ្នងលោកស្រីទាំងពីរឆ្ពោះទៅប៉ែកខាងកើតតាមបណ្ដោយផ្លូវវេងស្រេង។
លោកស្រី ណាលី ពីឡូក មានប្រសាសន៍ក្រោយមកថា ”យើងមិនដែលមានបំណងយកពិធីនេះធ្វើការហែក្បួនទេ។ យើងគ្រាន់តែចង់បួងសួងដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ សូត្រធម៌ ហើយបន្ទាប់មកចាកចេញវិញប៉ុណ្ណោះ។ ពួកគាត់គួរតែអនុញ្ញាតឲ្យយើងធ្វើ”។
នគរបាលបង្ក្រាបកុបកម្មដែលខ្លះញញឹម ខ្លះសើច បានផ្លាស់វេនគ្នារុញខ្នងលោកស្រីទាំងពីរ។ នៅចម្ងាយពីរបីរយម៉ែត្រ នគរបាលនិងសន្តិសុខបានតម្រង់ជួរគ្នានៅផ្លូវម្ខាង ដោយបង្វែរការហែក្បួននេះចូលទៅច្រកផ្លូវតូច។
បុរសមួយក្រុមបានត្រដាងបដាមួយផ្ទាំងដែលមានរូបភាពជនរងគ្រោះមួយចំនួននៃការបង្ក្រាបក្នុងឆ្នាំ២០១៤ ប៉ុន្តែសន្តិសុខប៉ុន្មាននាក់បានដើរចូលមកកញ្ឆក់យកបដានោះ ហើយព្យាយាមហែកវាចោលតែមិនបានសម្រេច។
នៅចំណុចនេះ កម្លាំងសន្តិសុខរាប់រយនាក់បានបង្វែរមនុស្សបីក្រុមដោយឡែកពីគ្នា ដែលរួមមានទាំងក្រុមអ្នកតវ៉ាមកពីសហគមន៍បឹងកក់ និងព្រះសង្ឃមួយក្រុមដឹកនាំដោយព្រះតេជគុណ លួន សុវ៉ាត “ព្រះសង្ឃសារព័ត៌មាន” ផង ឲ្យចូលទៅច្រកផ្លូវតូចមួយ។
ដោយភាពតានតឹងកើនឡើង រឺុម៉កម៉ូតូកង់បីជាង១០គ្រឿងបានមកដល់ ហើយបានទ័ព្ធជំុវិញដើម្បីការពារលោក វន់ ពៅ ដែលត្រូវបានវាយដំយ៉ាងសាហាវ ហើយចាប់ខ្លួនដាក់ពន្ធនាគារពីបទជាប់ពាក់ព័ន្ធនៅក្នុងការតវ៉ាកាលពីឆ្នាំ២០១៤ ដើម្បីធានាសុវត្ថិភាពខណៈគាត់បានហែក្បួនដោយស្រែកឡើងថា ”យើងមិនភ្លេចថ្ងៃទី៣ ខែមករាទេ”។
ដោយមានចម្ងាយជិត៣គីឡូម៉ែត្រពីកន្លែងដែលនឹងត្រូវប្រារព្ធពិធីកាន់ទុក្ខ នគរបាលបានសម្រាកនៅក្រោមម្លប់ឈើ ខណៈ ពេលដែលអ្នកកាន់ទុក្ខបានសម្រាកដើម្បីទទួលទានអាហារថ្ងៃត្រង់ក្នុងហាងកាហ្វេនិងភោជនីយដ្ឋានមួយ។
លោក ឃឹម សឿន បាននិយាយនៅភោជនីយដ្ឋាននេះថា “ខ្ញុំមកទីនេះ ដើម្បីបួងសួងបន់ ស្រន់ឲ្យព្រលឹងកូនប្រុសរបស់ខ្ញុំដែលរលាយរូបកាយទៅហើយ។ ប៉ុន្តែអាជ្ញាធរមិនចង់ឲ្យមានការចងចាំព្រឹត្តិការណ៍នេះឡើយ។ខ្ញុំគិតថា ពួកគេមិនអនុញ្ញាតឲ្យពលរដ្ឋបួងសួងបន់ស្រន់ឲ្យអ្នកស្លាប់ ព្រោះពួកគេចង់ធ្វើឲ្យគេភ្លេចបញ្ហានេះ។ ពួកគេចង់ឲ្យពលរដ្ឋភ្លេច”។
ឃឹម សុផាត កូនប្រុសអាយុ១៦ឆ្នាំរបស់លោក ឃឹម សឿន បានបាត់ខ្លួនកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ ក្មេងជំទង់រូបនេះត្រូវបានគេឃើញជាលើកចុងក្រោយដោយដេកស្លាប់នៅក្នុងថ្លុកឈាមលើផ្លូវវេងស្រេង បន្ទាប់ពីកងរាជអាវុធហត្ថបានបើកការបាញ់ប្រហារលើកម្មករយ៉ាងច្រើន។
លោក ឃឹម សឿន បានលើកឡើងទៀតថា “យើងមានអារម្មណ៍ឈឺចាប់ណាស់ យើង ត្រូវការឲ្យព្រះសង្ឃសូត្រមន្តឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់កូនយើង”។ លោកបានបន្ថែមថា ប្រពន្ធរបស់លោកបានយំ ពេលអ្នក យកព័ត៌មាន និងអ្នកថតរូបមករោមជុំវិញ។ “ប៉ុន្តែ យើងមិនដឹងថា ត្រូវនិយាយថាម៉េចទេ”។ គណៈកម្មការមួយត្រូវបានបង្កើតឡើងក្រោយពេលមានការបាត់បង់ជីវិតដើម្បីរក “មូលហេតុ” នៃព្រឹត្តិការណ៍នៅថ្ងៃនោះ តែទោះយ៉ាងណាអាជ្ញាធរនៅមិនទាន់ផ្តល់ព័ត៌មានលម្អិតនៅឡើយទេ។
កាលពីម្សិលមិញ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្វែរសំណួរទាំងអស់ដែលពាក់ព័ន្ធនឹងការស៊ើបអង្កើតទៅក្រសួងមហាផ្ទៃ ដែលអ្នកនាំពាក្យក្រសួងនេះមិនអាចទាក់ទងបាន។
ពេលភាពតានតឹងបានស្ងប់ទៅវិញ ដោយ សារមានការសម្រាកដើម្បីទទួលទានអាហារពេលថ្ងៃត្រង់ អ្នកកាន់ទុក្ខបានចាប់ផ្តើមគិតរកផែនការថ្មីដោយបំបែកគ្នាជាក្រុមៗ ដើម្បីគេចពីក្រសែភ្នែករបស់នគរបាលហើយបន្ទាប់មកបានមកជួបជុំគ្នាម្តងទៀតនៅកន្លែងដែលនឹងត្រូវប្រារព្ធពិធីកាន់ទុក្ខ។
ទីបំផុតក្រុមតូចៗទាំងនេះបានទៅដល់មុខបរិវេណសួនឧស្សាហកម្មវឌ្ឍនៈ ប៉ុន្តែ តំបន់នេះពោរពេញដោយនគរបាល ហើយអ្នកកាន់ទុក្ខភាគច្រើនបានបញ្ឈប់សកម្មភាពរបស់ខ្លួន ហើយត្រឡប់ទៅផ្ទះវិញ។
ទោះជាយ៉ាងណា អ្នកតវ៉ាមកពីតំបន់បឹងកក់មិនបានសម្រេចដូចបំណងទេ ហើយបានបន្តជិះរ៉ឺម៉កម៉ូតូកង់បីចុះឡើងៗនៅតាមផ្លូវវេងស្រេង ដោយជិះទៅក្បែរក្រុមនគរបាលនិងសន្តិសុខដើម្បីថាឲ្យពួកគេ បន្ទាប់ពីខំប្រឹងនិយាយបញ្ជោរ ដោយមានការញញឹមដាក់គ្នាតិចៗពេញមួយព្រឹក។
លោកស្រី ណាលី ពីឡូក បានលើកឡើងថា “[សកម្មជនមកពីតំបន់បឹងកក់] បានព្យាយាមដោះស្រាយជាមួយនគរបាលដោយ ព្យាយាមធ្វើឲ្យពួកគេទន់ចិត្តឬមានចិត្តមេត្តាធម៌ ព្រោះពួកគេក៏ជាមនុស្សដែរ។ ពួកគេគ្រាន់រាងញឹមៗប៉ុណ្ណោះ”។
ដោយចាត់ទុកការប្រមូលផ្តុំគ្នារំឮកវិញ្ញាណក្ខន្ធនេះថា ជាព្រឹត្តិការណ៍សាសនា គ្មានអ្នករៀបចំការហែក្បួនណាម្នាក់បានសុំការអនុញ្ញាតពីសាលារាជធានីជាមុននោះឡើយ។ ទោះជាយ៉ាងណា សាលារាជធានីបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ដោយព្រមានថា នរណាម្នាក់ដែលប្រមូលផ្តុំ ដោយខុសច្បាប់លើផ្លូវវេងស្រេងនឹងប្រឈម “វិធានការតឹងរឹុង”។
ពេលទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានអះអាងថា អ្នកកាន់ទុក្ខធ្វើពុធជាប្រើប្រាស់ “ព្រឹត្តិការណ៍សាសនានេះ” ជាការបិទបាំងសម្រាប់តវ៉ា។ លោកបានលើកឡើងថា ពិធីកាន់ទុក្ខមិនគួរធ្វើឡើងនៅកន្លែងដែលកម្មករស្លាប់ទេ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើអ្នកទាំងនោះពិតជាមានបំណងប្រារព្ធពិធីសាសនាសម្រាប់អ្នកស្លាប់មែននោះ ពួកគាត់អាចទាក់ទងក្រុមគ្រួសារជនរងគ្រោះដោយផ្ទាល់ហើយប្រារព្ធពិធីនៅផ្ទះ ឬតាមវត្តអារាម៕សុខុម និង ស៊ុយឈាង