នគរបាលបាននិយាយថា ការស្វែងរកចាប់លោក ភីធឺ ខូឡិន(Pieter Ceulen) ជនរួមភេទជាមួយកុមារដែលរត់គេចខ្លួនបានបញ្ចប់កាលពីថ្ងៃសុក្រ ក្នុងក្រុងភ្នំពេញ ជាកន្លែងដែលបុរសហុលឡង់ដែលមើលទៅស្គមស្គាំងត្រូវបានចាប់ខ្លួន បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេលជិត២ខែ។
លោក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានមានប្រសាសន៍ថា “នគរបាលរបស់យើងបានចាប់ខ្លួនជនសង្ស័យនៅជិតវិមានឯករាជ្យ បន្ទាប់មកបានបញ្ជូនខ្លួនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សដើម្បីសាកសួរ”។
លោកបានបន្ថែមថា ជនរួមភេទជាមួយកុមាររូបេនះចាប់ខ្លួនបាននៅម៉ោងប្រហែល១១និង៣០នាទីថ្ងៃ ខណៈដែលគាត់ជិះក្នុងរថយន្ត។

កាលពីថ្ងៃទី២១ ខែមករា លោក ខូឡិន ត្រូវបានកាត់ទោសកំបាំងមុខនៅតុលាការក្នុងខេត្ត Antwerp និងផ្ដន្ទាទោសដាក់ពន្ធនាគារ១៩ឆ្នាំពីបទបៀតបៀនផ្លូវភេទកុមារ ព្រមទាំងការបង្កើត និងចែកចាយរូបអាសអាភាសកុមារមានរូបភាព និងវីដេអូសរុប៤០០.០០០។
ក្នុងចំណោមជនរងគ្រោះមានក្មេងស្រីបីនាក់ដែលគាត់បានយកមកចិញ្ចឹមក្នុងខេត្តសៀមរាប ជាកន្លែងដែលគាត់មានផ្ទះ និងរស់នៅមិនទៀងទាត់រយៈពេលជាច្រើនឆ្នាំ។
គឺនៅក្រុងសៀមរាបនេះហើយដែលអ្នកកាសែតប៊ែលហ្សិក អង្គការការពារកុមារក្នុងស្រុក និងប៊ែលហ្សិក និងអ្នកផ្សេងទៀតដែលពាក់ព័ន្ធនឹងករណីនេះជឿថា លោក ខូឡិន បានភៀសខ្លួនចេញភ្លាមមុនពេលការកាត់ឲ្យគាត់ជាប់ទោស។
ការចាប់ខ្លួនគាត់បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីមានការប្រកាសថា កម្លាំងការងារពិសេសមួយត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែមីនា ដើម្បីស្វែងរកចាប់លោក ខូឡិន។
ឈ្មោះថា ‘Echo’ ក្រុមការងារនេះមានសមាសភាពនគរបាលប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាប នគរបាលប្រឆាំងការជួញដូរមនុស្សថ្នាក់ជាតិ នគរបាលយុត្តិធម៌ក្រសួងមហាផ្ទៃ និងក្រុមអ្នកស៊ើបអង្កេតមកពីអង្គការគាំពារកុមារ (CPU) ជាសាខាមួយរបស់មូលនិធិកុមារកម្ពុជា។
ទោះជាមានការឆែកឆេរជាច្រើនក្នុងខេត្តសៀមរាបកាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅផ្ទះរបស់លោក ខូឡិន ក៏ដោយ ក៏លោក Jame McCabe ប្រធានប្រតិបត្តិការនៅ CPU បាននិយាយថា ក្រុមនេះមានព័ត៌មានដែលកំណត់ថា ឧក្រិដ្ឋជនស្ថិតក្នុងរាជធានី។
លោកបាននិយាយថា “យើងមានព័ត៌មានសម្ងាត់ដែលសន្និដ្ឋានថា គាត់ស្ថិតនៅក្នុងក្រុងភ្នំេពញរយៈពេលប្រហែល៤៨ម៉ោង តែមិននិយាយថា គាត់នៅទីណាមុននោះទេ”។
“គាត់ធ្វើដំណើរជាញឹកញាប់ទៅខេត្តមួយចំនួន”។
លោកបានបន្ថែមថា ការពិភាក្សាកំពុងធ្វើជាមួយក្រុមមេធាវីរបស់លោក ខូឡិន រយៈពេល២៤ម៉ោង ដើម្បី “ចរចាអំពីការប្រគល់ខ្លួនលោក” ហើយថា បុរសរាងស្ដើង និងមើលទៅស្រមករូបនេះព្រមទទួលយកនូវអ្វីដែលកើតឡើង។
លោកបាននិយាយថា “នៅពេលអ្នកធ្លាប់ទៅនឹងរបៀបរស់នៅណាមួយ វាពិបាករត់គេចខ្លួនណាស់”។ លោកបានបន្ថែមថា លោកមិនជឿថា លោក ខូឡិន ប្រព្រឹត្តឧក្រិដ្ឋកម្មណាមួយលើកុមារអំឡុងពេលថ្មីៗក្នុងប្រទេសកម្ពុជាទេ។
លោក Dirk Grootjans មេធាវីរបស់លោក ខូឡិន បានប្រាប់បណ្ដាញព័ត៌មានប៊ែលហ្សិកឈ្មោះ De Stanadard កាលពីម្សិលមិញថា កូនក្ដីរបស់លោកបានធ្វើការទាក់ទងតាំងពីដើមខែកុម្ភៈមកម្លេ៉ះ ហើយថា គាត់នឹងត្រឡប់ទៅប៊ែលហ្ស៊ិកវិញនៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ។ គាត់បាននិយាយតាមរបៀបពន្យល់ថា “បន្ទាប់ពីមាន [ទោស] ធ្ងន់ជាប់ពន្ធនាគារ គាត់ត្រូវការពេលខ្លះដើម្បីដោះស្រាយអ្វីគ្រប់យ៉ាង”។ លោកបានបន្ថែមថា ការប្ដឹងឧទ្ធរណ៍នឹងចាប់ផ្ដើមតាមការគ្រោងទុកនៅថ្ងៃទី១២ ខែឧសភា ក្នុងខេត្ត Antwerp។
លោក Dirk Depover ប្រធានផ្នែកស៊ើបអង្កេតសម្រាប់អង្គការ Child Focus ប៊ែលហ្សិក ដែលបានចូលរួមក្នុងករណីនេះ បាននិយាយថា មិនទំនងថា នឹងមានការបន្ធូរបន្ថយទោសទេ។
លោកបាននិយាយថា “លទ្ធផលចេញមកនឹងនៅតែដដែល…។ មិនមានវិធីបដិសេធធាតុណាមួយនៃការកាត់ឲ្យគាត់ជាប់ទោសទេ”។ លោកបានបន្ថែមថា ការចាប់ខ្លួនរូបគាត់ត្រូវការពេលយូរ ពីព្រោះក្រុមមន្ត្រីចង់ឲ្យហ្មត់ចត់។
លោកបាននិយាយទៀតថា “យើងអាចមិនពេញចិត្តដែលវាយឺតជាងអ្វីដែលយើងរំពឹងទុក…[ប៉ុន្តែ] យើងមិនអាចឲ្យមានកំហុសណាមួយដែលធ្វើឲ្យប៉ះពាល់ដល់សំណុំរឿងនេះទេ”។
សមត្ថកិច្ចមានមូលហេតុច្រើនពិបាកដោះស្រាយ។ បន្ទាប់ពីរូបអាសអាភាសដ៏ច្រើនត្រូវបានរកឃើញក្នុងកុំព្យូទ័ររបស់គាត់នៅឆ្នាំ២០១២ លោក ខូឡិន នៅតែទទួលបានការអនុញ្ញាតតាមច្បាប់ប៊ែលហ្សិកធ្វើដំណើរមកប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន ជាកន្លែងដែលលោកបានបៀតបៀនកុមារជាច្រើននាក់។
ឯកសារទូរទស្សន៍ចងក្រងដោយកម្មវិធី Belgian Panorama ដែលផ្សាយនៅខែមករា បានឲ្យដឹងថា លោក Ceulen ជាអ្នកគ្រប់គ្រងមានទ្រព្យសម្បត្តិច្រើន ដែលបានធ្វើអំណោយដល់មូលហេតុសង្គ្រោះជាច្រើន ក្នុងនោះមានទាំងការបើកបន្ទប់សម្ភាសវីដេអូមួយសម្រាប់កុមាររងគ្រោះដោយសារការបៀតបៀនផ្លូវភេទ សម្រាប់នគរបាលខេត្ត Antwerp កាលពីឆ្នាំ២០១១៕ និត