មន្ត្រីអន្តោប្រវេសន៍បានឲ្យដឹងកាលពីម្សិលមិញថា ពីរនាក់ប្ដីប្រពន្ធជនជាតិអុីរ៉ង់ ក្លាយជាជនភៀសខ្លួនថ្មីបំផុតដែលបានវិលត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីត្រូវបានបញ្ជូនមកតាំងលំនៅថ្មីក្នុងរាជធានីភ្នំពេញ ជាផ្នែកនៃកិច្ចព្រមព្រៀងមួយក្នុងទំហំទឹកប្រាក់យ៉ាងច្រើនរវាងកម្ពុជា និងអូស្ត្រាលី។
លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ប្ដីប្រពន្ធជនជាតិអុីរ៉ង់ ទាំងពីរបានស្ម័គ្រចិត្តត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញហើយ។ លោកថ្លែងថា “ពួកគេបានត្រឡប់ទៅវិញហើយ។ ពួកគេចង់ត្រឡប់ទៅស្រុកវិញ។ អស់លោកសួរខ្ញុំថាហេតុអី ខ្ញុំមិនដឹងទេ”។
លោកលើកឡើងទៀតថា ប្ដីប្រពន្ធទាំងពីរបានចាកចេញពីកម្ពុជា បើមិននៅចុងខែកុម្ភៈ ឬដើមខែមីនាដែរ។ គេមិនច្បាស់ថាហេតុអ្វីពួកគេចាកចេញពីអុីរ៉ង់ តាំងពីដំបូងមកទេ ហើយលោក សុខ សុផល បានមានប្រសាសន៍ថា លោកមិនដឹងថា តើមានការប្រឹងប្រែងធានាការពារឲ្យពួកគេវិលត្រឡប់ទៅវិញដោយសុវត្ថិភាពដែរឬយ៉ាងណាទេ ប៉ុន្តែជឿថា ពួកគេបានទំនាក់ទំនងជាមួយសាច់ញាតិក្នុងប្រទេសកំណើតរបស់ខ្លួន មុនពេលសម្រេចចិត្តចាកចេញពីកម្ពុជា។ លោកគូសបញ្ជាក់ថា “យើងមិនដឹងច្បាស់ពីស្ថានភាពនៅទីនោះទេ”។
លោក តាន់ សុវិជ្ជា ប្រធានការិយាល័យជនភៀសខ្លួននៃនាយកដ្ឋានអន្តោប្រវេសន៍បានមានប្រសាសន៍ថា ពីរនាក់ប្ដីនេះបានចាកចេញកាលពីខែកុម្ភៈ ប៉ុន្តែលោកក៏មិនដឹងថា ហេតុអ្វីបានជាពួកគេជ្រើសរើសត្រឡប់ទៅផ្ទះវិញនោះទេ”។
អ្នកនាំពាក្យក្រសួងអន្តោប្រវេសន៍របស់អូស្ត្រាលី មិនបានឆ្លើយតបនឹងសំណើសុំការបំភ្លឺទេ។ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (International Organization for Migration) ដែលបាននិងកំពុងជួយជនភៀសខ្លួនតាំងលំនៅថ្មីក្នុងប្រទេសកម្ពុជា បានបដិសេធមិនឆ្លើយសំណួរទេទាក់ទិនការវិលត្រឡប់ទៅវិញនេះ។
ការសម្រេចចិត្តរបស់ប្តីប្រពន្ធជនជាតិអីុរ៉ង់ ដើម្បីបោះបង់ឱកាសចាប់ផ្ដើមជីវិតថ្មីនៅប្រទេសកម្ពុជាមានន័យថា ពេលនេះនៅសល់តែមនុស្សម្នាក់ប៉ុណ្ណោះជាជនជាតិអុីរ៉ង់ដែលមកពីក្រុមជនភៀសខ្លួនបួននាក់ដំបូងដែលត្រូវបានបញ្ជូនមកពីមណ្ឌលឃុំខ្លួនរបស់អូស្ត្រាលី នៅលើកោះណូរូកណ្ដាលមហាសមុទ្របា៉ស៊ីហ្វិក កាលពីខែមិថុនាឆ្នាំមុន។
មនុស្សទី៤ក្នុងក្រុមនេះ គឺជនជាតិដើមភាគតិចរ៉ូហុីងយ៉ាដែលបានមកពីប្រទេសភូមា បានសម្រេចចិត្តត្រឡប់ទៅប្រទេសកំណើតវិញកាលពីខែតុលា ទោះបីជារដ្ឋាភិបាលភូមាមិនទទួលស្គាល់សិទ្ធិសញ្ជាតិរបស់ជនជាតិដើមភាគតិចរ៉ូហុីងយ៉ា ហើយធ្វើឲ្យពួកគេស្ថិតក្នុងស្ថានភាពរើសអើងក៏ដោយ។ បុរសជនជាតិរ៉ូហុីងយ៉ាទី២បានមកដល់កម្ពុជាហើយកាលពីខែវិច្ឆិកា។
នៅពេលបុរសជនជាតិរ៉ូហុីងយ៉ាត្រឡប់ទៅវិញ សមត្ថកិច្ចកម្ពុជាបាននិយាយថា បុរសនេះនឹកស្រុក។ ប៉ុន្តែបណ្តាអ្នកតស៊ូមតិដើម្បីសិទ្ធិមនុស្សបានលើកឡើងថា សមត្ថកិច្ចមិនសូវខិតខំជួយធ្វើសមាហរណកម្មបញ្ចូលទៅក្នុងសង្គមខ្មែរនោះទេ ហើយថែមទាំងមិនអើពើនឹងសំណើរបស់ពួកគេសុំណែនាំបុរសរូបនេះឲ្យបានស្គាល់ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាទៀតផង។
ចាប់តាំងពីប្តីប្រពន្ធជនជាតិអីុរ៉ង់ បានមកដល់ប្រទេសកម្ពុជា កាលពីខែមិថុនាមក រដ្ឋាភិបាលក្រុងតេហេរ៉ង់ បានចាត់វិធានការសំខាន់ៗដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពដែលខ្លួនត្រូវអន្តរជាតិស្អប់ខ្ពើម ដោយបានចុះកិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីអនុញ្ញាតការបង្កើនអធិការកិច្ចលើទីតាំងនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មរបស់បស្ចិមប្រទេស។ ការបោះឆ្នោតកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសអីុរ៉ង់ក៏បានធ្វើឲ្យចុះខ្សោយឥទ្ធិពលរបស់ពួកអភិរក្សនិយមផងដែរដើម្បីគាំទ្រក្រុមអ្នកនិយមកណ្តាល និងអ្នកធ្វើកំណែទម្រង់។
ជនភៀសខ្លួនដែលត្រូវបានបញ្ជូនពីកោះណូរូ មកប្រទេសកម្ពុជា គឺជាផ្នែកនៃកិច្ចប្រឹងប្រែងមួួយដែលកម្ពុជាបានចុះកាលពីខែកញ្ញាឆ្នាំ២០១៤ដើម្បីទទួលយកជនភៀសខ្លួនក្នុងចំនួនមិនបញ្ជាក់ដែលអូស្ត្រាលី កំពុងឃុំខ្លួននៅលើកោះណូរូ ជាថ្នូរនឹងជំនួយ៤០លានដុល្លារអូស្ត្រាលី ឬប្រហែល២៩,៦លានដុល្លារអាមេរិក។
ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង និងបណ្ដាអង្គការសិទ្ធិមនុស្សទាំងនៅកម្ពុជា និងអូស្ត្រាលីបានរិះគន់កិច្ចព្រមព្រៀងនេះតាំងពីដំបូង ដោយចោទប្រកាន់រដ្ឋាភិបាលក្រុងកង់បេរ៉ាថា គេចវេះកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្នុងការទទួលយកជនស្វែងរកសិទ្ធិជ្រកកោនដែលព្យាយាមទៅដល់ឆ្នេររបស់ខ្លួនតាមរយៈការបញ្ជូនពួកគេបន្តទៅកាន់ប្រទេសមួយដែលក្រីក្របំផុត និងពុករលួយបំផុតនៅក្នុងតំបន់។
អ្នករិះគន់មួយចំនួននិយាយថា គម្រោងនេះមិនដែលមានបំណងផ្ដល់ជម្រើសតាំងលំនៅថ្មីដែលអាចរស់បានដល់ជនភៀសខ្លួនទាំងនេះឡើយ ប៉ុន្តែវាគឺដើម្បីរារាំងជនភៀសខ្លួនផ្សេងទៀតកុំឲ្យព្យាយាមចូលទៅដល់អូស្ត្រាលី ដែលកំពុងបដិសេធមិនទទួលយកពួកគេ។
លោក អៀន រីនថូល (Ian Rintoul) មកពីអង្គការសម្ព័ន្ធសកម្មភាពជនភៀសខ្លួន (Refugee Action Coalition) ដែលមានមូលដ្ឋាននៅក្រុងស៊ីដនី បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះគឺ ”មានទំហំទឹកប្រាក់ច្រើនមិនធម្មតា” ហើយទោះបីជាជនភៀសខ្លួនពីរបីនាក់ស្ម័គ្រចិត្តមកតាំងលំនៅថ្មីនៅកម្ពុជាក្តី ក៏វាទំនងជាគ្មានអ្វីលើសពីទីសំចតសម្រាប់ផ្លាស់ទៅកាន់ប្រទេសមួយទៀតដែរ។
លោកបានលើកឡើងថា “កិច្ចព្រមព្រៀងរបស់កម្ពុជាគឺលែងដំណើរតាំងពីជនជាតិអីុរ៉ង់ត្រូវបានបញ្ជូនទៅទីនោះម៉្លេះ។ ប៉ុន្តែវាបានធ្វើឲ្យរដ្ឋាភិបាលទាំងពីរមានលេសថា ការតាំងលំនៅថ្មីនៅកម្ពុជាគឺអាចទៅរួច។ ប្រហែលជាការប្រកាសនេះមានន័យថា [វា] នឹងត្រូវកប់ចោលនៅទីបំផុត”។
លោក សុខ ផល បានមានប្រសាសន៍ថា គ្មានជនភៀសខ្លួនផ្សេងៗទៀតនៅលើកោះណូរូបានស្ម័គ្រចិត្តមកកម្ពុជាទេ ចាប់តាំងពីជនជាតិរ៉ូហុីងយ៉ាទី២បានមកដល់កម្ពុជាកាលពីខែវិច្ឆិកា ប៉ុន្តែថា រដ្ឋាភិបាលស្វាគមន៍អ្នកដែលចង់មក៕ សុខុម (រាយការណ៍បន្ថែមដោយ អូន ភាព)