38 C
Phnom Penh

កម្ពុជា​សម្រេច​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​​​​​ចិន​ដើម្បី​​បង្កើន​ចំនួន​រថយន្ត​ពន្លត់អគ្គិភ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ក្រសួង​មហាផ្ទៃ​បាន​សម្រេច​​ចុះ​កិច្ច​ព្រម​ព្រៀង​​​​ជាមួយ​ប្រទេស​ចិន​ដើម្បី​ទិញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២០០​គ្រឿង​​នៅ​ឆ្នាំ​នេះ ​ជិត​ទ្វេ​ដង​នៃ​ចំនួន​រថយន្ត​បច្ចុប្បន្ន​​របស់​ប្រទេស​កម្ពុជា​​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​បម្រើ​សេចក្តីត្រូវ​ការ​​តាម​​តំបន់​ជនបទ​​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​។

​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​អំពី​កិច្ចព្រមព្រៀង​នេះ​នៅពិធី​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​​រំឭក​ដល់​​ទិវា​ជាតិ​​​លើក​​​ទី១​ស្ដីពី​ការ​បង្ការ និង​ពន្លត់​អគ្គិភ័យក្នុង​ប្រទេស​កម្ពុជា​​​ ប៉ុន្តែ​​លោក​មិន​បានលើក​ឡើង​​​​ថា តើ​រថយន្ត​​ទាំង​នេះ​តម្លៃ​ប៉ុន្មាន​នោះ​ឡើយ។

លោក ស ខេង បាន​ថ្លែង​ថា “​រដ្ឋាភិបាល​បាន​កុម្ម៉ង​ទិញ​រថយន្ត​ពន្លត់​អគ្គិភ័យ​២០០​គ្រឿង​បន្ថែម​ទៀត​​ ដើម្បី​បន្ថែមពីលើ​ចំនួន​​រថយន្ត​ពន្លត់​អគ្គិភ័យ​២១០​គ្រឿង​ ដែល​យើង​​​​មាន​ក្នុង​ពេល​ឥឡូវ​នេះ​​ដើម្បី​ជួយ​ដល់​អ្នក​ភូមិ​​​ឲ្យ​បាន​ឆាប់រហ័ស​​ដើម្បី​បញ្ចៀស​ហានិភ័យ និង​សោកនា​ដកម្ម។ ទោះយ៉ាងណា អគ្គិភ័យ​នៅ​តែ​កើត​ឡើង​ដដែល​…​ជា​ពិសេស​ដោយ​សារ​ការ​ត​ចរន្ត​អគ្គិសនី​មិន​បាន​ត្រឹម​ត្រូវ និង​​ការ​ធ្វេសប្រហែស​ក្នុង​ការ​ប្រើ​ប្រាស់​ធូប​ទៀន ភ្លើង​សម្រាប់​ចម្អិន​អាហារ​ជាដើម​។ល។”

លោករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា មាន​​​គ្រោះ​អគ្គិភ័យ​ចំនួន​៥៩០ករណី​ មិន​រាប់​បញ្ចូល​​​​ភ្លើង​ឆេះព្រៃទេ​​ នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​​ពី​ឆ្នាំ​មុន ច្រើន​ជាង​ឆ្នាំ​មុន​៧៦​ករណី​។ លោក​បាន​ថ្លែង​ថា អគ្គិភ័យ​កាលពី​ឆ្នាំ​មុន​បាន​សម្លាប់​​​មនុស្ស​៣៥​នាក់ និង​២៥​​នាក់​ទៀត​រង​របួស​។

លោក នេត វណ្ណថា ​នាយការិយាល័យ​ពន្លត់​​អគ្គិភ័យ​នៃ​កង​កម្លាំង​នគរ​បាល​ជាតិ​​បាន​មាន​ប្រសា​សន៍​ថា កិច្ច​​ព្រមព្រៀង​នេះ​ត្រូវ​បាន​សម្រេច​កាលពី​ឆ្នាំ​មុន​ ប៉ុន្តែ​ លោក​មិន​ដឹង​ថា តើ​​រថយន្ត​ពន្លត់អគ្គិភ័យ​ទាំង​នេះមាន​​តម្លៃ​ប៉ុន្មាន​ឡើយ។ លោក​​ថ្លែង​ថា រថយន្ត​​ទាំង​​​​នេះ​ផលិត​ដោយ​ក្រុមហ៊ុន Isuzu ​ជា​ក្រុមហ៊ុន​​​ជប៉ុន​ ហើយ​នឹង​មក​ដល់​​​​បី​ដំណាក់​កាល​នៅ​ក្នុង​​ឆ្នាំ​នេះ​។

​លោក​ វណ្ណថា ​បន្ថែម​​ថា មិនដូច​ប្រហែល​១ភាគ៤នៃ​រថយន្ត​ពន្លត់អគ្គិភ័យ​បច្ចុប្បន្ន​​ គ្មាន​រថយន្តណា​នឹង​​ត្រូវ​យក​ធ្វើជា​របស់​​​​ឯកជន​ទេ ហើយ​រថយន្ត​ទាំង​អស់​​នឹង​ត្រូវ​​ប្រចាំ​​​​ការ​​នៅ​ខាង​ក្រៅ​រាជធានី​ភ្នំពេញ។

លោក​បាន​ថ្លែង​ថា “​រថយន្ត​ពន្លត់អគ្គិភ័យ​ថ្មី​ចំនួន​២០០​គ្រឿង​មិនមែន​សម្រាប់​ប្រើ​ក្នុង​រាជធានី​ភ្នំពេញ​ទេ។ យើង​នឹង​ផ្ដល់​រថយន្ត​ទាំង​នេះ​ទៅ​ដល់​ស្រុក​មួយ​ចំនួន​ដែល​ប្រឈម​​​​គ្រោះ​អគ្គិភ័យ និង​ស្រុក​ដែល​នៅ​ឆ្ងាយពី​ទីរួម​​​ខេត្ត​ ពីព្រោះ​ឥឡូវ​នេះ​ស្រុក​ទាំង​នោះ​មិន​មាន​រថយន្ត​ពន្លត់អគ្គិភ័យ​ទេ ដូច្នេះ​យើង​ត្រូវ​ចំណាយ​ពេល​រាប់​ម៉ោង​​ក្នុង​ការ​បញ្ជូន​រថយន្ត​​ពន្លត់​អគ្គិភ័យ​ទៅ​ទីនោះ”។

រថយន្ត​​ពន្លត់​អគ្គិភ័យ​ថ្មី នឹង​ត្រូវ​ការ​​បុគ្គលិក​​​ថ្មី​​ ដែល​លោក វណ្ណថា បាន​លើក​ឡើង​ថា នឹង​ត្រូវ​យកចេញ​ពី​​មន្ត្រី​នគរ​បាល​ថ្មី​​ប្រហែល​៤.៥០០​នាក់​​​​ ដែល​ក្រសួង​មហាផ្ទៃបាន​ជ្រើស​​​​រើស​កាលពី​ពេល​ថ្មី​ៗនេះ​។

​ការិយាល័យ​ពន្លត់អគ្គិភ័យ​ក្នុង​ប្រទេស​កម្ពុជា​​ជារឿយ​ៗ​​ត្រូវ​បាន​​រិះគន់​ចំពោះ​ការ​អូស​បន្លាយ​ពេល​ដ៏យូរ​ក្នុង​ការ​ពន្លត់អគ្គិភ័យ​ ហើយ​​ទារ​លុយ​ពី​ប្រជាពលរដ្ឋ​​ក្នុង​ការ​ពន្លត់​អគ្គិភ័យ​នៅ​ពេល​ពួកគេ​មក​ដល់​។

​លោក Paul Hurford ​ប្រធាន​គ្រប់គ្រង​នៅ​​ក្រុមហ៊ុន​សុវត្ថិភាព​អគ្គិភ័យ​កម្ពុជា​ ដែល​​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​បណ្ដុះ​បណ្ដាល​​ស្ដីពី​ការ​ឆ្លើយ​តប​ក្នុង​ពេល​មាន​គ្រោះ​អគ្គិភ័យ​បាន​មាន​ប្រសាសន៍​ថា រថយន្ត​ថ្មីទាំង​នេះ​ ជា​ពិសេស​រថយន្ត​ដែល​​ប្រចាំ​ការ​នៅ​ខាង​ក្រៅ​ទីរួម​​ខេត្ត​ នឹង​ជួយ​​ដល់​​​ស្ថាន​ការណ៍​ក្នុង​កម្រិត​ណាមួយ​។

​ដោយ​លើក​ឡើង​​​​ពី​​តម្រូវ​ការ​​ក្នុង​ការ​បណ្ដុះបណ្ដាល​​​ និង​បុគ្គលិក​បន្ថែម​ ព្រមទាំង​​បទដ្ឋាន​សុវត្ថិភាព​អគ្គិភ័យ និង​ការ​យល់​ដឹង​ក្នុង​សហគមន៍ឱ្យ​បាន​ប្រសើរ​ឡើង​ លោក​បាន​ថ្លែង​ថា “​​កំណើន​ផ្នែក​សម្ភារ និង​ធនធាន​គឺ​សំខាន់​ណាស់​ ប៉ុន្តែ​​វាមិនមែន​ជា​ដំណោះ​ស្រាយ​ចាំបាច់​ចំពោះ​បញ្ហា​​ដែល​យើងកំពុង​ប្រឈម​នៅ​ពេល​នេះនោះទេ”​។

លោក​បាន​ថ្លែង​ថា ”​វា​ជា​ជំហាន​​​វិជ្ជមាន​ ប៉ុន្តែ​ជា​កត្តា​តូច​មួយ​ប៉ុណ្ណោះ”។

​លោក Hurford បាន​ថ្លែង​ថា វាក៏​សំខាន់​​ផង​​​ដែរ​ដែល​​​រថយន្ត​​ទាំង​នេះ​សម្រាប់​គោល​​ដៅ​ហ្នឹង​​​​ ដោយ​កត់​សម្គាល់​ថា ​រថយន្ត​មួយ​ចំនួន​​​​​​ដែលមាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មិន​អាច​ផ្ទុក​​ទឹក​បាន​ច្រើន ឬ​ក៏​ធំពេក​មិន​អាច​បើក​នៅ​តាម​​​​ផ្លូវ​តូច​ចង្អៀត​ក្នុងទីក្រុង​បាន​៕ សារុន (រាយការណ៍​បន្ថែម​ដោយ Zsombor Peter)

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស