ក្រុងបាត់ដំបង-ប្រជាពលរដ្ឋមូលដ្ឋាន និងភ្ញៀវទេសចរផ្អើលនាំគ្នាឈរច្រូងច្រាងជុំវិញរបាំងបិទផ្លូវដែលបង្កើតឡើងនៅសប្ដាហ៍នេះជុំវិញកន្លែង់ថតខ្សែភាពយន្តចុងក្រោយរបស់លោកស្រី អ៊ែនជេលីណា ចូលី ភីត ដែលមានចំណងជើងថា ”ដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ” ដោយសង្ឃឹមបានក្រឡេកមើលតារារូបនេះពេលគាត់ចាប់ផ្ដើមថត។
លោក ហេង ឡេង ជាអាជីវករលក់ដូរក្នុងផ្សារដែលរស់នៅតាមបណ្ដោយផ្លូវលេខ២០៧ អង្គុយមើលទិដ្ឋភាពនេះពីយ៉មុខផ្ទះរបស់គាត់យ៉ាងរំភើយ។ គាត់និយាយថា “ពីផ្ទះខ្ញុំ អាចមើលឃើញកន្លែងថតកុន។ ពេលនេះខេត្តនេះនឹងចូលរឿងហូលីវូដ។ ហើយពេលគេឆ្លងកាត់បាត់ដំបង គេនឹងចង់មកមើលផ្លូវដែលធ្លាប់ថតភាពយន្តនេះ”។

តារាភាពយន្ត តួកំដរឆាក និងក្រុមការងាររាប់រយនាក់បានមកកាន់ទីក្រុងនេះកាលពីថ្ងៃច័ន្ទដើម្បីថតខ្សែភាពយន្តដែលយកលំនាំតាមសៀវភៅកំណត់ប្រវត្តិស្ដីពីការរស់រានក្នុងរបបខ្មែរក្រហម ដែលលក់ដាច់បំផុតរបស់អ្នកស្រី លឿង អុឹង។ ផ្លូវប៉ុន្មានប្លុកជុំវិញទីតាំងថតនៅសាលាបឋមសិក្សា២ធ្នូ ត្រូវបានបិទទាំងស្រុងដោយមានកងរាជអាវុធហត្ថរាប់សិបនាក់ឈរយាមកាម។
ទោះបីជាកន្លែងថតនេះមិនត្រូវបានអនុញ្ញាតឲ្យចូលអំឡុងពេលថ្ងៃយ៉ាងណាក្តី ក៏ប្រជាពលរដ្ឋមូលដ្ឋានបាននាំគ្នាចូលទៅក្នុងនោះបន្ទាប់ពីមេឃងងឹតដើម្បីថតរូបកៀកនឹងគ្រឿងតុបតែងកន្លែងថត ហើយដើរចុះ
ដើរឡើងតាមផ្លូវដែលត្រូវបានប្រែក្លាយឲ្យដូចទិដ្ឋភាពក្រុងភ្នំពេញនាទសវត្សរ៍ឆ្នាំ១៩៧០។ ហាងលក់ទូរស័ព្ទដៃមួយត្រូវបានប្រែក្លាយជាមន្ទីរព្យាបាលធ្មេញរបស់ចិន ហាងកុំព្យូទ័រមួយត្រូវបានប្រែក្លាយជាហាងជួសជុលមា៉ស៊ីនថត ហើយសំណង់ឥដ្ឋក្រហមមួយបានក្លាយជារោងភាពយន្តលុច ដោយមានរថយន្តនាទសវត្សរ៍ឆ្នាំ១៩៦០ចតជាជួរអមសងខាងចិញ្ចើមផ្លូវ។
លោក ធួក គង់ អាយុ៣៥ឆ្នាំ ស្ថិតក្នុងចំណោមប្រជាពលរដ្ឋមូលដ្ឋានរាប់រយនាក់ដែលត្រូវបានជួលឲ្យធ្វើជាតួកំដរឆាកសម្រាប់ខ្សែភាពយន្តនេះ។ បង្ហាញកិច្ចសន្យាដែលបញ្ជាក់ថាខ្លួនទទួលបានកម្រៃ២៥ដុល្លារសម្រាប់ការងារថតមួយថ្ងៃ គាត់និយាយថា “ខ្ញុំមកទីនេះដើម្បីចុះឈ្មោះ ហើយគេពិនិត្យមើលរូបរាងខ្ញុំ ព្រោះគេចង់បានមនុស្សសម្បុរខ្មៅដូចក្នុងរបបខ្មែរក្រហម។ ខ្ញុំបានឃើញ អ៊ែនជេលីណា ពីរបីដង ហើយខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ពីព្រោះគាត់ល្បីណាស់”។
ទោះជាយ៉ាងណា មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែពេញចិត្តការមកដល់ដ៏រំជើបរំជួលរបស់អ្នកស្រី អ៊ែនជេលីណា ចូលី ភីត នោះទេ។ ម្ចាស់អាជីវកម្មក្នុងតំបន់បិទផ្លូវនិយាយថា ការថតភាពយន្តនេះមិនគួរធ្វើឡើងនៅពេលមិនល្អបែបនេះឡើយ ដោយបង្ខំឲ្យពួកគាត់បិទទ្វារ ខណៈពេលប្រជាពលរដ្ឋមូលដ្ឋានត្រៀមខ្លួនទទួលស្វាគមន៍ចូលឆ្នាំចិន។
អ្នកស្រី សុខ ខាង អាយុ៥៣ឆ្នាំ ដែលបើកអាហារដ្ឋានមួយកន្លែងនៅទីនេះនិយាយថា “យើងមិនបានលក់ដូរអីទេ ពីព្រោះផ្លូវបិទទាំងស្រុង។ ធម្មតា ចូលឆ្នាំចិន ជាពេលល្អបំផុតប្រចាំឆ្នាំសម្រាប់ពួកយើង”។
អ្នកស្រីនិយាយថា អាជ្ញាធរមូលដ្ឋានមិនបានប្រាប់ប្រជាពលរដ្ឋថានឹងទទួលបានសំណងអ្វីនោះទេ នៅពេលកងរាជអាវុធហត្ថរារាំងអ្នកស្រីមិនឲ្យត្អូញត្អែរប្រាប់ក្រុមអ្នកយកព័ត៌មានទូរទស្សន៍នៅទីនោះ។ ”ដំបូងឡើយ គេប្រាប់យើងថា គេនឹងអនុញ្ញាតឲ្យអ្នកខ្លះមកប្រើប្រាស់ហាងដែលនៅខាងក្នុង។ ប៉ុន្តែជាក់ស្ដែង គេមិនបានអនុញ្ញាតឲ្យអ្នកណាម្នាក់ចូលទៅខាងក្នុងទេ។ ក្រុមការងារទូរទស្សន៍បានមកសម្ភាសយើង ប៉ុន្តែកងរាជអាវុធហត្ថបានមកសួរថា ‘ម៉េចបានជាធ្វើអ៊ីចឹង?’ ហើយប្រាប់ពួកគេថាមានអគ្គិភ័យមួយកើតឡើងក្បែរនោះ និងពន្យល់ថា ពួកគេគួរតែផ្សាយរឿងនោះជំនួសវិញ”។ អ្នកស្រីបានបន្ថែមថា ពេលនោះក្រុមអ្នកកាសែតទូរទស្សន៍ក៏បានបោះបង់ការសម្ភាស។
ទោះបីជាអ្នកស្រីរំពឹងថា ការលក់នឹងធ្លាក់ចុះខ្លាំងអំឡុងពេលថតខ្សែភាពយន្តរយៈពេល៦ថ្ងៃនេះក្ដី ក៏អ្នកស្រី ខាង និយាយថា អាជ្ញាធរមូលដ្ឋានបានសន្យាផ្ដល់សំណងដល់គាត់ ប៉ុន្តែរហូតមកទល់ពេលនេះមិនទាន់មានការផ្តល់សំណងនៅឡើយទេ។
អ្នកស្រីបានគូសបញ្ជាក់ថា ”ខ្ញុំពិតជាមិនសប្បាយចិត្តសោះចំពោះរឿងនេះ។ ខ្ញុំគិតថា អ្នកមកពីហូលីវូដ បង់លុយឲ្យទៅអាជ្ញាធរ ប៉ុន្តែអាជ្ញាធរមិនឲ្យលុយយើង។ ពេលយើងទៅសួរនាំអំពីសំណង ពួកគេស្ងៀមស្ងាត់។ ខ្ញុំចង់ទៅជួប អ៊ែនជេលីណា ប៉ុន្តែគ្មានអ្នកណាមកជាមួយខ្ញុំ ហើយខ្ញុំក៏មិនហា៊នទៅតែម្នាក់ឯងដែរ”។
លោក ជិន ទូច ជាម្ចាស់ហាងកាត់សក់មួយកន្លែងនៅតាមបណ្ដោយផ្លូវមួយក្នុងចំណោមផ្លូវដែលគេបិទ និយាយថា គាត់មានអារម្មណ៍លាយឡំគ្នាទាក់ទិនបទពិសោធន៍នេះ។ គាត់និយាយទៀតថា “វាជារឿងល្អដែលហូលីវូដមកខេត្តបាត់ដំបង។ វាគួរឲ្យរំភើបណាស់សម្រាប់ប្រជាពលរដ្ឋមូលដ្ឋានដែលឃើញបែបនេះ ប៉ុន្តែយើងគួរតែទទួលបានសំណងសម្រាប់ការបិទអាជីវកម្មរបស់យើង”។
អាជ្ញាធរបានផ្ដល់សារផ្ទុយគ្នាទាក់ទិនផែនការរបស់ខ្លួនក្នុងការជួយប្រជាពលរដ្ឋមូលដ្ឋាន ប៉ះប៉ូវការខាតបង់របស់ពួកគាត់។
លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងមានប្រសាសន៍ថា “យើងមិនបានផ្ដល់សំណងដល់ប្រជាពលរដ្ឋដែលមានអាជីវកម្មនៅក្នុងប្លុកនោះទេ។ យើងបានប្រកាសជាមុនហើយអំពីការថតខ្សែភាពយន្តនេះ ហើយបានប្រាប់ពួកគាត់ថា យើងនឹងបិទផ្លូវទាំងនេះអំឡុងពេលថតខ្សែភាពយន្ត។ ប្រជាពលរដ្ឋទាំងអស់សុទ្ធតែពេញចិត្តភាពយន្តនេះ។ នៅពេលនោះ គ្មានអ្នកណាតវ៉ាថាវានឹងជះផលប៉ះពាល់ដល់អាជីវកម្មរបស់ពួកគាត់ទេ ហើយក៏គ្មានអ្នកទាមទារសំណងដែរ។
ទោះជាយ៉ាងណា លោក ឧក គីម ចៅសង្កាត់ស្វាយប៉ោ បានមានប្រសាសន៍ថា ម្ចាស់អាជីវកម្មនានានឹងទទួលបានសំណង បន្ទាប់ពីការថតភាពយន្តផ្អាកនៅថ្ងៃសៅរ៍។ “ពួកគាត់ទាំងអស់គ្នានឹងទទួលបានសំណង ប៉ុន្តែយើងមិនដឹងថា យើងនឹងផ្ដល់ឲ្យពួកគាត់ប៉ុន្មានទេ”។
បណ្ដាអ្នកយកព័ត៌មានមិនត្រូវបានអនុញ្ញាតឲ្យចូលទៅកន្លែងថតឡើយ ហើយតំណាងក្រុមហ៊ុន Netflix ដែលកំពុងផលិតភាពយន្តនេះ មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
ទោះបីជាប្រជាពលរដ្ឋមួយចំនួនរបស់លោកខឹងសម្បាជាបណ្តោះអាសន្នក្ដី ក៏លោក ច័ន្ទ សុផល នៅតែមានសុទិដ្ឋិនិយមចំពោះកេរដំណែលយូរអង្វែងដែលខ្សែភាពយន្តរបស់លោកស្រី អ៊ែនជេលីណា ចូលី ភីត អាចបន្សល់ទុកសម្រាប់ទីក្រុងរបស់លោក។
លោកបានគូសបញ្ជាក់ថា ”ខ្ញុំទទួលបានដំណឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា មានផលិតករភាពយន្តបារំាង ម្នាក់ទៀតបានទាក់ទងមករដ្ឋាភិបាលដើម្បីស្នើសុំថតខ្សែភាពយន្តមួយរឿងនៅបាត់ដំបង។ ខ្ញុំគិតថា បន្ទាប់ពីហូលីវូដចាក់បញ្ចាំងរឿងនេះ មនុស្សជុំវិញពិភពលោកនឹងស្គាល់បាត់ដំបង ហើយពួកគេនឹងមកលេងកម្ពុជា”៕ សុខុម