កាលពីថ្ងៃសុក្រ បន្ទាប់ពីការប្រជុំបិទទ្វាររយៈពេល៣ម៉ោងមក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានតែងតាំងលោក ទេព នីថា ជាថ្មីឲ្យធ្វើជាអគ្គលេខាធិការនៃស្ថាប័ន ដែលកែទម្រង់ថ្មីនេះ បើទោះជាយ៉ាងហោចណាស់មានសមាជិកម្នាក់ក្នុងចំណោមសមាជិក៩នាក់របស់ខ្លួនមិនយល់ព្រមដោយផ្ទាល់នឹងសេចក្ដីសម្រេចនេះក៏ដោយ។
ការដែល ឈ្មោះរបស់លោក ទេព នីថា មានក្នុងបញ្ជីក្នុងចំណោមបេក្ខជនជ្រើសរើសសម្រាប់តំណែងអគ្គលេខាធិការនោះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដែលសន្មតជាមុនថា មុខមាត់ថ្មី នឹងកាន់តំណែងដ៏សំខាន់នេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងឆ្នាំ២០១៤ដើម្បីកែទម្រង់គណៈកម្មការជាតិរៀបចំការបោះឆ្នោតនេះ។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅខាងក្នុងក្រសួងមហាផ្ទៃ លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប. បានមានប្រសាសន៍ថា សេចក្តីសម្រេចនេះមានការគាំទ្រភាគច្រើនពីគណៈកម្មាធិការនេះ។ តាមបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រធានបង្ហាញការជ្រើសរើសរបស់ខ្លួនទៅគណៈកម្មាធិការ ដែលត្រូវយល់ព្រមតាមសំឡេងភាគច្រើន៥០បូក១។

លោក ប៊ុនហុក ដែលបានលាលែងតំណែងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាកាលពីដើមឆ្នាំមុន បាននិយាយថា “ព្រឹកនេះការជ្រើសរើសមិនបានធ្វើដោយការបោះឆ្នោតទេ ប៉ុន្តែ បានធ្វើដោយធ្វើការពិភាក្សាជាមួយសមាជិក៩រូបរបស់ គ.ជ.ប.”។
បន្ទាប់ពីចំណាយពេលពេញមួយព្រឹកពិភាក្សាដ៏ហ្មត់ចត់អំពីបេក្ខជននីមួយៗរួចមក គ.ជ.ប.បានយល់ស្របតាមសំណើរបស់ខ្ញុំ”។
គ.ជ.ប.ដែលកែទម្រង់គឺជាមូលដ្ឋាននៃកិច្ចព្រមព្រៀងខែកក្កដា ឆ្នាំ២០១៤ ដែលគេឃើញគណបក្សប្រឆាំងចូលរួមនឹងរដ្ឋាភិបាលបន្ទាប់ពីការធ្វើពហិការមិនចូលសភា១០ខែ ជាការឆ្លើយតបទៅនឹងការបោះឆ្នោតជាតិឆ្នាំ២០១៣ដ៏ចម្រូងចម្រាស។ នៅពេលដែលសមាសភាពដដែលពីមុនរបស់ស្ថាប័ននេះមានចំនួនលើសលប់ដោយអ្នកមានទំនាក់ទំនងជាមួយនឹងគណបក្សប្រជាជនកម្ពុជានោះ ស្ថាប័នថ្មីនេះមានសមាជិក៤រូបដែលជ្រើសរើសដោយគណបក្សនីមួយៗ ហើយសមាជិកទី៩”អព្យាក្រឹត្យ”។
សមាជិកនៃគណៈកម្មាធិការនេះបានបដិសេធមិនបញ្ចេញឲ្យដឹងថា នរណាក្នុងចំណោមពួកគេបានជំទាស់នឹងការតែងតាំងលោក ទេព នីថា ទេ ប៉ុន្តែ យ៉ាងហោចណាស់មានសមាជិកម្នាក់បានប្រឆាំងនឹងការជ្រើសរើសនេះ។
លោក រ៉ុង ឈុន អតីតសមាជិកសហជីព និងជាអ្នកដែលគេតែងតាំងម្នាក់ក្នុងចំណោមអ្នកទទួលការតែងតាំង៤រូបរបស់គណបក្សសង្គ្រោះជាតិ បាននិយាយថា លោកមិនសប្បាយចិត្តនឹងសេចក្តីសម្រេចនេះទេ។
លោកបាននិយាយថា “និយាយដោយស្មោះត្រង់ ខ្ញុំជាមនុស្សម្នាក់ដែលបានប្រឆាំងនឹងបេក្ខជនសម្រាប់តំណែងជាអគ្គលេខាធិការ”។
“មូលហេតុដែលខ្ញុំប្រឆាំងបេក្ខភាពរបស់គាត់ពីព្រោះខ្ញុំបានកត់សម្គាល់ឃើញថា សាធារណជនមិនគាំទ្រគាត់ទេ”។
លោក រ៉ុង ឈុន បាននិយាយថា លោកជឿថា លោក ទេព នីថា សម្បូរដោយបទពិសោធន៍និងចំណោះដឹង ប៉ុន្តែ ខ្ញុំបារម្ភថា កេរ្តិ៍ឈ្មោះរបស់គាត់ជាមនុស្សម្នាក់ដែលបានមើលខុសត្រូវការបោះឆ្នោតឆ្នាំ២០០៣ ឆ្នាំ២០០៨ និងឆ្នាំ២០១៣ដ៏ចម្រូងចម្រាសនោះ អាចធ្វើឲ្យប៉ះពាល់ដល់ការយល់ឃើញជាសាធារណៈលើស្ថាប័នថ្មីនេះ។
គ.ជ.ប.ថ្មីមានភារកិច្ចមើលខុសត្រូវលើការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ ហើយបានចាប់ផ្តើមការងារសំខាន់ៗរួចហើយ ដូចជាការធ្វើតេស្តប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោតដែលប្រើអត្តសញ្ញាណកម្មជីវមាត្រជាដើម។
លោក រ៉ុង ឈុន បាននិយាយថា លោកបានទទួលយកសេចក្តីសម្រេចរបស់សហការីរបស់លោក ហើយសង្ឃឹមថា ការងារជាក់ស្តែងរបស់គណៈកម្មាធិការនេះ និងវិធានដ៏ខ្លាំងដែលគ្រប់គ្រងតួនាទីរបស់ខ្លួននឹងធ្វើឲ្យការតែងតាំងលោក ទេព នីថា មិនសំខាន់នៅក្នុងគម្រោងការងារដ៏ធំនេះទេ។
ប៉ុន្តែ នៅពេលវិធានថ្មីតម្រូវឲ្យគ.ជ.ប.ព្រមព្រៀងតាមសេចក្តីសម្រេចដែលពេលនោះចាត់ចែងដោយអគ្គលេខាធិការរូបេនះ គណបក្សសង្គ្រោះជាតិបាននិយាយថា ការដាក់លោក ទេព នីថា មកវិញក្នុងតួនាទីមុនរបស់គាត់ បានធ្វើឲ្យខូចកិច្ចការរបស់ស្ថាប័ននេះ។
គណបក្សប្រឆាំងនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “ការតែងតាំងលោក ទេព នីថា ដែលជាអគ្គលេខាធិការ គ.ជ.ប. ចាស់ឲ្យទទួលតួនាទីជាអគ្គលេខាធិការថ្មី អាចនាំឲ្យមានការមិនទុកចិត្តលើការបោះឆ្នោតនាពេលខាងមុខ។ គណបក្សសង្គ្រោះជាតិមានការសោកស្តាយនិងខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចេនះ”។
លោក គុយ ប៊ុនរឿន អនុប្រធានគ.ជ.ប. ជាបេក្ខជនតែងតាំងដោយគណបក្សសង្គ្រោះជាតិ បាននិយាយថា លោកបានដឹងអំពីការរិះគន់នេះ ប៉ុន្តែ បានបញ្ជាក់ថា ការងារនេះកើតចេញពីការពិនិត្យពិច័យ និងតុល្យភាពគ្រប់គ្រាន់។
លោក គុយ ប៊ុនរឿន បាននិយាយថា “ខ្ញុំចង់បំភ្លឺសាធារណជនកុំឲ្យមានការយល់ច្រឡំ ដោយគិតថា ការគ្រប់គ្រងអគ្គលេខាធិការដ្ឋាននេះគឺដឹកនាំដោយអគ្គលេខាធិការតែម្នាក់នោះ។ យើងត្រូវពិភាក្សាជាមួយអគ្គលេខាធិការរងបួននាក់ទៀត”។
លោក ប៊ុនហុក បានមានប្រសាសន៍បន្ទរថា “សេចក្តីសម្រេចទាំងអស់ត្រូវធ្វើឡើងដោយគ.ជ.ប. មិនមែនដោយអគ្គលេខាធិការ អគ្គលេខាធិការរង ប៉ិច (គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត) ស៊ិច (គណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំសង្កាត់) ឬមន្ត្រីការិយាល័យបោះឆ្នោតនោះទេ”។
ក្រៅពីលោក ទេព នីថា ដែលបានឈរឈ្មោះជាមួយលោក ហេង មណីចិន្តា និងលោក យ៉ា ណាវុធ ដែលសុទ្ធតែជាស្ថាបនិកអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនោះ កាលពីថ្ងៃសុក្រគ.ជ.ប. ក៏បានជ្រើសរើសអគ្គលេខាធិការរង៤រូបរបស់ខ្លួន។
លោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្សនិងផ្នែកជំនួយច្បាប់នៃអង្គការអាដហុក ត្រូវបានតែងតាំងឲ្យទទួលបន្ទុកផ្នែកសវនកម្មផ្ទៃក្នុង មេធាវី ម៉ៅ សុភារិទ្ធ អតីតសមាជិកគ.ជ.ប. នឹងគ្រប់គ្រងផ្នែកប្រតិបត្តិការ និងផ្នែកទិន្នន័យចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជីអ្នកបោះឆ្នោតលោក សោម សូរីដា ក៏ជាអតីតមន្ត្រីគ.ជ.ប.ដែរ នឹងមើលខុសត្រូវផ្នែកសេវាកម្មច្បាប់ និងដោះស្រាយជម្លោះ ហើយលោក ម៉ុក ដារ៉ា ជាសាស្ត្រាចារ្យច្បាប់ និងជាប្រធានជំនួយច្បាប់នៅក្រុមឃ្លាំមើលការបោះឆ្នោតនិកហ្វិច ត្រូវកាន់ការខាងផ្នែកបណ្តុះបណ្តាល ព័ត៌មាន និងទំនាក់ទំនងសាធារណៈ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប.ជាសមាជិកទី៩ “អព្យាក្រឹត” បានបដិសេធមិននិយាយ ថាតើលោកបានគាំទ្រ ឬប្រឆាំងលោក ទេព នីថា ក្នុងកិច្ចប្រជុំនោះទេ។
លោកបាននិយាយថា “មានការពិភាក្សានិងការពិគ្រោះយោបល់ ហើយទទួលបានសំឡេងភាគច្រើន៥០បូក១ ជាសំឡេងដាច់ខាត”។
លោក គុយ ប៊ុនរឿន សមាជិកតែងតាំងដោយគណបក្សប្រឆាំងក៏បានបដិសេធមិនបញ្ចេញឲ្យដឹងនូវការគិតឃើញរបស់លោកដែរ។
នៅពេលសួរដោយអ្នកយកព័ត៌មានម្នាក់ ថាតើលោក “សប្បាយចិត្ត” នឹងធ្វើការជាមួយលោក ទេព នីថា ឬទេ លោកបាននិយាយថា បញ្ហាគឺត្រង់ថា គាត់អាចធ្វើការងារល្អឬអត់”។
“ប្រសិនបើគាត់ធ្វើការងារល្អ យើងសរសើរគាត់”៕និត