41.3 C
Phnom Penh

អង្គការ​​​​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស៖ អង្គរក្ស​​​របស់លោក​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​វាយ​​តំណាង​​​រាស្ត្រ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​ក្នុង​​​របាយការណ៍​​​មួយ​​​ចេញ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​(HRW) បាន​​ធ្វើការ​សន្និដ្ឋាន​​​ដែលអាច​ទាយ​​​ដឹងមុន​និងដែល​​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​យ៉ាង​​​​​ខ្លាំង​​​ថា រដ្ឋាភិបាល​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន មិន​​​បាន​​​បំពេញ​​​តាមតួនាទី​​​នៅ​​​ក្នុង​​​ការ​​​​​ការ​​​ពារ​​​ពល​​​រដ្ឋ​​​ខ្លួន​​​​ឡើយ​​​។

នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​អម​​​ដោយ​​​របាយការណ៍​​​ពិភព​​​លោក​​​ឆ្នាំ​​​២០១៦​​​​ ​​​មាន​​​ចំណង​​​ជើង​​​ថា “កម្ពុជា៖រលក​​​​ថ្មី​​​នៃ​​​ការ​​​បង្ក្រាប​​​” ដែល​​​រៀប​​​រាប់​​​សង្ខេប​​​អំពីការ​​​រំលោភ​​​​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​ហួស​​​ហេតុ​​​​​​បំផុត​​​របស់​​​រដ្ឋាភិបាល​​​​ អង្គការ​​​នេះ​​​​​​បាន​​​ធ្វើ​​​ការ​​​អះ​​​អាង​​​ដែល​​​ពី​​​មុន​​​ត្រឹម​​​តែ​​​ជា​​​ពាក្យ​​​ចចាម​​​អារា៉ម​​​ ឬ​​​ការ​​​ប៉ាន់​​​ស្មាន​​​។

អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​បាន​​​សរសេរ​​​​​​ថា សមាជិក​​​នៃ​​​អង្គភាព​​​កង​អង្គរក្ស​​​ផ្ទាល់​​​របស់​​​លោក ហ៊ុន សែន ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​ដែល​​​វាយ​​​ដំ​​​យ៉ាង​​​ព្រៃ​​ផ្សៃ​​​លើ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ពីរ​​​រូប​​​កាល​​​ពី​​​ខែ​​​តុលា​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​​​​ថា “កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៦​​​-២៧​​​ ខែ​​​តុលា ​​​ក្រោយ​​​ការ​​​ជំរុញ​​​ជា​​​សាធារណៈ​​​របស់​​​លោក​​​ហ៊ុន សែន ឲ្យ​​​មាន​​​ការ​​​ប្រឆាំង​​​បាតុកម្ម​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ អង្គរក្ស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ និង​​​អ្នក​​​ផ្សេង​​​ៗ​​​ទៀត​​​ដែល​​​ស្លៀ​​​ក​ស៊ីវិល​​​​​​បាន​​​វាយ​​​​​​ដំ​​​យ៉ាង​​​ព្រៃ​​​ផ្សៃ​​​លើ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ពីរ​​​រូប​​​នៅ​​​ខាង​​​ក្រៅ​​​រដ្ឋ​​​សភា​​​”។

នៅ​​​ពេល​​​សួរ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ឲ្យ​​​ពន្យល់​​​ថា​​​តើ​​​អង្គការ​​​​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​​​​បាន​​​ភ្ជាប់​ទំនាក់​​​ទំនង​​​រវាង​​​អង្គភាព​​​កង​​​អង្គរក្ស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី និង​​​ក្រុម​​​​​ដែល​​​វា​​​យ​​​ដំ​​​ទាត់​​​ធាក់ និង​​​ជាន់​​ជញ្ច្រំលើ​​​លោក​​​​​​ ញ៉យ​​​ ចំរើន ​​​និង​​​លោក គង់​ សុភា តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ដោយ​​​របៀប​​​ណា​​​នោះ ​​​លោក ​​​​​​ប្រេដ អាដាម (Brad Adams)  ប្រធាន​​​ ប្រចាំ​​​តំបន់​​​អាស៊ី​​​របស់​​​អង្គការ​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ជឿ​​​​ថា ពី​​​មុន​​​ព័ត៌​​​មាន​​​​​នេះ​ត្រូវ​​​បាន​​​ចុះ​​​ផ្សាយ​​​រួច​​​ហើយ​​​។

ដោយ​​​សំដៅ​​​ដល់​​​បុរស​​​បី​​​នាក់​​​ដែល​​​អះ​​​អាង​​​ថា ជា​​​ទាហាន និង​​​ដែល​​​ប្រគល់​​​ខ្លួន​​​ឲ្យ​​​​អាជ្ញាធរ​​​ប៉ុន្មាន​​​ថ្ងៃ​​​​​​ក្រោយ​​​ហេតុការណ៍នេះ​​​​លោក​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​ថា ​​​”និយាយ​​​ឲ្យ​​​ខ្លី​​​ទៅ​​​ អ្នក​​​ទាំង​​​បី​​​ដែល​​​ប្រគល់​​​ខ្លួន​​​នៅ​​​ក្នុង​​​ករណី​​​វាយដំ​លើរាងកាយ​​​​របស់​តំណាង​​​​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​គឺជា​​​​អង្គរក្ស​​​”។

“ខ្ញុំ​​​គិត​​​ថា កាសែត​​​របស់​​​លោក​​​​​​អ្នក​​​ និង​​​កាសែត​​​ផ្សេង​​​ៗ​​​ទៀត​​​បា​​​ន​​​​​ធ្វើសេចក្តី​រាយ​​​ការណ៍​​​អំពី​បញ្ហា​​​នេះ​​​រួច​​​ហើយ?”។

ទោះ​​​ជាយ៉ាង​​​ណា​​​ទាំង​​​កាសែត​​​ ខេមបូឌា ​​​ដេលី និង​​​កាសែត​​​ផ្សេង​​​ៗ​ទៀត​​​សុទ្ធ​​​តែ​​​មិន​​​បាន​​​ចុះ​​​ផ្សាយ​​​អំពី​​​របាយការណ៍​​​ដែល​​​​​​បង្ហាញភ័ស្តុតាង​គាំទ្រ​​​​​អះ​​​អាងនេះ​​​​។

អត្ថបទ​​​មួយ​​​ចុះ​​​ផ្សាយ​​​ដោយ​​​កាសែត​​​ភ្នំពេញ​​​ប៉ុស្តិ៍ ក្រោយ​​​ហេតុ​ការណ៍​​​​វាយ​​​ដំ​​​បាន​​​គូស​​​បញ្ជាក់​​​ថា រូប​​​ភាព​​​មួយ​​​ដែល​​​គេ​​​បាន​​​បង្ហោះ​​​​ផ្សព្វ​​​ផ្សាយ​​​តាម​​​អីុនធឺណិត​​​ស្តី​​​អំពី​​​ជន​​​ដៃដល់​​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ជន​​​ដៃដល់​ដែល​​​បាន​​​សារភាព​​​ ទំនង​​​ជា​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា ​​​បុរស​​​រូនេះ​​​ស្ថិត​​​ក្នុង​​​ឯកសណ្ឋាន​​​កង​​​អង្គរក្ស​​​។ ​​​អត្ថបទ​​​មួយ​​​ទៀត​​​នៅ​​​ក្នុង​​​កាសែត​​​ភ្នំពេញ​​​ប៉ុស្តិ៍​​​​ដដែលនេះ​​​​បាន​​​ភ្ជាប់​​​មេ​​​ដឹក​​​នាំ​​​ការតវ៉ា​ម្នាក់​អំឡុង​​​ពេល​​​ដែល​​​តំណាង​​​រាស្ត្រ​​​ទាំង​​​ពីរ​​​រូប​នេះ​​​ត្រូវ​​​បាន​​​វាយ​​​ដំ​​​ទៅ​​​នឹង​​​អង្គភាព​​​កង​​​អង្គរក្ស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ដោយ​​​ប្រាប់​​​ពី​អត្ថ​​​សញ្ញាណ​​​របស់​​​មេ​​​ដឹក​​​នាំ​​​រូបនេះ​ថា ជា​​​មេបញ្ជាការ​​​មួយ​​​រូប​​​នៅ​​​ក្នុង​​​កង​​​កម្លាំង​​​នេះ ប៉ុន្តែ​​​ មិន​​​បាន​​​ភ្ជាប់​​​បុរស​​​រូប​​​នេះ​​​ដោយ​​​ផ្ទាល់​ទៅ​​នឹង​​​ការ​​​វាយ​​​ដំ​​​ទេ​​​។

ដោយ​​​​ជូនដំណឹង​​​​ថា គ្មាន​​​កាសែត​​​​​​ណា​​​បាន​​​​ភ្ជាប់​​​ទំនាក់​​​ទំនង​​​​​​​​​​​​​​​​​​​រវាង​​​អង្គ​​​ភាព​​​កង​​​អង្គរក្ស ទៅនឹង​​​ការ​​​វាយ​​​នេះ លោក ​​​ប្រេដ​​​ អាដាម ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​ផ្ញើ​​​អីុម៉េល​​​​​​មួយ​​​កាល​​​ពី​​​​​​​ថ្ងៃ​​​សុក្រ​​​ ដោយ​​​ពន្យល់​​​អំពី​​​លទ្ធផល​​​នៃ​​​ការ​​​ស្រាវ​​​ជ្រាវ​​​របស់​​​អង្គការ​​​លោក​​​។​​​ អីុម៉េល​​​បន្ត​​​បន្ទាប់​​​ដែល​​​ផ្ញើ​​​ជូន​​​មក​​​​​​លោក​​​ ប្រេដ អាដាម ក្នុងរយៈពេល​ពីរ​​​ថ្ងៃ​​​កន្លង​​​មក​​​នេះ គ្មាន​​​ចម្លើយ​​​ទេ​​​រហូត​​​មក​​​ទល់​​​ពេល​​​​​​មាន​​​​​​ការ​​​ចុះ​​​ផ្សាយ​​​ឡើយ។

លោក ហីុង ប៊ុនហៀង មេបញ្ជា​ការ​​​អង្គ​​​ភាព​​​​កង​​​អង្គរក្ស​​​របស់​​​លោក ហ៊ុន សែន ពី​​​មុន​​​បាន​​​បដិសេធ​​​ថា ក្នុង​​​ចំណោម​​​កូន​​​ចៅ​​​របស់​​​លោក​​​គ្មាន​​​នរណា​​​ម្នាក់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ករណី​​​វាយ​​​ដំ​​​លើ​​​តំណាង​​​រាស្ត្រ​​​ឡើយ​​​។ ពេល​​​ទាក់​​​ទង​​​កាល ​​​ពី​​​ម្សិលមិញ ឧត្តម​​​សេនីយ៍​​​ ហីុង ​​​ប៊ុន​​​ហៀង ​​​​​​បាន​​​ផ្តាច់​​​ទូរស័ព្ទ​​​របស់​​​អ្នក​​​យក​​​ព័ត៌មាន​​​ម្នាក់​​​។

ក្រោយ​​​ហេតុការណ៍​​​​​វាយ​​​ដំ​​​នេះ​​​រួច​រដ្ឋាភិ​​​បាល​​​បាន​​​បង្កើត​​​គណៈកម្មការ​​​មួយ​​​ដែល​​​មាន​​​សមាស​​​ភាព​​​មក​​​ពី​​​នគរ​​​បាល​​​ថ្នាក់​កំពូល​​​ និង​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ដើម្បី​​​សើុប​​​អង្កេត​​​ករណី​​​​​​ នេះ​​​​​​ដោយ​​​ធ្វើ​​​ឲ្យ​​​មាន​​​​ការ​​​រិះ​​​គន់​​​ចំពោះ​​​ការ​​​ចាត់​​​តាំង​​​ក្រុម​​​ទាំងពីរ​ដែល​​​សុទ្ធតែ​គាំទ្រ​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ឲ្យ​​​ដឹក​​​​នាំ​​​​​​ការ​​​សើុប​​​អង្កេត​​​ដ៏រសើប​ទាក់​​​ទិន​​​នឹង​​​រឿង​​​នយោ​​​បាយ។

លោក សុខ ខេមរិន្ទ ប្រធាន​​​នាយក​​​ដ្ឋាន​​​នគរ​​​បាល​​ព្រហ្មទណ្ឌ​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​ដែល​​​​​​ក៏​​​ជា​​​សមាជិក​​​ៃន​​​គណៈកម្មការ​​​សើុប​​​អង្កេត​​​​​​ដែល​​​មាន​​​សមាជិក​​​៨​​​រូប​​​ផង​​​ដែរ​​​នោះ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា បុរស​​​ជាប់​​​ពន្ធនាគារ​​​ទាំង​​​បី​​​នាក់​​​នេះ​​​ដែល​​​មាន​​​ឈ្មោះ ចាយ សារិទ្ធ អាយុ​​​៣៣​​​ឆ្នាំ ម៉ៅ​​​ ​​​ហឿន ​​​​​​អាយុ​​​៣៤​​​ឆ្នាំ និង សុត វណ្ណនី​អាយុ​​​៤៥​​​ឆ្នាំ ​​​មិន​​​​ត្រូវ​​​បាន​​​សួរ​​​ទាក់ទិននឹង​អង្គភាព​​​របស់​​​ពួក​​​គេ​​​ឡើយ​​​មុន​​​ពេល​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​តុលាការ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​ច្បាស់​​​ទេ​​​ ព្រោះ​​​នៅ​​​ពេល​​​នោះ ខ្ញុំ​​​ប្រញាប់​​​ប្រញាល់​បញ្ជូន​​​ពួក​​​គេ​​​ទៅ​​​តុលាការ​​​​​ ហើយ​​​ខ្ញុំ​​​មិន​​​បាន​​​សួរ​​​នាំ​ពួក​​​គេ​​​ឲ្យបាន​លម្អិត​​​ឡើយ។ ​​​ពេល​​​ខ្ញុំ​​​គ្មាន​​​ព័ត៌មាន​​​លម្អិត​​​ ខ្ញុំ​​​មិន​​​អាច​​​ប្រាប់​​​អស់​​​លោក​​​បាន​​​ទេ​​​ព្រោះ​​​អស់​​​លោក​​​​បម្រើ​នៅ​​​​កាសែត​​​បរទេស​​​”។

នៅ​​​ពេល​​​សួរ​​​ទាក់​​​ទិន​​​ការ​​​អះ​​​អាង​​​នៅ​​​ក្នុង​​​របាយការណ៍​​​របស់​​​​អង្គការ​​​​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​ ឧត្តម​​​សេនីយ៍​​​ទោ សុខ ខេមរិន្ទ បាន​​​ថ្លែង​​​ថា “អស់​​​លោក​​​អាច​តាម​​​ដាន​​​ពួក​​​គេ​​​ហើយ​​​​​​​​​និយាយ​​​ថា ‘នេះ​​​គឺ​​​ជា​​​អ្វី​​​ដែល​​​ អង្គការ​​​​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​លើក​​​ឡើង’ ប៉ុន្តែ ​​​សម្រាប់​​​ខ្ញុំ​​​ ខ្ញុំ​​​មិន​​​ច្បាស់​​​ទេ​​​ ហើយ​​​ខ្ញុំ​​​មិន​​​ហ៊ាន​​​និយាយ​​​ឡើយ​​​”។

លោក​​​ មាស ច័ន្ទ​​​ពិសិដ្ឋ ព្រះរាជអាជ្ញារង​​​ដែល​​​ដំណើរ​​​ការ​​​រឿង​​​ក្តី​​​ដាក់​​​បន្ទុក​​​លើក​​​ជន​​​សង្ស័យ​​​ទាំង​​​បី​​​នាក់​​​នេះ​​​​​​បាន​​​បង្វែរ​​​សំណួរ​​​ទាក់ទិននឹង​​​​អង្គភាព​​​របស់​​​ពួក​​​គេ​​​ទៅ​​​ចៅ​​​ក្រម​​​សើុប​​​សួរ​​​ អីុ ថាវរៈ ដែល​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​។ ​​​កាល​​​បរិច្ឆេទ​​​សម្រាប់​​​ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​ក្រីរបស់​ពួក​​​​​គេ​​​នៅ​​​មិន​​​ទាន់​​​ប្រកាស​​​​​​ឲ្យដឹង​​​នៅ​​​ឡើយទេ។

ហើយ​​​ខណៈ​​​លោក ច័ន្ទ​​​​​​ពិសិដ្ឋ លើក​​​ឡើង​​​​​​​​​ថា តុលាការ​​​កំពុង​​​បន្ត​​​ការ​​​ស្រាវ​​​ជ្រាវ​​​របស់​​​ខ្លួនដើម្បី តាម​​​ចាប់​​​ជន​​​ដល់​បន្ថែម​​​ទៀត​​​វីដេអូ​​​ឃ្លីប​​​ដែល​​​គេបង្ហោះ​ផ្សព្វ​​​ផ្សាយ​​​តាម​​​អីុនធឺណិត​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​យ៉ាង​​​ច្បាស់​​​ថា ​មាន​បុរស​​​លើស​​​ពី​​​បី​​​នាក់​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ហេតុការណ៍​​​​វាយ​​​ដំ​​​នេះ​​​។ អ្នក​​​សើុប​​​អង្កេត​​​សិទ្ធិ​​​មនុស្ស​​​ដ៏​​​លេច​​​ធ្លោ​​​មួយ​​​រូប​​​និយាយ​​​ថា ការ​​​ខិត​​​ខំ​​​របស់​​​រដ្ឋាភិបាល​​​​​​គ្មាន​​​ភាព​​​ស្មោះ​​​ត្រង់​​​ទេ។​​​

លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​​បច្ចេក​​​ទេស​​​​ផ្នែក​ស៊ើបអង្កេត​​​​នៅ​​​​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​

លីកាដូ​​​បាន​​​លើក​​​ឡើង​​​ថា “ខ្ញុំ​​​គិត​​​ថា ប្រសិន​​​បើ​​​បុរស​​​ទាំង​​​បី​​​នាក់​​​នោះ​​​មិន​​​ប្រគល់​​​ខ្លួន​​​ទេ​​​នោះ​​​ពួក​​​គេ​​​ប្រហែល​​​ជា​​​រក​​​​​​មិន​​​ឃើញ​​​ជន​​​សង្ស័យ​​​ណា​​​ម្នាក់​​​ឡើយ​​​”។​លោក​​​បាន​​​គូស​​​បញ្ជាក់​​​ថា មាន​​​ភ័ស្តុ​​​តាង​​​ជា​​​ច្រើន​​​ដែល​អ្នក​​​សើុប​​​អង្កេតអាចរកបាន​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ថា “ចំពោះ​​​ករណី​​​នេះ​​​​​​ យើង​​​ឃើញ​តាមមាស៊ីនថត​​ ​​​វីដេអូ​​​ឃ្លីប រូប​​​ថត​​​ជា​​​ច្រើន​​​ដែល​​​ត្រូវ​​​បាន​​​បង្ហោះ​​​នៅ​លើ​​​ទំព័រ​​​ហ្វេស​​​​​​ប៊ុក​​​ទាក់​​​ទិន​​​នឹង​​​អំពើ​​​ហិង្សា​​​លើ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​​”។

ប៉ុន្តែ លោក អំ សំអាត បាន​​​លើក​​​ឡើង​​​ថា​​​ភ័ស្តុតាង​​​ទាំង​​​នេះ​​​នៅ​​​តែ​​​មិន​​​ទាន់​​​ធ្វើ​​​ឲ្យ​​​លោក​​​​​​​​​​​​មានភាព​​​ច្បាស់​​​លាស់​​​ណា​​​មួយ​​​នៅ​​​ឡើយ​ថា តើ​​​ជន​​​ដៃដល់​​​​មក​​​ពី​​​អង្គភាព​​​កង​​​អង្គរក្ស​​​របស់​​​លោក ហ៊ុន សែន ឬ​​​យ៉ាង​​​ណា​​​នោះ​​​​។

លោក​​​បាន​​​ថ្លែង​​​ថា ​​​”វា​​​មិន​​​ទាន់​​​ច្បាស់​​​នៅ​​​ឡើយ​​​ទេ​​​ ថា​តើ​​​ពួក​​​គេ​​​គឺជា​​អង្គរក្ស​​​ ឬ​​​មិន​​​មែន​​​នោះ​​​”៕ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស