27 C
Phnom Penh

​ទោះ​មាន​ការ​គំរាម​កំហែង​ ក៏​គ្មាន​​ការ​បង្ក្រាប​ស៊ីម​កាត​​មិន​ចុះ​បញ្ជី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​បួន​ខែ​មុន លោក ឆៃ ស៊ីណារិទ្ធ ​អគ្គស្នងការរង​នគរ​បាល​ជាតិ​បាន​ប្រកាស​ថា ​​​ស៊ីម​កាត​ទូរស័ព្ទ​ដែល​មិន​ចុះ​បញ្ជី​គឺ​ជា​ការ​គំរាម​កំហែង​​​ធំ​ចំពោះ​សន្តិសុខ​ជាតិ​។ ​​លោក​បាន​អះ​អាង​ថា វា​​ជា​ឧបករណ៍​​ដែល​ភេរវករ​ ជនចាប់​ជំរិត និង​ជន​នាំគ្រឿង​ញៀន​​ឆ្លង​ដែន​ចូល​ចិត្ត​ប្រើ​ប្រាស់ មុន​ពេល​​ចោទ​ប្រកាន់​​​​​​​​បណ្តា​​​ក្រុមហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទ​​ចល័ត​​​ដែល​ចែក​ចាយ​​​​​​​វា​​​ថា យក​សុវត្ថិភាព​​របស់​ពលរដ្ឋ​មក​លេង​សើច។

ដោយ​អះអាង​ថា ​៧០​ភាគរយ​នៃ​ជន​ក្រៅ​​​ច្បាប់​​​​​បាន​ប្រើ​ប្រាស់​​ស៊ីម​កាត​​ថោក​ៗ​ដែល​​​មិន​ចុះ​បញ្ជី​​​ដើម្បី​​ប្រព្រឹត្ត​បទ​ល្មើស​​កម្រិត​ធ្ងន់​​ ឧត្ដម​សេនីយ៍​ឯក ឆៃ ស៊ីណារិទ្ធ បាន​ប្រកាស​ថា ​​​ដោយ​មាន​ប្រសិទ្ធភាព​ភ្លាមៗ និង​ស្រប​តាម​​​សារាចរ​​ណែនាំ​​​ឆ្នាំ​២០១២ ដែល​​​​មិន​ទាន់​​បាន​អនុវត្ត​មុននេះ​ ​រាល់​ការ​ទិញ​ស៊ីម​កាត​​ទាំង​​​អស់​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​។ ​លោក​​​ថ្លែង​ថា ​បណ្ដា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​​មាន​​​ពេល​​៣ខែ​ដើម្បី​​បញ្ជាក់​អត្តសញ្ញាណ​​​អតិថិជន​​​របស់​ខ្លួន ហើយ​ផ្ដាច់​លេខ​ដែល​មិន​ចុះ​បញ្ជី។

លោក​បាន​ព្រមាន​​​​​​​​​​ថា ក្រោយ​រយៈ​ពេល​​៣ខែ ​​ខ្សែ​ទូរស័ព្ទ​​ដែល​គ្មាន​ការ​បញ្ជាក់​ទាំង​អស់​នឹង​ត្រូវ​បិទ​ចោល​ដោយ​ស្វ័យ​ប្រវត្តិ រីឯ​ក្រុម​ហ៊ុន​ដែល​មិន​សហការ​​​​អាច​នឹង​ត្រូវ​ព្យួរ​អាជ្ញាប័ណ្ណ។

ទោះ​ជា​យ៉ាង​ណា ​ស៊ីមកាត​​ដែល​មាន​តម្លៃ​​ថោក​​នៅ​តែ​​មាន​លក់​​ពាសពេញ​រាជធានី​ភ្នំពេញ ​​ចំណែកឯ​​មន្ត្រី​ក្រសួង​មហាផ្ទៃ​មួយ​រូប​បាន​ទទួល​ស្គាល់​កាលពី​ថ្ងៃ​ច័ន្ទ​ថា អាជ្ញាធរ​​មិន​ទាន់​​​​​​ចាប់​ផ្ដើម​អនុវត្ត​សារាចរ​នេះ​​ទេ។ ​

​លោក​ នៅ វុទ្ធី នាយការិយាល័យ​​គ្រប់​គ្រង​​​ទូរស័ព្ទ​​នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុង​​​ក្រសួង​មហាផ្ទៃ ​បាន​ថ្លែងថា ​”​យើង​មិន​ទាន់​​ចាប់​ផ្ដើម​​​​បង្ក្រាប​ទេ” ​​ហើយ​លោក​​​​បាន​​​​បដិសេធ​មិន​​ធ្វើ​​អត្ថាធិប្បាយ​បន្ថែម​ទៀត​ឡើយ ដោយ​បង្វែរ​សំណួរ​ទាំង​អស់​ទៅលោក ឆៃ ស៊ីណារិទ្ធ។ ​

ទោះ​ជាយ៉ាង​ណា គេ​មិន​​​​​​​​​​អាច​​​ទាក់​ទង​ទៅ​​​ឧត្ដម​​​សេនីយ៍​ឯក​រូប​នេះ​​​​​​​​​បាន​​​ទេ​​​ ក្រោយ​​​ពី​​​ព្យាយាម​​​​​​ជា​​​​​​ច្រើន​​​លើក​​​​​​​ក្នុង​រយៈ​ពេល​​មួយ​សប្ដាហ៍​មក​នេះ។

លោក ម៉ៅ ចរិយា ប្រធាន​និយ័តករ​​ទូរគមនា​​គមន៍​កម្ពុជា (TRC) ​បាន​មាន​ប្រសាសន៍​កាល​​ពី​សប្ដាហ៍​មុន​ថា ស្ថាប័ន​​​​​​របស់​​​រដ្ឋាភិបាល​មួយ​នេះ​​បាន​ជួបជាមួយ​​តំណាង​​មកពី​ក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទ​​​​​​ចល័ត​​​​ធំៗ​ទាំង​អស់​​ដែល​រួម​មាន​ទាំង​ក្រុម​ហ៊ុន​​​ក្នុង​ស្រុក​ធំៗ​​ដូច​ជាស្មាត និង​សែលកាត​​​ផងដែរ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​លោក ឆៃ ស៊ីណារិទ្ធ ​​​បាន​​​​​​ប្រកាស​​​ហើយ​​បាន​​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ទាំង​នោះ​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​លក់​បន្ត​របស់​ខ្លួន​​ ព្រមទាំង​អ្នក​លក់​តូច​តាច​គោរព​តាម​សារាចរ​នេះ​។

លោក​​​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​​ថា តាម​ដែល​​​លោក​ដឹង​ ស៊ីមកាត​​បញ្ចុះ​តម្លៃ​ដែល​មិន​អាច​ចុះ​បញ្ជី​បាន គឺ​លែង​មាន​ទៀត​ហើយ​​​ក្នុង​សារា​​ចរ​​ណែនាំ​នេះ​។ ”​យើង​​ទុក​ពេល​ឲ្យ​​ពួកគាត់​​៣ខែ​​​ទាក់​​​ទង​ទៅ​អ្នក​លក់​ និង​អ្នក​ដែល​ទិញ​ស៊ីមកាត​ដោយ​មិន​ប្រើ​​​ប្រាស់​អត្តសញ្ញាណ​ប័ណ្ណ​ បន្ទាប់​​ពី​យើង​ប្រកាស។ ពេល​នេះ​គ្មាន​អ្នក​ប្រើ​ប្រាស់​ស៊ីមកាត​​​ដោយ​គ្មាន​​អត្តសញ្ញាណ​​ប័ណ្ណ​ទៀត​ទេ​”។

​ខណៈ​បុគ្គលិក​នៅ​តាម​​​ហាង​ទូរស័ព្ទ​ក្នុង​រាជធានី​ភ្នំពេញ ​ប្រាប់​អ្នក​យក​ព័ត៌មាន​​​​​​​ថា ​ពួក​គេ​​លែង​លក់​​ស៊ីមកាត​​មិន​ចុះ​បញ្ជី​​​ទៀត​ហើយ​ដែល​ភាគច្រើន​ដោយ​សារ​តែ​​ក្រុម​ហ៊ុន​បាន​ណែនាំ​ឲ្យ​ពួកគេ​ធ្វើ​បែប​​​នេះ​​​​នោះ ​អ្នក​លក់​តាម​ចិញ្ចើម​ផ្លូវ​នៅ​តែ​លក់​ស៊ីមកាត​ហាម​ឃាត់​​នេះ​ដដែល។

​ម្ចាស់​​ស្តង់​មួយ​កន្លែង​​ក្នុង​​ខណ្ឌ​ដូន​ពេញ ​​​ដែល​សុំមិន​បញ្ចេញ​ឈ្មោះ​​​ដោយសារ​ខ្លាច​ការ​ផ្ដន្ទាទោស បាន​​លក់​​​ស៊ីមកាត​​មិន​ចុះ​បញ្ជី​របស់​​ក្រុម​ហ៊ុន​ស្មាត​​ មួយ​ក្នុង​តម្លៃ​២ដុល្លារ​កាលពី​សប្ដាហ៍​មុន។ គាត់​និយាយ​ថា ប្រហែល​​​​ពាក់​កណ្ដាល​​នៃ​​​អតិថិជន​របស់​គាត់​​​ហ៊ាន​ចំណាយ​៥ដុល្លារ និង​ខ្ពស់​ជាង​នេះ​​​ទិញ​​​​​​​​​​យក​​​​​ស៊ីមកាត​ចុះ​បញ្ជី​ដែល​​ភាគច្រើន​មាន​លេខ​រៀង​ដែល​គេ​យល់​ថានាំ​សំណាង​​ល្អ​ ចំណែក​ឯ​អ្នក​ផ្សេង​ទៀត​​​ចង់​​​​​បាន​​​​​​ស៊ីមកាត​​​មិន​​​ចុះ​​​​​​បញ្ជីដែល​​​មាន​​​​​តម្លៃ​​​​ពី១ដុល្លារ​ទៅ​៣ដុល្លារ។

គាត់​និយាយអំពី​ស៊ីមកាត​​ដែលមាន​តម្លៃ​ថោក​​ថា “​ខ្ញុំ​លក់​វា​ឲ្យ​​ប្រជាជន​ខ្មែរ​ និង​ជន​បរទេស ប៉ុន្តែ​អ្នក​​ទិញ​ភាគច្រើន​​ជា​សិស្ស​សាលា​។ ខ្ញុំ​គិត​ថា បើ​ក្រុម​ហ៊ុន​មិន​អនុញ្ញាត​ឲ្យ​អ្នក​លក់​​លក់​ទេ​ អ៊ីចឹង​យើង​គួរ​តែ​ទទួល​បាន​សំណង​ ពីព្រោះ​​ក្រុម​ហ៊ុន​​ទេ​ដែល​គួរ​​​ទទួល​ខុស​ត្រូវ​​​​ចំពោះ​បញ្ហា​នេះ​”។ គាត់​បាន​បន្ថែម​​​​ថា មិន​ដែល​មាន​ក្រុម​ហ៊ុន​ទូរគមនាគមន៍​​ណា​​​ទាក់​ទង​​​​មក​គាត់​ទេ​ពាក់​ព័ន្ធ​សារាចរ​នេះ​។

នៅ​​ឯ​ស្តង់​ស្រដៀង​គ្នា​មួយ​ក្នុង​ខណ្ឌចំការ​មន ម្ចាស់​ស្តង់​ឈ្មោះ ឃួន អ៊ែនឌី និយាយ​ថា គាត់​បាន​បង្វិល​ស៊ីមកាត​ថោក​ៗ​ឲ្យទៅ​ក្រុម​ហ៊ុន​​ស្មាត និង​​​​​​ក្រុម​​​ហ៊ុន​​​​​​សែលកាត​វិញ​ជា​ថ្នូរ​នឹង​សំណង​កាល​​ប្រហែល​​៣ខែ​មុន។

គាត់​និយាយ​ទៀត​ថា ​”​ខ្ញុំ​បាន​ប្រគល់​ស៊ីម​កាត​ប្រហែល​៥០ទៅ​៦០​ឲ្យ​​ក្រុមហ៊ុន​វិញ បន្ទាប់ពី​ក្រុម​ហ៊ុន​ប្រាប់​ខ្ញុំ​​​​​​​ថា គេ​នឹង​បិទ​​ស៊ីម​កាត​​​​ដែល​លក់​ដោយ​មិន​ប្រើ​ប្រាស់​អត្តសញ្ញាណ​ប័ណ្ណ​។ ខ្ញុំ​ប្រគល់​ឲ្យ​វិញ ព្រោះ​បើ​ខ្ញុំ​ទុក​​​​វា ខ្ញុំ​នឹង​ខាត​​ពេល​គេ​បិទ​សេវា​”។

​​​​​​​​​ទោះ​​​ជា​​​យ៉ាង​​​ណា លោក​ ថូម៉ាស ហាន់ (Thomas Hundt) នាយក​ប្រតិបត្តិក្រុមហ៊ុន​ស្មាត និង​លោក អាលែន ស៊ីនហ្វៀល​ (Alan Sinfield) ​​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ឃ្យូប៊ី ​បាន​​បដិសេធ​មិន​ឆ្លើយ​សំណួរ​ទាក់​ទិន​​វិធានការ​ដ៏តឹង​រ៉ឹង​​លើ​ស៊ីមកាត​ទូរស័ព្ទ​នេះ​ទេ​។ ចំណែក​​​ឯ​តំណាង​ក្រុម​ហ៊ុន​សែលកាតវិញ ក៏​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​ដែរ​​​ ក្រោយ​​​ពី​​​​​មាន​​​ការ​​​ស្នើ​​​ជា​​​​​​ច្រើន​លើក​​​សុំ​​​ការ​​​បំភ្លឺ​​​​​​ជុំ​​​វិញ​​​បញ្ហា​​​​​​​​នេះ៕ សុខុម​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស